ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យ​មាន​ការ​ពិនិត្យ​លើ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ឆ្នាំ ១៩៩៥ ដើម្បី​រក​មើល​ចំណុច​ដែល​គួរ​ធ្វើ​វិសោធន​កម្ម ខណៈ​ច្បាប់​ពាក់​ព័ន្ធ ២ កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ព្រាង ហើយ​ទន្ទឹម​នេះ​លោក​ប្រាប់​ឲ្យ​មន្ត្រី​រួម​ចំណែក​វាយបក​លើ​ព័ត៌មាន​ក្លែង​ក្លាយ​ដោយ​ការ​បញ្ចេញ​ព័ត៌មាន​ពិត។

លោក​ថ្លែង​ដូច្នេះ​ក្នុងពេល​ជួប​ជាមួយ​អ្នកសារព័ត៌មាន និង​មន្ត្រី​បម្រើការ​ក្នុង​វិស័យ​ព័ត៌មាន​ប្រមាណ ៥ ពាន់​នាក់​កាល​ពី​ថ្ងៃ​សុក្រ នៅ​កោះ​ពេជ្រ។ លោក​ថ្លែង​ថា កម្ពុជា​ត្រូវ​មាន​ច្បាប់​ចំនួន ៣ ក្នុង​វិស័យ​ព័ត៌មាន​ដែល​រួម​មាន​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន​ឆ្នាំ ១៩៩៥ និង​ច្បាប់ ២ ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ព្រាង គឺ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន និង​ច្បាប់​បទ​ល្មើស​បច្ចេកវិទ្យា​ព័ត៌មាន។

លោក​បញ្ជាក់​ថា​ច្បាប់​ទាំង ២ ចុង​ក្រោយ​នេះ​ត្រូវ​តែ​មាន​សង្គតិភាព​ជាមួយ​គ្នា គឺ​ត្រូវ​ប្រើ​រួមគ្នា។ លោក​រំឭក​ថា កាល​ពី​កិច្ច​ប្រជុំ​អាស៊ី​អឺរ៉ុប​នៅ ប្រ៊ុចសែល ប្រទេស​បែលហ្ស៊ិក​កន្លង​ទៅ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ស្ទើរ​ទាំង​អស់​ដែល​បាន​ឡើង​ថ្លែង ពួកគេ​មិន​ភ្លេច​និយាយ​ពី​ឧក្រិដ្ឋកម្ម​ព័ត៌មាន​វិទ្យា និង​ព័ត៌មាន​ក្លែង​ក្លាយ​នោះ​ទេ។

លោក​ថ្លែងថា៖ «សូម្បីតែ​ប្រទេស​ដែល​គេ​ហៅថា ការគោរព​សិទ្ធិ​បញ្ចេញមតិ​ក៏​បង្កើត​នូវ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ទាក់ទង​ជាមួយ​នឹង​ឧក្រិដ្ឋ​កម្ម​ព័ត៌មាន​បច្ចេកវិទ្យា និង​ព័ត៌មាន​ក្លែង​ក្លាយ​រហូត​ដល់​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប​ដែល​គេ​ចាត់​ទុក​ថា ជា​បិតា​ប្រជាធិប​តេយ្យ​ក៏មាន​ច្បាប់​រារាំង ដើម្បី​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ព័ត៌មាន​ក្លែងក្លាយ និង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ការ​រំលោភ​បំពាន​អំពី​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ផង​ដែរ។ អ៊ីចឹង​ខ្ញុំ​សូម​ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​ឲ្យ​ច្បាស់​ទៅ​លើ​បញ្ហា​នេះ ដើម្បី​យើង​លើក​ជា​ក្របខ័ណ្ឌ​នៃ​ការ​គ្រប់គ្រង»។

លោក​បន្តថា នៅពេល​និយាយ​ដល់​ការគ្រប់គ្រង​លើ​វិស័យនេះ នឹងមាន​អ្នក​ខ្លះ​ចោទ​ថា កម្ពុជា​កំពុង​ឆ្ពោះ​ទៅ​រក​ប្រទេស​ផ្ដាច់ការ ដោយ​សារ​តែ​ពួកគេ​ត្រូវការ​ការ​រំលោភ​បំពាន​សេរីភាព​អ្នក​ដទៃ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ទៅ​មន្ត្រី​និង​អ្នកសារព័ត៌មាន​ឲ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ ដោយ​លោក​សំដៅ​ទៅ​ព័ត៌មាន​កន្លង​មក ដែល​ត្រូវ​បាន​ផ្សាយ​មិន​ពិត​ជា​ច្រើន​ដូចជា​ការ​ផ្សាយ​ព័ត៌មាន​ថា លោក​ទទួល​មរណភាព ឬ​លោក​ឲ្យ​ចាប់ តារា​ចម្រៀង ខេម និង​តារា​កំប្លែង ខ្ញុង ឧកញ៉ា គិត ម៉េង និង ឧកញ៉ា លី យ៉ុងផាត់។ លោក​បញ្ជាក់​ថា វិធី​ប្រយុទ្ធ​នឹង​ព័ត៌មាន​ក្លែង​ក្លាយ​នេះ គឺ​ការ​បញ្ចេញ​ព័ត៌មាន​ពិត ហើយ​លឿន។

