កំពតៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា និង​តុលាការ ដើម្បី​ដោះលែង​សកម្មជន​អតីត​បក្សប្រឆាំង​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ទៅតាម​រយៈ​ការស្នើសុំ​របស់​សាមីខ្លួន មេធាវី ឬ​ក្រុមគ្រួសារ​ជា​អ្វី​ដែល​លោក​ហៅថា ជា​កិច្ចការ​ចាំបាច់​ត្រូវ​ធ្វើ​ក្នុង​គោលដៅ​បង្រួបបង្រួម​ជាតិ រក្សា​សន្តិភាព និង​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ​ដោយសារ​អ្នក​ទាំងនោះ​ចាញ់បោក​មេខ្លោង​។

ការថ្លែង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ រោងចក្រ​ផលិត​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅ​ខេត្តកំពត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។

លោក​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​៖ «​អ៊ីចឹង​ទេ សុំ​ឱ្យ​តុលាការ​ព្រះរាជអាជ្ញា​ហើយ ជាពិសេស​ក្រសួង​យុត្តិធម៌ ធ្វើការ​ណែនាំ​ទៅ​។ ឧទាហរណ៍ កំពត​មាន​ប៉ុន្មាន​នាក់​? ធ្វើការ​ទៅ មិន​ចាំបាច់​ក្រសួងយុត្តិធម៌​ក៏​បាន​ដែរ​នៅទីនេះ ព្រោះ​ខ្ញុំ​បាន​បញ្ជា​នៅទីនេះ​ហើយ​។ ទៅវិញ​មាន​ប៉ុន្មាន​នាក់​ដែល​បាន​ចាប់ខ្លួន​ក្នុង​រឿងក្តី​នេះ​? តែ​ក្នុង​រឿងក្តី​រដ្ឋប្រហារ​នេះ​ទេ​ណា​! តែ​រឿង​គ្រឿងញៀន ឬ​ចាប់រំលោភ អាហ្នឹង​អត់​ទេ​ណា​។ អត់​ចូល​ក្នុង​សំណុំរឿង​ហ្នឹង​ទេ​។ មាន​ចាប់​ប៉ុន្មាន​នាក់​នៅទីនេះ ឱ្យគេ​នៅ​ក្រៅ​ឃុំ​ទៅ​»​។

បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​រហូត​មកដល់​ពេលនេះ អាជ្ញាធរ​បាន​ចាប់ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ប្រមាណ​ជាង​ ៧០ ​នាក់​ ក្រោម​បទចោទ «​រួមគំនិត​ក្បត់​» ​បន្ទាប់ពី​លោក សម រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ប្រកាស​ពី​ផែនការ​វិល​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ ខែ​វិច្ឆិកា​។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា​ទោះបី​ជា​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ក៏ដោយ រឿងក្តី​របស់​សកម្មជន​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ​មិនទាន់​ត្រូវ​បាន​បញ្ចប់​នោះទេ​គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​។ ប្រសិន​បើ​ពួកគេ​ចង់​ចេញ​ទៅ​ក្រៅប្រទេស​គឺ​ត្រូវ​សុំច្បាប់​អនុញ្ញាត តែ​នៅក្នុង​ប្រទេស ពួកគេ​អាច​ធ្វើ​ដំណើរ​ទៅ​ទីណា​ក៏បាន និង​ប្រកបមុខរបរ​រកស៊ី​អ្វី​ក៏បាន​។

សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ ២ ​នាក់​ត្រូវ​តុលាការ​ខេត្តកំពត​ដោះលែង​ពី​ពន្ធនាគារ​ម្សិលមិញ​។ រូបថត FN

លោក ហ៊ុន សែន បាន​ស្នើឱ្យ​ដោះលែង​សកម្មជន​អតីត​បក្សប្រឆាំង ២ ​នាក់​នៅ​ខេត្តកំពត​មុនគេ​នៅ​ថ្ងៃ​ម្សិលមិញ ប្រសិន​បើ​តុលាការ​ធ្វើ​កិច្ចការ​នេះ​បាន​ទាន់ពេល​ដើម្បី​ឱ្យឃើញ​ពី​ប្រសិទ្ធភាព​នៃ​សម្ដី​របស់លោក​។ លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​ថា ការដែល​លោក​ហ៊ាន​និយាយ​បែបនេះ ព្រោះ​ប្រព័ន្ធ​តុលាការ​កម្ពុជា​អនុញ្ញាត​ឱ្យ​នីតិប្រតិបត្តិ​ក្តាប់​នយោបាយ​ព្រហ្មទណ្ឌ​តាមរយៈ​ដាក់​ព្រះរាជអាជ្ញា​ឱ្យ​នៅ​ក្រោម​ការ​ពិនិត្យមើល​របស់​ក្រសួងយុត្តិធម៌​។

