ភ្នំពេញៈ លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៨ ខែ​កុម្ភៈ​បាន​ចេញ​អនុក្រឹត្យ​បញ្ជាក់​ពីមុខ​តំណែង​របស់​ឥស្សរជន​ជាន់ខ្ពស់ ដែល​ត្រូវ​ផ្ដល់​ឲ្យ និង​ប្រើប្រាស់​នូវ​លិខិត​ឆ្លងដែន​ការទូត ផ្លូវការ និង​កំណត់ថា រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការផ្ដល់​លិខិត​ឆ្លងដែន​ការទូត និង​ផ្លូវការ​ដល់​ឥស្សរ​ជនណាម្នាក់​ក្នុង​ករណី​ចាំបាច់​។

នៅក្នុង​ជំពូក​ ១ មាត្រា​ ១ ត្រង់ចំណុច​បទប្បញ្ញត្ដិ​ទូទៅ​នៃ​អនុក្រឹត្យ​នេះ​បាន​បញ្ជាក់ថា អនុក្រឹត្យ​នេះ​មាន​គោលដៅ​កំណត់​ការផ្ដល់ និង​ការប្រើប្រាស់​លិខិត​ឆ្លងដែន​ការទូត និង​ផ្លូវការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្នុង​មាត្រា​ ២ ​បន្ថែមថា លិខិត​ឆ្លងដែន​ការទូត​ចេញ​ថ្វាយ និង​ជូន​ដល់​ឥស្សរជន​ជាន់ខ្ពស់ និង​មន្ដ្រីការទូត​ខ្មែរ​ទៅ​តាម​លំដាប់​នៃ​ឋានន្តរស័ក្ដិ និង​មុខតំណែង ព្រមទាំង​សហព័ន្ធ និង​កូន​ដែល​នៅក្នុង​បន្ទុក​នៅ​លីវ ហើយ​មាន​អាយុ​ក្រោម​​ ១៨ ​ឆ្នាំ​។

អនុក្រឹត្យ​បញ្ជាក់ថា ឥស្សរជន និង​មន្ដ្រីជាន់ខ្ពស់​ទាំងនោះ​រួមមាន​ព្រះវររាជ​មាតា ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ឬ​សម្ដេច​ព្រះរាជ​អគ្គមហេសី និង​ព្រះរាជបុត្រា ព្រះរាជបុត្រី ព្រមទាំង​ព្រះរាជវង្សានុវង្ស ដែល​មាន​ក្នុង​បញ្ជី​រៀបចំ​ដោយ​ក្រសួង​ព្រះបរមរាជវាំង​ដោយ​មាន​ការឯកភាព​ពី​ក្រសួងការបរទេស​។ ប្រធាន អនុប្រធាន និង​សមាជិក​ព្រឹទ្ធសភា ប្រធាន អនុប្រធាន និង​សមាជិក​រដ្ឋសភា​,​ ប្រធាន និង​សមាជិក​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​, នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​សមាជិក​នៃ​រាជរដ្ឋាភិបាល និង​ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​, ប្រធាន​តុលាកា​កំពូល អគ្គព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​អគ្គស្នងការ​នគរបាល​ជាតិ​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ឥស្សរជន​ដែល​មាន​ងារ​ជា​សម្ដេច​ជាដើម ក៏​ទទួលបាន​ការផ្ដល់ជូន​លិខិត​ឆ្លងដែន​ការទូត​ផងដែរ​។

ក្រៅពីនេះ​លិខិត​ឆ្លងដែន​ការទូត​ក៏បាន​ចេញ​ថ្វាយ និង​ជូន​ដល់​មន្ដ្រី​រាជការ និង​ឥស្សរជន​ខ្មែរ​ទៅតាម​លំដាប់​នៃ​ឋានន្តរស័ក្ដិ និង​មុខតំណែង​សម្រាប់​បំពេញបេសកកម្ម ថ្វាយ និង​ប្រគេន សម្ដេចព្រះ​អគ្គមហាសង្ឃ​រាជាធិបតី សម្ដេចព្រះ​មហាសង្ឃរាជ​ទាំង​ ២ ​គណៈ​ និង​ចាប់ពី​អនុគណ​ឡើង​ទៅ​ផងដែរ​។

