ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រាប់​អ្នក​ដែល​គំរាម ឬ​កំពុង​ដំណើរការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា​ថា ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ មាន​តម្លៃ​ស្មើនឹង​ការ​សម្លាប់​បក្ស​ប្រឆាំង​នៅ​កម្ពុជា។

លោកនាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូច្នេះ កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់​ផ្លូវ​ក្រវាត់​ក្រុង ប្រវែង​ជិត ៥៣ គីឡូម៉ែត្រ ដែល​នឹង​ត្រូវ​ចំណាយ​ប្រាក់ ២៧៣ លាន​ដុល្លារ ជា​ជំនួយ​បរិយា​ប័ន្ន​របស់​ចិន និង​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា។

លោក​ហ៊ុន សែន ថ្លែងថា៖ «សូម​កុំភ្លេចថា អ្នក​មិនចាំបាច់​មក​ប្រដៅ​ខ្ញុំ​ទៀត​ទេ។ ដោយសារ​អ្នក​បាន​ជា​ជ្រុល​ដាក់​ទណ្ឌកម្ម​ខ្ញុំ​ហើយ អ្នក​ក៏​គ្មាន​សិទ្ធិ​និយាយ​ប្រដៅ​ខ្ញុំ​រឿង​សិទ្ធិ​មនុស្ស ប្រជាធិប​តេយ្យ​អី​ដែរ ហើយ​ខ្ញុំ​ចង្អុល​បង្ហាញ​ថា បើសិន​អ្នក​ឯង​ដាក់​ទណ្ឌកម្ម​ខ្ញុំ ស្មើ​នឹង​វាយ​សម្លាប់​បក្ស​ប្រឆាំង​នៅ​កម្ពុជា ខ្ញុំ​និយាយ​ប្រាប់​អ្នក​ឯង​ឲ្យ​ច្បាស់។ ព្រោះ​គ្មាន​រឿង​អី ដែល​ខ្ញុំ​ត្រូវ​ថ្នាក់​ថ្នម ព្រោះ​វា​បាន​ជា​ជ្រុល​អ៊ីចឹង​ហើយ​ឲ្យ​វា​ទៅ​បណ្ដោយ​ទៅ»។

លោក​បាន​បន្តថា៖ «ជាន់ក​អា​ហ្អែ​ង​ថែម អាហ្នឹង​វា​រឿង​តែ​ប៉ុណ្ណឹង។ អា​ហ្អែង​ខូច អញ​កាត់​ទោស​អា​ហ្អែង អា​នេះ​ជា​ផ្លូវ​ច្បាប់។ តែ​អា​ហ្អែង​ទៅ​អំពាវ​នាវ​ឲ្យ​គេ​បំផ្លាញ​កម្ពុជា។ អ៊ីចឹង​មាន​អី​ត្រូវ​ទុក​ឲ្យ​អា​ហ្អែង​រស់​ត​ទៅ​ទៀត! ឲ្យ​ច្បាស់! សុំ​កុំ​ប្រមាថ ហើយ​សុំ​កុំ​ព្រមាន​ចំពោះ​កម្ពុជា។ ខ្ញុំ​បាន​ប្រកាស​ហើយ​មិន​អាចយក​ឯករាជ្យ អធិប​តេយ្យ​ភាព របស់​ប្រទេស​ទៅ​ដោះដូរ​ជាមួយ​ជំនួយ​អ្នក​ណា​ទេ»។

ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី បានធ្វើ​ឡើង​ស្រប​ពេលដែល​សហភាព​អឺរ៉ុប កំពុង​ស្ថិត​នៅ​ក្នុង​នីតិ​វិធី​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី (EBA) ពី​កម្ពុជា ដោយ​ហេតុ​ផល​ថា កម្ពុជា​បាន​ធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជាធិប​តេយ្យ តាមរយៈ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨ រូប និង​ការ​ដក​តំណែង​មន្ត្រី​ឃុំ​សង្កាត់ ជាប់​ឆ្នោត​របស់​អតីត​គណបក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ ២០១៧។

