ថៃៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសេរ​ក្នុង​ហ្វេសប៊ុក​កាលពី​ថ្ងៃ​អង្គារ​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ៣៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ប្រទេស​ថៃ​រយៈពេល​ ៣ ​ថ្ងៃ​កន្លងមកនេះ​ទទួលបាន​លទ្ធផល​ល្អ​ជា​ទីមោទនៈ​បំផុត​។

លោក​ ហ៊ុន សែន បាន​សរសេរ​ថា​៖ «​កិច្ចប្រជុំ​នេះ​បានផ្តល់​ឱកាស​ឱ្យ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​បាន​ពិភាក្សា​ដោះស្រាយ​បញ្ហា​សំខាន់ៗ​រួមគ្នា ដើម្បី​រក​ផលប្រយោជន៍​រួម​សម្រាប់​សហគមន៍​អាស៊ាន​ទាំងមូល និង​សម្រាប់​ពិភពលោក ជាពិសេស​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដៃគូ​អាស៊ាន​ជាច្រើន​ដូចជា ចិន ឥណ្ឌា រុស្ស៊ី​ អាមេរិក កូរ៉េ ជប៉ុន ដើម្បី​ជំរុញ​ការអភិវឌ្ឍ ស្ថិរភាព សន្តិភាព និង​វិបុលភាព​ប្រកប​ដោយ​ចីរភាព​»​។

សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​ ៣៦ គឺ​នឹងធ្វើ​នៅ​ប្រទេស​វៀតណាម​វិញ​ម្តង​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​។

ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ជប៉ុន លើក​ទី ​២២ ​កាលពី​ថ្ងៃ​ចន្ទ លោក ហ៊ុន សែន ថ្លែង​ថា​កម្ពុជា​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ជប៉ុន​ក្នុង​ការបង្កើត​ឲ្យ​មាន​កិច្ចសន្ទនា​អាស៊ាន-ជប៉ុន ស្តីពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ដើម្បី​ឲ្យ​អាស៊ាន​ចាប់ផ្តើម​គិតគូរ​បាន​គ្រប់​ជ្រុងជ្រោយ និង​មាន​លទ្ធភាព​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ឈោង​ចាប់​យក​សក្តានុពល​នៃ​ការអភិវឌ្ឍ និង​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ដែល​អាច​កើតចេញ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤​។ នេះ​បើតាម​ហ្វេសប៊ុក​លោក ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ​។

លោក ហ៊ុន សែន ថ្លែង​ថា​កម្ពុជា​សូម​លើក​ទឹកចិត្ត​ជប៉ុន​ឲ្យ​បន្ត​ផ្តល់ជំនួយ​ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដល់​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​ដែល​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​បង្កើន​សមត្ថភាព​ការងារ​របស់​មជ្ឈមណ្ឌល​។

យោងតាម​ហ្វេសប៊ុក​ដដែល​នេះ​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន លើក​ទី​ ១១ កាលពី​ថ្ងៃ​ចន្ទ​លោក ហ៊ុន សែន បាន​បាន​ថ្លែង​ឲ្យ​ដឹងថា ខណ:​ដែល​ពិភពលោក​កំពុង​ឆ្លងកាត់​ភាព​មិន​ច្បាស់លាស់ អាស៊ាន​ត្រូវ​រួមគ្នា​ពង្រឹង​ពហុភាគី​និយម​បន្ថែម​ទៀត​ដែល​ជា​ធាតុ​ផ្សំ​ដ៏សំខាន់​សម្រាប់​សន្តិភាព សន្តិសុខ និង​វិបុលភាព​ក្នុង​តំបន់​។

លោក​ ហ៊ុន សែន បាន​ឲ្យ​ដឹងថា​៖ «​ក្នុង​ស្មារតី​នេះ​កម្ពុជា​សូម​ស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ជប៉ុន​ក្រោម​យុទ្ធសាស្ត្រ​សេរី និង​បើកទូលាយ​ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បី​ធានា​សន្តិភាព ស្ថិរភាព វិបុលភាព និង​ការតភ្ជាប់​សម្រាប់​តំបន់​»​។

