ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា លោក​បាន​សម្រេច​ដោយ​មិន​ស្ទាក់ស្ទើរ​ចំពោះ​ការអនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​ Westerdam ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ គឺ​ដោយសារ​ចង់​ធ្វើអំពើ​មនុស្សធម៌​តែប៉ុណ្ណោះ និង​មិន​បានគិត​ចង់​កេងចំណេញ​នយោបាយ​នៅក្នុង​ប្រទេស​និង ក្រៅប្រទេស​ឡើយ​។

លោក ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ពិធី​បិទសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០២០ របស់​ក្រសួង​មហាផ្ទៃ​កាលពី​ល្ងាចម្សិលមិញ​ថា វា​នឹង​ក្លាយ​ជា​វិបត្តិ​មនុស្សធម៌​ប្រសិនបើ​នាវា Westerdam ដែល​ដឹក​មនុស្ស​ចំនួន ២ ២៥៧ នាក់ មិន​ត្រូវ​បានអនុញ្ញាត​ឱ្យ​ចូលចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ខណៈ​នាវា​នេះ​ត្រូវ​បាន​បដិសេធ​ចូល​ចត​ដោយ​ប្រទេស​ជាច្រើន​។

លោក​បន្តថា​៖ «​ប្រសិន​កម្ពុជា​មិន​ធ្វើ​វា​នឹង​ក្លាយ​ជា​វិបត្តិ​មនុស្សធម៌​។ ព្រោះ​ទៅ​កន្លែង​ណា​ក៏​អត់​មាន​មនុស្សធម៌ អ៊ីចឹង​! បើ​កម្ពុជា​មិន​ទទួល វា​នឹង​ក្លាយ​ជា​វិបត្តិ​មនុស្សធម៌​មែន​ទេ​? ​ហើយ​ពេលនេះ​ដាក់​សំណួរ​មួយ​ថា ប្រសិន​បើ​កម្ពុជា​មិន​ឲ្យ​ចូល​តើ​ពេល​នេះ​នាវា​នេះ​កំពុង​នៅទីណា​ក្នុង​ពេល​នាវា​នេះ អស់​ទាំង​ស្បៀង​អស់ទាំង​ប្រេង​ទៅ​ហើយ​នោះ ហើយ​យ៉ាង​ហោចណាស់ ក៏​អស់​ទឹកសាប​ប្រើប្រាស់​ដែរ ឬ​គេ​អាច​ចម្រាញ់​ទឹកសមុទ្រ​ធ្វើ​ទឹកសាប​ប្រើប្រាស់ ក៏​មិនដឹង​ដែរ​ទេ​»​។

លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​ពុំ​មាន​អ្នកដំណើរ​ណា​ម្នាក់ បាន​រកឃើញ​ថា​បាន​ឆ្លង​វីរុស Covid-19 នៅលើ​ទឹកដី​កម្ពុជា​នោះទេ ក្រៅពី​តែ​ប្រទេស​ម៉ាឡេស៊ី ដែល​អះអាង​ថា មាន​ស្ដ្រី​ជនជាតិ​អាមេរិកកាំង​ម្នាក់​ដែល​ធ្វើដំណើរ​ដល់​ប្រទេស​នេះ​បាន​ឆ្លង​វីរុស Covid-19​។ លោក ហ៊ុន សែន ​នៅតែ​បង្ហាញ​ពី​ការសង្ស័យ​ដែល​ម៉ាឡេស៊ី​អះអាង​ថា ស្ដ្រី​ម្នាក់នេះ​បាន​ឆ្លង​វីរុស ខណៈ​លោក​ក៏​បាន​បដិសេធថា កម្ពុជា និង​ម៉ាឡេស៊ី​មិន​មាន​ជម្លោះ​ជុំវិញ​បញ្ហា​នេះ​ទេ​។

លោក​ថា​៖ «​សម្រាប់​ករណី​ម្នាក់​នៅ​ម៉ាឡេស៊ី នោះ​គឺជា​រឿង​ផ្សេង​មួយទៀត​។ ខ្ញុំ​គិតថា ប្រហែល​មាន​តែ​អ្នកជំងឺ​នោះ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​គេ​ព្យាបាល​គាត់​ជា​ហើយ និង​ឱ្យ​គាត់​ត្រឡប់​ទៅ​ប្រទេស​គាត់​វិញ​។ គាត់​នឹង​និយាយ​នូវ​អ្វីដែល​គាត់​ចង់​និយាយ​។ តើ​គាត់​ឆ្លង​ពិត​ ឬ​មិន​ពិត ប្រហែល​ជា​នៅលើ​គាត់​និយាយ​ហើយ​។ ឥឡូវនេះ​ព្រោះ​ខាងយើង​គឺ​យើង​រក​អត់​ឃើញ​។ អ៊ីចឹង​!​ជំងឺ​នេះ តើ​ឆ្លង​ពី​យើង​ទៅ ឬ​ឆ្លង​នៅ​ម៉ាឡេស៊ី​បាន​ទើបនឹង​កើត​ (​ជំងឺ​)»​។

