ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ នឹង​ជួប​សំណេះសំណាល​ប្រចាំ​ឆ្នាំ​ជា​លើក​ទី​ ៤ ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ប្រមាណ​ជា​ជិត ៥ ០០០ ​នាក់ ​នៅ​ថ្ងៃទី ១៤ ខែ​ មករា ឆ្នាំ​ ២០២០ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​។

បើ​យោងតាម​លិខិត​ចុះ​ថ្ងៃទី ៦ ខែ​​ ធ្នូ ឆ្នាំ​ ២០១៩ របស់​ឧបនាយក​រដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ថា​៖ «​ករណី​សូម​ពិនិត្យ​សម្រេច ការរៀបចំ​ពិធី​ជួបជុំ​សម្តេចនាយក​រដ្ឋមន្ត្រី​ជាមួយ​អ្នកសារព័ត៌មាន​ក្នុងស្រុក​លើក​ទី​ ៤ ឆ្នាំ​ ២០២០​។ សេចក្តី​សម្រេច​ដូច​មាន​ចែង​ខាងលើ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​សូម​ជម្រាបជូន​លោក​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​ជ្រាបថា រាជរដ្ឋាភិបាល​ឯកភាព​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​ជួបជុំ​រវាង​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​លើក​ទី ៤ ឆ្នាំ​ ២០២០ នៅ​ថ្ងៃទី​ ១៤ ​ខែ មករា ឆ្នាំ​ ២០២០»​។

លោក​ ផុស សុវណ្ណ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​ដោយ​សំដៅ​ទៅ​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ទស្សនាវដ្តី កាសែត គេហទំព័រ សមាគម និង​ក្លិប​អ្នកកាសែត​ទាំងអស់​ថា អ្នកសារព័ត៌មាន​ដែល​ចូល​ពិធី​នេះ​តម្រូវ​ឲ្យ​មាន​ការចុះឈ្មោះ​នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ ដើម្បី​ទទួលបាន​បណ្ណ​ចូលរួម ហើយ​ថា ពិធី​ជួបជុំ​រវាង​លោកនាយក​រដ្ឋមន្ត្រី និង​អ្នកសារព័ត៌មាន​នេះ​នឹង​មាន​អ្នកចូលរួម​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុន​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នឹង​អនុញ្ញាត​សមាគម​អ្នកសារព័ត៌មាន​ទាំងអស់​ហ្នឹង​ធ្វើ​សំណូមពរ​តាមរយៈ​សមាគម​រៀងខ្លួន​មក​ក្រសួង ហើយ​ក្រសួង​នឹង​បូកសរុប​ហើយ​ផ្ញើ​ទៅ​សម្តេច​មុន​។ អ្នកសារព័ត៌មាន​មានឱកាស​ជួប​​ និង​សុំ​ផ្តល់យោបល់​ជាមួយ​សម្តេច ជា​ការ​ជួបជុំ​នឹង​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្ទាល់ វា​ដូចជា​វេទិកាសាធារណៈ​ជាមួយ​កម្មករ និង​ផ្នែក​ផ្សេងៗ​ដែរ​។ យើង​នឹង​ធ្វើ​នៅ​ទីតាំង​ដដែល​»​។

លោក ប៉ែន បូណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ថ្លែង​ថា ការជួប​ជុំគ្នា​រវាង​លោក​នាយករដ្ឋមន្ដ្រី និង​អ្នកសារព័ត៌មាន​ក្នុងស្រុក​នឹង​ជួយ​លើកស្ទួយ​ និង​ពង្រឹង​ទំនាក់ទំនង​រវាង​មន្ត្រី​រាជរដ្ឋាភិបាល​ជាមួយ​នឹង​អ្នក​សារព័ត៌មាន ហើយ​ថា តាមរយៈ​ជំនួប​នេះ​ក៏​នឹង​ផ្តល់​ឱកាស​ឲ្យ​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​លើកឡើង​នូវ​សំណូមពរ កង្វល់​ និង​ការប្រឈម​របស់​ពួកគេ​ទៅកាន់​ប្រមុខ​រដ្ឋាភិបាល​។

លោក​ថា​៖ «​យើង​អបអរសាទរ​ចំពោះ​ជំនួប​នេះ ដោយសារ​វា​ជា​ជំនួប​ដ៏សំខាន់​មួយ​រវាង​អ្នកសារព័ត៌មាន និង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ហើយ​ក្នុង​ជំនួប​នោះ យើង​តែងតែ​បាន​ស្តាប់​ប្រសាសន៍​របស់​ថ្នាក់ដឹកនាំ​ទៅកាន់​អ្នកកាសែត ក៏ដូចជា​គោលនយោបាយ និង​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការគាំទ្រ និង​លើកស្ទួយ​សារព័ត៌មាន​នៅ​កម្ពុជា​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​ចាប់ផ្តើម​ជួប​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​លើកដំបូង នៅ​ថ្ងៃទី​ ១៤ ខែ ​មករា ឆ្នាំ​ ២០១៧ លើក​ទី ​២ នៅ​ថ្ងៃ​ទី​ ២១ ខែ​ មករា ឆ្នាំ​ ២០១៨ និង​លើក​ទី​ ៣ នៅ​ថ្ងៃទី ១១ ខែ មករា ឆ្នាំ​ ២០១៩៕