ភ្នំពេញៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញបានព្រមានមិនចូលរួម ឬទាត់ចោលសេចក្ដីថ្លែងការណ៍រួមអាស៊ាន-អូស្ត្រាលី ប្រសិនបើត្រូវបានគេដាក់សម្ពាធ ឬគាបសង្កត់ក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អូស្ត្រាលី (Asean-Australia Specail Summit) ដែលគ្រោងធ្វើឡើងក្នុងប្រទេសអូស្ត្រាលីនាខែមីនាខាងមុខនេះ។
ជាមួយគ្នានេះ លោកបានព្រមានផងដែរដល់អ្នកធ្វើការតវ៉ាប្រឆាំងដំណើរទស្សនកិច្ចរបស់លោកទៅកាន់អូស្ត្រាលី ឬដុតរូបថតរបស់លោក។
ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីបានធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៥១០០ នាក់មកពីរោងចក្រចំនួន ១៥ នៅតំបន់ទឹកថ្លាក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញដែលទំនងឆ្លើយតបនឹងសមាជិកព្រឹទ្ធសភាអូស្ត្រាលីលោក Richard Di Natale ដែលជាមេដឹកនាំគណបក្សប្រឆាំង (The Greens Party) ដែលធ្លាប់ស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលីដកសំណើអញ្ជើញលោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើឡើងក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីចាប់ពីថ្ងៃទី ១៧-១៨ ខែមីនាខាងមុខ។
លោកថ្លែងថា៖ «នៅពេលខាងមុខមានកិច្ចប្រជុំអាស៊ាននៅស៊ីដនី។ អាស៊ាន និងអូស្ត្រាលីនឹងគាបសង្កត់កម្ពុជា ខ្ញុំសូមផ្ដាំទៅស្គាល់ពីអាស៊ានឲ្យច្បាស់បន្តិច។ អាស៊ានបើអត់ ហ៊ុន សែន អត់មានន័យថាអាស៊ានទេ។ ហ៊ុន សែន អាចជំទាស់មិនឲ្យចេញសេចក្ដីថ្លែងការណ៍ណាមួយរួចរវាងអាស៊ាន និងអូស្ត្រាលី។ សាកល្បងលមើលទៅមិនមែនត្រឹមតែអូស្ត្រាលីអាចគាបសង្កត់កម្ពុជាទេ ហ៊ានមើលកម្ពុជាសូមដាក់បញ្ហាទុកជាមុន បើសិនជាអ្នកឯងហ៊ានផ្ដេសផ្ដាស។ កម្ពុជាតែម្នាក់អាចនឹងធ្វើឲ្យគាំងទាំងអស់នៃការចេញសេចក្ដីថ្លែងការណ៍ព្រោះរបៀបរបបការងាររបស់អាស៊ាន វាត្រូវតែមានកុងសង់ស៊ីស រឿងអីដែល [យើង] ត្រូវហោះពីកម្ពុជាទៅឲ្យគេស្ដីឲ្យនៅប្រទេសអូស្ត្រាលី»។
លោកបន្ថែមថា៖ «រឿងនេះអូស្ត្រាលីគួរតែអរគុណកម្ពុជាវិញទេ ដែលមកបញ្ចុះបញ្ចូលកម្ពុជាឲ្យគាំទ្រការធ្វើការជួបប្រជុំខួបរំឭកអនុស្សាវរីយ៍ទំនាក់ទំនងរវាងអាស៊ាន និងអូស្ត្រាលី អូស្ត្រាលីគួរតែអរគុណកម្ពុជាមិនមែនហៅកម្ពុជាទៅស្ដីឲ្យនោះទេ កុំច្រឡំ»។
លោក ហ៊ុន សែន ក៏ព្រមានឲ្យប្រុងប្រយ័ត្នចំពោះមនុស្សដែលលោកហៅថាជាពួកក្រុមជ្រុលនិយមដែលខ្សែអាត់សំឡេងសន្ទនារបស់ពួកគេត្រូវបានថតដោយ «សីហា» ដែលទំនងសំដៅដល់ទំព័រហ្វេសប៊ុកអនាមិកដែលតែងតែទម្លាយរឿងអាស្រូវរបស់អតីតឥស្សរជនគណបក្សប្រឆាំង។ ពួកគេបាននិយាយថា អង្គការសហប្រជាជាតិ និងអាស៊ាននឹងដាក់សម្ពាធលើរដ្ឋាភិបាលរបស់លោក។