អនុក្រឹត្យ​បញ្ជាក់ថា​៖ «​សុពលភាព​នៃ​លិខិត​ឆ្លងដែន​ការទូត​មាន​រយៈពេល​មិន​លើសពី ៥ ​ឆ្នាំ ហើយ​មិនអាច​បន្ត​សុពលភាព​បានទេ​។ មន្ដ្រីការទូត​ដែល​ចប់​អាណត្ដិ​បេសកកម្ម មន្ដ្រី​អស់​ឋានៈ ឬ​មុខតំណែង មន្ដ្រី​ចូលនិវត្តន៍​មន្ដ្រី​ដែលមាន​ពិរុទ្ធ​ដែល​ត្រូវបាន​ព្យួរ​ក្របខ័ណ្ឌ និង​មន្ដ្រី​ដែល​ឈប់​សម្រាក​យូរ​ដោយ​គ្មាន​បៀវត្សរ៍​ចាប់ពី​ ៦ ​ខែ​ឡើង​ទៅនឹង​ពុំ​មាន​សិទ្ធិ​ប្រើ​លិខិត​ឆ្លងដែន​ការទូត​ទៀត​ទេ​»​។ អនុក្រឹត្យ​បន្តថា លិខិត​ឆ្លងដែន​ផ្លូវការ​ផ្ដល់​ជូន​មន្ដ្រីរាជការ​ខ្មែរ​សម្រាប់តែ​ទៅ​បំពេញ​បេសកកម្ម​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ហើយ​សុពលភាព​នៃ​លិខិត​ឆ្លងដែន​ផ្លូវការ​មាន​រយៈពេល​មិន​លើសពី ៥ ឆ្នាំ និង​មិនអាច​បន្ត​សុពលភាព​បានទេ​។

អនុក្រឹត្យ​នេះ​បញ្ជាក់​ទៀត​ថា ក្រសួង​ការបរទេស​មាន​ភារកិច្ច​ផ្ដល់​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​ស្រប​តាម​អនុក្រឹត្យ​នេះ ហើយ​ការស្នើសុំ​លិខិតឆ្លងដែន​ការទូត និង​ផ្លូវការ​ត្រូវមាន​លិខិត​ស្នើសុំ​មក​ក្រសួង​ការបរទេស ដោយ​បញ្ជាក់​នូវ​កម្មវត្ថុ​នៃ​បេសកកម្ម​រយៈពេល ថ្ងៃ ខែ និង​ប្រទេស​ដែល​ត្រូវ​ទៅ​បំពេញ​របស់​បេសកកម្ម​។

លោក កុយ គួង អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​ពន្យល់ថា លិខិត​ឆ្លងដែន​ផ្លូវការ និង​ការទូត​គឺ​សម្រាប់​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​ពេលចេញ​ទៅ​បំពេញ​បេសកកម្ម​នៅក្រៅ​ប្រទេស​។ «​ប្រទេស​មួយ​ចំនួន​បាន​លើកលែង​ទិដ្ឋាការ​ចំពោះ​អ្នក​កាន់​លិខិតឆ្លងដែន​ប្រភេទ​នេះ​។ ប្រទេស​សមាជិក​អាស៊ាន​បាន​លើកលែង​ទិដ្ឋាការ​ដល់​សមាជិក​អាស៊ាន​ដូចគ្នា​ជាទូទៅ​រយៈពេល​ ១ ​ខែ​សម្រាប់​អ្នក​កាន់​លិខិត​ឆ្លងដែន​ប្រភេទ​ធម្មតា ផ្លូវការ និង​ការទូត​»​។

តាមរយៈ​អនុក្រឹត្យ​របស់​លោកនាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា ក្រសួង​ការបរទេស​មាន​ភារកិច្ច​ដកហូត ឬ​បដិសេធ​រាល់​លិខិត​ឆ្លងដែន​ការទូត និង​ផ្លូវការ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ​។ រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្ដិការ​អន្តរជាតិ​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការផ្ដល់​លិខិត​ឆ្លងដែន​ការទូត និង​ផ្លូវការ​ដល់​ឥស្សរ​ជនណាម្នាក់​ក្នុង​ករណី​ចាំបាច់​៕