ហុងគ្រីៈ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ស្ដីពី​ទឹក​នៅក្នុង​ទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ ហុងគ្រី កាលពី​ថ្ងៃទី​ ១៥ តុលា បាន​ឲ្យ​ដឹងថា បញ្ហា​សន្តិសុខ​ទឹក​បាននិង​កំពុង​គំរាមកំហែង ព្រោះ​កង្វះ​យន្តការ​គោលនយោបាយ​ក្នុង​ការគ្រប់គ្រង​ប្រភព​ធនធាន​ទឹក និង​កាកសំណល់​គីមី​បញ្ចេញ​ពី​រោងចក្រ​ឧស្សាហកម្ម និន្នាការ​នៃ​ការឡើង​កម្តៅ​ភព​ផែនដី និង​កំណើន​ប្រជាជន​។

យោងតាម​សុន្ទរកថា​គន្លឹះ​របស់​លោក ហ៊ុន សែន បាន​ថ្លែង​ទៅកាន់​កិច្ចប្រជុំ​កំពូល​ស្ដីពី​ទឹក និង​ត្រូវបាន​ចែកចាយ​តាម​បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹងថា​៖ «​គួបផ្សំ​នឹង​បច្ច័យ​កាន់តែ​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ការកាប់​បំផ្លាញ​ព្រៃឈើ ការ​គ្រប់គ្រង​ធនធានទឹក និង​ការវិនិយោគ​សាធារណៈ​មិន​គ្រប់គ្រាន់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ទឹក មិន​ត្រឹមតែ​បង្ក​ឱ្យ​មាន​ការខាតបង់​ធនធាន​ទឹក​ធម្មជាតិ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ធ្វើឱ្យ​តំបន់​ខ្លះ ប្រែ​ជា​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​តំបន់​ខ្លះទៀត​ប្រឈម​នឹង​គ្រោះ​រាំងស្ងួត​ទៀតផង​»​។

កិច្ចប្រជុំ​កំពូល​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី កាលពី​ព្រឹក​ថ្ងៃទី​ ១៥ ខែ​ តុលា ឆ្នាំ​ ២០១៩ ដោយមាន​ការចូលរួម​ពី​លោក ជេណូស អាឌឺ (Janos ADER) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ហុងគ្រី​។ លោក Liqun Jin ប្រធាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​លោក Shri Gajendra Singh Shekhawat រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌា ព្រមទាំង​វត្តមាន​គណ:ប្រតិភូ​ជាន់ខ្ពស់​មកពី​បណ្តា​ប្រទេស​នានា​លើ​សកលលោក​ជាច្រើន​រូប​។

លោក ហ៊ុន សែន ថ្លែង​ថា​ក្នុង​បរិបទ​ពិភពលោក​បច្ចុប្បន្ន និង​និន្នាការ​នៃ​ការកើនឡើង​កម្ដៅ​ភពផែនដី ការប្រែប្រួល អាកាសធាតុ និង​ការកើនឡើង​ចំនួន​ប្រជាជន​ការរីកដុះដាល​នៃ​ទីក្រុង​ការរីកចម្រើន​វិស័យ​​ឧស្សាហកម្ម និង​ការកើនឡើង​នូវ​តម្រូវការ​ទឹក ការថយចុះ​គុណភាព​ទឹក និង​បរិមាណ​ទឹក ការកើនឡើង​ជម្លោះ​បញ្ហា​ស្តីពី​ការប្រើប្រាស់​ទឹក​ឆ្លងដែន ការទទួល​បាន​ទឹកស្អាត​ប្រើប្រាស់ និង​ការយល់ដឹង​នៅ​មាន​កម្រិត និង​វិនិយោគ​សាធារណៈ​នៅ​ក្នុង​វិស័យ​ធនធាន​ទឹក​បាន​ធ្វើឲ្យ​បញ្ហា​ទឹក​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ដែល​អាច​ឈាន​ទៅ​ដល់​វិបតិ្ត​ទឹក​ក្នុង​ពេល​អនាគត​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​យើង​គប្បី​ត្រូវមាន​យន្តការ​​អនុវត្ត និង​អភិក្រម​រួមគ្នា​ចំពោះ​ការគ្រប់គ្រង​ធនធានទឹក តាមរយៈ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​បញ្ហា​សន្តិសុខ​ទឹក​នានា​ទាំង​កម្រិត​តំបន់ និង​សកល​ដើម្បី​រួម​គ្នា​ទប់ស្កាត់​នូវ​​វិបត្តិ​ទឹក​ដែល​អាច​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​បរិស្ថាន​ជារួម​»​។