ចំណែក​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​ ៣ ជាមួយ​ប្រទេស ​ចិន ជប៉ុន កូរ៉េខាងត្បូង​ កាលពី​ថ្ងៃ​អាទិត្យ​លោក ហ៊ុន សែន បាន​ស្នើ​ដល់​មេដឹកនាំ​អាស៊ាន និង​ប្រទេស​អាស៊ាន​បូក​ ៣ ​ឱ្យ​បង្កើន​ការយកចិត្ត​ទុកដាក់​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​កិច្ចការពារបរិស្ថាន និង​ធនធាន​ធម្មជាតិ ដោយ​ចែករំលែក​បទពិសោធ ជំនាញ ចំណេះដឹង និង​ការជួយ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ដល់​ប្រទេស​សមាជិក​អាស៊ាន​ដែល​កំពុង​ត្រូវការ​នូវ​ការពង្រឹង​សមត្ថភាព​លើ​វិស័យ​នេះ​។

ពាក់ព័ន្ធ​បញ្ហា​នេះ សេចក្តី​ថ្លែងការណ៍​របស់​ប្រធាន​កិច្ចប្រជុំ​អាស៊ាន-ចិន លើក​ទី ២២ លោក ប្រាយុធ ចាន-អូចា នាយករដ្ឋមន្ត្រី​ថៃ​កាលពី​ថ្ងៃ​អាទិត្យ​បាន​បញ្ជាក់ថា អាស៊ាន​ទន្ទឹង​រង់ចាំ​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ ការគ្រប់គ្រង​គ្រោះ​មហន្តរាយ ការការពារ​បរិស្ថាន និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ដើម្បី​ពង្រឹង​ភាព​ធន់​នៃ​តំបន់​។

សេចក្តី​ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​យើង​កោតសរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ចិន​ក្នុង​ការគាំទ្រ​អាស៊ាន​ក្នុង​ការកសាង​សមត្ថភាព​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​រដ្ឋ​សមាជិក​អាស៊ាន និង​មជ្ឈមណ្ឌល​សម្រប​សម្រួល​អាស៊ាន​សម្រាប់​ជំនួយ​មនុស្សធម៌​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ​តាមរយៈ ការរៀបចំ​គម្រោង​ស្តីពី​កិច្ចសហប្រតិបត្តិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​»​។

លោក ស ម៉ូរី អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ដែល​តែងតែ​ចូលរួម​ចុះ​ល្បាត​ព្រៃ​ដើម្បី​ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការ​ស្នើឡើង​របស់​លោក ហ៊ុន សែន នេះ​គឺជា​រឿង​ល្អ ដើម្បី​ឱ្យ​ប្រទេស​ទាំងនេះ​ជួយ​គិតគូរ​ផ្នែក​បរិស្ថាន ពីព្រោះ​ប្រទេស​អាស៊ាន​បូក​ ៣ ​ទាំងនោះ​មាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​នៅក្នុង​ប្រទេស​ កម្ពុជា​ ក៏ដូចជា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​។

លោក ស ម៉ូរី ថ្លែង​ថា​៖ «​ដើម្បី​ធ្វើឱ្យ​មាន​ភាពប្រសើរ​ឡើង​នូវ​រឿង​ហ្នឹង ប្រទេស​អាស៊ាន​បូក​ ៣ ​ទាំងអស់​នោះ​ត្រូវ​ប្តេជ្ញាចិត្ត​អនុវត្ត​គោលនយោបាយ​ផ្នែក​បរិស្ថាន ហើយ​និង​កិច្ច​គាំពារ​សង្គម​របស់​ខ្លួនឯង ហើយ​រដ្ឋាភិបាល​ក្នុង​ប្រទេស​នេះ​គឺ​ប្រទេស​កម្ពុជា​នឹង​តាមដាន​ត្រួតពិនិត្យ​សំខាន់​មែនទែន ជាពិសេស​គឺ​ធ្វើ​អធិការកិច្ច​ឱ្យ​បាន​ច្បាស់លាស់​ក្នុង​ការតាមដាន​ដំណើរការ​បញ្ចប់​គម្រោង​អភិវឌ្ឍន៍​»​។

លោក​បន្ត​ថា​ កន្លងមក​ឃើញ​ថា នៅក្នុង​ប្រទេស​ កម្ពុជា ក្រុមហ៊ុន​មួយចំនួន​មិនមាន​ផែនការ​គ្រប់គ្រង​ផលប៉ះពាល់​បរិស្ថាន​ឱ្យបាន​ច្បាស់លាស់​នោះទេ​។ នៅពេល​ចប់​គម្រោង​អភិវឌ្ឍន៍ ក្រុមហ៊ុន​ទាំងនោះ​ក៏​មិនឃើញ​មាន​ការស្តារ​បរិស្ថាន​ឡើងវិញ​ឱ្យ​បាន​ត្រឹមត្រូវ​នោះទេ​៕