ព្រឹទ្ធសភា​សហរដ្ឋអាមេរិក កាលពី​សប្តាហ៍​មុន ក៏បាន​ស្នើ​ទៅ​សភា​អាមេរិក​ឲ្យ​ពិនិត្យ ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ផង​ដែរ។

លោក ហ៊ុន សែន បាន​ថ្លែងថា ការ​គំរាម​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ពិភពលោក​គេ​ឈប់​ប្រើ​ហើយ ហើយ​លោក​មាន​បទពិសោធ​គ្រប់គ្រាន់​ក្រោយ ឆ្លង​កាត់​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច និង​នយោបាយ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ។ លោក​ថ្លែង​ថា កម្ពុជា​ចង់​ពង្រីក​មិត្តភក្តិ​នៅ​លើ​ពិភពលោក ប៉ុន្តែ​មិត្ត​របស់​កម្ពុជា មិន​ត្រូវ​យក​ប្រជាជន​កម្ពុជា ១៦ លាន​នាក់​ទៅ​បម្រើ​ឲ្យ​គោល​ដៅ​របស់​ខ្លួន​ក្នុង​ការ​បំផ្លិច​បំផ្លាញ​កម្ពុជា​នោះ​ទេ។

ដោយ​មិនបាន​លើក​ចំឈ្មោះ លោក​ព្រមាន​សំដៅ​សហភាព​អឺរ៉ុប​ដោយ​ថ្លែង​ថា៖ «ប៉ុន្តែ​បើ​អ្នក​ឯង​ហ៊ាន​ធ្វើ តម្លៃ​ដែល​ត្រូវ​សង​ពួក​អ្នក​ឯង រង់ចាំ​មើល​ទៅ អ្នក​ឯង​សប្បាយ​ទៅ។ សួរថា រដ្ឋបាល ហ៊ុន សែន នឹង​ចាត់​វិធានការ​ចំពោះ​ពួក​អាក្រក់​របៀប​ណា។ ឲ្យ​ច្បាស់​លាស់​ជាមួយ​គ្នា អ្នក​ឯង​គ្មាន​សិទ្ធិមក​និយាយ​ជាមួយ​ខ្ញុំ​ត​ទៅ​ទៀត​ទេ។ អ៊ីចឹង ពួក​អ្នក​មាន​ទោស​ទាំង​ប៉ុន្មាន​ត្រូវ​បន្ត​ទោស។ អា​គួរតែ​ឲ្យ​រួច មិន​ឲ្យ​អា​ហ្អែង​រួច​ខ្លួន ប្រមូល​យក​កាត់​ទោស​ហើយ។ ព្រោះ​បាន​ជា​ជ្រុល​អ៊ីចឹង​ទៅ​ហើយ។ ពួក​អាហ្អែង អ្នក​ធ្វើ​អាក្រក់ អញ​អនុវត្ត​ច្បាប់ អា​ហ្អែង​ទៅ​ប្ដឹង​ចៅ​ហ្វាយ​អាហ្អែង​ឲ្យ​ធ្វើបាប​អញ។ អ៊ីចឹង​អញ​ដាក់​ជាន់​ក​អាហ្អែង​ថែម»។

លោក​ថា បើសិន​ចង់​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​ឬ​យ៉ាងណា​នោះ វា​ជាការ​សម្រេច​ចិត្ត​របស់​ពួកគេ ព្រោះ​លោក​ឈប់​ចង់​ឮ​ពាក្យ​គំរាម​កំហែង​តទៅ​ទៀត​ហើយ។ ទោះ​យ៉ាង​ណា លោក​ថា នៅ​កម្ពុជា​នៅ​តែ​មាន​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ដោយ​លោក​លើក​ឧទាហរណ៍​ការ​បោះ​ឆ្នោត​កន្លង​ទៅ​ដែល​មាន​ការ​ចូលរួម​ពី​គណបក្ស​ចំនួន ២០។

