ភ្នំពេញៈ លោក ហ៊ុយ វណ្ណៈ ត្រូវ​បាន​អង្គសមាជ​បោះឆ្នោត​ដោយ​ឯកច្ឆន្ច​កាលពី​ថ្ងៃ​សៅរ៍​កន្លងមក​នេះ​ឲ្យ​ធ្វើជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នកកាសែត​កម្ពុជា (​ស.ស.ស.ក​) ​សម្រាប់​អាណត្តិ​ទី​ ២ ​ដែល​មាន​រយៈពេល​ ៣ ​ឆ្នាំ​ពី​ឆ្នាំ​ ២០១៩-២០២២ ដើម្បី​បន្ត​ជំរុញ​ការលើកកម្ពស់​វិស័យ​សារព័ត៌មាន​ក្នុង​ការផ្សព្វផ្សាយ​ដោយ​មាន​ក្រម​សីលធម៌​ក្នុង​បុព្វហេតុ​អភិវឌ្ឍន៍​គុណភាព​ព័ត៌មាន​នៅ​កម្ពុជា​។

លោក​ក៏​បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​សមាជ​ដោយ​បាន​អំពាវនាវ​ដល់​ប្រធាន​ក្លិប​អ្នកកាសែត និង​សមាគម​ដទៃទៀត​ចាប់ដៃគ្នា​សហការ​រួមគ្នា​ធ្វើ​សេចក្ដី​ថ្លែងការណ៍​រួម​ ឬ​ធ្វើ​របាយការណ៍​រួម​ដើម្បី​វាយតម្លៃ​អំពី​សេរីភាព​សារព័ត៌មាន និង​គុណភាព​សារព័ត៌​មាននៅ​កម្ពុជា​ដោយ​ខ្លួនឯង ដោយ​កុំ​ទុក​ឲ្យ​បរទេស​ធ្វើ​អាណានិគម​មក​លើ​ប្រជាជាតិ​តាមរយៈ​សមរភូមិ​សាធារណមតិ​។

លោក ហ៊ុយ វណ្ណៈ ថ្លែង​​នៅក្នុង​សន្និសីទ​កាសែត​ថា​៖ «​យើង​ទទួល​ស្គាល់​ថា អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​យើង​មួយ​ចំនួន​មាន​ការចេះដឹង​ច្រើន ប៉ុន្ដែ​បើ​និយាយ​ជា​ភាគរយ​គឺ​យើង​នៅ​មាន​គម្លាត​ធំ​ទៀត​ដែល​ត្រូវការ​អភិវឌ្ឍ​សមត្ថភាព​អ្នកសារព័ត៌មាន​លើ​ការយល់ដឹង​គ្រប់​វិស័យ ទាំង​ផ្នែក​អភិបាលកិច្ច សេដ្ឋកិច្ច បច្ចេកវិទ្យា ការវិភាគ និន្នាការ​ពិភពលោក និង​តំបន់​ជាដើម​»​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថ្លែង​ក្នុង​ការបិទ​សមាជ​លើក​ទី​ ២ ​របស់ ស.ស.ស.ក កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ដោយ​បាន​ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​កម្ពុជា​ត្រូវ​ប្រឹងប្រែង​បន្ថែម​ទៀត​ពង្រឹងសមត្ថភាព​លើ​ចំណុច​ខ្វះខាត​មួយ​ចំនួន​ខាង​ផ្នែក​ច្បាប់ ដូចជា​ច្បាប់​ស្ដីពី​សិទ្ធិ​ឯកជន​ច្បាប់​ស្ដីពី​ការលែងលះ​គ្នា ច្បាប់​ដីធ្លី ច្បាប់​ស្ដីពី​ការទទួល​មរតក បច្ចេកវិទ្យា និង​អ្នកសារព័ត៌មាន​វិភាគ​។

លោក កាញារីទ្ធ ថ្លែង​ថា​៖ «​ច្បាប់​ទាំងនេះ​អ្នកកាសែត​មួយ​ចំនួន​មាន​ការយល់ដឹង​តិច ខណៈ​ដែល​ច្បាប់​នេះ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការងារ​អ្នកសារព័ត៌មាន​ដែល​ត្រូវតែ​យល់ដឹង ព្រោះ​អ្នក​សារព័ត៌មាន​យើង​ខ្វះ​ចំណេះដឹង និង​ការយល់ដឹង​ផ្នែក​ច្បាប់​»​។

លោក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹង​ទៀតថា អ្នកសារព័ត៌មាន​កម្ពុជា​ក៏​នៅ​ខ្វះ​ការយល់ដឹង​ផ្នែក​បច្ចេកវិទ្យា​ដោយ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ចេះ​ប្រើ​ត្រឹម​កុំព្យូទ័រ និង​អ៊ីនធឺណិត​។

