ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែង​កាលពី​ម្សិលមិញ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុសិស្ស-និស្សិត​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ថា រាជរដ្ឋាភិបាល​បាន​ចាត់ទុក​វិស័យ​អប់រំ​គឺជា​វិស័យ​អាទិភាព​ទី​ ១ ​និង​កំពុង​បន្ត​ខិតខំ​បន្ថែម​ទៀត​លើ​ការបណ្ដុះបណ្ដាល​គ្រូបង្រៀន​ដើម្បី​ឲ្យ​ផលិតភាព​ធនធាន​មនុស្ស​មាន​ភាពប្រសើរ​ឡើង​។

លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​យក​ឱកាស​នេះ​ដើម្បី​អបអរសាទរ​ជាមួយ​នឹង​វឌ្ឍនភាព​របស់​យើង​ទាក់ទង​នឹង​ការរីកចម្រើន​នៅក្នុង​វិស័យ​អប់រំ ដែល​នេះ​ជា​វិស័យ​ស្នូល​ជា​វិស័យ​អាទិភាព ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​មុំ​ទី​ ១ រយៈពេល ២ ​អាណត្ដិ​ហើយ​។ អាណត្ដិ​ទី​ ៥ ឆ្នាំ​ ២០១៣-២០១៨ យើង​បាន​ប្ដូរ​មុំ​ពី​ទឹក ផ្លូវ ភ្លើង មនុស្ស ទៅជា មនុស្ស ទឹក ផ្លូវ ភ្លើង​វិញ​។

ខ្ញុំ​គិតថា ​វា​នៅតែ​បន្ត​ឲ្យ​យើង​ខិតខំ​បន្តទៀត​ ដើម្បី​វិនិយោគ​ក្នុង​វិស័យ​អប់រំ​ដែល​ក្នុង​នោះ​ទាំង​វិនិយោគ​លើ​ការសាងសង់​ទាំង​វិនិយោគ​ ដើម្បី​បង្កើន​ជីវភាព​សម្រាប់​គ្រូបង្រៀន ទាំង​ការវិនិយោគ​សម្រាប់​ការស្នាក់នៅ និង​ការធ្វើ​ដំណើរ​របស់​គ្រូបង្រៀន​របស់​យើង​នៅ​តាម​តំបន់​ផងដែរ ដែល​នេះ​គឺជា​បញ្ហា​សំខាន់​របស់​យើង​សម្រាប់​ដោះស្រាយ​បញ្ហា​អនាគត​ដែល​ទាមទារ​ឲ្យ​យើង​លើក​កម្ពស់​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​របស់​យើង​»​។

លោក​នាយក​រដ្ឋមន្ដ្រី​បាន​រំឭកថា កាលពី​ប៉ុន្មាន​ថ្ងៃមុន​នៅក្នុង​ពិធី​បើកការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​ ២ និង​លេខ​ ២២ ​លោក​ក៏​បាន​រំឭក​ទាក់ទង​នឹង​បញ្ហា​អាទិភាព​ ៤ ​យ៉ាង​ដែល​ត្រូវបាន​ប្រកាស​ចេញ​តាំងពី​ឆ្នាំ​ ១៩៨៧ គឺ​មុន​ពេលដែល​កិច្ចចរចា សីហនុ ហ៊ុនសែន ចាប់ផ្ដើម​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ទៀត​ឯណោះ​។

លោក​ថ្លែងថា​៖ «​តាម​ខ្ញុំ​ចាំ​គឺ​ពេលនោះ​ប្រកាស​ចេញ​នៅក្នុង​ខែ​សីហា ឆ្នាំ​ ១៩៨៧ គឺ​ ៣៣ ​ឆ្នាំ​រួចមកហើយ​។ នយោបាយ​ផ្ដល់​អាទិភាព​ទៅលើ​វិស័យ​ទាំង​ ៤ ​សម្រាប់​ការវិនិយោគ​នេះ​បាន​ផ្ដល់​ឲ្យ​យើង​ដើរ​មកដល់​ជំហាន​នេះ គ្រាន់តែ​ឥឡូវនេះ​យើង​ដាក់​មុំ​ទាក់ទិន​ជាមួយ​នឹង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​នេះ​ឲ្យ​ទៅជា​អាទិភាព​ទី​ ១ ​ក្នុង​ចំណោម​អាទិភាព​ទាំង ​៤»​។