លោក​បាន​លើក​ជម្រើស ២ សម្រាប់​សហភាព​អឺរ៉ុប​យកទៅ​ពិ​ចារណា​គឺថា តើ​ត្រូវ​រក្សា​សមិទ្ធផល​ដែល​សម្រេច​ឡើង​រួម​មាន​ទាំង​លម្ហ​លទ្ធិ​ប្រជាធិប​តេយ្យ ឬមួយ​ត្រូវ​សម្លាប់​ចោល​ត្រឹម​កន្លែង​នេះ។ លោក ហ៊ុន សែន ថ្លែង​ថា លោក​រង់​ចាំមើល​ជំហាន​បន្ទាប់​ពី​ភាគី​ម្ខាង​ទៀត។

លោក​បញ្ជាក់​ជា​ចុងក្រោយ​ថា៖ «បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​ងាប់ អាហ្នឹង​កាត់​ទៅ។ បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​រស់​អាហ្នឹង​កុំ​ធ្វើ មក​ជជែក​គ្នា​ពិភាក្សា​គ្នា។ កែលម្អ​សភាព​ការណ៍​ជាមួយ​គ្នា​បន្ត​ទៅ​មុខ​ជាមួយ​គ្នា ក្នុង​ភាព​ជា​ដៃគូ​ស្មើភាព លើ​ការ​គោរព​ឯករាជ្យ និង​អធិប​តេយ្យ»។

ដើម្បី​ត្រៀមខ្លួន​នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ លោក​ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​យុទ្ធនា​ការ​ពង្រឹង​ឯករាជ​ភាព​របស់​កម្ពុជា​ដោយ​គោល​ការណ៍​កំណែ​ទម្រង់​ខាង​ក្នុង គឺ​ការ​ពង្រឹង​សេដ្ឋកិច្ច លើ​ពហុ​វិស័យ រាប់​ចាប់​ពី​កសិកម្ម ឧស្សាហកម្ម និង​សេវាកម្ម កាត់​បន្ថយ​ការ​នាំ​ចូល និង​បង្កើន​ការ​នាំ​ចេញ។

ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក ហ៊ុន សែន លោក សម រង្ស៊ី ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​ប្រឆាំង បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ តាម​អ៊ីមែល​ថា ការ​ដាក់​ទណ្ឌកម្ម​កម្ពុជា គឺ​ដោយ​សារ​តែ​កម្ពុជា​បាន​ងាក​ទៅ​រក​ភាព​ផ្ដាច់ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី។

លោក​ថា ប្រសិន​បើ​លោក ហ៊ុន សែន កែប្រែ​ស្ថានភាព​បច្ចុប្បន្ន ឲ្យ​ប្រសើរ​វិញ​នោះ លោក​ធ្វើ​រឿង​ល្អ ២ យ៉ាង​គឺ៖ «រារាំង​មិន​ឲ្យ​មាន​ទណ្ឌកម្ម និង​អនុញ្ញាត​ឲ្យ​មាន​សេរីភាព​ប្រសើរ​ឡើង​វិញ មាន​លម្ហ​ប្រជាធិប​តេយ្យ​សម្រាប់​ប្រជាជន​ខ្មែរ»។

លោក រង្ស៊ី អះអាងថា លោកនាយករដ្ឋមន្ត្រី មិនអាច​ធ្វើ​បានទេ ដោយ​សារ​តែ​លោក​ចង់​កាន់​អំណាច​បន្ត​ទៀត និង​ដើម្បី​ការពារ​ផល​ប្រយោជន៍​របស់​គាត់ និង​ក្រុម​គ្រួសារ។

លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ថ្លែង​តាមរយៈ​អ៊ីមែល​ពី​ម្សិលមិញ​ថា មក​ដល់​ពេល​នេះ ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ជា​ផ្លូវការ​មិន​ទាន់​ចាប់​ផ្ដើម​នៅ​ឡើយ។ លោក​ថា​ដំណើរ​ការ​សម្រេច​ចិត្ត​ដក​ឬ​មិន​ដក ឬក៏​ដក​ដោយ​ផ្នែក​មាន​រយៈពេល ១២ ខែ។ ក្នុង​ករណី​ដែល​មាន​ការ​ដក​មែន​នោះ ការ​យក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​អឺរ៉ុប​ពី​កម្ពុជា នឹង​ចាប់ផ្ដើម ៦ ខែ​នៅ​ក្រោយ​សេចក្តី​សម្រេច ដែល​ធ្វើ​ឲ្យ​រយៈពេល​សរុប​មាន ១៨ ខែ។

