កំពង់ស្ពឺ: លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​ស្នើ​ឲ្យ​ក្រសួង​ការងារ បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ​ពិចារណា​លើ​សំណើ​របស់​ក្រុម​សហភាព​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន​ ៦ ​ដែល​បាន​ស្នើឱ្យ​រាជរដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​វិស័យ​សំណង់ និង​សេវាកម្ម​នានា​កាលពី​ថ្ងៃទី​ ១០ ខែ​ធ្នូ​កន្លង​ទៅ​នេះ​។ ការ​ថ្លែង​នេះ​ធ្វើ​ឡើង​នៅក្នុង​ឱកាស​បន្ត​ចុះ​សំណេះសំណាល​ជាមួយ​កម្មករ-កម្មការិនី​ជិត​ ២ ​ម៉ឺន​នាក់​មកពី​រោងចក្រ​សហគ្រាស​ចំនួន​ ២៣ នៅក្នុង​ភូមិ​រំដួល ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​នា​ថ្ងៃទី​ ១២ ខែ​ធ្នូ ឆ្នាំ​ ២០១៨​នេះ​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ បណ្ដុះបណ្ដាល និង​វិជ្ជាជីវៈ​ត្រូវ​យក​ចិត្ត​ទុកដាក់​ពិចារណា​អំពី​សំណើ​របស់​ក្រុម​សហជីព​ដែល​បាន​ស្នើ​នៅ​ថ្ងៃ​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​ ៧០ ​នោះ​ដែល​បាន​ដាក់​ញត្តិ​មក​កាន់​រដ្ឋាភិបាល​ដោយ​ថា រដ្ឋាភិបាល​គប្បី​ត្រូវ​ធ្វើ​សកម្មភាព​គិតគូរ​ពី​កម្មករ​ធ្វើការ​នៅក្នុង​វិស័យ​មួយ​ចំនួន​បន្ថែម​ទៀត ក្រៅពី​គិតគូរ​តែ​កម្មករ​នៅក្នុង​វិស័យ​រោងចក្រ​កាត់ដេរ​»​។

លោក​បន្ត​ថា​រដ្ឋាភិបាល​បាន​ទទួល​ញត្តិ​របស់​សហជីព​មួយ​ចំនួន​ឲ្យ​កំណត់​ថ្លៃ​ប្រាក់​ឈ្នួល​អប្បបរមា​ទៅលើ​កម្មករ​សំណង់​នេះ រដ្ឋាភិបាល​កំពុង​ពិនិត្យ​ពិចារណា​ថា តើ​គួរ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​កម្មករ​នៅ​វិស័យ​ណា​ខ្លះ​? កន្លង​មក​នេះ​រដ្ឋាភិបាល​បាន​កំណត់​ត្រឹម​តែ​វិស័យ​កាត់ដេរ និង​ដេរ​ស្បែកជើង​ប៉ុណ្ណោះ​។ ដូច្នេះ​រដ្ឋាភិបាល​គួរ​ឈាន​ទៅ​កំណត់​វិស័យ​សំណង់ និង​វិស័យ​អ្វី​ផ្សេង​ទៀត ប៉ុន្ដែ​លោក​ទទូច​ឲ្យ​មាន​ការ​កំណត់​តាម​ការស្នើសុំ ដើម្បី​ធានា​ឲ្យ​ដឹង​ពី​ចំណូល និង​ចៀសវាង​ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​។

លោកនាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​ផ្ដាំផ្ញើ​ទាក់ទង​នឹង​កម្មករ​ធ្វើការ​តាម​ផ្ទះ បើ​ទោះបី​ជា​មិន​ទាន់​បាន​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ពួកគាត់​ក៏ដោយ ប៉ុន្ដែ​ខ្ញុំ​ឲ្យ​ម្ចាស់​ផ្ទះ​ទាំងអស់​សូមមេត្តា​យោគយល់​ទៅ​ដល់​ការលំបាក​ដល់​អ្នក​ធ្វើការ​តាម​ផ្ទះ រឿង​នេះ​ខ្ញុំ​យល់​ណាស់ ដោយសារ​ខ្ញុំ​មាន​អ្នក​ធ្វើការ​នៅផ្ទះ​របស់​ខ្ញុំ អ្នក​ធ្វើការ​តាម​ផ្ទះ​អត់​មាន​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ទេ គ្នា​ធ្វើការ​លំបាក​ណាស់​»​។

លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រីក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIERA) បាន​ថ្លែង​ថា លោក​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល ដើម្បី​កំណត់​ប្រាក់​ឈ្នួល​បុគ្គលិក​សណ្ឋាគារ កាស៊ីណូ បុគ្គលិក​សេវាកម្ម​ទេសចរណ៍ និង​កម្មករ​សំណង់ ព្រោះ​បច្ចុប្បន្ន​ប្រាក់​ឈ្នួល​ពួកគេ​គឺ​អាស្រ័យ​លើ​ថៅកែ ឬ​ម្ចាស់​ស្ថាប័ន​ជា​អ្នកកំណត់​។ ដូច្នេះ​ប្រាក់​ឈ្នួល​នោះ​នៅ​មិន​ទាន់​ផ្គត់ផ្គង់​ជីវភាព​សមរម្យ​ទេ​។

លោក​បន្ត​ថា​ប្រសិន​បើ​រដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​សំណង់ និង​សេវាកម្ម​នេះ​ជីវភាព​ពួកគាត់​នឹង​ប្រសើរ​ឡើង​មួយ​កម្រិត​។ លើស​ពី​នេះ​អាច​នឹង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ព្រោះ​ប្រាក់​ឈ្នួល​ក្នុង​ស្រុក​ក៏​សមរម្យ​។

លោក ពុទ្ធី បាន​បញ្ជាក់​ថា​៖ «​កម្មករ និង​បុគ្គលិក​ក្នុង​វិស័យ​សំណង់ និង​សេវាកម្ម​សព្វថ្ងៃ​នៅ​លើ​មាត់​ថៅកែ បើ​គេ​ថា​ឲ្យ​យើង​ប៉ុន្មាន​គឺ​ទទួល​បាន​ប៉ុណ្ណឹង​។ ខ្ញុំ​សុំ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​អនុវត្តតាម​អនុសាសន៍​របស់​សម្ដេច ព្រោះ​សម្ដេច​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្មករ​ធ្វើការ​នៅ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ច្រើន​ដែរ​»​។

ចំណែក​លោកស្រី យឹម សុធី ប្រធាន​សមាគម​អ្នកបម្រើ​ការងារ​តាម​ផ្ទះ (ADW) ​បាន​យល់​ឃើញ​ថា​លោកស្រី​សាទរ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល នេះ​សរបញ្ជាក់​ថា រដ្ឋាភិបាល​បាន​ចាប់ផ្ដើម​គិតគូរ និង​យក​ចិត្ត​ទុកដាក់​លើ​កម្មករ​ដែល​បម្រើ​ការងារ​តាម​ផ្ទះ​ដែរ​។

លោកស្រី​បន្ត​ថា​អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ​បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន ជាពិសេស​ប៉ះ​ចំ​ម្ចាស់ផ្ទះ​មួយ​ចំនួន​ដែល​ចូលចិត្ត​បៀតបៀន​រាងកាយ និង​ផ្លូវភេទ ព្រោះ​ពួកគាត់​ជា​មុខសញ្ញា​គ្រោះថ្នាក់​បំផុត​។ ពួកគាត់​ធ្វើការ​បាន​ប្រាក់​ឈ្នួល​បន្ដិចបន្ដួច ដោយ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ទាំងមូល​បាន​ទេ លុះត្រា​តែ​មាន​ការ​កំណត់​ណាមួយ​សមរម្យ​។