លោក កាញារីទ្ធ ថ្លែង​ថា​៖ «​បច្ចេកវិទ្យា​មិនមែន​នៅតែ​ត្រឹម​អ៊ីនធឺណិត​នេះ​ទេ គឺ​ត្រូវមាន​ការយល់ដឹង​ច្រើន​ជាង​នេះ ព្រោះ​ការផ្សាយ​ព័ត៌មាន​ទាមទារ​ការយល់ដឹង​ផ្នែក​បច្ចេកវិទ្យា​នេះ ហើយ​ត្រូវ​យល់ដឹង​មុន​ថែមទៀត​»​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា​៖ «​យើង​សង្ឃឹមថា យើង​នឹង​ប្រឹងប្រែង​រួមគ្នា ដើម្បី​ជួយ​ធ្វើ​យ៉ាងណា​ឲ្យ​វិស័យ​សារព័ត៌មាន​យើង​កាន់តែ​មាន​មុខមាត់​ថែមទៀត​។ ដើម្បី​លើក​កិត្ដិយស​​កម្ពុជា​ដំបូង​បំផុត​គឺ​ត្រូវ​លើក​កិត្ដិយស​អ្នកកាសែត​សិន​។ នៅពេល​អ្នកកាសែត​មាន​កិត្ដិយស​ថ្លៃថ្នូរ​អត្ថបទ​យើង​ថ្លៃថ្នូរ​នោះ​កម្ពុជា​នឹង​ថ្លៃថ្នូរ​ហើយ​»​។

លោក​រដ្ឋមន្ដ្រី​ក៏​បាន​អះអាង​ផងដែរ​ថា កម្ពុជា​មិនអាច​ចៀស​ផុតពី​អ្នកកាសែត​សរសេរ​រញ៉េរញ៉ៃ​នោះទេ ព្រោះ​អ្នក​កាសែត​កម្ពុជា​មិន​មាន​ការប្រឡង​មាន​វិជ្ជាជីវៈ​សេរី ប៉ុន្ដែ​បើសិន​ជា​អ្នកកាសែត​វិជ្ជាជីវៈ​មាន​ចំណេះដឹង​អាស្រ័យ​ដោយ​ការអប់រំ​របស់​សមាគម​ ឬ​ក្លិប​អ្នកកាសែត​នឹង​មាន​ភាពថ្លៃថ្នូរ ហើយ​សារព័ត៌មាន​ដែល​រញ៉េរញ៉ៃ​នឹង​ធ្លាក់ចុះ​ដោយ​ខ្លួនឯង​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា យ៉ាង​ណាស់​ក៏​មាន​សមាគម និង​ក្លិប​អ្នកកាសែត​ប្រមាណ​ ៣០ ​ស្ថាប័ន​មាន​សមាគម​ខ្លះ​ក៏​ដំណើរការ និង​សមាគម​ខ្លះ​មិន​ដំណើរការ​។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ស.ស.ស.ក ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១២ ខែ​តុលា ឆ្នាំ​ ២០១៩ ​បាន​ឲ្យ​ដឹងថា សសសក បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៦ ដោយមាន​អាណត្តិ​ ៣ ​ឆ្នាំ​។ ស.ស.ស.ក ទទួល​បាន​ការចូលរួម និង​គាំទ្រ​ហិរញ្ញវត្ថុ​ពី​សប្បុរសជន​ផ្នែក​វិស័យ​ឯកជន និង​គាំទ្រ​ដោយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជាច្រើនរូប​។

ស.ស.ស.ក បាន​សម្រេច​ដាក់​ចេញ​ផែនការ​សកម្មភាព​ដើម្បី​សម្រេច​គោលបំណង​ដ៏ពិសិដ្ឋ​របស់ខ្លួន​គឺ ពង្រឹង​គុណភាព​ព័ត៌មាន​នៅ​កម្ពុជា និង​ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ក្នុង​បុព្វហេតុ​ការពារ​ផលប្រយោជន៍ និង​កិត្តិយស​កម្ពុជា​ទាំង​នៅ​ឆាក​ជាតិ និង​អន្តរជាតិ​។ សសសក បាន​ដើរតួនាទី ដូចជា​​គាំពារ​សិទ្ធិ អប់រំ​បណ្ដុះបណ្ដាល​ធ្វើ​សកម្មភាព​មនុស្សធម៌​ដល់​​អ្នក​សារព័ត៌មាន​កម្ពុជា​៕