ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា ប្រធានាធិបតី​ឥណ្ឌូនេស៊ី ដែល​ទើប​ស្បថ​ចូលកាន់​តំណែង និង​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​នឹង​សម្រេច​ឱ្យ​ប្រទេស​ ទីម័រ​ខាងកើត​ ចូល​ជា​សមាជិក​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​បាងកក ​ប្រទេស​ ថៃ​ នៅ​ចុង​ឆ្នាំនេះ​។ នេះ​បើ​តាម​ហ្វេសប៊ុក​លោក ហ៊ុន សែន ​កាលពី​ថ្ងៃ​អាទិត្យ​។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ ខណៈ​ដែល​លោក​ចូលរួម​ពិធី​ស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូកូ វីដូដូ (Joko Widodo) ​ក្នុង​អាណត្តិ​ទី​​ ២ កាលពី​ថ្ងៃ​អាទិត្យ​។

យោងតាម​ហ្វេសប៊ុក​ដដែល​លោក​ ហ៊ុន សែន ថ្លែងថា ប្រទេស​ទីម័រ​ខាងកើត បាន​ខិតខំ​គ្រប់​លទ្ធភាព​ដើម្បី​ក្លាយជា​សមាជិក​អាស៊ាន​ជាពិសេស​ប្រទេស​នេះ​បាន​បើក​ស្ថានទូត​នៅ​ប្រទេស​ទាំង​ ១០ នៃ​សមាជិក​អាស៊ាន​។

ហ្វេសប៊ុក​បញ្ជាក់ថា​៖ «​ឯកឧត្តម ប្រធានាធិបតី​ឥណ្ឌូនេស៊ី​គាំទ្រ​ការលើកឡើង​របស់​សម្តេចតេជោ ហ៊ុន សែន ក្នុង​ការអនុញ្ញាត​ឱ្យ​ទីម័រ​ក្លាយ​ជា​សមាជិក​ទី​ ១១ របស់​អាស៊ាន ហើយ​ឥណ្ឌូនេស៊ី​គាំទ្រ​ប្រទេស​ទីម័រ​។ ឯកឧត្តម​ប្រធានាធិបតី​បាន​លើកឡើង​ថា ជា​រឿង​ដ៏ (​សំខាន់​) សម្រាប់​ការអនុញ្ញាតឱ្យ​ទីម័រ​ក្លាយជា​សមាជិក​អាស៊ាន​»​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ថ្លែង​ពី​ម្សិលមិញ​ថា លោកនាយក​រដ្ឋមន្ត្រី​បានបង្ហាញ​មគ្គុទេ្ទសក៍ភាព​របស់​លោក​ក្នុង​ការប្រមែប្រមូល​ប្រទេស​ទាំងអស់​ឱ្យ​រួមគ្នា​នៅក្នុង​អាស៊ាន​។

លោក​ថ្លែង​ថា​៖ «​លោក​បាន​បញ្ចប់​នូវ​ភាព​រើសអើង​រវាង​សមាជិក​អាស៊ាន​ចាស់ និង​សមាជិក​អាស៊ាន​ថ្មី​ក៏ដូចជា​យើង​បំពេញ​បន្ថែម​តទៀត ដើម្បី​ពង្រីក​សក្តានុពល​ក្នុង​ប្រទេស​ជា​មិត្ត​ជិតខាង​របស់​យើង​»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា​ថ្លែង​ថា​តាមពិត​ទៅ​វា​ជា​ស្មារតី​តំបន់ និង​ស្មារតី​សហគមន៍​ដែល​លោក ហ៊ុន សែន គាំទ្រ​យ៉ាង​ពេញទំហឹង​ឱ្យ​ប្រទេស​ទីម័រ​ខាងកើត​បាន​ចូល​ជា​សមាជិក​អាស៊ាន​ដែល​នេះ​មានន័យថា គឺជា​ការលើក​ទឹកចិត្ត និង​ជា​ការជំរុញ​មួយ​។

លោក​បាន​ថ្លែងថា​៖ «​បើ​យើង​និយាយ​ពី​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ ឬ​សារៈសំខាន់​ខាង​ផ្នែក​នយោបាយ​អីហ្នឹង យើង​មើល​ទៅ​វា​មិន​ជា​ដុំកំភួន​ប៉ុន្មាន​ទេ​។ ក៏ប៉ុន្តែ​យ៉ាងណា​ក៏ដោយ វា​បង្ហាញ​ពី​ការគាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ស្មារតី​សហគមន៍​ក្នុង​ស្មារតី​សមាហរណកម្ម​តំបន់​ដែល​កម្ពុជា​ក៏​ធ្លាប់​ជា​ប្រទេស​មួយ ដែល​ត្រូវបាន​គេ​លើក​បញ្ហា​សមាជិកភាព​របស់​កម្ពុជា​នៅ​អាស៊ាន​ហ្នឹង​ ១ ​ដង​ជា​ ២ ​ដង ដូចជា​ករណី​ដែល​យើង​ត្រូវ​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​ ១៩៩៨ តែ​យើង​អត់​បាន​ចូល​។ ក្រោយមក​រហូតដល់​ឆ្នាំ​ ១៩៩៩ ​បាន​យើង​បាន​ចូល​»​។

ទីម័រ​ខាងកើត​បាន​ធ្លាក់​នៅ​ក្រោម​អាណានិគម​ឥណ្ឌូនេស៊ី​ក្នុង​ឆ្នាំ​ ១៩៧៥​។ ការត្រួតត្រា​ដោយ​ឥណ្ឌូនេស៊ី​លើ​ទីម័រ​ខាងកើត​ពោរពេញ​ដោយ​អំពើ​ហិង្សា​ដែល​ជា​ជម្លោះ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​រវាង​ក្រុម​បំបែក​ខ្លួន និង​យោធា​ឥណ្ឌូនេស៊ី​។ ក្នុង​ឆ្នាំ ១៩៩៩ ក្រោយពី​មានច្បាប់​ស្តីពី​ស្វ័យគ្រប់គ្រង​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ (​អសប​) ប្រទេស ​ឥណ្ឌូនេស៊ី​ បាន​បោះបង់​ការគ្រប់គ្រង​លើទឹក​ដី​នេះ​។ ទីម័រ​ខាងកើត​បាន​ក្លាយជា​រដ្ឋ​អធិបតេយ្យ​ថ្មី​ក្នុង​ឆ្នាំ ២០០២ ​ហើយ​ត្រូវបាន​ទទួលស្គាល់​ដោយ អសប និង​សហគមន៍​បណ្តា​ប្រទេស​ភាសា​ព័រទុយហ្គាល់​៕