បន្ទាយមានជ័យៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​ បាន​កោតសរសើរ​ចិន​ចំពោះ​ការផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា ប៉ុន្តែ​ លោក​ថា កម្ពុជា​មិន​បោះបង់ចោល​ប្រទេស​ផ្សេង​ហើយ​ទៅ​ចាប់យក​ចិន​ដូច​ការវិភាគ​មួយចំនួន​នោះឡើយ គឺ​កម្ពុជា​ត្រូវការ​មិត្ត​ទាំងអស់​។

លោក ហ៊ុន សែន បាន​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​​ផ្លូវការ​នូវ​ផ្លូវជាតិ​លេខ​ ៥៨ ប្រវែង​ ១៧៤ ​គីឡូម៉ែត្រ​ភ្ជាប់​ពី​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ទៅ​ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ​ដែល​ការសាងសង់​ផ្លូវ​នេះ​ចំណាយ​ថវិកា​សរុប​ ១៧១ ​លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ​ប្រទេស​ចិន​បានផ្ដល់​ហិរញ្ញប្បទាន​ ១១៩ ​លាន​ដុល្លារ​ហើយ​ចំណែក​ ៥១ ​លាន​ដុល្លារ​ទៀត​ជា​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​។

លោក​បាន​ថ្លែងថា​៖ «​ហើយ​ឥឡូវនេះ​ដាក់​ជា​សំណួរ បើ​ចិន​មិន​ចូល​មកជួយ អ្នកណា​ជួយ​? សួរ​អ៊ីចេះ​! ហើយ​សួរ​អា​អ្នកវិភាគ​ឡប់ៗ​នោះ បើ​ចិន​មិន​ចូល​មកជួយ​ទេ អ្នកណា​ជួយ​? ផ្លូវ​ស្ពាន​ដែល​បានកើត​រួចហើយ​នេះ បើ​អ្នកឯង​មិនបាន​ឃើញ​អា​ពេល​ខាងមុខ​ទេ អ្នកឯង​គួរ​ដែល​បានធ្វើ​ដំណើរ​លើផ្លូវ​ដែល​ចិន​បាន​ចូលរួម​ចំណែក​ជួយ​នេះ បើ​ចិន​មិន​ជួយ​ទេ សួរថា​អ្នកណា​? ខ្ញុំកូណា​ខ្ញុំ​ស្វាគមន៍​ជាមួយ​ជំនួយ​ទាំងអស់​ដែល​ចូលរួម​អភិវឌ្ឍ​កម្ពុជា​»​។

លោក​បន្តថា កម្ពុជា​ក៏​ស្វាគមន៍​ប្រទេស​ជា​មិត្ត​ផ្សេង​ទៀត​ដូច​ទៅនឹង​ប្រទេស​ចិន​ដែរ ដូចជា​ស្វាគមន៍​ជប៉ុន​ដែល​បាន​ជួយ​ស្ពាន​កំពង់ចាម​គឺ​ស្ពាន​គីហ្សូណា ស្ពាន​ត្សឹបាសា​នៅ​អ្នក​លឿង ការសាងសង់​ផ្លូវជាតិ​លេខ​ ១ និង​ផ្លូវជាតិ​លេខ​ ៥ ដែល​កំពុង​ស្ថិត​ក្រោម​ការសាងសង់​ជាដើម​។

លោក​ស្វាគមន៍​ធនាគារ​ពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​បាន​ចូលរួម​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​និង​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​ធ្លាប់បាន​ជួយ​កសាង​ផ្លូវជាតិ​លេខ​ ៣ ដែល​ផ្លូវ​នេះ​ពេលនេះ​កំពុង​ត្រូវបាន​ពង្រីក​ដោយ​ហិរញ្ញប្បទាន​ពី​ចិន​។

