ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជាក់​ថា​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​ប្រៀប​ដូចជា​សហភាព​អឺរ៉ុប​ (EU) ​បំផ្លាញ​សមិទ្ធផល​ខ្លួនឯង​ដែល​បានធ្វើ​នៅ​កម្ពុជា និង​ជា​ការសម្លាប់​ក្រុម​អ្នកប្រឆាំង​ផ្កាប់មុខ​។

លោក ហ៊ុន សែន ថ្លែង​ដូច្នេះ​ក្នុងពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជាង​ ៦ ៧០០ ​នាក់ ​នៅ​កោះពេជ្រ​កាលពី​ម្សិលមិញ​។ លោក​ថ្លែង​ដូច្នេះ​ស្រប​ពេល​កម្ពុជា​ត្រូវ​ឆ្លើយតប​ទៅ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ពាក់ព័ន្ធ​នឹង​ដំណើរ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គ្រប់​មុខទំនិញ​លើកលែង​តែ​សព្វាវុធ EBA (Everything But Arm)​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​សមិទ្ធផល​ដែល​អ្នកឯង​ជួយ​ខ្ញុំ ក៏ដូចជា​និរាករណ៍​ចោល​ដែរ​។ ទឹកមាត់​អ្នកឯង​ជាមួយ​ខ្ញុំ ក៏​នឹង​កាត់បន្ថយ​ដែរ មានន័យ​ថា បានរួម​ចំណែក​សម្លាប់​ពួកអាប្រឆាំង​ផ្កាប់មុខ​តែម្ដង​។ ព្រោះ​ដំណើរការ​ក្ដី គឺ​តុលាការ​គេ​ប្រកាស​ហើយ​។ អ្នកណា​ត្រូវ​ជាប់​យ៉ាងម៉េច​អី​យ៉ាងម៉េច កាត់​យ៉ាងម៉េច​អី​ពេល​ណា​គេ​កាត់​ពេលណា​គេ​អី​អាហ្នឹង​ដំណើរការ​របស់​តុលាការ​ទៅ​»​។

លោក​ ហ៊ុន សែន ថ្លែងថា​លោក​ធ្លាប់​ប្រាប់​សហភាព​អឺរ៉ុប​រួចហើយ​ថា កម្ពុជា​អាចធ្វើ​បាន​ចំពោះ​អ្វី​ដែល​ជា​ជម្រើស​របស់ខ្លួន​ប៉ុណ្ណោះ​។ អ្វីដែល​ពាក់ព័ន្ធ​នឹង​ច្បាប់​កម្ពុជា​គឺ​កម្ពុជា​មិនអាច​ធ្វើតាម​អឺរ៉ុប​បានទេ​។ លោក​បន្តថា សហភាព​អឺរ៉ុប​ក៏ត្រូវ​តែ​ដឹង​ដែរ ផលប៉ះពាល់​ពី​ការដក EBA ​នេះ​មិនមែន​គ្រាន់តែ​កម្ពុជា​ទេ គឺ​ប្រជាជន​នៅ​សហភាព​អឺរ៉ុប​ក៏​ប៉ះពាល់​ដែរ ដោយ​ពួកគេ​ត្រូវ​បង់ថ្លៃ​ពន្ធ​ច្រើន​ជាង​មុន​។

សហភាព​អឺរ៉ុប​បានប្រកាស​ចាប់ផ្ដើម​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​កាលពី​ថ្ងៃទី​ ១២ ខែកុម្ភៈ​។ កាលពី​ថ្ងៃទី​ ១២ ខែវិច្ឆិកា​កន្លងទៅ សហភាព​អឺរ៉ុប​បញ្ជូន​របាយការណ៍​អំពី​ការស៊ើបអង្កេត​របស់ខ្លួន​មក​កម្ពុជា ដោយ​កម្ពុជា​ត្រូវ​ឆ្លើយតប​ក្នុង​រយៈពេល​ ១ ​ខែ​គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១២ ខែធ្នូ​នេះ​។ ពី​ម្សិលមិញ​លោក​ កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ឲ្យ​ដឹងថា​ក្រសួង​ការបរទេស​នឹង​ចេញផ្សាយ​ព័ត៌មាន​អំពី​ការឆ្លើយតប​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

ទោះយ៉ាងណា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ពី​ម្សិលមិញ​ថា ការឆ្លើយតប​នៅ​ថ្ងៃ​នេះ​គឺជា​ការឆ្លើយតប​ចំពោះ​ការចោទប្រកាន់​របស់​សហភាពអឺរ៉ុប មិនមែន​ជា​ការធ្វើ​អត្ថាធិប្បាយ​ឡើយ​។

