ភ្នំពេញៈ ដំណើរការ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បណ្ដោះអាសន្ន​មិនទាន់​ចាប់ផ្ដើម​ជា​ផ្លូវការ​ទេ ហើយ​នឹង​ត្រូវការ​ចំណាយ​ពេល​ ១២ ​ខែ ខណៈ​ការយក​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ទៅ​ទីផ្សារ​ដ៏ធំ​របស់​សហភាព​អឺរ៉ុប​អាច​កើត​មាន​ក្នុង​រយៈពេល​ ១៨ ​ខែ​ក្រោយ​ពេល​ដំណើរការ​ដក​ចាប់ផ្ដើម​ជា​ផ្លូវការ​។ នេះ​បើ​យោង​តាម​ការពន្យល់​របស់​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា និង​អ្នក​នាំពាក្យ​គណៈកម្មការ​អឺរ៉ុប​។

កាលពី​ថ្ងៃទី​ ៥ ខែ​តុលា​កន្លង​ទៅ​លោកស្រី Cecilia Malmstrom តំណាង​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា សហភាព​អឺរ៉ុប​បាន​ជូន​ដំណឹង​ដល់​ភាគី​កម្ពុជា​ថា ខ្លួន​កំពុង​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទៅ​លើ​ទំនិញ​គ្រប់​មុខ​ដែល​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​លើកលែង​សព្វាវុធ (Everything But Arms, EBA)​។

ការជូន​ដំណឹង​ផ្លូវការ​មក​រដ្ឋាភិបាល​លោក​ ហ៊ុន សែន អំពី​ចំណាត់​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដោយសារ​រដ្ឋាភិបាល​ហាក់​ព្រងើយកន្តើយ​នូវ​ការស្នើ​ឲ្យ​មាន​ការ​ស្តារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ក្រោយពី​គេ​មើល​ឃើញ​ថា មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។

ទោះ​ជា​យ៉ាង​ណា​អ្នក​នាំពាក្យ​គណៈកម្មការ​សហភាព​អឺរ៉ុប​លោក Daniel Rosario ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាមរយៈ​សារ​អេឡិចត្រូនិក​ពី​ម្សិលមិញ​ថា គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​គណៈកម្មការ​អឺរ៉ុប​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​អំពី​ការចាប់ផ្តើម​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​នៅ​ឡើយ គឺ​គណៈកម្មការ​កំពុង​រៀបចំ​ឯកសារ​នេះ​។

អ្នក​នាំពាក្យ​រូបនេះ​ថ្លែង​ថា​ដំណាក់កាល​ចាប់ផ្ដើម​នៃ​ដំណើរការ​ដក​នេះ​គិត​ចាប់ពី​ពេល​ដែល​ឯកសារ​ច្បាប់​ស្តីពី​ការសម្រេចចិត្ត​នេះ​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​ជា​ផ្លូវការ​នៅ​លើ​គេហទំព័រ​របស់​សហភាព​អឺរ៉ុប​។

លោក​បញ្ជាក់​ថា និយតកម្ម​អនុគ្រោះ​ពន្ធ​ចែង​ថា ផលប្រយោជន៍​ដែល​ទទួល​បាន​ពី​ប្រព័ន្ធ​នេះ​នឹង​ត្រូវ​ផ្អាក​ក្នុង​ករណី​មាន​ «​ការរំលោភ​ជា​ប្រព័ន្ធ​ និង​ធ្ងន់ធ្ងរ​លើ​គោលការណ៍​សិទ្ធិ​មនុស្ស​» ​ដែល​មាន​ចែង​ក្នុង​អនុសញ្ញា​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​ដូច​មាន​ចែង​ក្នុង​ឧបសម្ព័ន្ធ​ទី​ ៨ នៃ​និយតកម្ម​ដែល​សហភាពអឺរ៉ុប​​ បាន​អនុម័ត​កាលពី​ឆ្នាំ​ ២០១២​។