លោក​ថ្លែងថា ប្រសិនបើ​កម្ពុ​ជាមាន​វិធានការ​ធ្វើ​ឲ្យ​ស្ថានភាព​បច្ចុប្បន្ន​ប្រសើរ​ឡើង សហភាព​អឺរ៉ុប​នឹង​ពិចារណា​លើ​បញ្ហា​ដក EBA ឡើង​វិញ។

ចំពោះ​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ដែលថា សហភាព​អឺរ៉ុប​ជា​ចៅ​ហ្វាយ​របស់​បក្ស​ប្រឆាំង​នោះ លោក George Edgar និយាយ​ថា៖ «សហភាព​អឺរ៉ុប មិន​ដែល​ផ្ដល់​មូលនិធិ ដល់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​នយោបាយ​ណាមួយ​នៅ​កម្ពុជា​ទេ»។

អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ ថ្លែងថា សារ​របស់​លោក​នាយក​រដ្ឋមន្ត្រី បាន​បង្ហាញ​ថា គាត់​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ដក​ពន្ធ​អនុគ្រោះ EBA នេះ ហើយ​គាត់​បាន​យក​បក្ស​ប្រឆាំង​ជា​ចំណាប់​ខ្មាំង ដើម្បី​កុំ​ឲ្យ​សហភាព​អឺរ៉ុប​ផ្អាក EBA។ «ជាក់​ស្តែង ដើម្បី​លាក់​បាំង​ស្ថានភាព​អស់​សង្ឃឹម​របស់​គាត់ គាត់​បាន​បង្ហាញ​ឥរិយាបថ​ជា​ភាគី​ដ៏​ខ្លាំង​មួយ​ដោយ​អញ្ជើញ​សហគមន៍​អឺរ៉ុប​មក​ចរចា​ជាមួយ​គាត់ ដើម្បី​បន្ត EBA ប៉ុន្តែ​មើល​ទៅ សហគមន៍​អឺរ៉ុប​ហាក់​អស់​សង្ឃឹម​ក្នុង​ការ​ធ្វើ​ដូច្នេះ»។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់​ថា ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី បង្ហាញ​សារ​ច្រក​ទ្វារ​ទាំង​ទៅ​សហភាព​អឺរ៉ុប​ផង និង​ទៅ​បក្ស​ប្រឆាំង​ផង។

លោក​ថា កម្ពុជា​ចង់​មាន​ការ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ដោយ​ស្មើ​ភាព​គ្នា បើ​ទោះបី​ជា​លោក​ហ៊ុន សែន ប្រើ​សម្ដី​ធ្ងន់​បន្តិច​ក៏ដោយ។ លោក​ថា សារ​មួយ​ទៀត​គឺជា​ការ​ព្រមាន​ដល់​បក្ស​ប្រឆាំង​ថា ប្រសិន​បើ​នៅ​តែ​បន្ត​រក​សម្ពាធ​អន្តរជាតិ​នោះ​លទ្ធផល​បាន​ត្រឹម​តែ​រំលាយ​បក្ស​ប្រឆាំង​ខ្លួន​ឯង​ប៉ុណ្ណោះ។

លោក​ថា៖ «នេះ​ជា​សារ​ដ៏​ច្បាស់​លាស់​មួយ ក្នុង​នាម​ប្រទេស​មាន​អធិប​តេយ្យ ទាំង​ចំពោះ​បក្ស​ប្រឆាំង ទាំង​ចំពោះ​សហគមន៍​អន្តរជាតិ ជាពិសេស សហភាព​អឺរ៉ុប ឲ្យ​មាន​នយោបាយ​សម​ស្រប​ណាមួយ។ ថ្វីបើ​លោក​និយាយ​ខ្លាំង​បន្តិច​ប៉ុន្តែ​ខ្លាំង​បង្ហាញ​សាច់​ដុំ ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​ក្នុង​ការ​ចរចា។ នេះ​ជា​ទម្លាប់​នៃ​នយោបាយ​របស់​គាត់»៕