ភ្នំពេញៈ លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបដិសេធទាំងស្រុង ចំពោះព័ត៌មានដែលផ្សព្វផ្សាយថា លោកកំពុងនៅប្រទេសថៃ ដើម្បីត្រៀមអមដំណើរ និងការពារលោក សម រង្ស៊ី វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយលោកបានចំអកថា គឺត្រៀមចាប់ខ្លួនទៅតាមសាលដីការបស់តុលាការ។
លោក ហ៊ីង ប៊ុនហៀង បានថ្លែងថា៖ «មិនមានការឆ្លើយតបអីលើសនេះទៀតទេ។ បើមកយើងនឹងត្រៀមក្នុងការអនុវត្ដសាលដីកាតែម្ដង»។
កាលពីថ្ងៃចន្ទ មានទំព័រហ្វេសប៊ុក ឈ្មោះ Seng Ratana បានបង្ហោះផ្សព្វផ្សាយខ្លឹមសារថា៖ «ហ៊ីង ប៊ុនហៀង កំពុងនៅថៃ ត្រៀមអមដំណើរ និងការពារលោកប្រធានស្តីទី សម រង្ស៊ី វិលត្រឡប់មកកាន់ប្រទេសកម្ពុជា នៅក្នុងខែកញ្ញាខាងមុខ។ ដូច្នេះនេះជាដំណឹងមួយដ៏រីករាយ និងរំភើបបំផុតហើយមានឧត្តមសេនីយ៍ជាង ២០ រូបទៀតក៏ត្រៀមចាំអមដំណើរលោកប្រធានស្តីទី សម រង្ស៊ី តាមច្រកព្រំដែនខ្មែរថៃផងដែរ»។
ឆ្លើយតបនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ លោក ហ៊ីង ប៊ុនហៀង បានថ្លែងថា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជន «អគតិ» ដែលបានផ្សព្វផ្សាយធ្វើឲ្យមានការភ័ន្ដច្រឡំ និងខូចសណ្ដាប់ធ្នាប់សង្គម ក៏ដូចស្ថិរភាពនយោបាយនៅក្នុងប្រទេសផងដែរ។
លោកបានបញ្ជាក់ប្រាប់ភ្នំពេញ ប៉ុស្តិ៍កាលពីថ្ងៃចន្ទថា៖ «កងកម្លាំង អង្គរក្សនៅក្រោមបញ្ជារបស់លោកទាំងអស់ គឺពិតជាត្រៀមអមដំណើរ ប៉ុន្ដែអមដោយខ្នោះ យកទៅជាមួយ ដើម្បីចាប់ទណ្ឌិតរូបនេះ និងបរិវារបស់ខ្លួន បើសិនឈានជើងចូលទឹកដីកម្ពុជាពេលណានោះ។ ពីព្រោះដីកាចាប់ខ្លួនរបស់តុលាការ ពាក់ព័ន្ធទៅនឹងបទល្មើសក្បត់ជាតិជាច្រើន កំពុងតែរង់ចាំទទួលទណ្ឌិតរត់ចោលស្រុករូបនេះ»។
លោក សម រង្ស៊ី បានថ្លែងនិងសរសេរបង្ហោះជាញឹកញាប់ថា លោក និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នឹងវិលត្រឡប់មកកម្ពុជាវិញនៅក្នុងឆ្នាំ ២០១៩ នេះហើយលោក សម រង្ស៊ី ក៏តែងតែធ្វើការអំពាវនាវកុំឲ្យកងទ័ពស្ដាប់បញ្ជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអះអាងថា ជា «នាយករដ្ឋមន្ត្រីខុសច្បាប់ និងជាជនផ្ដាច់ការ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការផ្សព្វផ្សាយរបស់បុគ្គលមួយចំនួន លើបណ្តាញសង្គមហ្វេសប៊ុកនេះថា គឺជាយុទ្ធសាស្រ្ដញុះញង់ និងជាព័ត៌មានដែលមិនពិតទាំងស្រុង។
លោកថ្លែងថា៖ «អ្វីៗដែលគាត់លើកឡើង (ហ្វេសប៊ុក) គឺអត់ពិតទាំងស្រុង រាប់ទាំងលោក សម រង្ស៊ី ផង ដែលមិនមែនជាការពិត»។
លោក លើកឡើងថា ការផ្សព្វផ្សាយព័ត៌មានខាងលើនេះ គ្រាន់តែជាការញុះញង់ ធ្វើម៉េចដើម្បីឲ្យមហាជនមួយចំនួនតូចជឿ ប៉ុន្ដែមហាជនភាគច្រើន គេយល់ថា នេះគ្រាន់តែជារឿងប្រឌិត។ លោកកត់សម្គាល់ឃើញ ថា ការផ្សព្វផ្សាយព័ត៌មានមិនពិត តាមរយៈហ្វេសប៊ុកនេះ មួយចំនួន ក៏មានបំណងព្យាយាមចង់ធ្វើឲ្យមន្រ្ដីរបស់គណបក្សប្រជាជនមិនទុកចិត្តគ្នា។ ប៉ុន្ដែការផ្សព្វផ្សាយបែបនេះ គឺមិនទទួលបានលទ្ធ ផលនោះទេព្រោះវាគឺជាយុទ្ធសាស្រ្ដបែបចាស់គំរឹល៕