ភ្នំពេញៈ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កាលពី​ចុង​សប្ដាហ៍​បាន​លេងល្បែង​ភ្នាល់​គ្នា​រហូត​ដល់​សន្យា​ចុះ​ចេញ​ពី​តំណែង និង​ប្រគល់​ខ្លួន​ឲ្យ​រដ្ឋាភិបាល​ចាប់​ដាក់គុក បើ​គូប្រជែង​នយោបាយ​ណា​មួយ​ចាញ់​ការ​ភ្នាល់​ដ៏ភ្ញាក់ផ្អើល​មួយ​អំពី​ករណី​អតីត​មេបក្ស​ប្រឆាំង​លោក​ កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ​លើ​សំណុំ​រឿង​ «​ក្បត់ជាតិ​»​​ ថា​នឹង​ត្រូវ​ដោះលែង​ឬ​យ៉ាង​ណា​នោះ ខណៈ​អ្នកវិភាគ​មិន​មាន​ជំនឿ​ថា ភាគី​ណា​មួយ​ហ៊ាន​អនុវត្ត​ការសន្យា​របស់​ខ្លួន​ទេ ឯ​អ្នក​ដែល​ចាញ់ គឺ​ពលរដ្ឋ​។

ទោះ​ជា​យ៉ាង​ណា​លោក សម រង្ស៊ី ពី​ម្សិលមិញ​ប្រកាស​ជា​សាធារណៈ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ថា​លោក​ «​សុខចិត្ត​លះបង់​សេរីភាព​» ​របស់​លោក​ «​ដើម្បី​ប្តូរ​ជាមួយ​សេរីភាព​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​»​។

បន្ទាប់ពី​លោក​ ហ៊ុន សែន បាន​ប្រកាស​ថា​លោក កឹម សុខា នឹង​មិន​ត្រូវ​បាន​ដោះលែង​តាម​ការ​ព្យាករ និង​ប្រាប់​ឲ្យ​លោក​ សម រង្ស៊ី រង់ចាំ​រហូត «​សេះ​ដុះ​ស្នែង​» រួចមក​លោក​ សម រង្ស៊ី បាន​ប្រើប្រាស់​ហ្វេសប៊ុក​របស់​លោក​កាលពី​ចុង​សប្ដាហ៍​ដោយ​បបួល​លោក​ ហ៊ុន សែន ភ្នាល់​គ្នា​លើ​សំណុំរឿង​លោក​ កឹម សុខា ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ផ្ទះ​។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​លោក​ សម រង្ស៊ី កាលពី​ចុង​សប្ដាហ៍​មុន​បាន​បបួល​លោក​ ហ៊ុន សែន ភ្នាល់​ថា បើ​លោក​ កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​ពី​ការឃុំ​ក្នុង​ផ្ទះ​ចន្លោះ​ថ្ងៃទី​ ២៩ ខែ​ធ្នូ ឆ្នាំ​ ២០១៨ ដល់​ថ្ងៃទី​ ៣ ខែ​មីនា ឆ្នាំ​ ២០១៩ ក្រោម​សម្ពាធ​សហគមន៍​អន្តរជាតិ​ទេ នោះ​លោក​នឹង​ដើរ​ចូល​ឲ្យ​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន តែ​បើ​លោក​ កឹម សុខា នឹង​ត្រូវ​ដោះលែង​នា​ពេលវេលា​ដូច​កំណត់​ខាង​លើ ក្រោម​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​នោះ​គឺ​លោក​ ហ៊ុន សែន ចាញ់ ហើយ​លោក​ស្នើឲ្យ​ចុះ​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​។

លោក​ សម រង្ស៊ី សរសេរ​ថា​៖ «​ខ្ញុំ​នៅតែ​ជឿជាក់​ថា​ក្រោម​សម្ពាធ​អន្តរជាតិ លោក ហ៊ុន សែន នឹង​ត្រូវ​បង្ខំចិត្ត​ដោះលែង​លោក កឹម សុខា ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។ អាច​ថ្ងៃ​ ២៩ ធ្នូ ២០១៨ នេះ ឬ​ក៏​យ៉ាង​យូរ​បំផុត​ថ្ងៃ​ ៣ មីនា ២០១៩​។ បើ​លោក ហ៊ុន សែន ចាញ់​ខ្ញុំ​ក្នុង​ការ​ភ្នាល់​នេះ គាត់​មិន​ចាំបាច់​កាត់​ក​ខ្លួនឯង​ដូច​ក្នុង​ការ​សន្យា​បញ្ឈប់​ការកាប់​ព្រៃឈើ​នោះ​ទេ​។ ខ្ញុំ​គ្រាន់​តែ​សុំ​ឲ្យ​គាត់​ចុះ​ចេញ​ពី​តំណែង​បាន​ហើយ​។ តែបើ​ខ្ញុំ​ចាញ់​លោក ហ៊ុន សែន វិញ​ខ្ញុំ​សុខចិត្ត​ដើរចូល​ឲ្យ​គាត់​ចាប់​ខ្ញុំ​យក​ទៅ​ឃុំ​ទន្ទឹម​នឹង​លោក កឹម សុខា បើ​មិន​បញ្ចូល​រឿង​អ្វី​ថ្មី (​ដូចជា​រដ្ឋប្រហារ​) ក្រៅពី​ចំណុច​ដែល​បាន​លើក​ឡើង​ខាង​លើ​នេះ​»​។