លោក​ថ្លែងថា៖ «ដើម្បី​ចូលរួមចំណែក​នៅក្នុង​កា​រ​បំផ្លាញចោល​ព័ត៌មាន​ក្លែង​ក្លាយ តើ​អ្នក​សារ​ព័ត៌មាន​ត្រឹម​ត្រូវ​គួរ​ធ្វើ​អី? គឺ​ផ្សាយ​ព័ត៌មាន​ពិត​ចេញ​មក។ អាហ្នឹង​គឺ​អា​ក្លែងក្លាយ​វា​បាត់​ឯង»។

លោក​ហ៊ុន សែន បាន​ស្ដីបន្ទោស​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​រង​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ​ដោយ​ព័ត៌មាន​ក្លែង​ក្លាយ​ហើយ​មិន​បក​ស្រាយ​ការ​ពិត​នោះ ថា​ស្ថាប័ន​ទាំង​នេះ មាន​ភាព​ស្ពឹក​ស្រពន់។ លោក​ព្រមាន​ថា បើ​កិច្ចការ​នេះ​ធ្វើ​មិន​បាន​ទេ មន្ត្រី​ពាក់​ព័ន្ធ​ដែល​ស្ពឹក​ស្រពន់ ក្នុង​ការ​ឆ្លើយតប​បញ្ចេញ​ព័ត៌មាន​ពិត ប្រឈម​នឹង​ការ​ដូរ​តំណែង ក្នុង​ឆ្នាំ ២០២០។

លោក​ថា៖ «ហើយ​វិធីសាស្ត្រ​គឺ​យក​ព័ត៌មាន​ពិត​បញ្ចេញ​មក ដើម្បី​បន្សាប​អា​ព័ត៌មាន​ក្លែង​ក្លាយ។ វិធី​មាន​តែ​អ៊ីចឹង​ទេ។ អ៊ីចឹង​ត្រូវ​ធ្វើ​ការ​ឲ្យ​សកម្ម»។

ក្រៅពី​ការប្រកាស​ប្រយុទ្ធ​នឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ លោកនាយក​រដ្ឋមន្ត្រី​ក៏​ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​កម្ពុជា​កុំ​ជេរ​ប្រមាថ ញុះញង់ បង្ក​ជម្លោះ ឬ​ជេរ​បញ្ចោរ​គ្នា​ប្រើ​ពាក្យ​អសុរោះ តាម​បណ្ដាញ​សង្គម។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ប្រាប់​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋ​កម្ម​តាម​ព័ត៌មាន​វិទ្យា​កំពុង​ស្ថិត​ក្នុង​ការ​ព្រាង​ដោយ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនា​គមន៍ ហើយ​ថា ច្បាប់​នេះ​នៅ​មាន​ដំណាក់​កាល​មួយ​ចំនួន​មុន​ពេល​ចូលមក​ដល់​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី រួម​មាន​ការ​ប្រជុំ​ពិភាក្សា​ដោយ​អន្តរ​ក្រសួង​ជាដើម។

លោក​ថា៖ «អ្នក​លើក​ឡើង​ចេះ​តែ​ព្រួយ​បារម្ភ​តែ​មិន​រក​សុចរិត​ភាព​សម្រាប់​ខ្លួន​ឯង​ទេ។ ច្បាប់​នេះ​ខ្មែរ​មិន​យក​ពី​ព្រៃ​មក​ទេ។ យើង​សិក្សា​ដាក់​បញ្ជូល​តាំង​ពី​សហរដ្ឋ​អាមេរិក អង់គ្លេស និង​ប្រទេស​ដទៃ​ទៀត។ ពិភពលោក​កំពុង​យក​ចិត្ត​ទុក​ដាក់​លើ​ឧក្រិដ្ឋ​កម្ម​ប្រព័ន្ធ​អន​ឡាញ​នេះ​ឯង»។

អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ លោក​មាស ប៉ូ និង​លោក​ខូវ មករា មិនអាច​ទាក់ទង​សុំ​ការ​បញ្ជាក់​បាន​ទេ ពី​ម្សិលមិញ។ ប៉ុន្តែ​លោក​ផាត សុផានិត អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា ក្រុម​ការងារ​កំពុង​ពិនិត្យ​ចុង​ក្រោយ​មុន​នឹង​ឆ្លង​ក្រសួង​មហាផ្ទៃ​និង​បញ្ជូន​ទៅ​អន្តរ​ក្រសួង។

លោក​មាស សុ​ភ័​ណ្ឌ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ប្រាប់​ម្សិលមិញ​ថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​បាន​ឆ្លង​កាត់​ក្រុម​ការងារ​បច្ចេកទេស​ហើយ។ ថ្នាក់​ដឹកនាំ​បាន​ឯកភាព​ក្នុង​ការបន្ត​នីតិវិធី​ក្នុងការ​ប្រជុំ​ពិភាក្សា​ច្បាប់​នេះ​នៅ​ថ្នាក់​អន្តរ​ក្រសួង មុន​ចូល​ដល់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ដើម្បី​សម្រេច​បញ្ជូន​ទៅ​សភា។

លោក ណុប វី នាយ​កម​ជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ថ្លែង​ថា៖ «ច្បាប់​នេះ (សិទ្ធិ​ទទួល​បាន​ព័ត៌មាន) មាន​សារៈ​សំខាន់​សម្រាប់​ពលរដ្ឋ និង​ធានា​ឲ្យ​មាន​តម្លាភាព និង​គណនេយ្យ​ភាព​នៅ​ក្នុង​សង្គម។ ចំពោះ​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គួរ​តែ​មាន​ការ​ចូលរួម​យោបល់​ទូលំ​ទូលាយ​ពី​ពលរដ្ឋ​និង​ពី​សង្គម​ស៊ីវិល»៕