លោក​ថា កូរ៉េ​ក៏​ជួយ​កម្ពុជា​ក្នុង​ការកសាង​ផ្លូវជាតិ​លេខ​ ២ និង​លេខ ២២ ដែល​ភ្ជាប់​ភ្នំពេញ ខេត្តកណ្ដាល និង​កំពត និង​ផ្លូវជាតិ​លេខ​ ៤៨ ផងដែរ​។

លោក​ថ្លែងថា​៖ «​យើង​ស្វាគមន៍ ក៏ប៉ុន្តែ​មិត្តភក្តិ​យើង​ទាំងឡាយ ទាំង​ជប៉ុន ទាំង​កូរ៉េ ទាំង​ធនាគារ​ពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និង​ដូចជា​មូលនិធិ OPEC គឺ​ជួយ​យើង​បានត្រឹមតែ​ប៉ុណ្ណឹង​។ តែ​អា​ជាង ៣០០០ ​គ.ម និង​ស្ពាន​ប្រហែល​ ១០ ​គ.ម ទាំង​ស្ពាន​ឆ្លងកាត់​ទន្លេ និង​ស្ពាន​នានា សួរ​ថា បើ​ចិន​មិន​ជួយ អ្នកណា​ជួយ​? បើ​អ្នក​មិនឃើញ​គម្រោង​នៅពេល​ខាងមុខ​ទេ អ្នក​គួរតែ​ដឹងថា អ្នក​កំពុង​ដើរ និង​ធ្វើដំណើរ​លើផ្លូវ​ដែល​ចិន​បាន​ជួយ​។ នោះ​ហើយ​ជា​អ្វីដែល​បាន​កើតឡើង​ពិតប្រាកដ​។ ប៉ុន្តែ​ភាព​ជ្រុលនិយម​របស់​អស់​លោកអ្នក​គឺ​បាន​បង្កើត​ឲ្យ​មាន​បញ្ហា​»​។

លោក​បន្តថា ក្រៅពី​ផ្លូវ និង​ស្ពាន ចិន​បាន​ជួយ​ដល់​កម្ពុជា​លើ​ផ្នែក​ជាច្រើន​ទៀត ដូចជា​ការកសាង​ប្រឡាយទឹក ការជួយ​ខាង​វិស័យ​សុខាភិបាល វិស័យ​អប់រំ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដោយពេល​នេះ​មាន​និស្សិត​កម្ពុជា​រាប់ពាន់​អ្នក​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​។

លោក​ថ្លែងថា​៖ «​ម៉េច​បាន​អ្នក​ទាំងឡាយ​មិន​យល់ ហើយ​គិតតែ​រឿង​វិភាគ​ឡើង​ថា​យើង​បោះបង់ចោល​អាមេរិក បោះបង់ចោល​អឺរ៉ុប​ទៅ​ចាប់​យក​តែ​ចិន​។ ខ្ញុំ​បាន​បញ្ជាក់ថា ខ្ញុំ​អត់​បោះបង់ចោល​អ្នកណា​មួយ​ទេ​។ ខ្ញុំ​ត្រូវការ​មិត្ត​ទាំងអស់​។ អ្នកខ្លះ​វា​ទៅ​ហួស​ជ្រុល​។ សូម្បីតែ​អាមេរិកាំង​ក៏​វា​រកស៊ី​ជាមួយ​ចិន ហេតុអ្វី​អ្នកឯង​ស្អប់​ចិន​ខ្លាំង​ម្ល៉េះ​? នេះ​ជា​ភាពមិន​ប្រាកដនិយម​នៅក្នុង​ការធ្វើ​នយោបាយ​។ ហើយ​បើ​ការធ្វើ​នយោបាយ​បែបនេះ មិន​អាច​ធ្វើ​មេដឹកនាំ​កម្ពុជា​បានទេ​។ កម្ពុជា​ប្រកាន់​យក​នូវ​ទំនាក់ទំនង​អន្តរជាតិ​ដោយ​មិន​ប្រកាន់​របប​នយោបាយ​។ មកដល់​ពេល​នេះ​យើង​មាន​ជាង​ ១៧០ ​ប្រទេស​ដែលមាន​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា​កម្ពុជា​គឺជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយ​ចិន ហើយ​ក៏​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ជប៉ុន​ដែរ​។ ប៉ុន្តែ​អ្នក​រិះគន់​មិនបាន​មើលឃើញ​ចំណុច​នេះ​ទេ​។

