ភ្នំពេញៈ វិស័យឯកជនជាច្រើន និងសហព័ន្ធសហភាពកម្មករមួយចំនួនកាលពីថ្ងៃសុក្របានសម្ដែងការសោកស្ដាយចំពោះសេចក្ដីសម្រេចរបស់គណៈកម្មការអឺរ៉ុបដែលបានព្យួរប្រមាណ ២០ ភាគរយ នៃទំនិញកម្ពុជានាំចូលទីផ្សារអឺរ៉ុបក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA។ អ្នកនាំពាក្យរដ្ឋាភិបាលថ្លែងថា កម្ពុជានៅតែប្រកាន់ជំហររបស់ខ្លួនដដែល។
វិស័យឯកជនចំនួន ២០ រួមមានទាំងសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃសុក្រដោយសម្ដែងការសោកស្ដាយចំពោះការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA សម្រាប់ប្រទេសកាលពីថ្ងៃទី ១២ កុម្ភៈកន្លងទៅ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ការយកពន្ធអនុវត្តចាប់ពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២០ តទៅលើផលិតផលដែលព្យួរប្រមាណ ២០ ភាគរយនោះ ស្មើទឹកប្រាក់ប្រមាណ ១,៣ ពាន់លានដុល្លារ ក្នុងចំណោមទឹកប្រាក់សរុបប្រមាណ ៥,៨ ពាន់លានដុល្លារ ដែលកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុប។ ការយកពន្ធនេះនឹងយកទៅលើផលិតផលសម្លៀកបំពាក់ជាក់លាក់ចំនួន ២០ ភាគរយ ផលិតផលស្បែកជើងជាក់លាក់ ៣០ ភាគរយ។ ចំណែកឯការយកពន្ធលើសម្ភារសម្រាប់ធ្វើដំណើរ និងស្ករសគឺទាំងស្រុង។
សេចក្ដីប្រកាសព័ត៌មានរបស់វិស័យឯកជនបានលើកឡើងថា វិធីសាស្ត្រដែលកំណត់យកពន្ធប្រមាណ ២០ ភាគរយនេះនឹងធ្វើឲ្យតម្លៃទំនិញដែលបានជ្រើសរើសមានការកើនឡើងប្រមាណ ១៤០ លានដុល្លារអាមេរិក។
សេចក្ដីប្រកាសព័ត៌មានសរសេរថា៖ «ថ្ងៃអនាគតប្រទេស កម្ពុជា នឹងបន្តទទួលបានអត្ថប្រយោជន៍អនុគ្រោះផ្នែកពាណិជ្ជកម្មចំនួន ៨០ ភាគរយ នៃការនាំចេញរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុប។ ដូច្នេះយើងសូមអំពាវនាវឲ្យគណៈកម្មការអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជាបន្តចូលរួមក្នុងកិច្ចសន្ទនាអំពីបញ្ហានានាដែលលើកឡើងនៅក្នុងការត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប»។
វិស័យឯកជនបន្តថា នឹងប្ដេជ្ញាសហការជាមួយផ្នែកនានាដែលរងផលប៉ះពាល់ដោយសារការសម្រេចចិត្តនេះហើយនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ដើម្បីពង្រឹង និងលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជាស្របតាមឧត្តមានុភាពអន្តរជាតិ។
បើទោះជាលើកឡើងពីដើមថា ពួកគេមានការសោកស្ដាយក៏ដោយ ក៏វិស័យឯកជនទាំងនេះបានអះអាងថាការដកផ្នែកខ្លះនេះ «ក៏ជាឱកាសមួយក្នុងការចាប់ផ្ដើមធ្វើកំណែទម្រង់រចនាសម្ព័ន្ធបន្ថែមទៀតដែលនឹងជួយពង្រឹងការអនុវត្តច្បាប់ និងការកាត់បន្ថយការប្រកួតប្រជែងមិនស្មើភាព និងអាចនឹងជួយពន្លឿនការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ទីផ្សារនាំចេញ និងប្រភពនៃការវិនិយោគ»។