លោក ថ្លែងថា​៖ «​អ៊ីចឹង​ក្រសួង​យុត្តិធម៌​វា​ជា​នរណា​? ក្រសួង​យុត្តិធម៌​វា​ជា​ក្រសួង​មួយ​ចំណុះ​ឱ្យ​រាជរដ្ឋាភិបាល​។ ដូច្នេះ​រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី មាន​សិទ្ធិ​នឹង​និយាយ​»​។

ជាមួយ​គ្នា​នេះ​ផងដែរ លោក​ក៏បាន​អំពាវនាវ​ដល់​សកម្មជន អតីត​បក្សប្រឆាំង ដែល​បាន​រត់គេច​ខ្លួន​ទៅកាន់​ប្រទេស​ ថៃ និង​លាក់ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ត្រឡប់​ចូល​មក​ក្នុង​ប្រទេស និង​ផ្ទះ​វិញ​ដោយ​មិន​មាន​ទោសពៃរ៍ និង​ការចាប់ខ្លួន​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​ហ៊ុន សែន បញ្ជា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​មិន​ត្រូវ​ចាប់ចង​អ្នក​ដែល​បាន​ទៅ​លាក់ខ្លួន​នៅក្នុង​ប្រទេស​ថៃ​នោះទេ​។ អ្នក​ដែល​មាន​ដីកាចាប់ខ្លួន​ហើយ​សូម​អំពាវនាវ​ឱ្យ​ក្រសួងយុត្តិធម៌​បញ្ជា​ប្រាប់​ទៅ ព្រោះ​អានេះ ខ្ញុំ​បញ្ជាក់​ប្រើ​ពាក្យ​អ៊ីចឹង ព្រោះ​អ៊ីចេះ​! ហេតុ​អី​ខ្ញុំ​ករុណា​ខ្ញុំ​ត្រូវ​ប្រើពាក្យ​អ៊ីចឹង​។ ប្រទេស​របស់​យើង គឺ​អនុវត្ត​ប្រព័ន្ធ​តុលាការ​តាមបែប​បារាំង ដោយ​រដ្ឋាភិបាល​ក្តាប់​នូវ​នយោបាយ​ព្រហ្មទណ្ឌ​។ ដូច្នេះ​រដ្ឋមន្ត្រី​យុត្តិធម៌​មាន​សិទ្ធិ​ធ្វើការ​ជាមួយ​នឹង​ព្រះរាជអាជ្ញា​។ អ៊ីចឹង​ព្រះរាជអាជ្ញា​ដែល​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន គប្បី​ត្រូវ​ដក លុប​ដីកា​នោះ​ចេញ ដើម្បី​អនុញ្ញាត​ឱ្យគេ​វិល​មក​ស្រុក​»​។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា នេះ​មិនមែន​ជា​ការជ្រៀតជ្រែក​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​នោះទេ តែ​នេះ​គឺជា​សំណូមពរ​របស់​លោក ហ៊ុន សែន ឱ្យ​តុលាការ​ពិនិត្យ​លទ្ធភាព និង​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ ដែល​មាន​ជាធរមាន​។ នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ព្រោះ​តុលាការ​បាន​អនុវត្ត​នីតិវិធី​នេះ​កន្លង​មក​ហើយ ជាពិសេស​គឺ​ផ្អែក​ទៅ​លើ​មាត្រា ៤៥៤ នៃ​ក្រមព្រហ្មទណ្ឌ ខណៈ​អ្នក​ដែល​ចូល​សារភាព​កន្លង​មក​រាប់រយ​នាក់ គឺ​បាន​រួចផុត​ពីបទ​ចោទ និង​ទោសទណ្ឌ​ទាំងអស់​ហើយ​អ្នក​ដែល​ត្រូវ​ចោទប្រកាន់​ហើយ​គឺ​ត្រូវបាន​អនុគ្រោះ​ឱ្យ​នៅ​ក្រៅឃុំ​។