លោកស្រី សុធី បាន​បញ្ជាក់​ថា​៖ «​អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ​ដែល​មិន​បាន​ឆ្លងកាត់​សមាគម ពួកគាត់​មកពី​ខេត្ត ឬ​ជនបទ​ណា​មួយ គាត់​នឹង​ប្រឈម​បញ្ហា​ជាច្រើន ដោយ​មាន​ការរំលោភ​បំពាន​ផ្លូវភេទ ប្រាក់​ឈ្នួល​កំណត់​ដោយ​មនោសញ្ចេតនា​ម្ចាស់​ផ្ទះ បើ​ចំ​ម្ចាស់ផ្ទះ​ចិត្ត​ល្អ​ចាត់​ទុក​ថា​ជា​សំណាង ប៉ុន្ដែ​បើ​ប៉ះចំ​ម្ចាស់​ផ្ទះ​ខូច ឬ​កាច ពួកគាត់​ច្បាស់​ជា​រងកម្ម​ហើយ ហើយ​ក៏​គ្មាន​អ្នកច្បាប់​ជួយ​គាំពារ​ពួកគាត់​ដែរ​»​។

ការស្នើ​នេះ​បាន​ធ្វើ​ឡើង​តាមរយៈ​ការចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ក្នុង​ឱកាស​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី ៧០ នៅ​ថ្ងៃទី​ ១០ ខែ​ធ្នូ​ក្នុង​នោះ​រួមមាន​៖ ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​វិស័យ​សំណង់ និង​សេវាកម្ម ស្នើឲ្យ​ជួយ​អន្តរាគមន៍​ឲ្យ​និយោជក​ទទួល​យក​ថ្នាក់ដឹកនាំ និង​សកម្មជន​សហជីព​ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ដោយ​ខុស​ច្បាប់​ឲ្យ​បាន​ចូល​ធ្វើការ​វិញ និង​សង​ប្រាក់​រំឭក​ដល់​ពួកគេ​ស្នើឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​សហជីព​ស្នើ​ឲ្យ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ប្រកាស​ចុះ​ថ្ងៃទី​ ២ ខែ​កក្កដា ឆ្នាំ​ ២០១៨ ស្ដីពី​ភាព​ជា​តំណាង​បំផុត​នៃ​សហជីព​ស្នើ​ឲ្យ​ផ្ដល់​សច្ចាប័ន​ដល់​អនុសញ្ញា ILO លេខ ១៤៩ ស្ដីពី​ការការពារ​កម្មករ​ធ្វើការ​តាម​ផ្ទះ​ក្នុងស្រុក និង​ទេសន្តប្រវេសន៍ និង​ស្នើឲ្យ​ជំរុញ​ការអនុវត្ត​ច្បាប់​ស្ដីពី​ការងារ​ចំពោះ​កម្មករ​ធ្វើ​ការងារ​តាម​ផ្ទះ និង​សេវាកម្ម​។

បើ​យោង​តាម​លោកស្រី យឹម សុធី បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​នាពេល​បច្ចុប្បន្ន​កម្មករ​ដែល​អ្នក​ធ្វើការ​នៅ​តាម​ផ្ទះ​មាន​ចំនួន​ជាង ២៥ ​ម៉ឺន​នាក់​សម្រាប់​អ្នក​ធ្វើការ​នៅក្នុង​ស្រុក ប៉ុន្ដែ​កម្មករ​ដែល​ជា​សមាជិក​សមាគម​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​មាន​ចំនួន​ ៦០០ ​នាក់​។ ពួកគេ​ភាគច្រើន​ទទួល​បាន​ប្រាក់​ឈ្នួល​ចន្លោះ​ពី​ ១០០ ដល់ ២០០ ​ដុល្លារ​ដោយ​ធ្វើការ​គ្មាន​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ និង​ថ្ងៃបុណ្យ​ទេ​៕