លោក​បន្ថែមថា​៖ «​គេ​ថា​ជម្លោះ​ការទូត​តូច​មួយ​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​លើ​បញ្ហា​ទាក់ទង​ជាមួយ​នឹង​ស្ដ្រី​ជនជាតិ​អាមេរិកាំង​ម្នាក់​អាយុ​ ៨៣ ​ឆ្នាំ​។ នេះ​មិនមែន​ជា​ជម្លោះ​ទេ សូម​បញ្ជាក់​គ្រាន់​តែ​កម្ពុជា​សុំ​ការពន្យល់​តែប៉ុណ្ណោះ ព្រោះ​កម្ពុជា​រក​អត់​ឃើញ​ទៅ​ដល់​ណោះ​បាន​រកឃើញ រឿងនេះ​វា​កើត​នៅ​កន្លែង​ណា​? ព្រោះ​ជា​រឿង​គួរឱ្យ​ឆ្ងល់ ប្រពន្ធ​កើត តែ​ប្ដី​អត់​កើត និង​រាប់ពាន់​នាក់​អត់​កើត​។ សូមបញ្ជាក់​ត្រឡប់​ទៅវិញ​គ្មាន​ជម្លោះ​ណាមួយ​រវាង​កម្ពុជា​ និង​ម៉ាឡេស៊ី​ទេ​»​។

ជាមួយ​គ្នា​នេះ​លោក ហ៊ុន សែន បាន​អរគុណ​ទៅដល់​ព្រះរាជាណាចក្រ​ថៃ​ដែល​បាន​អះអាង​ថា គ្មាន​អ្នកដំណើរ​ណាមួយ​បាន​រកឃើញ​ឆ្លង​វីរុស​កូរ៉ូណា នៅពេល​អ្នកដំណើរ​មក​ពី​នាវា Westerdam ទាំងនេះ​បាន​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ដល់​ទីក្រុង​បាងកក ដើម្បី​ត​ជើងហោះហើរ ទៅកាន់​ប្រទេស​ផ្សេងទៀត​។ លោក​ក៏​អរគុណ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី​ដែល​បាន​អះអាង​ថា នាវិក​និង​អ្នកដំណើរ​នៅលើ​កប៉ាល់ Westerdam ដែល​ជា​ជនជាតិ​ឥណ្ឌូនេស៊ី​ចំនួន​ ៣៦២ ​នាក់​ពុំ​មាន​អ្នកណា​មាន​វីរុស​នេះ​រួមទាំង​ការអរគុណ​ប្រទេស​ជប៉ុន​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ជនជាតិ​ជប៉ុន​ដែល​ធ្វើដំណើរ​ពី​នាវា​នេះ​ទៅ​ជប៉ុន ក៏​ពុំ​មាន​ឆ្លង​វីរុស​នេះដែរ​។

លោក​ តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​លើកឡើង​ថា មកដល់​ពេល​នេះ​អ្នក​ទេសចរ​លើ​នាវា Wes-terdam ដែល​សេសសល់​ស្នាក់នៅ​កម្ពុជា ដើម្បី​រង់ចាំ​ហោះហើរ​ទៅ​កាន់​ប្រទេស​ពួកគេ​វិញ​គឺ​នៅសល់​ប្រហែល ២០ ​ទៅ​ ៣០ ​នាក់​ ខណៈ​ក្រុម​នាវិក​ជាង ៨០០ ​នាក់​នឹង​ត្រឡប់​ទៅកាន់​នាវា​ដែល​កំពុង​ចត​ស្ថិត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ​។ លោក​ថា​៖ «​ក្រុម​នាវិក​គេ​ត្រឡប់​ទៅ​នាវា​វិញ ប៉ុន្តែ​មិនទាន់​ដឹងថា តើ​នាវា​ចាកចេញ​ពី​កម្ពុជា​នៅពេលណា​នោះទេ​»​។

កាលពី​ថ្ងៃទី​ ១៩ ខែកុម្ភៈ អង្គការ​សុខភាព​ពិភពលោក​បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ជុំវិញ​ការឆ្លើយតប​របស់​ប្រទេស​កម្ពុជា​ទៅ​នឹង​វីរុស​កូរ៉ូណា​ដោយ​បញ្ជាក់​ថា ការផ្ទុះ​ឡើង Covid-19 គឺ​កំពុង​បន្ត​វិវត្ត​ទៅមុខ និង​នៅតែ​ជា​ភាពអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​ដែល​ជា​ក្ដី​ព្រួយបារម្ភ​អន្តរជាតិ​ត្រូវ​បាន​ប្រកាស​តាំងពី​ថ្ងៃទី ៣០ ខែ​មករា​។ រដ្ឋ​ជា​សមាជិក​ទាំងអស់​រួមទាំង​កម្ពុជា ត្រូវ​បាន​ណែនាំ​យ៉ាងទទូច ដើម្បី​ត្រៀម​សម្រាប់​ការឆ្លើយតប​ដ៏ល្អ​មួយ​ចំពោះ​ការកើតឡើង​ករណី​បន្ថែមទៀត និង​ការឆ្លងរាលដាល​ដែល​អាច​កើតឡើង​»​។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​លើកឡើង​ថា វិធានការ​ទាំងអស់​ដែល​កម្ពុជា​កំពុង​អនុវត្ត​ដូចជា​ការដាក់​ម៉ាស៊ីន​ស្គែន​កម្ដៅ​អ្នកដំណើរ​នៅតាម​បណ្ដា​ច្រកចេញចូល​អន្តរជាតិ​ទាំងអស់​រួមមាន​នៅតាម​ព្រលាន​យន្តហោះ​ទាំង​ ៣ ស្ថិតក្នុង​ទីក្រុង​ភ្នំពេញ ក្រុងព្រះសីហនុ និង​ខេត្តសៀមរាប និង​ស្ថិតនៅ​តាម​បណ្ដា​ច្រកទ្វារព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម​។