លោក ម៉ាលីន ថ្លែងថា​៖ «​អ្វី​ដែល​នាយករដ្ឋមន្ត្រី​គាត់​លើក​នេះ​គឺ​គាត់​ជា​សំណូមពរ​ក្នុង​ការអនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់ បញ្ញតិ​ដែល​មាន​ជា​ធរមាន​បន្ត​ទៀត​ទេ​ដើម្បី​ជា​ការអនុគ្រោះ​ដល់​បងប្អូន​យើង​ដែល​ចាញ់បោក​ទណ្ឌិត សម រង្ស៊ី ដោយ​មើលឃើញ​ផែនការ​បរាជ័យ ហើយ​ផែនការ​នេះ​ជា​ការបោកប្រាស់​។ អ៊ីចឹង គាត់​លើក​ទឹកចិត្ត​ឱ្យ​មាន​ការចូល​សារភាព​ទៀត ហើយ​តុលាការ​អនុវត្ត​ទៅ​តាម​នីតិវិធី បញ្ញតិ​ច្បាប់​ដែល​មាន​ធរមាន​»​។

អ្នកស្រី​ មាន សៀងលីម ភរិយា របស់​លោក​ លី ម៉េងឃាង ​ដែល​កំពុង​រង់ចាំ​ការដោះលែង​ស្វាមី​នៅ​មុខ​ពន្ធនាគារ នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល កាលពី​ល្ងាច​ម្សិលមិញ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា អ្នកស្រី​មាន​សេចក្តី​ត្រេកអរ​យ៉ាងខ្លាំង​ដែល​ប្តី​របស់​អ្នកស្រី​ត្រឡប់​មកផ្ទះ​វិញ ដើម្បី​បាន​មក​ជួបជុំ​គ្រួសារ​។ អ្នកស្រី​ចង់​ឲ្យ​ស្វាមី​នៅ​ក្រៅ​ឃុំ ព្រោះ​អ្នកស្រី​មាន​កូនតូច​ចំនួន​ ២ ​នាក់ និង​កំពុងមាន​ផ្ទៃពោះ​ ៧ ​ខែ​ទៀត​។ អ្នកស្រី​និយាយ​ថា បើ​ស្វាមី​អ្នកស្រី​នៅ​បន្ត​ជាប់​ឃុំឃាំង អ្នកស្រី​នឹង​ជួប​ការលំបាក​។

លោកស្រី មាន សៀងលីម ថ្លែងថា​៖ «​ហើយ​គាត់​បង្គោលគ្រួសារ គាត់​មេ​គ្រួសារ ហើយ​កូន​ខ្ញុំ​តូចៗ​។ មួយ ៥ ​ឆ្នាំ​។ មួយ​ ៩ ​ឆ្នាំ ហ្នឹង​។ អ៊ីចឹង​បាន​គាត់​មកទៀត​បាន​គាត់​ជួយ​មើលថែ​ពេល​ខ្ញុំ​កូនខ្ចី​»​។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ​នយោបាយ​បាន​ថ្លែង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ប្រសិន​បើ​លោក​ ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ ហើយ​ព្រះរាជអាជ្ញា​អនុវត្ត​តាម​អនុសាសន៍​របស់​លោក​មែន នោះ​ស្ថានភាព និង​បរិយាកាស​នៃ​ការតានតឹង និង​ការចាប់ខ្លួន​សកម្មជន​អតីត​គណបក្សប្រឆាំង​អាច​មាន​ភាពធូរស្បើយ និង​អាច​ជំរុញ​ឱ្យ​មាន​ការកែលម្អ​លើ​សេរីភាព​នៅ​កម្ពុជា​ឱ្យ​មាន​បរិយាកាស​ល្អប្រសើរ​។

លោក​បន្ត​ថា​ ជាង​នេះ​ទៅ​ទៀត​បន្ទាប់ពី​មាន​ការបន្ធូរ​បន្ថយ​ទោស​ទៅលើ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នេះ​ជា​យន្តការ​មួយ​ដែល​ឈាន​ទៅ​រក​ភាពល្អប្រសើរ​ទៅ​ថ្ងៃ​ខាងមុខ​៕