ភ្នំពេញៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បី​ដូចជា​មិន​មាន​ការព្រួយបារម្ភ​ចំពោះ​ការព្យួរ ឬ​ក៏​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ​ (EBA) ​របស់​សហគមន៍​អឺរ៉ុប​ឡើយ ដោយ​លោក​ថ្លែង​ថា EBA នឹង​ត្រូវ​បាត់បង់​នៅពេល​សេដ្ឋកិច្ច​កម្ពុជា​កើនឡើង​ខ្ពស់ ហើយ​លោក​បាន​ធ្វើការ​មួយ​ជំហាន​មុន​រួច​ជាស្រេច​ទៅ​ហើយ ដោយ​បាន​ស្នើ​ទៅ​ប្រទេស​ចំនួន ៤ ក្នុង​ការសុំ​ខ្ចីប្រាក់​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក​ក្នុង​កិច្ចសំណេះ​សំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​មកពី​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​។ លោក​ថ្លែង​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា​ចូល​ទីផ្សារ​អឺរ៉ុប​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ក្នុង​សង្គ្រាម​ចិត្តសាស្ត្រ​ដើម្បី​វាយប្រហារ​រដ្ឋាភិបាល​។

លោក​ចោទ​សួរថា​៖ «​ហេតុ​អី​បាន​វៀតណាម​អត់​ទទួល​បាន​? ​ហេតុ​អី​ឥណ្ឌូនេស៊ី​អត់​ទទួល ហេតុ​អី​ថៃ​អត់​ទទួល​? ដោយសារ​កម្រិត​កើនឡើង​នៃ​សេដ្ឋកិច្ច​របស់​គេ​។ អ៊ីចឹង​កម្ពុជា​យើង មុន​ និង​ក្រោយ​អាហ្នឹង​គង់​តែ​បាត់​ទេ​។ សូម្បីតែ​អត្រា​ការប្រាក់ តែ​ដល់​ម៉ោង​បាត់​គឺ​បាត់​ហើយ​។ ឲ្យ​តែ​យើង​លើក​សេដ្ឋកិច្ច​របស់​យើង​ដល់​កម្រិត​មួយ​ទៅ​ខ្ចី​លុយ​គេ គេ​មិន​ឲ្យ​ខ្ចី​តាម​អត្រា​ការប្រាក់​ទាប​ទេ​»​។

លោក​បញ្ជាក់​ថា លោក​បាន​ធ្វើការ​មួយ​ជំហាន​រួច​ហើយ​ក្នុង​ការ​ស្នើសុំ​ឲ្យ​ចិន ជប៉ុន កូរ៉េ​ខាងត្បូង និង​ធនាគារ​ពិភពលោក​អនុញ្ញាត​ឲ្យ​កម្ពុជា​អាច​ខ្ចីប្រាក់​ក្នុង​អត្រា​ការប្រាក់​ទាប​ក្នុង​រយៈពេល​វែង​។ លោក​អះអាង​ថា​កម្ពុជា​មាន​លទ្ធភាព​ធ្វើ​កម្ចី​បាន​រហូត​ដល់​ ២៣ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​។

លោក​នាយក​រដ្ឋមន្ត្រី​បាន​រំឭក​ថា​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​មិនមែន​ជា​លើក​ទី​ ១ ​ទេ​គឺថា​កម្ពុជា​ធ្លាប់​បាន​បាត់បង់​ម្ដង​រួច​មក​ហើយ​នៅលើ​ទីផ្សារ​អាមេរិក​។

«​ខ្ញុំ​សូម​ជម្រាប យើង​ធ្លាប់​បាត់​ហើយ​តើ ព្រោះ​លក្ខខណ្ឌ​វា​តម្រូវ​តែ​ប៉ុណ្ណឹង​។ អាមេរិក​ធ្លាប់​ឲ្យ GSP ភាពអនុគ្រោះ​ឲ្យ​យើង​។ តាំងពី​ឆ្នាំ​ ១៩៩៤ ដល់ ២០០៤ ត្រូវ​បាត់​។ អាមេរិក​ធ្លាប់​ឲ្យ​ភាពអនុគ្រោះ យើង​ធ្លាប់​នាំ​ចេញ​ទៅ​អាមេរិក ដោយ​មិន​បង់ពន្ធ​។ តែ​គេ​ឲ្យ​តែ​ត្រឹម​រយៈពេល​ហ្នឹង​តែ​ ២០០៤ ​ត្រូវ​បញ្ចប់​។ ឥឡូវ​យើង​នាំទៅ​អាមេរិក​យើង​បង់ពន្ធ​តើ​។ យើង​ចោទ​ជា​សំណួរ​ថា ចុះបើ​ក្រុមហ៊ុន​នានា​ដែល​នាំ​ចេញ​ទៅ​អាមេរិក​ម៉េច​ក៏​មាន​ប្រាក់​ចំណេញ​? ចុះ​ក្រុមហ៊ុន​នានា​ដែល​ត្រូវ​នាំ​ចេញមក​អឺរ៉ុប ម៉េច​ក៏​អត់​ប្រាក់​ចំណេញ​? វា​គ្រាន់តែ​ចំណេញ​តិច​តែ​ប៉ុណ្ណឹង​»​។

គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​ថា​ខ្លួន​កំពុង​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ដែល​កម្ពុជា​មាន​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​រួមទាំង​ការរំលាយ​គណបក្ស​ប្រឆាំង​។ នៅមុន​ពេល​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​អឺរ៉ុប ១ ​ថ្ងៃ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ជួប​ជាមួយ​លោកស្រី Federica Mogherini តំណាង​ជាន់​ខ្ពស់​កិច្ចការ​បរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ ២​។

យោង​តាម​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ភាគី​ទាំង ២​ នឹង​បន្ត​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម និង​បន្ត​ធ្វើការ​រួម​គ្នា​ឲ្យ​ទំនាក់ទំនង​រវាង​ភាគី​ទាំង​ ២ កាន់តែ​ប្រសើរ​ឡើង​។ ប៉ុន្តែ​បើ​តាម​ការលើកឡើង​របស់​លោកស្រី Federica Mogherini លោកស្រី​ថ្លែង​ថា​បញ្ហា​សំខាន់ៗ​ដែល​ត្រូវ​បាន​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ការធ្វើឲ្យ​ប្រសើរ​ឡើង​ស្ថានការណ៍​នយោបាយ និង​បរិយាកាស​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

លោកស្រី​បានលើក​ឡើង​ថា ការ​ព្រួយបារម្ភ​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​គឺ​ការរំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ធ្វើឲ្យ​លំហ​ប្រជាធិបតេយ្យ​រួម​តូច​សម្រាប់​បក្សប្រឆាំង និង​សង្គម​ស៊ីវិល​។

ប៉ុន្តែ​លោកស្រី​ថ្លែង​ថា​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី មិន​ទទួល​បាន​លទ្ធផល​ល្អ​ទេ​ដោយ​និយាយ​ថា​៖ «​យើង​បាន​ពិភាក្សា​អំពី​រឿង​នេះ​។ ខ្ញុំ​មិន​អាច​និយាយ​ថា យើង​បាន​រកឃើញ​ដំណោះស្រាយ​ចំពោះ​បញ្ហា​ណា​មួយ ក្នុង​ចំណោម​បញ្ហា​ទាំងនេះ​ទេ ប៉ុន្តែ​គោលការណ៍​របស់​សហភាព​អឺរ៉ុប​គឺ​ការជួប​គ្នា និង​ការធ្វើ​ការសន្ទនា ជាពិសេស​ពេល​បញ្ហា​កើតឡើង​»​។

លោកស្រី​ថ្លែង​ថា​លោកស្រី​សង្ឃឹម​ថា​ការផ្លាស់ប្ដូរ​វិជ្ជមាន​នឹង​កើតឡើង​ដោយ​ថ្លែង​ថា​៖ «​យើង​បាន​យល់ព្រម​ជាមួយ​គ្នា​ថា ក្រុមការងារ​របស់​យើង​នឹង​ធ្វើ​ការរួម​គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​​ ឬ​ ប៉ុន្មាន​សប្តាហ៍​ខាង​មុខ ​ដោយ​ពិនិត្យ​មើល​បញ្ជី​បញ្ហា​ជាច្រើន ដែល​យើង​បាន​លើក​ឡើង​ជាមួយ​គ្នា​ ដោយ​មាន​ទាំង​ការសម្រេចចិត្ត​របស់​យើង​ទាក់ទិន​នឹង​ការអនុគ្រោះ​ខាង​ពាណិជ្ជកម្ម​»​។

បើ​ទោះបី​ជា​លោក​ ហ៊ុន សែន មាន​ជំហរ​រឹងមាំ​លើ​ករណី​អឺរ៉ុប​ដក EBA ក៏ដោយ ក៏​អ្នកវិភាគ​យល់​ថា​លោក​នាយក​រដ្ឋមន្ត្រី​អាច​នឹង​ប្តូរ​ជំហរ​របស់​លោក​។

លោក​ ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ថ្លែង​ថា​៖ «​វា​នៅ​តែ​អាច​ទៅ​រួច​ដែល​នាយករដ្ឋមន្ត្រី​អាច​ផ្លាស់ប្តូរ​ចិត្ត​របស់​លោក​ក្រោយ​ពេល​ពិភាក្សា​ជាមួយ​គណៈរដ្ឋមន្ត្រី​របស់​លោក​»៕