លោក​ថ្លែង​ថា​៖ «​ក្នុង​ករណី​គណៈកម្មការ​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​បណ្ដោះអាសន្ន ការសម្រេច​ចិត្ត​ចុង​ក្រោយ​នឹង​ធ្វើ​ឡើង​តាមរយៈ​ការធ្វើ​ប្រតិភូកម្ម​អំណាច​ដោយ​មាន​ការចូលរួម​ពី​សភា​អឺរ៉ុប និង​ក្រុមប្រឹក្សា​អឺរ៉ុប​។ ក្នុង​ករណី​ដែល​គណៈកម្មការ​អឺរ៉ុប​សម្រេច​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ទេ ការសម្រេចចិត្ត​ចុង​ក្រោយ​គឺ​ធ្វើ​ឡើង​ដោយ​ការអនុវត្ត​តាម​ការសម្រេច​នេះ ដែល​រដ្ឋ​សមាជិក​ត្រូវ​ពិគ្រោះ​យោបល់​តាម​គោលការណ៍​របស់​សភា​»​។

យោង​តាម​ច្បាប់​របស់​សហភាព​អឺរ៉ុប ការសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ត្រូវ​មាន​ការយល់​ព្រម​ដោយ​ក្រុមប្រឹក្សា​អឺរ៉ុប និង​សភា​អឺរ៉ុប​។ ការសម្រេច​របស់​ក្រុមប្រឹក្សា​អឺរ៉ុប​មាន​រដ្ឋមន្ត្រី​តំណាង​ពី​ប្រទេស​សមាជិក​ ២៧ ត្រូវ​បោះឆ្នោត​យល់​ព្រម​ដោយ​សំឡេង​ភាគច្រើន គឺ​ ៥៥ ​ភាគរយ ឬ​ស្មើ​ ១៦ ​ប្រទេស ហើយ​ប្រទេស​ទាំង​នេះ​ត្រូវ​មាន​ប្រជាជន​សរុប ​៦៥ ​ភាគរយ​នៃ​ប្រជាជន​ក្នុង​សហភាព​អឺរ៉ុប​ទាំង​មូល​។

យោង​តាម​គណៈកម្មការ​អឺរ៉ុប ការប្រកាស​ចាប់ផ្ដើម​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ គឺ​ដោយសារ​តែ​មាន​ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ​ និង​ធ្ងន់ធ្ងរ​លើ​គោលការណ៍​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​មាត្រា​ ១៩ នៃ​ច្បាប់​ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​អនុម័ត​នៅ​ឆ្នាំ​ ២០១២​។

លោក Daniel Rosario បន្ថែម​ថា គណៈកម្មការ​អឺរ៉ុប​អាច​ចាប់ផ្ដើម​ស៊ើបអង្កេត ប្រសិន​បើ​ខ្លួន​គិត​ថា​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ក្នុង​ការដក​ប្រព័ន្ធ​នេះ​ជា​បណ្ដោះអាសន្ន​។ ប្រភព​ព័ត៌មាន​ជា​មូលដ្ឋាន​ដើម្បី​ពិចារណា​គឺ​បាន​ពី​របាយការណ៍ និង​អនុសាសន៍​របស់​អង្គការ​សហប្រជាជាតិ អង្គការ​ពលកម្ម​អន្តរជាតិ និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ទៀត​រួម​ទាំង​របាយការណ៍​ពី​សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ អ្នកសិក្សា​ស្រាវជ្រាវ និង​ព័ត៌មាន​ដែល​ទទួល​បាន​ពី​ភាគី​ប្រទេស​ដែល​ទទួល​ផល​ផង​ដែរ​។

លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា ក៏​បាន​ប្រាប់​កាលពី​ថ្ងៃ​អង្គារ​ដែរ​ថា​គណៈកម្មការ​សហភាព​អឺរ៉ុប​នឹង​ប្រើ​ពេល​ ៦ ​ខែ​ដើម្បី​ពិនិត្យ​តាមដាន និង​ប្រមូល​ព័ត៌មាន​។ ក្នុង​រយៈពេល​នេះ​វា​គឺជា​ឱកាស​សម្រាប់​ប្រទេស​ដែល​ពាក់ព័ន្ធ​ក្នុង​ការសហការ​ផ្តល់​ព័ត៌មាន​ចាំបាច់​ដែល​ពាក់ព័ន្ធ​។

