ភ្នំពេញៈ លោក​ស្រី អ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជា​រដ្ឋមន្ត្រី​ការ​បរទេស​​មីយ៉ាន់​ម៉ា នឹង​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវការ​នៅ​កម្ពុជា​នៅ​ថ្ងៃទី ៣០ ខែ ​មេសា បន្ទាប់​ពី​លោក​ស្រី និង​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែ​ន ចូលរួម​វេទិកាខ្សែ​ក្រវាត់​ និង​ផ្លូវ​លើកទី២ សម្រាប់​​កិច្ច​សហ​ប្រតិបត្តិការអន្តរ​ជាតិ​ពី​ថ្ងៃ​ទី ២៥​ ដល់ថ្ងៃទី​​ ២៩​​ ខែមេសា​នៅទីក្រុង​ប៉េកាំង​ប្រទេស​ ចិន។ នេះ​បើ​តាម​​លោក​ ហ៊ុន សែន។

លោក​នាយក​រដ្ឋ​មន្ត្រី បា​ន​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​​ចែក​សញ្ញា​ប័ត្រ​ ដល់​និស្សិត​ នៃ​សាកលវិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង ​(NU​M​)​ ជាង ​២ ពាន់​នាក់នៅ​មជ្ឈ​មណ្ឌ​ល​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ។

នេះជាលើកទី១ ហើយ ដែល​អតី​ត​មេបក្ស​ប្រឆាំង​ល្បី​ឈ្មោះ ​រូប​​នេះ​មកបំពេញទស្សនកិច្ចនៅកម្ពុជា​ បន្ទាប់​ពី​លោកស្រី​​ឡើង​កាន់​តំណែង​ជាន់ខ្ពស់នៅ​ប្រទេស​ មីយ៉ាន់ម៉ា។

លោក ហ៊ុន សែន ថ្លែងថា៖ «ថ្ងៃ ២៩ តាម​ការ​គ្រោង​ទុក​ជួប​​ប្រធានា​ធិបតីចិន​រួ​ច​ហើយ​ និង​ហោះ​ត្រង់ពី​ប៉េកាំង​មក​ទីក្រុង​ភ្នំពេញ​។ លោកជំទាវ អ៊ុងសាន​ ស៊ូជី ដែល​ជា​ទី​ប្រឹក្សា​​​រដ្ឋ ដែល​ជាអ្នក​ដឹក​នាំ​លើការ​ជាក់​ស្តែង​ ក៏នឹង​ធ្វើ​ដំណើរ​ត្រង់​ពី​ប៉េកាំង​មក​ដល់​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ ២៩ ដើម្បី​ផ្តើម​ទស្សន​កិច្ច​ផ្លូវ​ការ​​នៅ​ថ្ងៃទី ៣០ ខែ​មេសា​ នេះ»។

លោក ផៃ ស៊ីផាន អ្នកនាំ​​ពាក្យ​រដ្ឋាភិបាល ​ថ្លែង​ថា លោក​មិន​ទាន់​បាន​ទទួល​​ដំណឹ​ង​​បន្ថែមថាតើ​នឹង​មាន​ការ​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ​អ្វី​ខ្លះនោះ​ទេ។ តែ​ទោះយ៉ា​ង​ណា លោកស៊ីផាន ​បញ្ជាក់​ថា ទស្ស​ន​​កិច្ច​របស់​លោក​ស្រី អ៊ុងសាន​​ស៊ូ​ជី នឹង​ផ្តល់​សារៈសំខាន់​ដ​ល់​កិច្ច​សហប្រតិបត្តិការ​រវា​ង​កម្ពុ​ជា និងភូមា ពីព្រោះ​លោក ស្រី​មិន​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នោះ​ទេ។

លោក ស៊ីផាន បញ្ជាក់​ថា ​កិច្ច​សហ​ប្រតិបត្តិ​ការ​ទាំង​នោះ​រួម​មាន​ ទី១- លោក ហ៊ុន សែន បាន​ការពារ និង​លើក​តម្កើង​ នូវ​បេក្ខភាព​របស់ភូ​មាចូល​ក្នុង​អាស៊ាន ទី-២ លោក ហ៊ុន សែន តែង​តែការ​ពារ​គោល​ការណ៍​មិន​ជ្រៀត​ជ្រែត​បញ្ហា​ផ្ទៃ​​ក្នុង​គ្នានៅ​លើ​បញ្ហា​ជន​ភៀស​ខ្លួន​ភូមា​ និង​​ទី៣​- កម្ពុជា និង​ភូមា​ ស្ថិត​ក្នុង​សភាព​ដូច​គ្នា​គឺ​ការ​ប្រឈម​នឹង​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA។

លោក កេត សោផាន់ អ្នក​នាំពាក្យ​ក្រសួង​ការបរ​ទេស ក៏​ថ្លែង​ដែរ​​​ថា លោក​ស្រី អ៊ុងសាន​ ស៊ូជី មកបំពេញ​ទស្សន​កិច្ច​នេះ​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​លោក ហ៊ុន សែន។ លោក​ស្រី​នឹង​មក​ដល់​ប្រទេស​កម្ពជា​នៅ​ថ្ងៃទី​ ២៩ ខែ មេសា ហើយ​នឹង​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​ ២ ថ្ងៃ គឺ​​ចាប់​ពី​ថ្ងៃទី ៣០ ខែ ​មេសា ​ដល់​ថ្ងៃ​ទី​ ១​​ ខែ ​ឧសភា។ ​

