ភ្នំពេញៈ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ក្រុមអ្នកច្បាប់​សិក្សា​ច្បាប់​ដើម្បី​ពិចារណា​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ប្រសិន​បើ​ការអំពាវនាវ​របស់​លោក​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ មិនមាន​ប្រសិទ្ធភាព​។

លោក​បាន​ថ្លែង​ដូច្នេះ​ក្នុង​ពេល​សំណេះសំណាល​ជាមួយ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូវីដ​ ១៩ ចំនួន ៤២២ នាក់​មុនពេល​ពួកគេ​ចេញ​បំពេញ​ការងារ​ជាមួយ​ក្រសួងសុខាភិបាល​។ លទ្ធភាព​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នេះ ធ្វើឡើង​មួយផ្នែក​ដោយសារ​តែ​ការអំពាវនាវ​របស់លោក​មិនមាន​ប្រសិទ្ធភាព​ដូចជា​ការឡើង​ថ្លៃ​ម៉ាស់​ជាដើម​។

លោក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​កំពុង​ឲ្យ​ពិនិត្យ​នូវ​លទ្ធភាព​មាត្រា​ ២២ ​នៃ​​រដ្ឋធម្មនុញ្ញ ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។ ខ្ញុំ​មិន​ចង់​ប្រើ​ទេ ក៏ប៉ុន្តែ​បើ​ការអំពាវនាវ​របស់ខ្ញុំ​គ្មាន​ប្រសិទ្ធភាព មាត្រា​ទី​ ២២ ដែល​ចែង​ថា​ក្នុងប្រទេស​ដែលមាន​មហន្តរាយ​មាន​ន័យ​ថា ការជួប​នឹង​គ្រោះអាសន្ន ព្រះមហាក្សត្រ​ទ្រង់​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន ដោយ​មាន​ការឯកភាព​ពី​នាយករដ្ឋមន្ត្រី​ពី​ប្រធានរដ្ឋសភា និង​ប្រធានព្រឹទ្ធសភា​។ ដូច្នេះ​ខ្ញុំ​ក៏​អាច​ស្នើសុំ​ព្រះមហាក្សត្រ​សុំ​ការឯកភាព​ពី​ប្រធាន​រដ្ឋសភា ប្រធានព្រឹទ្ធសភា និង​ស្នើសុំ​ព្រះមហាក្សត្រ​ចេញ​​ព្រះរាជក្រឹត្យ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​»​។

ប៉ុន្តែ​លោក​ថ្លែងថា វិសាលភាព​នៃ​មាត្រា​ ២២ ​នេះ​មិន​ទាន់​មាន​ច្បាប់​មួយ​ដោយឡែក​ដែល​កំណត់​ពី​វិសាលភាព​របស់​វា​ទេ ដូច្នេះ​ហើយ​លោក​កំពុង​ឲ្យ​ក្រុមការងារ​សិក្សា​លើ​វិសាលភាព​របស់​វា​។

លោក​ថ្លែងថា​៖ «​នេះ​ជា​ការចន្លោះ​ប្រហោង​របស់​យើង ដោយ​យើង​មិន​គិតថា ប្រទេស​របស់​យើង​អាច​នឹង​មាន​ការដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​។ បើ​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន សិទ្ធិ​ស៊ីវិល​ត្រូវបាន​កាត់​ហើយ​។ ជាក់ស្ដែង​ប្រទេស​នានា​បាន​យក​វិធាន​ការយក​ទាហាន​យក​ប៉ូលិស​។ ប្រទេស​ខ្លះ​ប្រជាពលរដ្ឋ​មិន​ព្រមស្ដាប់​ដល់​ពេល​មិន​ព្រមស្ដាប់ ប្រើ​​ទាហាន ប្រើ​ប៉ូលិស​។ ប៉ុន្តែ​យើង​ យើង​និយាយ​គ្នា​បាន​។ ប៉ុន្តែ​ខ្ញុំ​មិន​ចោល​លទ្ធភាព​ដែល​ខ្ញុំ​នឹង​ប្រើប្រាស់​នូវ​មាត្រា​ទី​ ២២ ​នៃ​រដ្ឋធម្មនុញ្ញ​»​។

លោក​ប្រាប់​ទៅ​អ្នកវិភាគ​ថា វិធី​នេះ​មិនមែន​ជា​ការបង្ក្រាប​ទៅលើ​មនុស្ស​នោះទេ ប៉ុន្តែ​ជា​វិធានការ​ការពារ​មនុស្ស​កុំ​ឲ្យ​ស្លាប់​ដោយ​ប្រើ​វិធានការ​តឹងរ៉ឹង ខណៈ​ប្រទេស​ខ្លះ​បាន​អនុវត្ត​រួចហើយ​ដូចជា ថៃ និង​ឥណ្ឌា​។

លោក​ព្រលយ​ថា បើសិន​ជា​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​ត្រូវ​បាន​ធ្វើឡើង​នោះ​នឹង​មាន​ការហាម​ជួបជុំ ហាម​ចេញ​ពី​ផ្ទះ និង​ការហាម​ជាច្រើន​ទៀត​តាម​ដែល​អ្នកច្បាប់​អាច​ពិនិត្យឃើញ​។ លោក​ចាត់ទុក​ថា ការដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​គឺជា​ការបង្ខាំង​មនុស្ស​ក្នុង​ទ្រង់ទ្រាយ​ធំ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​។