លោក ហ៊ុន សែន និង​លោក ជេណូស អាឌឺ ប្រធានាធិបតី​ហុងគ្រី​។ រួប​ថត SPM

លោក​នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅក្នុង​តំបន់​អាស៊ាន​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​មាន​កំណើន និង​ការវិវឌ្ឍ​ប្រែប្រួល​ឆាប់រហ័ស ពិសេស​ការរីក​លូតលាស់​ឥតឈប់ឈរ​នៃ​ឧស្សាហូបនីយកម្ម កំណើន​ប្រជាជន​ចំណាកស្រុក​មក​រស់នៅ​ទីក្រុង និង​នគរូបនីយកម្ម​ទីក្រុង​សម្ពាធ​តម្រូវការ​ទឹក​ប្រើប្រាស់​ទាំង​សម្រាប់​ប្រជាពលរដ្ឋ និង​សម្រាប់​បម្រើ​ដល់​សកម្មភាព​ឧស្សាហកម្ម​ផ្សេងៗ​បាន​ក្លាយ​ជា​បញ្ហា​សាធារណៈ​ធំ​មួយ​ដែល​ទាមទារ​នូវ​ការដោះស្រាយ​រួមគ្នា​ក្នុង​កម្រិត​តំបន់​ព្រោះ​ទឹកជា​បញ្ហា​គ្មាន​ព្រំដែន​នោះ​ទេ ដែល​ប្រទេស​នីមួយៗ​ត្រូវ​ចូលរួម​ដោយ​គ្មាន​លក្ខខណ្ឌ​ប្រកប​ដោយ​ឆន្ទៈ​ខ្ពស់​។

នៅក្នុង​កិច្ចប្រជុំ​នោះដែរ​លោក ហ៊ុន សែន ក៏​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ទៅ​ថ្ងៃ​ខាងមុខ​ដូចជា​បន្ត​ផ្តួចផ្តើម​បង្កើត​និម្មាបនកម្ម​នយោបាយ​សកលលោក​ថ្មី​មួយ​សម្រាប់​គ្រប់គ្រង​ធនធានទឹក​ដើម្បី​កៀរគរ​ការគាំទ្រ​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​បញ្ចុះ​ស្មារតី សន្សំសំចៃ​ទឹក ក៏ដូចជា​ចៀសវាង​សកម្មភាព​បំពុល​ប្រភពទឹក និង​កសាង​អភិបាលកិច្ច​ស្ថាប័ន និង​គោលនយោបាយ​ទឹក​មួយ​ដែល​រឹងមាំ​ស្រុះស្រួល​គ្នា និង​មាន​​តម្លាភាព​។

លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​​អំពាវនាវ​ផងដែរ​ក្នុង​ការពង្រឹង​កិច្ចសម្របសម្រួល​កិច្ចសហប្រតិបត្តិការ និង​គណនេយ្យភាព​ស្តីពី​ទឹក​ក្រោម​ក្របខ័ណ្ឌ​សកលលោក​ពោល​គឺ​អង្គការ​សហប្រជាជាតិ​ដែល​ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការដោះស្រាយ​បញ្ហា​សកល និង​ក្នុង​ការអនុវត្ត​របៀបវារៈ​សកល​ឆ្នាំ​ ២០៣០​។

ពង្រឹង​កិច្ចសម្របសម្រួល និង​កិច្ចសហប្រតិបត្តិការ​ទាំង​កម្រិត​បច្ចេកទេស និង​គោល​នយោបាយ​ស្តីពី​ទឹក ថាមពល ការប្រែប្រួល​អាកាសធាតុ ស្បៀង សុខភាព និង​ការអភិរក្ស​ជីវចម្រុះ​សំដៅ​លើកកម្ពស់ និង​ពង្រឹង​អភិបាលកិច្ច​សម្រាប់​​ធនធាន​ទឹក និង​ការគ្រប់គ្រង​ធនធាន​ទឹក​រួមគ្នា​តាមរយៈ​កិច្ចសម្របសម្រួល​អន្តរវិស័យ​រវាង​ក្រសួង និង​ស្ថាប័នរដ្ឋ​គ្រប់​ជាន់ថ្នាក់ ព្រម​ទាំង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​រួមទាំង​អ្នកប្រើប្រាស់​ទឹក​ផងដែរ​។

