បន្ទាយមានជ័យៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ម្សិល​មិញ​បាន​ប្រាប់​លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង និង​មន្ត្រី​រដ្ឋាភិ​បាល​ឯ​ទៀត​កុំ​ឲ្យ​ឆ្លើយ​ឆ្លង​ជា​មួយ​ក្រុម​មួ​យដែល​ទំនង​សំដៅ​លើ​ក្រុម​អ្នក​នយោ​បាយ​ប្រឆាំង ​ឬ​លើ​​លោក សម រង្ស៊ី ទាក់​ទង​នឹង​ករណី​ជំរុញ​ឲ្យ​ លោក ស ខេង​​ ធ្វើ​បក្ស​ប្រហារ​និង​រដ្ឋ​ប្រហារ​ ជា​អ្វី​ដែល​អ្នក​តាម​ដាន​ថា​ មិន​អាច​ទៅ​រួច​ ខណៈ​ដែល​ផ្ទៃ​ក្នុង​គណបក្ស​កាន់​អំណាច​កំពុង​រឹងមាំ។​

ថ្លែងទៅ​​កាន់​អ្នក​ចូល​រួម បន្ទាប់​ពីពិធី​​ចាក់​បេតុង​ភ្ជាប់​ស្ពាន​មិត្តភាព​កម្ពុជា​-ថៃ​ ឬ​ស្ពាន​ស្ទឹងបត់បាន​ណង​អៀន​ នៅ​ក្រុង​​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ លោក​នា​យក​រដ្ឋ​មន្ត្រី​កម្ពុជា​បាន​លើក​ឡើង​ថា លោក​មិន​ចង់​ឆ្លើយ​តប​ជា​មួយ​អ្នក​ណា​ទេ ហើយ​លោក​ ស ខេង ​ដែល​ត្រូវ​បាន​គេ​ប្រើ​ឲ្យ​ធ្វើ​រដ្ឋ​ប្រហារ​ឲ្យ​ទម្លាក់​រូប​លោក​នោះ​ក៏​មិន​ចាំ​បាច់​ឆ្លើយ​ឆ្លង​​ជាមួយ​ «អាឡប់​ណា» ដែរ។

លោក​បាន​បញ្ជាក់​ថា៖ «ឥឡូវ​យើង​សាក​គិត​ជា​មួយ​គ្នា​មើល! ឧប​នា​យក​រដ្ឋ​មន្ត្រី​ផ្ដួល​នា​យក​រដ្ឋ​មន្ត្រី មាន​ន័យ​ស្មើ​នឹង​អី? មាន​ន័យ​ស្មើ​នឹង​រដ្ឋ​ប្រហារ។ ចេះ​ប្រើ​គេ​ទៅ​រួច។ រួច​ហើយ​រដ្ឋប្រហារ​យក​អំណាច​ទៅ​ឲ្យ​ពីណាយក​អំណាច​ទៅ​ឲ្យ​វា។ នឹក​ស្មាន​ថា​ សម្ដេច​ក្រឡា​ហោម​ល្ងង់​ណាស់​ ឬអី?» ។

លោក​បានបន្ត​ថា៖ «អ៊ីចឹង​មិន​បាច់​ចាំ​សម្ដេច​ក្រឡា​ហោមឆ្លើយ​តប​ទេ​ ព្រោះ​យើង​បាន​ឯក​ភាព​គ្នា​ថ្ងៃ​មុន​ចូល​ទៅ​ប្រជុំ​គណៈ​រដ្ឋមន្ត្រី​ខ្ញុំ​ថា ​មិន​បាច់​ឆ្លើយ​ជាមួយ​វា​ទេ កុំ​ឆ្លើយ​ជាមួយ​វា។ តែ​មិន​ឆ្លើយ​ជាមួយ​វា​ គឺ​វា​សាប សូន្យ​ទៅ​ខ្លួន​ឯង​តែ​ម្ដង។ វា​មិន​ដែល​ម៉ែ​អាណា ​ទី​១ ​ឲ្យ​គេ​ធ្វើ​បក្ស​ប្រហារ​ ព្រោះ​អនុ​ប្រធាន​បក្ស​ទម្លាក់​ប្រធាន​បក្ស​ មិន​បក្ស​ប្រហារ​។ ប៉ុន្ដែអា​ធ្ងន់​ជាង​គេ​ឧបនា​យក​រដ្ឋ​មន្ត្រី​ធ្វើ​រដ្ឋ​ប្រ​ហារ​ទម្លាក់​នា​យក​រដ្ឋ​មន្ត្រី​ មានន័យ​ថា ​រដ្ឋប្រហារ»។