លោក​ថ្លែងថា​៖ «​ខ្ញុំកូណា​ខ្ញុំ​មិន​ចង់​ស្ដីបន្ទោស​អ្នកណា​ទេ ប៉ុន្តែ​ចង់​បង្រៀន​មនុស្ស​មួយចំនួន​ដែលមាន​ការគិតគូរ​មិន​ត្រឹមត្រូវ គិត​តែមួយ​ជ្រុង​តូច​ដោយ​មិនឃើញ​អំពី​ចំណុច​ធំ ចំណុចរួម​»​។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ពី​ម្សិលមិញ​ថា ផ្លូវជាតិ​លេខ​ ៥៨ គឺ​ខ្សែ​ផ្លូវ​យុទ្ធសាស្ត្រ​សម្រាប់​ការពារជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ ទេសចរណ៍​ស្ថិត​នៅ​ស្រប​តាម​ខ្សែបន្ទាត់​ព្រំដែន​ កម្ពុជា-ថៃ​ ដោយ​តភ្ជាប់​ទំនាក់ទំនង​រូបវ័ន្ត ស្ថាប័ន និង​ប្រជាជន​រវាង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ និង​ជាមួយ​រាជធានី​ខេត្ត​ផ្សេងទៀត​តាមរយៈ​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ប្រទាក់ក្រឡា​ពី​តំបន់​ ១ ​ទៅ​តំបន់​ ១​។

អ្នកវិភាគ​នយោបាយ លោក ឯក សុណ្ណារ៉ា បាន​យល់ឃើញថា ជំនួយ​អភិវឌ្ឍន៍​ពី​ប្រទេស​ចិន​សម្រាប់​ប្រទេស​កម្ពុជា​ពិតជា​មាន​ក្នុង​កម្រិត​ច្រើនជាង​ប្រទេស​ផ្សេងៗ​។ លោក​ថា ជាទូទៅ​ជំនួយ​អភិវឌ្ឍន៍​ពី​ចិន​ច្រើនតែ​គ្មាន​លក្ខខណ្ឌ​ដូច​ជំនួយ​ពី​អាមេរិក ឬ​ ពី​សហគមន៍​អឺរ៉ុប​តាម​កិច្ចព្រមព្រៀង ឬ​អនុសញ្ញា​នានា​។

លោក​ថា​៖ «​ជាទូទៅ ​ជំនួយ​មាន​លក្ខខណ្ឌ​មិនល្អ​ទេ​សម្រាប់​ប្រទេស​កម្ពុជា ប៉ុន្តែ​លក្ខខណ្ឌ​ដែល​សហរដ្ឋអាមេរិក ឬ​សហគមន៍​អឺរ៉ុប​ដាក់​ឲ្យ​នោះ​គឺ​អ្វីដែល​កម្ពុជា​បាន​ព្រមព្រៀង​ហើយ​ស្រាប់​ទេ​។ មិនមែន​អ្វី​ថ្មី​ដែល​គេ​លើកឡើង​ទេ​»​។

លោក​បន្ថែមថា ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​មើលឃើញ​ថា ប្រទេស​កម្ពុជា​ហាក់​ងាក​ទៅរក​ចិន​តាមរយៈ​ការលុបចោល​សមយុទ្ធ​ជាមួយ​អាមេរិក និង​អូស្ត្រាលី​។

លោក​ថា កម្ពុជា​គួរតែ​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស ទាំងអស់ ហើយ​រក្សា​ឲ្យ​បាន​នូវ​អព្យាក្រឹត​ដែល​អាច​រាប់អាន​បាន​នូវ​គ្រប់​ប៉ូល​នយោបាយ​ទាំងអស់​៕