លោក ហ៊ុន សែន ថ្លែង​ទៅកាន់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ម្សិលមិញ​។ រូប SPM

លោក​ថ្លែងថា​៖ «​អ៊ីចឹង​សុំ​​អ្នកវិភាគ​កុំ​ចេញ​មក​វិភាគ​ថា លោក ហ៊ុន សែន ឆ្លៀត​ប្រើ​មាត្រា​ទី​ ២២ ដើម្បី​បំពាន​សិទ្ធិ​ពលរដ្ឋ​។ កុំ​ស្តង់ដា​ ២ ​ណា ចិន​បិទ​ហឺប៉ី និង​វូហាន ថា​ចិន​រឹតត្បិត​ដល់​ប្រទេស​លោក​ខាងលិច​បិទ​ប្រទេស​ថា អានោះ​វិធានការ​ការពារ​ជំងឺ​។ កុំ​ឲ្យ​ស្តង់ដា​ទ្វេ​»​។

ទន្ទឹមនឹង​លទ្ធភាព​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​នេះ​លោក ហ៊ុន សែន ក៏​ប្រកាស​ពី​យុទ្ធនាការ​បន្ត​ដែល​កម្ពុជា​ត្រូវធ្វើ​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​នេះ​។ វិធានការ​ដែល​បាន​ធ្វើ​ហើយ តែ​ត្រូវ​បន្តធ្វើ​តទៅទៀត​នោះ​គឺ​ការព្យាយាម​ទប់ស្កាត់​ការឆ្លង​ពី​ខាងក្រៅ និង​យកចិត្ត​ទុកដាក់​ទប់ស្កាត់​ការចម្លង​ខាងក្នុង​។

បន្ថែម​ពីលើ​នេះ កម្ពុជា​មិនមាន​គោលការណ៍​ជម្លៀស​និស្សិត​កម្ពុជា​ពី​ចិន កូរ៉េ និង​ប្រទេស​អាស៊ាន និង​ប្រទេស​ដែល​មាន​ជំងឺ​នេះ​រាប់ទាំង​អាមេរិក និង​អឺរ៉ុប​នោះទេ ពីព្រោះ​ការជម្លៀស​ពលរដ្ឋ​ត្រឡប់​មកវិញ​មាន​ហានិភ័យ​នាំ​ជំងឺ​ចូល​ស្រុក​។ លោក​ស្នើសុំ​ឲ្យ​និស្សិត​ខ្មែរ​ ១២ ​នាក់​នៅ​អាមេរិក​កុំ​ត្រឡប់​មកវិញ​ក្នុង​ពេលនេះ​។

កិច្ចការ​បន្ទាន់​មួយ​ទៀត​ដែល​អាជ្ញាធរ​ត្រូវធ្វើ​គឺ​ត្រូវ​គ្រប់គ្រង​ពលករ​ដែល​មកពី​ថៃ ដែល​បាន​ចូល​ស្រុក​ខ្មែរ​រួចហើយ​ដោយ​អាជ្ញាធរខេត្ត​ត្រូវ​ចុះទៅ​តាម​ផ្ទះ ហើយ​ឲ្យ​ពួកគេ​នៅ​ដាច់​ដោយឡែក​នៅតាម​ផ្ទះ​។ លោក​ដាក់​បញ្ជា​ឲ្យ​ផ្អាក​ការបញ្ជូន​មន្ត្រី​ចេញទៅ​ប្រជុំ​ខាងក្រៅ ហើយ​ផ្អាក​ការប្រជុំ​អន្តរជាតិ​ទាំងអស់​នៅ​កម្ពុជា​។ សូម្បីតែ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) ក៏​អាច​ត្រូវ​ពន្យារ​ផងដែរ បើ​ស្ថានការណ៍​មិនមាន​ភាពប្រសើរឡើង​។

លោក​ថា​ការងារ​អាទិភាព​មួយទៀត​គឺ​ធ្វើការ​ជាមួយ​ភាគី​ថៃ ដើម្បី​ធ្វើ​មាតុភូមិនិវត្តន៍​ពលករ​ខ្មែរ​ប្រកប​ដោយ​សុវត្ថិភាព និង​មាន​របៀបរៀបរយ​ដែល​អាច​ពិនិត្យ​សុខភាព​បាន​។