លោកបញ្ជាក់ថា៖ «រឿងអីបែរជានាំគ្នាថា បន្តិចទៀត ហ៊ុន សែន ទៅអូស្ត្រាលីហ្នឹង គេគាប។ គេហៅទៅគាប ឱព្រះអើយ នាយករដ្ឋមន្ត្រីនៃប្រទេសមួយដែលមានឯករាជ្យ ហើយគឺជាសមាជិកស្មើភាព ស្មើសិទ្ធិ និងមានសិទិ្ធវេតូផងដែរ។ និយាយមួយបែបបើគ្មានកុងសង់ស៊ីសទេ គឺមានន័យថាចេញមិនរួចទេ...អ្នកដែលមិនស្គាល់ពីអាស៊ាន រៀនស្គាល់ពីអាស៊ានឲ្យច្បាស់ ហ៊ុន សែន មួយមិនត្រឹមតែអ្នកឯងមិនអាចដាក់គំនាប ហើយមិនមែនរឿងរបស់អ្នកឯងដាក់គំនាបមកលើខ្ញុំទេ»។
លោក ហ៊ុន សែន ក៏ព្រមានបាតុករទាំងឡាយណាដែលហ៊ានដុតរូបថតរបស់គាត់ក្នុងការធ្វើបាតុកម្មណាមួយនៅប្រទេសអូស្ត្រាលីដើម្បីប្រឆាំងនឹងដំណើរទស្សនកិច្ចនាពេលនោះ។
លោកថ្លែងថា៖ «សូមផ្តាំទៅអាអ្នកត្រៀមធ្វើបាតុកម្ម មុខរបស់លោកឯងត្រូវចាំ ជាកិត្តិយសនៃរដ្ឋាភិបាលរបស់លោកឯង ប៉ុន្តែជាសេរីភាពរបស់អ្នកឯង ដែលអ្នកឯងកុំភ្លេចថា ខ្ញុំក៏មានប្រជាជននៅខាងក្រៅប្រទេសគាំទ្រជួបរាប់រយនាក់...ជានិច្ចកាលខ្ញុំទៅខាងណាក៏ដោយអ្នកធ្វើបាតុកម្មមានប្រមាណជា ១០ ភាគរយនៃអ្នកមកជួបខ្ញុំតែប៉ុណ្ណោះ»។
លោកបានបន្តប្រកាសថា ចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី គឺជា អង្គការភេរវកម្មដែលមានបំណងបំផ្លាញជាតិ។
លោកថ្លែងថា៖ «សូមផ្តាំ កុំដុតរូបឲ្យសោះ ដុតរូបអញតាមដល់ផ្ទះ អញប្រាប់ឲ្យហើយ។ ជំនាន់ធ្វើបាតុកម្ម ២០១៣ អត់ហ៊ានទេណា សម្ដេចក្រឡាហោម ប្រាប់ទៅទូតអាមេរិកាំងថា ឯ.ឧ ប្រាប់ទៅពួកធ្វើបាតុកម្ម... យករូបអញទៅដុត អញតាមវាយដល់ផ្ទះ អញប្រាប់ឲ្យហើយ»។
លោកស្រី មូរ សុខហួរ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិថ្លែងថា ក្រុមអ្នកប្រឆាំង និងអ្នកនយោបាយអូស្ត្រាលីបានបញ្ជាក់យ៉ាងច្បាស់រួចទៅហើយអំពីសកម្មភាពដែលអូស្ត្រាលីនឹងធ្វើ។
លោកស្រីថ្លែងនៅក្នុងសារថា៖ «វាគឺជាព័ត៌មានសាធារណៈ។ មិនចាំបាច់អីទៅប្រព្រឹត្តអំពើខុសច្បាប់ និងគ្មានសីលធម៌ទៅស្ដាប់កិច្ចសន្ទនាឯកជន»។
លោកស្រីថ្លែងបន្តទៀតថាលោក ហ៊ុន សែន ពិតជាចង់ឈរនៅលើឆាកតែមួយដូចជាថ្នាក់ដឹកនាំក្នុងតំបន់ដទៃទៀតដែរ ហើយការគំរាមកំហែងរបស់លោកគឺមិនបានផលអ្វីទាំងអស់។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងថា៖ «គាត់ពិតជាមានការខឹងសម្បាយ៉ាងខ្លាំងនៅពេលប្រជាជនខ្មែរក្រៅស្រុកបានធ្វើបាតុកម្មប្រឆាំងនឹងរូបគាត់នៅពេលដែលគាត់ធ្វើដំណើរទៅបរទេស។ បន្ទាប់មកលោកបានសន្យាថានឹងធ្វើបាតុកម្មវាយបកនៅក្នុងប្រទេសតបទៅពួកប្រឆាំងដែលគាត់ចោទថាជាអ្នកដែលនៅពីក្រោយព្រឹត្តិការណ៍បាតុកម្មនៅបរទេសទាំងនោះ។
លោក ឡៅ ម៉ុងហៃ ថ្លែងបន្តថាវាប្រាកដហើយលោក (ហ៊ុន សែន) នឹងមិនអត់ឱនចំពោះមតិរិះគន់លើរូបលោក និងរបបរបស់លោកនោះទេ ហើយលោកនឹងប្រឆាំងនឹងការរិះគន់នៅឯវេទិកាអន្តរជាតិផ្លូវការនៅទីនោះ។ ពិតណាស់គាត់នឹងមិនអត់ឱនចំពោះការរិះគន់ណាមួយរបស់គាត់ និងរបបរបស់គាត់ និងប្រយុទ្ធប្រឆាំងនឹងវានៅក្នុងវេទិកាអន្ដរជាតិជាផ្លូវការនៅទីនោះ ហើយបន្ទាប់មកទោះបីជាលោកឈ្នះក៏ដោយ ប៉ុន្តែលោក ហ៊ុន សែននឹងខូចមុខមាត់មិនតិចទេ។ ដូច្នេះលោកជ្រើសរើសការវាយបកវិញជាជាងការចូលរួមរបស់លោក»៕
រាយការណ៍បន្ថែមដោយ Andrew Nachemson