លោក​ថា ​បន្ទាប់ពី​រយៈពេល​ ៦ ​ខែ​នេះ​បាន​បញ្ចប់ គណៈកម្មការ​អឺរ៉ុប​នឹង​ប្រើ​ពេល​ ៦ ​ខែ​ទៀត ដើម្បី​វាយតម្លៃ និង​សម្រេច​ថា តើ​ត្រូវ​ដក​ ឬ​មិន​ដក​។ ប្រសិន​បើ​គណៈកម្មការ​សម្រេច​ដក​ក្នុង​រយៈពេល​ ១២ ​ខែ​នេះ​សេចក្តី​សម្រេច​នឹង​ចូល​ជា​ធរមាន​ក្នុង​រយៈពេល​ ៦ ​ខែ​ទៀត​សរុប​ទៅ​អាច​មាន​រយៈពេល ១៨ ​ខែ គិត​ចាប់​ពី​ថ្ងៃ​ប្រកាស​ដំណើរការ​ដក​ជា​ផ្លូវការ​។

លោក​សរសេរ​ថា​៖ «​នេះ​មាន​ន័យ​ថា​ការសម្រេច​ចិត្ត​ជា​ផ្លូវការ​ក្នុង​ការដក​ការអនុគ្រោះ​ពន្ធ​លើ​អ្វីៗ​គ្រប់​យ៉ាង​លើកលែង​តែ​អាវុធ EBA ទាំង​ស្រុង​ ឬ​ដោយ​ផ្នែក​នឹង​កើត​មាន​បន្ទាប់ពី​ដំណើរការ​រយៈពេល​ ១២ ​ខែ ដូច​ពន្យល់​ខាង​លើ​បាន​បញ្ចប់​។ បើ​សិន​ជា​ការសម្រេច​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ព្យួរ​ការអនុគ្រោះ​ដោយ​ផ្នែក​ខ្លះ ឬ​ទាំងអស់​សម្រាប់​កម្ពុជា​រយៈពេល​ ៦ ​ខែ​ទៀត​ដែល​ហៅថា​ «​រយៈពេល​អនុគ្រោះ​» នឹង​ត្រូវ​ផ្ដល់​ឲ្យ​មុន​ពេល​ការយក​ពន្ធ​ចាប់ផ្ដើម​ដំណើរការ​លើ​ទំនិញ​ដែល​ពាក់ព័ន្ធ​»​។

កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ចំនួន​ ៤៩ ​ផ្សេង​ទៀត​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ទំនិញ​ដោយ​មិន​ជាប់​ពន្ធ​ និង​មិនមាន​កូតា​កំណត់​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប សម្រាប់​ទំនិញ​គ្រប់​យ៉ាង​ក្រៅ​ពី​គ្រឿង​សព្វាវុធ​។ ការទទួល​បាន​ការអនុគ្រោះ​ពន្ធ​នេះ ដោយសារ​តែ​កម្ពុជា និង​ប្រទេស​ទាំង​ ៤៨ ​ស្ថិត​ក្នុង​កម្រិត​អភិវឌ្ឍន៍​តិចតួច​ (LDC)​។

ប៉ុន្តែ​ប្រទេស​ដែល​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ត្រូវ​គោរព​គោលការណ៍​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ដូច​មាន​ចែង​ក្នុង​អនុសញ្ញា​ស្ដីពី​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​របស់​អង្គការ​សហប្រជាជាតិ​ និង​អង្គការ​ពលកម្ម​អន្តរជាតិ​។ ការទទួល​បាន EBA នេះ​ធ្វើឲ្យ​កម្ពុជា​ចំណេញ​ពន្ធ​បាន​ប្រមាណ​ ៦៧៦ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំៗ​៕