លោកស្រី​បន្តថា ការត្រៀម​ឆ្លើយតប​ចំពោះ​ករណី​ចាំបាច់ គឺ​ក្រសួង​បាន​ណែនាំ​ឱ្យ​មន្ទីរ​សុខាភិបាល​គ្រប់​រាជធានី​ខេត្ត​រៀបចំ​នៅតាម​មន្ទីរពេទ្យ​មាន​បន្ទប់​អ្នកជំងឺ​ដាច់ដោយ​ឡែក ការបំពាក់​សម្ភារ​បរិក្ខារ និង​ឱសថ​ចាំបាច់​នៅតាម​មន្ទីរពេទ្យ ការដាក់​ពង្រាយ​មន្ត្រី​សម្រាប់​ឆ្លើយតប​បន្ទាន់​ជាង​ ២ ​ពាន់​នាក់​ នៅ​គ្រប់​រាជធានី-ខេត្ត ការផ្សព្វផ្សាយ​នូវ​វិធានការ​ការពារ​ខ្លួន​ចាំបាច់​ទៅដល់​ប្រជាពលរដ្ឋ និង​ការប្រកាស​នូវ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​ ១១៥ ​ជាដើម​។

លោកស្រី​ថា​៖ «​យើង​បានរៀបចំ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ផ្ទាល់​។ យើង​ក៏មាន​អង្គការ​សុខភាព​ពិភពលោក យើង​មាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង សហរដ្ឋ​អាមេរិក​ហៅថា​ (UA CDC) មាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​មាន​ដៃគូ​ផ្សេងទៀត ដើម្បី​ចូលរួម​ចំណែក​ជួយ​ក្រសួងសុខាភិបាល ដើម្បី​ត្រៀមលក្ខណៈ​ក្នុង​ការឆ្លើយតប​។ យើង​មិន​បាន​នៅ​ស្ងៀម​នោះទេ​...»​។

កាលពី​ថ្ងៃ​ម្សិលមិញ​លោក ហ៊ុន សែន ក៏បាន​ប្រតិកម្ម​ចំពោះ​អ្នក​ដែល​លើកឡើងថា លោក​ចេះ​ប្រើ​ឱកាស​នៃ​ការផ្ទុះឡើង​កូរ៉ូណា​វីរុស​ដ៏ឆ្លាតវៃ​ក្នុង​នយោបាយ​ក្នុង​ស្រុក និង​នយោបាយ​ការបរទេស ខណៈ​លោក​បញ្ជាក់​ថា អ្វីដែល​លោក​បាន​ធ្វើ​គឺ​ចេញពី​មនុស្សធម៌​សុទ្ធសាធ​។ លោក​ក៏បាន​ព្រមាន​អ្នកមួយ​ចំនួន​ដែល​បំផុស​ពលរដ្ឋ​ឱ្យ​មាន​ការភ័យខ្លាច​ជុំវិញ​វីរុស Covid-19 ផងដែរ​។

លោក​ថា​៖ «​អ្នកឯង​ប្រយ័ត្ន​គុក​! គេ​និយាយថា យើង​បិទបាំង គេ​ថា​ស្លាប់​ច្រើនណាស់ ប៉ុន្តែ​យើង​បិទបាំង​។ ឥឡូវ​សូម​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​រូបណា​ដែល​គេ​សុខចិត្ត​ជាមួយ​យើង នៅពេល​គេ​ស្លាប់​កូន ស្លាប់​ប្ដី ឬ​ស្លាប់​ប្រពន្ធ ឬ​ម្ដាយ ដោយសារ​ជំងឺ​នេះ​បែរ​ជា​យើង​លាក់បាំង​ជាមួយ​គេ​កើត​។ មើល៍​ឆ្លើយ​មក​! អ្នក​ទូទាំង​ប្រទេស​នេះ តើ​រដ្ឋាភិបាល​មាន​សិទ្ធិ​បិទបាំង​រឿងនេះ​ទេ ហើយ​រដ្ឋាភិបាល​មាន​ការចាំបាច់​បិទបាំង​ទេ ខណៈ​រដ្ឋាភិបាល​បាន​ត្រៀម​គ្រប់​មន្ទីរពេទ្យ​»៕