លោក​ប្រាប់​ទៅ​មន្ត្រី​ទាំង​អស់​​ឲ្យ​​ស្ងាត់​ស្ងៀម​ចំពោះ​ពួក​អ្នកទាំង​នោះ​ដោយ​ថា​៖ «កុំ​ឆ្លើយ​ជាមួយ​វា ឆ្កែ​ខាំ​ជើង​យើង​ យើង​កុំ​យក​មាត់​យើង​ខាំ​ជើង​ឆ្កែ»។

លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីតគណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​តុលា​ការ​កំពូល​រំលាយ​បាន​ថ្លែង នៅប្រទេស​កូរ៉េ​ កាល​ពី​ចុង​សប្ដាហ៍​​មុន​ ដោយ​បាន​ជំរុញ​ពលករ​កម្ពុជា​ដែល​ធ្វើការ​នៅកូរ៉េ​ និង​ប្រទេស​ផ្សេង​ទៀត​ឲ្យ​ត្រឡប់​ចូល​ស្រុក​ខ្មែរ​ជាមួយ​លោក ដើម្បី​ចាប់​លោក​ ហ៊ុន សែន ហើយ​យក​ប្រ​ទេស​កម្ពុជា​ប្រគល់​ជូន​ពលរដ្ឋ​ខ្មែរ​វិញ។

ដោយ​សំដៅ​ទៅ​លើ​លោក សម រង្ស៊ី លោក ហ៊ុន​ សែន បាន​ថ្លែងថា​៖ «រួច​ហើយ​សុទ្ធ​តែ​ថា​ សម្រុក​ចូល!អញ​រង់​ចាំ​តែ​សម្រុក​ចូល​មក​តើ​វ៉ី។ យី! អាពត​ប៉ុន្មាន​កង​ពល​វាយ​មិន​ទាំង​ដួល​ផង ទី​ចុង​បំផុត​អានេះ​ចង់​មក​ចាប់​ឯង​លេង​វ៉ី។ដូច​ស្រួល​ពេក​ទេ​ដឹង?! ហ៊ុន​ សែន ណា! ហើយ​អ្នក​ទាំង​នេះ តើ​នេះ​អ្នក​មក​ចាប់​ ហ៊ុន ​សែន ឬ​មក​ទទួល​ ហ៊ុន​ សែន? គិត​ខុស​ហើយ»។

លោក​ ហ៊ុន សែន បាន​បន្ថែម​ថា ដោយ​សារ​តែ​មាន​ការ​វាយ​តម្លៃ​ខុស​លើ​យុទ្ធ​សាស្ត្រ​របស់​លោក​នេះ​ហើយ​ទើប​អ្នក​ដែល​ប្រឆាំង​នឹង​លោក​មិន​ដែល​យក​ឈ្នះ​លោក​បាន។ ចំពោះ​អ្នក​ដែល​ងើប​​ឡើង​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស ​លោក​ថា​ មិនបាច់​និយាយ​ច្រើន​ទៀត​ទេ «ងើប​ ១ វាយ​ ១ ងើប​ ២ ​វាយ ២ ចប់»។

នៅ​ចុង​បញ្ចប់​ លោក​នាយក​រដ្ឋម​ន្ត្រី​បាន​រំឭក​ថា ប្រសិនបើមាន​រដ្ឋ​ប្រហារ​កើត​ឡើងនឹង​ធ្វើ​ឲ្យ​កម្ពុជា​ផ្ទុះ​សង្គ្រាម ហើយ​បើ​សង្គ្រាម​ផ្ទុះ​ឡើង ​ពេល​នោះ​ «សូម​កុំ​សង្ឃឹម​ថា ​វា​មាន​សន្តិភាព​ឲ្យ​សោះ»។