ជាការ​ឆ្លើយតប​ក្នុង​ថ្ងៃ​ដដែល​លោក ហ៊ុន សែន ប្រាប់​សារព័ត៌មាន​ Fresh News តប​ទៅ​លោក​ សម រង្ស៊ី វិញ​ថា​លោក​សុខ​ចិត្ត​ធ្វើការ​ភ្នាល់​គ្នា​ជាមួយ​លោក​ សម រង្ស៊ី ដោយ​យក​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​ជា​ថ្នូរ​នឹង​ការ​ភ្នាល់​ជាមួយ​លោក​ សម រង្ស៊ី​។

លោក​អះអាង​ថា​៖ «​ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក​ សម រង្ស៊ី បើ​សិន​មាន​ការ​ដោះលែង កឹម សុខា មែន ខ្ញុំ ហ៊ុន សែន សុខចិត្ត​ចុះចេញ​ពី​តំណែង​តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី ប៉ុន្តែ​បើ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​វិញ​នោះ​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​ ២៩ ខែ​ធ្នូ ឆ្នាំ​ ២០១៨ រហូត​ដល់​ថ្ងៃទី​ ៣ ខែ​មីនា ឆ្នាំ​ ២០១៩ ​ទេ​លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់​ទទួល​ស្គាល់​ការភ្នាល់​របស់​ខ្លួន​ដោយ​ចូល​មក​ឲ្យ​ចាប់​ខ្លួន​ភ្លាមៗ​បន្ទាប់ពី​បញ្ចប់​ការ​ភ្នាល់​»​។

ដោយ​មិន​អាច​នៅ​ស្ងៀម​ពី​ការយក​ឈ្មោះ​របស់​លោក​ទៅ​ភ្នាល់​គ្នា​នោះ លោក​កឹម សុខា កាលពី​ថ្ងៃ​សៅរ៍​ចេញ​ពី​គេហដ្ឋាន​របស់​លោក​តាមរយៈ​សំណេរ​នៅលើ​ហ្វេសប៊ុក​មិន​បញ្ចេញ​ឈ្មោះ​លោក​ ហ៊ុន សែន ឬ​លោក​ សម រង្ស៊ី ​នោះ​អះអាង​ថា​លោក​ដឹង​អ្នក​ណា​កំពុង​ប្រព្រឹត្ត​អ្វី​ខ្លះ​មក​លើ​រូបលោក​។ សំណេរ​មាន​ខ្លឹមសារ​ថា​៖ «​គាត់​(​កឹម សុខា​) ​មិន​មាន​សេរីភាព​មែន តែ​គាត់​មាន​សម្បជញ្ញ​: ដឹងថា​អ្នក​កំពុង​ធ្វើ​អ្វី​មក​លើ​រូបគាត់ និង​ប្រទេស​ជាតិ​»​។

លោក​ សម រង្ស៊ី ក៏​បាន​អះអាង​នៅ​ថ្ងៃ​នោះ​ដែរ​ថា​តាម​ការពិត​លោក កឹម សុខា និង​រូបលោក​យល់​ចិត្ត​គ្នា​ច្បាស់​ណាស់ ពីព្រោះ​​ជា​មនុស្ស​តែ​មួយ​ទេ​។

លោក​សង្កត់ធ្ងន់​ថា​៖ «​បន្តិច​ទៀត​នេះ​យើង​នឹង​ឃើញ​ការពិត​ដែល​នៅ​តែ​បញ្ជាក់​ថា លោក កឹម សុខា នៅ​តែ​រក្សា​ជំហរ​ដដែល​គឺ​​រួបរួម​គ្នា​ដាច់ខាត​ជាមួយ​ សម រង្ស៊ី ដើម្បី​សង្គ្រោះ​ជាតិ​យើង​ឲ្យ​ទាល់​តែ​បាន​»​។

