ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការថ្កោលទោសចំពោះអំពើវាយប្រហារដោយបំផ្លោងគ្រាប់មកលើបន្ទាយកងទ័ពកម្ពុជា ស្ថិតនៅប្រទេសម៉ាលី ប៉ុន្តែមិនមាននរណាម្នាក់រងរបួស ឬស្លាប់នោះទេ។
លោកនាយករដ្ឋមន្ត្រី ឲ្យដឹងនៅថ្ងៃសុក្រ ទី ២៣ ខែមីនានេះថា ៖ «កម្ពុជាសូមថ្កោលទោសដាច់ខាតចំពោះក្រុមឧទ្ទាមនៅប្រទេសម៉ាលីដែលបានបង្កការវាយប្រហារមកលើកងទ័ពកម្ពុជាយើង។ ខ្ញុំសូមអំពាវនាវដល់នាយទាហាន និងពលទាហានទាំងអស់ត្រូវពង្រឹងស្មារតីអោយបានរឹងមាំក្នុងឋានៈជាពលរដ្ឋកម្ពុជា»។
បើតាមលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា សេចក្តីរាយការណ៍មួយថា នៅវេលាម៉ោង៦៖៥៥នាទីព្រឹក ម៉ោងនៅប្រទេសម៉ាលី ដែលត្រូវនឹងម៉ោង ១៖៥៥ នាទីរសៀល ម៉ោងនៅកម្ពុជា ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨ នេះមានករណីបំផ្លោងគ្រាប់ចំនួន ៣ គ្រាប់ ត្រូវចំស្នាក់ការរបស់កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ២ខ្នង នៅតំបន់ Kidal ប្រទេសម៉ាលី បណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិមួយចំនួន។
លោកឲ្យដឹងបន្ថែមថា កងកម្លាំងកម្ពុជា ដែលកំពុងបំពេញការងារនៅកន្លែងនោះជា«កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ១៨៩ ហើយមិនមានអ្នករងរបួសនោះ ឬស្លាប់នោះឡើយ។
កាលពីឆ្នាំមុន កងរក្សាសន្តិភាពកម្ពុជា ៤ រូប នៅប្រទេសអាហ្វ្រិកកណ្តាល បានស្លាប់ក្នុងការវាយប្រហារដោយក្រុមភេរវកម្មកាន់សាសនាគ្រិស្ត ដែលប្រឆាំងនឹងក្រុម Balaka នៅក្នុងប្រទេសនោះ ។
ទោះជាមានការវាយប្រហារ នាយករដ្ឋមន្ត្រីកម្ពុជា នៅតែអះអាងថានឹងបន្តបញ្ជូនកងទ័ពកម្ពុជា ទៅធ្វើការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាបន្ថែមទៀត៕