-​បង្កើន​ការប្តេជ្ញាចិត្ត​ក្នុង​កម្រិត​ថ្នាក់ជាតិ​ដើម្បី​លុបបំបាត់​ទី​បំពុល​ប្រភពទឹក ដោយ​បង្កើន​សមត្ថភាព​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់ សមត្ថភាព​ស្តុក​ទុក​ទឹក​ដែល​ត្រូវ​បាន​បំពុល និង​ពង្រឹង​យន្តការ​ទប់ស្កាត់​ប្រភព​នៃ​ការបំពុល​ទឹក​គ្រប់​ទម្រង់ ។

-​បង្កើត​ភាព​ប្រទាក់​ក្រឡា​គ្នា​រវាង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​ទឹក​តាមរយៈ​ការពង្រឹង​ការរៀបចំ​យន្តការ​ស្ថាប័ន ការរឹតបន្ដឹង​ក្របខ័ណ្ឌ​គតិយុត្ត និង​ច្បាប់​។

-​លើកទឹកចិត្ត​ដល់​ការបង្កើត​វិធីសាស្ត្រ​ថ្មី ដោយ​មាន​ការវាយតម្លៃ​ពី​ការបែងចែក​ផលប្រយោជន៍​ពី​ទឹក និង​ការទទួល​ខុសត្រូវ​លើ​ការថែទាំ​ប្រភពទឹក​ក៏​ដូចជា​ការរៀបចំ​ផែនការ និង​ប្រតិបត្តិ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​ឆ្លងដែន​សំដៅ​ទប់ស្កាត់​ជម្លោះ​ជាយថាហេតុ និង ធានា​និរន្តរភាព​នៃ​ការប្រើប្រាស់​ប្រភព​ទឹក​រួម​គ្នា​។

លោក ចាន់ យុត្ថា ​រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ថ្លែង​ថា ពិភពលោក​បាន និង​កំពុង​ប្រឈមមុខ​បញ្ហា​សន្តិសុខ​ទឹក​ដែល​ទាមទារ​ឲ្យ​ពិភពលោក​ធ្វើការ​យកចិត្ត​ទុកដាក់​ក្នុង​ការគ្រប់គ្រង់​ឲ្យ​បាន​ហ្មត់ចត់ និង​​បែងចែក​គ្នា​ដោយ​សមធម៌ ដើម្បី​ទប់ស្កាត់​វិបត្តិ​ធនធាន​ទឹក​នាពេល​ខាង​មុខ​។

លោក យុត្ថា បាន​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​បញ្ហា​សន្តិសុខ​ទឹកជា​បញ្ហា​ប្រឈម​មួយ​ហើយ​ដែល​បាន​បង្ក​ឲ្យ​មាន​ការព្រួយបារម្ភ​ខ្លាំង​នៅ​ទូទាំង​ពិភពលោក ហើយ​ប្រសិន​មិន​មាន​ការគ្រប់គ្រង​ឲ្យ​បាន​ហ្មត់ចត់ និង​បែងចែក​គ្នា​ដោយ​សមធម៌​ទេ វា​អាច​បណ្តាល​ឲ្យ​កើតមាន​វិបត្តិ​អាច​នឹង​កើតមានឡើង ហើយ​ពិភពលោក កំពុង​រក​វិធី​សព្វ​គ្រប់បែប​ដើម្បី​ធ្វើយ៉ាងណា​ប្រមូល​គ្រប់គ្រង​ហើយ​ប្រើប្រាស់​ដោយ​សមធម៌​»​។

លោក ហ៊ុន សែន កាលពី​ថ្ងៃ​អាទិត្យ​បាន​ចាកចេញ​ពី​ប្រទេស​ កម្ពុជា ​ឆ្ពោះ​ទៅ​កាន់​ទ្វីបអឺរ៉ុប​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ចំនួន​ ៣ ចាប់ពី​ថ្ងៃទី​ ១៣-១៧ តុលា ឆ្នាំ​ ២០១៩ ដើម្បី​ជួប​​ពិភាក្សា​ថ្នាក់ដឹកនាំ​នានា​ពី​បញ្ហា​មួយចំនួន ក្នុង​នោះ​ក៏មាន​បញ្ហា​តំបន់ និង​អន្តរជាតិ និង​មាន​​ការចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​រួមគ្នា​មួយ​ចំនួន​​ផង​ដែរ​៕