ប៉ុន្តែ​ក្នុង​បទសម្ភាស​ដាច់​ដោយ​ឡែក​មួយ​ទៀត​កាលពី​ថ្ងៃ​សៅរ៍​ជាមួយ Fresh News លោក​ ហ៊ុន សែន ថា​៖ «​ការដែល​ខ្ញុំ​សម្រេច​ភ្នាល់​ជាមួយ សម រង្ស៊ី គឺ​គាត់​បាន​រុញ​ខ្ញុំ​ឲ្យ​ផ្ទប់​ជញ្ជាំង​ដោយ​គ្មាន​ជម្រើស ដើម្បី​ទទួល​យក​ការ​ភ្នាល់​នេះ​ដោយ​ចៀស​មិន​ផុត ដើម្បី​សម្លាប់​ជីវិត​នយោបាយ កឹម សុខា បើ​មិន​ទទួល​យក​គេ​នឹង​ចោទ​ថា ជា​ជន​កំសាកញី​បំផុត​មិន​អង់​អាច​ក្លាហាន​មិន​ហ៊ាន​ទទួល​យក​ការភ្នាល់​ជាមួយ​គេ បើ​ទោះបី​ដឹង​យ៉ាង​ច្បាស់​ថា​ការយក​ជីវិត​មនុស្ស​មក​ភ្នាល់​ជា​ល្បែង​នេះ​ជា​រឿង​អគុណធម៌​បំផុត​ក៏ដោយ ព្រោះ​ សម រង្ស៊ី ជា​អ្នក​រៀបចំ​ផែនការ​ដ៏អាក្រក់​មួយ​នេះ ដើម្បី​សម្លាប់​ជីវិត​នយោបាយ​របស់​ កឹម សុខា ​»​។

លោក​បន្ត​ថា​៖ «​ជីវិត​លោក កឹម សុខា ត្រូវ​បាន​សម្លាប់​ដោយ សម រង្ស៊ី នឹង​ឈាន​ដល់​ផែនការ​មួយ​ជំហាន​ទៀត​នឹង​សម្លាប់​ខ្ញុំ​ផង​ដែរ ដូច្នេះ​ទាំង​លោក កឹម សុខា និង​ក្រុមគ្រួសារ​ព្រម​ទាំង​អ្នក​គាំទ្រ​លោក កឹម សុខា ទាំងអស់​សូម​កុំ​ភាន់ច្រឡំ​លើ​រឿង​នេះ​។ ករណី​ភ្នាល់​នេះ​ខ្ញុំ​មិនមែន​ជា​អ្នក​បបួល​នោះ​ទេ​គឺ សម រង្ស៊ី ជា​អ្នក​បង្ខំ​ខ្ញុំ​ឲ្យ​ទទួល​យក​ការ​ភ្នាល់​ដោយ​ចៀស​មិន​ផុត​ជា​ដាច់ខាត​»​។

អ្នកវិភាគ​នយោបាយ​លោក​ ព្រាប កុល យល់​ថា​ការ​ភ្នាល់​គ្នា​នេះ​មិន​មាន​អ្នកចាញ់​ទេ ឯ​អ្នកវិភាគ​នយោបាយ​លោក​ មាស នី ថា​ទំនង​គ្រាន់តែ​ជា​ការ​យក​ប្រៀប​ផ្នែក​នយោបាយ​ដោយ​លោក​មិន​ជឿថា​មាន​ភាគី​ណាមួយ​នឹង​អនុវត្ត​តាម​ការ​ភ្នាល់​គ្នា​នោះ​ទេ​។

លោក​ ព្រាប កុល លើក​ឡើង​ថា​៖ «​ទាំង​សម្តេច​ ហ៊ុន សែន ទាំង​ឯកឧត្តម​ សម រង្ស៊ី សុទ្ធ​តែ​មិន​ចាញ់​ចំពោះ​ល្បែងភ្នាល់​គ្នា​នេះ​ទេ​។ អ្នក​ដែល​ចាញ់​ពិតប្រាកដ​នោះ​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​»​។

លោក​ មាស នី ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​អ្នក​នយោបាយ​ខ្លះ​គាត់​បាន​ត្រឹម​តែ​និយាយ​ភ្នាល់​ទេ តែ​ភាព​ក្លាហាន​មែនទែន ខ្ញុំ​គិត​ថា​មិន​អាច​ទៅ​រួច​ទេ ហើយ​ឃើញ​ការ​ភ្នាល់​របស់​លោក សម រង្ស៊ី ក៏​វា​ជា​ផ្នែក​មួយ​ចង់​រុញ​ឲ្យ​លោក​ ហ៊ុន សែន ទល់​ជញ្ជាំង គ្មាន​ច្រកចេញ បើ​ទោះបី​ជា​ចង់​ដោះលែង​ក៏​ត្រូវ​បញ្ឈប់​ការដោះលែង ដើម្បី​ឲ្យ​ឈ្នះ​ចិត្ត​គ្នា​»​។

លោក​ថា​៖​ «​ខ្ញុំ​គិត​ថា​វា​ជា​ការរំលោភ និង​ជា​សកម្មភាព​មួយ​ដែល​អសីលធម៌​ទៅ​លើ​ជោគវាសនា​លោក កឹម សុខា​។ ប៉ុន្តែ​បើ​គាត់​ ២ ​នាក់​នេះ​មាន​ការ​ជជែក​គ្នា អាហ្នឹង​ថា​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ទៅ​ចុះ ឬ​អាច​ថា​ជា​ភាព​ឆ្លាតវៃ​មួយ​»៕