លោក​ថ្លែងថា​៖ «​កម្ពុជា​ត្រូវដាក់​ការឆ្លើយតប មិនមែន​ការធ្វើ​អត្ថាធិប្បាយ​។ ខ្ញុំ​បាន​ប្រាប់ ប្រាក់ សុខុន នេះ​ជា​ការឆ្លើយតប​ចំពោះ​អ្វីដែល​អ្នកឯង​បាន​បញ្ជូន​មក​ឲ្យ​ខ្ញុំ​ឆ្លើយតប​គឺជា​ការសន្ទនា មិនមែន​ការធ្វើ​អត្ថាធិប្បាយ​។ យល់​គ្នា​ឲ្យ​ច្បាស់​លើ​បញ្ហា​នេះ​»​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​កម្ពុជា​មិនមែន​រកស៊ី​តែ​ជាមួយ​សហភាព​អឺរ៉ុប​ទេ តែមាន​ដៃគូ​ពាណិជ្ជកម្ម​ផ្សេងទៀត​ជាច្រើន ហើយ​កម្ពុជា​ក៏​កំពុង​ធ្វើ​ពហុវិស័យ​ក្រៅពី​វិស័យ​កាត់ដេរ​ផងដែរ​។ លោក​ថា​ពេលនេះ​កម្ពុជា​កំពុង​សម្លឹង​មើលថា​តើ​អង់គ្លេស ចាកចេញ​ពី​សហភាព​អឺរ៉ុប​ឬ​អត់​? បើ​ទោះ​ចាកចេញ​ក៏ដោយ ក៏​អង់គ្លេស​បាន​ប្រកាស​គាំទ្រ​ការនាំចេញ​របស់​កម្ពុជា ហើយ​អង់គ្លេស​គឺជា​ប្រទេស​នាំចូល​ទំនិញ​កម្ពុជា​ធំជាងគេ​នៅ​អឺរ៉ុប​។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ចង់​ឲ្យ​អង់គ្លេស​ចាកចេញ បន្ទាប់ពី​ការចាកចេញ​ហើយ​ចាកចេញ​ដោយ​មាន​កិច្ចព្រមព្រៀង ហើយ​ចាកចេញ​ហើយ សេដ្ឋកិច្ច​អង់គ្លេស​នៅ​តែ​ល្អ​ដែល​អាច​បញ្ជា​ទិញ​ពី​ស្រុក​ខ្មែរ​កាន់តែច្រើន​»​។

ទោះយ៉ាងណា​លោក​ ហ៊ុន សែន ថ្លែងថា ការដក EBA មិនមែន​ជា​កង្វល់​របស់​លោក​ទេ កង្វល់​របស់​លោក​គឺ​ការខ្វះ​ទឹក​នៅក្នុង​ស្រុក និង​តម្លៃ​ស្រូវ​របស់​កសិករ​ចុះថោក​។ ឯ​ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​លោក​ចាប់​អារម្មណ៍ គឺ​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប បញ្ហា​រ៉ូហ៊ីងយ៉ា ការប្ដឹង​ដកតំណែង​លោក​ ដូណាល់ ត្រាំ និង​បញ្ហា​នុយក្លេអ៊ែរ កូរ៉េ​ខាង​ជើង​។ លោក​បញ្ជាក់​សាជាថ្មី​ថា លោក​មិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ដូរ​នឹង​ជំនួយ ឬ​ភាពអនុគ្រោះ​ជាមួយ​អ្នកណា​ទាំងអស់​។