លោក​ថ្លែងថា​៖ «​អាជ្ញាធរ​តាម​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​ទទួល​ខុសត្រូវ​លើ​ការងារ​នេះ​។ ឥឡូវ​អ្នក​ដែល​មក​រួចហើយ គឺ​យើង​ត្រូវ​តាម​ស្វែងរក​អ្នក​ទាំងនោះ ប៉ុន្តែ​អ្នក​ដែល​មិនទាន់​មក ក្រសួង​ការបរទេស​ខ្ញុំ​ប្រគល់​ការងារ​ឲ្យ​។ យប់មិញ​ប្រគល់​ការងារ​ឲ្យ​ទៅ​ ៤ ​នាក់ សម្ដេចក្រឡាហោម ស ខេង គឺ​ប្រគល់​ឲ្យ​បញ្ជា​ទៅ​ខេត្ត​របស់​យើង​។ ក្រសួងការបរទេស​ត្រូវ​ធ្វើ​ការងារ (​ជាមួយ​) ​ក្រសួង​ការបរទេស​ថៃ​។ ក្រសួង​ការងារ​ត្រូវ​ធ្វើ​ការងារ​ទាក់ទង​នឹង​ពលករ និង​ក្រសួង​សុខាភិបាល​ធ្វើការ​ទាក់ទង​នឹង​ការពិនិត្យ​ [​ជំងឺ​]»​។

លោក​បានដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​រុករក​អ្នក​ដែល​ឆ្លង​ដែល​មិនទាន់​បាន​ពិនិត្យ ហើយ​យក​ពួកគេ​មក​ដាក់​នៅ​កន្លែង​ព្យាបាល ឬ​ដាក់​នៅ​ដោយឡែក​ ១៤ ​ថ្ងៃ​។ អ្នក​ដែល​ត្រូវ​តាមរក​គឺ​អ្នកពាក់ព័ន្ធ​ជាមួយ​អ្នកជំងឺ​។ នៅពេល​តាមរក​គាត់​ឃើញ​ត្រូវយក​គាត់​ដាក់​នៅ​ដោយឡែក មុនពេល​ដឹង​ពី​លទ្ធផល​នៃ​ការធ្វើ​តេស្ត ប៉ុន្តែ​មិនទាន់​បញ្ជូន​ចូល​មន្ទីរពេទ្យ​ទេ​។ ដោយសារ​មានការ​អនុវត្ត​លើស​បទបញ្ជា ដោយ​បាន​បិទ​ទាំង​ហាង​លក់​បាយ គុយទាវ ហាង​កាហ្វេ លោក ហ៊ុន សែន បាន​រៀបរាប់​សាជាថ្មី​អំពី​កន្លែង​ដែល​ត្រូវ​បិទ រួមមាន​ការប្រជុំ ការជួបជុំ​ខាង​សាសនា​គ្រប់ប្រភេទ KTV ក្លិប​រាត្រី កន្លែង​កម្សាន្ត សារមន្ទីរ រោង​ភាពយន្ត ការប្រគំ​តន្ត្រី​នៅ​កន្លែង​សាធារណៈ​។

លោក​បញ្ជាក់ថា​៖ «​តែ​សុំ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​គ្មាន​ផែនការ​បិទ​ទីផ្សារ​លក់ដូរ ភោជនីយដ្ឋាន ហាង​កាហ្វេ ពិសេស​រោងចក្រ​។ រាជរដ្ឋាភិបាល​នៅតែ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ តែ​ហាម​ការជួបជុំ​មនុស្ស​ច្រើន​។ យក​ល្អ​សប្បាយ​ជាមួយ​ក្រុមគ្រួសារ​តាម​ផ្ទះ​រៀងៗ​ខ្លួន​»​។

លោក​ក៏​ស្នើ​កុំ​ឲ្យ​មាន​ការប្រើ​អបិយ​ជំនឿ​ដើម្បី​ទៅ​បណ្ដេញ​មេរោគ កូវីដ​១៩​។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ផ្សព្វផ្សាយ​អំពី​អនាម័យ និង​ឲ្យ​ក្រុមហ៊ុន រោងចក្រ​យកចិត្ត​ទុកដាក់​សុខភាព​បុគ្គលិក និង​កម្មករ​ឲ្យ​បាន​ខ្ពស់​។ ពេលនេះ​កម្ពុជា​មាន​កន្លែង​សម្រាប់​ដាក់​អ្នកជំងឺ និង​អ្នក​ដែល​ត្រូវ​នៅ​ដាច់​ដោយឡែក​ជាង​ ៣ ០០០ ​បន្ទប់​។

លោក​ថ្លែងថា​៖ «​សារ​មួយ​ព្រឹក​នេះ​ជា​អគ្គបញ្ជាការ​នៃ​យុទ្ធនាការ​ប្រឆាំង​កូវីដ​១៩ ចេញ​មក​បញ្ជា ហើយ​ត្រង់​ទៅ​អនុវត្ត​ជាក់ស្ដែង​របៀប​ណា​គឺ​ក្រសួង​សុខាភិបាល​យកទៅ​ធ្វើ​ទៅ ប៉ុន្តែ​ការចង្អុល​ទិស​ជា​ក្របខ័ណ្ឌ​គោលនយោបាយ​ និង​ការបែងចែក​ធនធាន រៀបចំ​ទីតាំង​មាន​អស់ហើយ​។ នេះ​ជា​ដំណាក់កាល​ប្រយុទ្ធ​ដ៏ស្រួចស្រាល់​មួយ ហើយ​យើង​ជឿជាក់​ថា យើង​នឹង​ឈ្នះ​លើ​កូវីដ​ ១៩»៕

វីដេអូ៖