ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​សម្ដែង​ការហួសចិត្ត​ទៅលើ​ការលើក​ឡើង​របស់​លោក សម រង្ស៊ី ដែល​និយាយ​កាលពី​ថ្ងៃទី​ ៧ ​វិច្ឆិកា ​ថា លោក​ជា​អ្នក​លួច​ដូរ​សំបុត្រ​យន្តហោះ Thai Airways ដែល​ធ្វើ​ឲ្យ​លោក រង្ស៊ី មិន​អាច​ហោះ​មក​កាន់​ប្រទេស​ ថៃ ដើម្បី​ចូល​មក​កម្ពុជា​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា​។

ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ធ្វើឡើង​នៅពេល​លោក​ធ្វើ​ជា​អធិបតី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធាន​មនុស្ស​ជិត​ ២ ​ពាន់​នាក់​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ ជា​ការលើក​ឡើង​ជា​លក្ខណៈ​ឌឺដង​ដល់​លោក សម រង្ស៊ី លោក ហ៊ុន សែន បាន​និយាយថា ពិភពលោក​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​លោក ហ៊ុន សែន ពីព្រោះ​លោក​មាន​សមត្ថភាព​លួច​ចូលទៅ​កែ​សំបុត្រ​យន្តហោះ​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​ជាង​ ១០ ​ថ្ងៃ​មុន​ថ្ងៃទី​ ៧ គេ​ថា រកឃើញ​ហើយ​មុខ​ចោរ​ចូល​ទៅ​កែ​សំបុត្រ​យន្តហោះ អ៊ីចឹង​ពិភពលោក​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​បច្ចេកទេស​របស់​ ហ៊ុន សែន ឬ​ក្រុម​បច្ចេកទេស​របស់​ ហ៊ុន សែន អាច​ហែក​ចូល​ទៅក្នុង​កុំព្យូទ័រ​របស់​ស្អី Thai Airways​។ បើ​ហែក​ចូល​ទៅក្នុង​កុំព្យូទ័រ​របស់​ថៃ​អ៊ែរវេ​បាន​ហើយ​នឹង​អាច​ហែក​ចូល​ទៅ​គ្រប់កន្លែង​ទាំងអស់​»​។

លោក​ថ្លែងបន្តថា​៖ «​យី​! ឲ្យ​តម្លៃ ហ៊ុន សែន ខ្ពស់​ពេក​ទេ​ដឹង​? រឿង​ខ្លួនឯង​សោះ មក​ទម្លាក់​លើ ហ៊ុន សែន ទៀត​។ មើល៍​យើង​គួរៗ​គិត​ជាមួយ​គ្នា​ហើយ​អា​កន្លែង​នេះ​។ អានេះ​កម្រិត​ខ្នាត​អន្តរជាតិ​គេ​ហ៊ាន​ធ្វើ​ដល់​ម្លឹង ចោទ​មក​ដល់ ហ៊ុន សែន ចុះ​ទម្រាំ​អា​រឿង​ធម្មតា​ទៅវិញ​ទៀត តើ​ចោទ​ ហ៊ុន សែន ប៉ុនណា​ទៅទៀត​។ នេះ​គឺជា​រឿង​មួយ​ដែល​អកុសល​មែនទែន ហើយ​ភូត​ហ្នឹង​គួរតែ​ភូត​ឲ្យ​សមរម្យ​»​។

កាលពី​ថ្ងៃទី​ ៧ ខែ​វិច្ឆិកា លោក សម រង្ស៊ី គ្រោង​ឡើង​យន្តហោះ​តាម​ក្រុមហ៊ុន Thai Airways ចេញពី​ទីក្រុង​ប៉ារីស​ឆ្ពោះ​ទៅ​ទីក្រុង​បាងកក បន្ទាប់មក​ធ្វើដំណើរ​មកកាន់​ច្រក​ប៉ោយប៉ែត ដើម្បី​ចូលមក​ប្រទេស​ កម្ពុជា​។ ប៉ុន្តែ​លោក​បានប្រកាស​ថា ក្រុមហ៊ុន​ហោះហើរ​បាន​ប្រាប់​លោក​ថា លោក​មិនអាច​ហោះហើរ​បាន​ទេ​ដោយសារ​មាន​បញ្ជា​ពី​ថ្នាក់លើ​។

ជាមួយ​គ្នា​នោះ លោក សម រង្ស៊ី បាន​បង្ហោះ​ហ្វេសប៊ុក​ដោយ​មានភ្ជាប់​នូវ​សំបុត្រ​យន្តហោះ​ចំនួន​ ២ ដោយ​លោក​សរសេរ​ថា​៖ «​រកមុខ​ឃើញ​ហើយ ហ៊ុន សែន នៅ​ពីក្រោយ​អ្នក​ដែល​បាន​ទៅប្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ Thai Airways ឲ្យ​ប្តូរ​សំបុត្រ​យន្តហោះ​របស់ សម រង្ស៊ី ចេញពី​ទីក្រុង​ប៉ារីស​ពី​ថ្ងៃ​ ៧ វិច្ឆិកា ទៅ​ថ្ងៃ​​ ៩ វិច្ឆិកា វិញ​»​។