សហភាព​អឺរ៉ុប​បាន​លើក​ឡើង​នូវ​អំណះអំណាង​របស់​ខ្លួន​ថា ការដក EBA នេះ​គឺ​ដោយសារ​តែ​កម្ពុជា​បាន​រំលោភសិទ្ធិ​មនុស្ស មិន​គោរព​តាម​អនុសញ្ញា​អង្គការ ILO និង​ដំណើរការ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស កម្ពុជា​។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពន្យល់​ថា​ប្រជាធិបតេយ្យ ពាណិជ្ជកម្ម និង​សិទ្ធិមនុស្ស​ត្រូវ​តែ​គោរព​ច្បាប់ និង​វិធាន​អន្តរជាតិ​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ខ្ញុំ​ឯកភាព ប៉ុន្តែ​ត្រូវតែ​ (​ធ្វើឡើង​) ​ជា​សកល​។ ប្រជាធិបតេយ្យ ឬ​សិទ្ធិមនុស្ស ឬ​ពាណិជ្ជកម្ម​ត្រូវគោរព​ច្បាប់ ប៉ុន្តែ​មិនអាច​យក​ច្បាប់​នៃ​ក្រុម​មួយ​ឲ្យ​ក្រុម​មួយទៀត​គោរព​ទេ​។ ច្បាប់​នេះ​ត្រូវ​ចេញពី​ធម្មនុញ្ញ​សហប្រជាជាតិ​។ មិនអាច​យក​ច្បាប់​របស់​ក្រុម​ប្រទេស​មួយ​មក​ឲ្យ​ប្រទេស និង​ក្រុម​ប្រទេសមួយ​គោរព​ទេ​។ អត់​ទេ​។ បើ​និយាយ​ពី​វិធាន​ពាណិជ្ជកម្ម​មិនអាច​យក​វិធាន​របស់​ក្រុម​មួយ​មក​ឲ្យ​ក្រុម​មួយ​គោរព​ទេ​ត្រូវយក​វិធាន​នៃ​អង្គការ ពាណិជ្ជកម្ម​ពិភពលោក​។ ឆ្លើយ​ជាមួយ​ខ្ញុំ​អត់​រួច​ទេ​»​។

ចំពោះ​បញ្ហា​សិទ្ធិមនុស្ស និង​សន្តិភាព​នៅ​កម្ពុជា​លោក​ថ្លែងថា លោក​នៅតែ​សង្កត់​លើ​សន្តិភាព ព្រោះ​បើ​គ្មាន​សន្តិភាព​ទេ ក៏​គ្មាន​ដែរ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​។ ទោះ​យ៉ាងណា​លោក​ទទួល​ស្គាល់​ថា សិទ្ធិសេរីភាព និង​ដំណើរការ​ប្រជាធិបតេយ្យ​គឺជា​ផ្នែក​មួយ​ដែល​គាំពារ​ដល់​សន្តិភាព​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវ​ទទួល​ស្គាល់ ប៉ុន្តែ​មេមាន់​កើតមុន​ពងមាន់ ពងមាន់​កើតមុន​មេមាន់ តើ​មួយណា​កើតមុន​។ សន្តិភាព​ត្រូវ​កើតមុន​ទើប​នាំ​ទៅ​ដល់​ដំណើរការ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។ ឯ​ដំណើរការ​ប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ក៏​វា​បំពេញ​ឲ្យ​ការថែរក្សា​សន្តិភាព​ដែរ​។ យើង​ត្រូវ​ទទួលស្គាល់​បែបនេះ​»​។

លោក​ សុខ ទូច អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែងថា​ការលើកឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង EBA មាន​លក្ខណៈ​ស៊ីជម្រៅ​ហើយ​។ លោក​ថា ពេលនេះ​ភាគី​ទាំង​ ២ ​កំពុង​សម្លឹង​មើលគ្នា​ទៅវិញទៅមក​។

ចំពោះ​រឿង​សិទ្ធិ និង​ប្រជាធិបតេយ្យ​វិញ លោក​ថ្លែង​ថា​វា​ជា​កត្តា​សត្យានុម័ត​ដែលថា គ្មាន​សន្តិភាព គឺ​គ្មាន​សិទ្ធិមនុស្ស​​ និង​ប្រជាធិបតេយ្យ​។ លោក​ថ្លែងថា បើ​គិតពី​បញ្ហា​សិទ្ធិមនុស្ស គេ​គួរ​ក្រឡេក​ទៅ​មើល​បញ្ហា​នៅ​មជ្ឈិមបូព៌ា និង​បញ្ហា​ជន​ទេ​សន្តរប្រវេសន៍​ដែល​ព្យាយាម​ចូល​ទៅ​អឺរ៉ុប​។ ដោយសារ​គ្មាន​សន្តិភាព​នោះ​ហើយ​ទើប​បាន​ជា​ពួកគេ​ត្រូវធ្វើ​បែបនេះ​។

លោក​និយាយថា​៖ «​គោលដៅ​ធំ​បំផុត​គឺ​សន្តិភាព​នោះ​ហើយ បើ​គ្មាន​សន្តិភាព​ទេ អ្វីៗ​ផ្សេង​មិនបាច់​និយាយ​ទេ​»៕

វីដេអូ៖