ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីម្សិលមិញ បានស្នើសុំឲ្យភាគីចិន ជួយសហការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយសហការជាមួយរាជបណ្ឌិត្យសភាកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាដើម្បីជំរុញវិស័យទាំងនេះឱ្យកាន់តែរីកចម្រើនទៅមុខ។
ការស្នើឡើងរបស់លោក ហ៊ុន សែន ធ្វើឡើងក្នុងជំនួបជាមួយលោក Wang Gang អនុប្រធានសភាប្រឹក្សាប្រជាជនចិន និងជាអតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន។
លោក ហ៊ុន សែន បានបញ្ជាក់ក្នុងហ្វេសប៊ុកថា៖ «ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ គឺរឹងមាំដូចដែកថែប ដែលប្រទេសយើងបន្តគាំទ្រ និងជួយគ្នាទៅវិញទៅមកដូចជាបងប្អូន»។
លោកនាយករដ្ឋមន្ត្រី ប្រាប់លោក Wang Gang ថា កម្ពុជាកំពុងតែតម្រង់ទិសរបស់ខ្លួនដើម្បីធ្វើយ៉ាងណាឲ្យសម្របទៅតាមចរន្តយុគសម័យឌីជីថល (Digital) និងបដិវត្តន៍ឧស្សាហកម្មទី៤ ដែលត្រូវការបណ្ដុះបណ្ដាលមនុស្សឱ្យកាន់តែច្រើន។
ហ្វេសប៊ុកលោក ហ៊ុន សែន បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Wang Gang មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ជាពិសេសលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺចាំបាច់ត្រូវការធនធានមនុស្ស ការស្រាវជ្រាវ និងជំរុញការអភិវឌ្ឍក្នុងយុគ សម័យឌីជីថល ឬក្នុងសម័យបដិវត្តន៍ឧស្សាហកម្មទី៤ នេះ ដែលចាំបាច់ណាស់ត្រូវមានការសិក្សា ការស្រាវជ្រាវ។
ប្រទេស កម្ពុជា ក៏បានប្រើប្រាស់បច្ចេកវិទ្យានិងវិទ្យាសាស្ត្រនេះផងដែរ។ ជាមួយគ្នានេះ តាមហ្វេសប៊ុកលោក ហ៊ុន សែន ក៏បានស្រង់សម្តី លោក Wang Gang ថា លោក ពេញចិត្ត និងរីករាយយ៉ាងខ្លាំងដែលបានឃើញកម្ពុជាមានការរីកចម្រើន ជាមួយស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំល្អ នៅក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។
ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី បានស្រង់សម្តី លោក Wang Gang បញ្ជាក់ទៀតថា លោក ហ៊ុន សែន គឺជាថ្នាក់ដឹកនាំដែលទទួលបានការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតអំពីរដ្ឋាភិបាល និងប្រជាជនចិន។ កម្ពុជា គឺជាបងប្អូន និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ប្រទេស ចិន។
លោក Wang Gang ថ្លែងថា៖ «មិត្តចិនបានអរគុណដល់កម្ពុជា ដែលបានជួយផ្សារភ្ជាប់នូវទំនាក់ទំនងដ៏ល្អរវាងចិននិងសហគមន៍អាស៊ានផងដែរ ហើយនិងការជួយជ្រោមជ្រែងដល់ដំណោះស្រាយដោយសន្តិភាពលើបញ្ហាសមុទ្រចិនខាងត្បូង»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រាប់ភ្នំពេញប៉ុស្តិ៍ ម្សិលមិញថា ជំនួបរវាងលោក ហ៊ុន សែន និងលោក Wang Gang គឺល្អនៅពេលដែលភាគីកម្ពុជា-ចិន បានជជែកគ្នា និងធ្វើឱ្យភាគីទាំង ២ យល់គ្នាទៅវិញទៅមក។ ជាពិសេសនៅពេលដែលខ្យល់ព្យុះនៃភាពប្រឈមរវាងចិន និងអាមេរិក។
លោក ផៃ ស៊ីផាន បញ្ជាក់ថា៖ «ចំពោះជំហរកម្ពុជាយើង គ្មានអ្វីក្រៅតែពីសុំឱ្យភាគីពាក់ព័ន្ធទាំងអស់ហ្នឹងស្វែងរកដំណោះស្រាយណាមួយដើម្បីជាផលប្រយោជន៍ពិភពលោក»។
លោកគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណិ្ឌត្យសភាកម្ពុជា ថ្លែងថា រាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នអភិវឌ្ឍន៍ធនធានមនុស្ស ប៉ុន្តែត្រូវការកិច្ចសហការបន្ថែមពីភាគីចិន ទៅលើការផ្តល់មូលនិធិសម្រាប់ការសិក្សាស្រាវជ្រាវផ្សេងៗ។
លោកបញ្ជាក់ថា៖ «ក៏ប៉ុន្តែ យើងត្រូវការឱ្យមានការសិក្សាស្រាវជ្រាវរួមគ្នាទៀត។ អាហ្នឹងចំណុចដោយឡែកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ហើយសម្រាប់ការស្នើរបស់សម្តេចឱ្យចិនជួយការអភិវឌ្ឍធនធានមនុស្សហ្នឹង គឺមានសារៈសំខាន់ណាស់ ព្រោះយើងមិនរង់ចាំទទួលជំនួយពីបណ្តាប្រទេសនានា ដោយមិនអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់ប្រទេសបានទេ»៕