ក្នុង​ដំ​ណើរ​ទស្សនកិច្ច​រយៈ​ពេល​ ២​ ថ្ងៃ​នេះ លោកស្រី នឹង​ចូល​គាល់​ព្រះមហាក្សត្រ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ជួប​ជាមួយ លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ជួប​ទ្វេ​ភាគី​ជាមួយ​លោក ហ៊ុន សែន ហើ​យ​​និង​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​សៀមរាប។

ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោ​ក ហ៊ុន សែន លោក សោ​ផាន់ មិន​ទាន់​បាន​ដឹងអំពី​ថាតើ​នឹងមានការ​ពិភាក្សា​លើ​បញ្ហា​អ្វី​ខ្លះ​នៅ​ឡើយ​ទេពីព្រោះ​ឯកសារ​​មិន​ទាន់​ត្រូ​វ​បាន​បញ្ចប់​នៅ​ឡើយ ដោយ​ត្រូវ​រង់ចាំ​ ១ ថ្ងៃ​ ឬ ​២ ​ថ្ងៃ​ទៀត។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា បានថ្លែង​ថា ​លោកស្រី អ៊ុងសាន ស៊ូជី គឺជា វីរនារី ប្រជាធិបតេយ្យនៅ​ពេល​ដែល​គាត់​មិនមាន​អំណា​ច ហើយ​ដល់​ពេល​គាត់​កាន់​អំណាច​ពាក្យ​ទាំងអស់​នោះ​ ត្រូវបាន​បាត់បង់​ទាំងស្រុង រហូត​ដល់​ពួក​ខាងបស្ចិម​ប្រទេស​លែង​ឱ្យ​តម្លៃគាត់​ដោយសារ​បញ្ហា​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា។

លោក​ថ្លែង​ថា៖ «អ៊ី​ចឹង វាអាច​ប្រៀបធៀប​ទាំង​អស់ហ្នឹ​ង​​​ជា​មួយ​នឹង​គណបក្ស​ប្រឆាំង ដែល​មិនទាន់កាន់​អំណាច តែងតែ​និយាយ​អស្ចារ្យ​ណាស់​ រុងរឿងណាស់អ៊ីចឹង។ អ៊ីចឹង​ពេល​ដែល​ខ្លួន​កាន់​អំណាច​ទៅ​ វាដូចលោកស្រី អ៊ុងសាន ស៊ូជី អ៊ីចឹង​វា​ឱ្យជាឧ​ទាហ​រណ៍​។ អ៊ីចឹងការ​ទស្សនកិច្ច​របស់​លោកស្រី ​អ៊ុងសាន ​ស៊ូជី គឺជា​ការ​បង្ហាញ​មួយ​ថា ពេល​មិន​ទាន់​ធ្វើ​គឺ​និយាយ​ពីរោះ ពេល​ធ្វើ​វា​ជាការ​លំបាក»។

លោក គិ​ន ភា ប្រធាន​វិទ្យា​​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជ​ប​ណិ្ឌត្យ​សភា​កម្ពុជា ​ក៏​បាន​ថ្លែង​ដែរ​ថា ទស្សនកិច្ច​របស់​លោកស្រី ​អ៊ុងសាន ​ស៊ូជី ក្នុង​ន័យ​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាងប្រទេស​ទាំង ២ ដែល​ជា​ប្រទេស​សមាជិក​អាស៊ាន​ដូចគ្នា។

ភូមា និង​កម្ពុជា​ មាន​លក្ខណៈប្រហាក់ប្រហែល​គ្នា​ទាំង​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​ផ្ទៃក្នុង​និង​ក្របខ័ណ្ឌ​នយោ​បាយ​ការបរទេស។ កម្ពុជា​ហាក់ដូចជា​កំពុង​តែ​មាន​បញ្ហា​ខ្លះ​ដែលសហគមន៍​អន្តរជាតិមួយ​ចំនួន​យល់​ថា មាន​កា​រដើរ​ត្រឡ​ប់​ថយក្រោយ​នូវ​លទ្ធិ​ប្រជាធិប​តេយ្យ​ ដោយឡែក​នៅ​ភូមា​វិបត្តិ​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ាជា​ចំណោទ​បញ្ហា​ធំ ១ ដែល​លោក​ស្រី ​ស៊ូជី​កំពុង​ប្រឈម។

លោក​បន្ត​ថា៖ «ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២ ជាមួ​យ​សហភាព​អឺរ៉ុប​ហាក់​ដូចជា​ស្ថិត​​ក្នុង​បញ្ហា​ប្រហាក់ប្រហែល​គ្នា​ដែរ ​ទទួល​នូវ​អ្វី​គេហៅថា ចំណាត់ការខាងផ្នែក​អង្ករដែល​គេយក​ពន្ធ​លើអង្ករ​ភូមា​ក៏ដូច​ជា​អង្ករ​ខ្មែរដូចគ្នា។ ដោយឡែក​នៅ​កម្ពុជា​នេះ​គឺសហ​ភាពអឺរ៉ុប​ គេកំពុង​ពិចារណារឿង EBA ហើយ​នៅ​មីយ៉ាន់ម៉ា ហ្នឹងក៏ ឃើញ​មា​នសហភាព​អឺរ៉ុប គេព្រលយ​ពាក្យ​អ៊ីចឹងមាន​ន័យ​ថា​ ស្ថានភាព​ប្រទេស​យើង​ទាំង ​២ ប្រហាក់​ប្រហែល​គ្នា»៕