ទោះយ៉ាងណា​លោក រង្ស៊ី ថ្លែង​ថា​មូលហេតុ​ពិតប្រាកដ​ដែល​លោក​មិនបាន​ឡើង​យន្តហោះ​ថ្ងៃ​ ៧ វិច្ឆិកា​នោះ មិនមែន​ដោយសារ​លោក ហ៊ុន សែន បាន​លួច​ដូរ​សំបុត្រ​យន្តហោះ​គឺ​ដោយសារ​ក្រុមហ៊ុន Thai Airways បាន​ទទួល​ពី​រដ្ឋាភិបាល​ថៃ មិន​ឲ្យ សម រង្ស៊ី ឡើង​យន្តហោះ​។

លោក ហ៊ុន សែន ថ្លែង​ថា​ លោក​ប្រុង​នឹង​សួរ​ទៅកាន់​ក្រុមហ៊ុន​អាកាសចរណ៍​ថា តើ​លោក សម រង្ស៊ី ពិតជា​បាន​កក់ ឬ​ទិញ​សំបុត្រ​យន្តហោះ​ពិតប្រាកដ​មែនឬ​អត់​? ពីព្រោះ​លោក​បានឮ​ក្រុមហ៊ុន​ប្រកាស​ថា​លោក សម រង្ស៊ី មិនបាន​កក់​សំបុត្រ​យន្តហោះ​ទេ​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​គេ​ (​ក្រុមហ៊ុន​) ​ប្រកាស​ថា​អត់​មាន​សំបុត្រ ប៉ុន្តែ​គេ (​រង្ស៊ី​) ​ប្រកាស​មក​ខាង​នេះ​ថា រកឃើញ​មុខ​ចោរ​ហើយ គឺ ហ៊ុន សែន ហែក​ចូល អ៊ីចឹង​ប្រយ័ត្ន​មែនទែន ហើយ​អ្នក​ទាំងអស់​គ្នា​ដែលមាន​ទូរស័ព្ទ​ខ្ញុំ​ចូល​ហែក​ទាំងអស់​។ ព្រះ​អើយ​ព្រះ​! យើង​ពិនិត្យមើល ក្របខ័ណ្ឌ​ជា​អន្តរជាតិ ហើយ​ភាពម៉ឺងម៉ាត់​ជា​បច្ចេកវិទ្យា​ថ្នាក់​ដល់​យើង​នៅ​ភ្នំពេញ ឬ​ថា​ខ្ញុំ​នៅ​ភ្នំពេញ ឬ​ថា​អ្នកណា​ក៏ដោយ​ទោះបី​នៅ​ប៉ារីស​ក៏ដោយ វា​មិន​អាច​ចូល​ទៅ​កែ​សំបុត្រ​យន្តហោះ​បាន​ទេ​»​។

លោក​បន្តថា​លោក សម រង្ស៊ី តែងតែ​លើកឡើង​រឿង​បោះឆ្នោត​ថា មាន​ការបន្លំ ហើយ​ដល់ពេល​នេះ​លើកឡើង​ថា លោក​ជា​អ្នក​ទៅ​បន្លំ​សំបុត្រ​យន្តហោះ​ទៀត​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​យល់​ឃើញ​ថា ការលើកឡើង​របស់​លោក សម រង្ស៊ី រឿង​ប្ដូរ​សំបុត្រ​យន្តហោះ​នោះ​អាច​ជា​ល្បិច​របស់​លោក សម រង្ស៊ី ក្នុង​ការ​ធ្វើឲ្យ​មាន​លេស​ក្នុង​ការមិន​វិល​មក​កម្ពុជា ហើយ​ដោយសារ​លោក​មិន​រំពឹង​ថា អាច​ចូល​មក​ប្រទេស​ថៃ​បាន​ទេ​ក្រោយ​ពេល​នាយករដ្ឋមន្ត្រី​ថៃ​ប្រកាស​មិន​ឲ្យ​លោក​ឆ្លងកាត់​ប្រទេស​ថៃ​។

លោក​ថ្លែងថា​៖ «​ដើម្បី​អ្នកគាំទ្រ​របស់គាត់ គាត់​ត្រូវ​រក​វិធី ឬ​លេស​មួយ​ដើម្បី​ការពារ​ការខកខាន​មិន​បានមក​។ មិនមាន​អ្នកណា​ទៅ​លួច​ដូរ​ទេ បើ​មាន​គេ​លួច​ដូរ មាន​តែ​កូនចៅ​គាត់​ទៅ​ទិញ​ខ្លួនឯង ហើយ​ដូរ​ខ្លួនឯង ឬ​មិនមាន​ករណី​នេះ​ទាល់តែ​សោះ តែ​គាត់​មិន​បាន​ទិញ ហើយ​គាត់​ទៅ check-in តែ​មិនមាន​ឈ្មោះ​»៕