លោក​ថ្លែងថា ពិតមែន​ហើយ​បើ​ក្រឡេកមើល​ក្រោយ​ត្រឡប់​ទៅវិញ កម្ពុជា​បាន​ដើរ​ក្នុង​ជំហាន​មួយ​មាន​ល្បឿន​លឿន​គួរសម​។ ប៉ុន្ដែ​បើ​សម្រាប់​អ្នក​ដែល​មិន​ធ្លាប់​ឃើញ​កម្ពុជា​ហើយ​ដែល​ពិនិត្យ​អំពី​អតីតកាល​របស់​កម្ពុជា​នៅពេល​ដែល​ឃើញ​កម្ពុជា គេ​ក៏មាន​ការភ្ញាក់ផ្អើល​ដែរ​ព្រោះ​គេ​ធ្លាប់តែ​ឃើញ គេ​ដឹង​តែ​តាម​ខ្សែ​ភាពយន្ត​ឯកសារ​ដែល​ទាក់ទង​ជាមួយ​វិនាសកម្ម​ក្នុង​ជំនាន់ ប៉ុលពត ហើយ​រូបភាព​ដែល​នៅ​សេសសល់​នោះគេ​មិន​នឹកស្មាន​ថា ប្រទេស​កម្ពុជា​មាន​ការរីកចម្រើន​បែបនេះ​ទេ​។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «​ដូច្នេះ​បានជា​យើង​ត្រូវ​ប្រឹង​បន្តទៅទៀត ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ទាំងអស់​ដែល​នៅ​ពីមុខ​យើង​។ ​សម័យ​នេះ​គឺជា​សម័យ​សេដ្ឋកិច្ច​បច្ចេកវិទ្យា សេដ្ឋកិច្ច​ឌីជីថល​គឺ​ទាមទារ​ឲ្យ​យើង​ខិតខំ​កាន់តែ​ច្រើន​ដើម្បី​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​»​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​គរុសិស្ស-និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាលពី​ម្សិលមិញ​ដែល​ពួកគេ​សុទ្ធតែ​ជា​ធនធាន​សំខាន់​ក្នុង​វិស័យ​អប់រំ និង​ជា​ធនធាន​គ្រូបង្រៀន​ទើប​បញ្ចប់​ការសិក្សា​ឆ្នាំ ២០១៨ ​ដល់​ ២០១៩ សរុប​ ១ ៩៧៧ ​នាក់ នារី ៨១៥ ​នាក់​។

លោក​ថ្លែងថា​៖ «​វិទ្យាស្ថាន​ជាតិ​អប់រំ​មាន​បេសកកម្ម និង​តួនាទី​កសាង​ធនធាន​មនុស្ស​ប្រកប​ដោយ​ប្រសិទ្ធភាព ជាពិសេស​នៅក្នុង​ការបណ្ដុះបណ្ដាល​គ្រូ​កម្រិត​ឧត្ដមសិក្សា​ដោយ​បេសកកម្ម​ចម្បង​ចំពោះមុខ​របស់​វិទ្យាស្ថាន​គឺ​ធានា​បាន​នូវ​ការបណ្ដុះបណ្ដាល​គ្រូបង្រៀន និង​មន្ដ្រី​គ្រប់គ្រង​អប់រំ​ប្រកប​ដោយ​គុណភាព​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់​មាន​គុណធម៌​ល្អ​ប្រពៃ និង​មាន​គំនិត​ច្នៃប្រឌិត​»​។

លោក​រដ្ឋមន្ដ្រី​ថា ​ចាប់ពី​ឆ្នាំ​ ១៩៧៩ ដល់​ឆ្នាំ​ ១៩៩៣ វិទ្យាស្ថាន​ជាតិ​អប់រំ​បាន​បណ្តុះបណ្តាល​គ្រូ និង​មន្ត្រី​អប់រំ​បាន​ជាង ៣ ​ម៉ឺន​នាក់ និង​ពី​ឆ្នាំ​ ១៩៩៣ ​ដល់​ឆ្នាំ​ ២០១៩ បាន​បណ្តុះបណ្តាល​គ្រូ និង​មន្ត្រី​អប់រំ​បាន​ប្រមាណ ២២ ៣៦២ នាក់ នារី ៦ ៨៦៦ ​នាក់​។ តាម​របាយការណ៍​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ក្រសួង​បាន​អនុវត្ដ​ផែនការ យុទ្ធសាស្ដ្រ​វិស័យ​អប់រំ ២០១៤-២០១៨ ក្នុង​អាណត្ដិ​ទី​ ៥ បាន​ដោយ​ជោគជ័យ​ដោយមាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់​។ ផែនការ​យុទ្ធសាស្ដ្រ​វិស័យ​អប់រំ ២០១៩-២០៣០ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលដៅ​បន្ត​អនុវត្ដ​កំណែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា និង​បង្កើត​មូលដ្ឋាន​រឹងមាំ​សម្រាប់​ឆ្ពោះ​ទៅ​ឆ្នាំ​ ២០៣០ ព្រមទាំង​ឆ្លើយតប​នឹង​ចក្ខុវិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​កម្ពុជា និង​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល​៕