តាម​រយៈ​អុីមែល​កាល​ពី​ម្សិលមិញ លោក សម រង្ស៊ី បាន​ថ្លែង​ថា៖ «ខ្ញុំ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា ស ខេង, ម៉ែន សំអន, និង​មន្ត្រី​កំពូលៗ​ឯ​ទៀត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទម្លាក់​លោក ហ៊ុន សែន ដើម្បី​សង្គ្រោះ​គណបក្ស​ប្រជា​ជន​កម្ពុជា និង​ចៀស​វាង​គ្រោះ​ថា្នក់​ដល់​ជីវិត​សម្រាប់​ប្រជា​ជន​កម្ពុជា ពីព្រោះ ​លោក​ ហ៊ុន សែន កំពុង​បម្រើ​ផល​ប្រយោជន៍​ចិន​ទាំង​ងងឹត»។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​បាយ​បាន​ថ្លែង​ថា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន មាន​ភាព​ជឿ​ជាក់​លើ​សាមគ្គី​ភាព​នៅ​ក្នុង​គណបក្ស​ជុំវិញ​រូប​លោក និង​ជុំវិញ​ការ​ដឹកនាំ​របស់​លោក។

លោក​ ហ៊ុន​ សែន មិន​ខ្វល់​ទៅ​ចំណាយ​ពេល​ឥត​ប្រយោជន៍​លើ​ការ​អំពាវ​នាវ​បែប​នេះ​ទេ ហើយ​បើ​លោក​ឆ្លើយ​តប​​វិញ គឺ​លោក​នឹង​ច្រាន​ចោល​ ហើយ​សើច​​ចំអក​ទៅវិញ។​

លោក សុខ ទូច ​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែង​ថា ការ​ធ្វើ​បក្ស​ប្រ​ហារ​ឬ​រដ្ឋ​ប្រហារ​មិន​អាច​កើត​មាន​បាន​ទេ​ ព្រោះ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​រឹងមាំ។

លោក​បាន​បញ្ជាក់​ថា៖ ​«គណបក្ស​ប្រជា​ជន​មិន​អាច​ទេ​ដោយ​សារ​គេ​មាន​ទំនាក់​ទំនង​ជា​មួយ​គ្នា​ គេ​ប្រទាក់​គ្នា​ មាន​ចំណង​សាម​គ្គី​ភាព​យូរ​ហើយ»។

លោក​ថា​ បច្ចុប្បន្ន​នេះ​មាន​រឿង​៣​កំពុង​កើត​ឡើងក្នុង​នយោបាយកម្ពុជា​​ រួម​មាន​ ការ​ធ្វើ​បាតុកម្ម​របស់​អ្នក​គាំទ្រ​អតីតគណ​បក្ស​ប្រឆាំង​នៅ​កូរ៉េ​ខាង​ត្បូង, ការ​ឆ្លើយ​ឆ្លង​គ្នារ​វាង​ទូត​អាមេរិក​ និង​ទូត​ចិន និង​ការ​អង្រួន​ទៅ​​លើ​មន្ត្រី​ក្នុង​ស្រុក។

លោកថា៖ «ការ​ធ្វើ​ឲ្យ​មាន​ហេតុការណ៍​ណា​មួយ​នៅ​ក្នុង​នយោបាយ​កម្ពុជា​វា​ទៅ​អត់​រួច​ ព្រោះ​ខ្មែរ​ឆ្លង​កាត់​រួច​អស់​ហើយ។ មួយ​ទៀត​ធ្វើ​ទៅ​អត់​បាន​ព្រោះ​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​រឹងមាំ»។

លោក​ សុខ ទូច បានហៅការ​លើក​ឡើង​រឿង​ធ្វើ​បក្ស​ប្រហារ​ក្នុង​ជួរ​គណ​បក្ស​កាន់​អំណាច ​ថា គ្រាន់​តែ​ជា​ការ​សាក​ល្បង​ចង់​ដឹង​ថា​តើ​នឹង​មាន​សកម្មភាព​អ្វី​កើត​ឡើងឬ​ទេ? ​មួយ​វិញ​ទៀត​​ការ​បំបែក​គណបក្ស​ប្រជាជន​​ខ្លួន​ឯង​​គឺ​ជា​ការ​ក្បត់​ឆន្ទៈ​រាស្ត្រ​ដែល​បាន​បោះ​ឆ្នោត​ឲ្យ៕