សេចក្ដីប្រកាសព័ត៌មានដដែលថ្លែងថាក្នុងរយៈពេល ១២ ខែចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាបានអនុវត្តកំណែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅដោយលុបបំបាត់បន្ទុកមិនចាំបាច់ និងសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា។ ដូច្នេះផលប៉ះពាល់អាចត្រូវបានកាត់កងតាមរយៈកំណែទម្រង់នេះ និងការត្រៀមទុនបម្រុង ៣ ពាន់លានដុល្លាររបស់រដ្ឋាភិបាល។
ក្រៅពីនេះសម្ព័ន្ធសហភាព និងសហភាពសហជីពចំនួន ៣ ដែលតំណាងឲ្យកម្មកររាប់ម៉ឺននាក់បានចេញសេចក្ដីថ្លែងការណ៍ប្រហាក់ប្រហែលគ្នាដោយសម្ដែងការសោកស្ដាយចំពោះការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប។ សហជីពទាំងនេះរួមមានសហព័ន្ធសហជីពដើម្បីសិទ្ធិការងារ សហព័ន្ធសហជីពសុវត្ថិភាពកម្មករ និងសហភាពពលកម្មជាតិកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់សហភាពពលកម្មជាតិកម្ពុជាដែលតំណាងឲ្យកម្មករ ជាង ៣៦ ០០០ នាក់ បានសរសេរថា៖ «វិធានការនេះគឺមិនសមស្របជាមួយនឹងទិដ្ឋភាពជាក់ស្ដែងនៃការរីកចម្រើនគួរឲ្យកត់សម្គាល់នៃស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅព្រះរាជាណាចក្រកម្ពុជា»។
សេចក្ដីថ្លែងការណ៍ដដែលបានបន្តថា៖ «ដោយឡែកបើប្រៀបធៀបជាមួយដៃគូពាណិជ្ជកម្មដទៃទៀតរបស់សហភាពអឺរ៉ុប យើងខ្ញុំចាត់ទុកថា សេចក្ដីសម្រេចដកហូតបណ្ដោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាការអនុវត្តស្តង់ដាពីររបស់សហភាពអឺរ៉ុបដែលបានជំរុញដោយហេតុផលនយោបាយ។ ការសម្រេចដោយមានភាពលម្អៀង និងមិនបានពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយអំពីស្ថានភាពជាក់ស្ដែងនៅកម្ពុជាបានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ និងជីវភាពរបស់បងប្អូនកម្មករនិយោជិតខ្មែរ»។
សម្ព័ន្ធសហភាព និងសហភាពទាំង ៣ ក៏បានអំពាវនាវឲ្យកម្មករនិយោជិតគ្រប់រូបបន្តចូលរួមគោរព និងអនុវត្តច្បាប់ និងគាំទ្រដល់កម្មវិធី និងវិធានការរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកើតមានជាយថាហេតុ។
ទោះយ៉ាងណាក៏ដោយកាលពីថ្ងៃអាទិត្យម្សិលមិញលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចោលនៅក្នុងប្រទេសដែលធ្លាប់គាំទ្រជំហរសហភាពអឺរ៉ុបក្នុងការព្យួរ EBA នេះបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ការព្យួរ ២០ ភាគរយ ដោយសហភាពអឺរ៉ុបគឺជាសំណាងល្អទៅវិញទេ សម្រាប់ឲ្យកម្ពុជាមានឱកាសធ្វើកំណែទម្រង់ចាំបាច់ខ្លះជាបន្ទាន់។
លោកថា ដើម្បីឲ្យឧស្សាហកម្មកម្ពុជាដំណើរការដោយគ្មាន EBA ត្រូវដោះស្រាយបញ្ហា ២ គឺទី១ លើកកម្ពស់លទ្ធភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ទី២ លើកកម្ពស់ផលិតភាពនៃឧស្សាហកម្ម គឺត្រូវផលិតទំនិញមានគុណភាពល្អសមរម្យក្នុងតម្លៃទាបសមរម្យ ដើម្បីអាចប្រកួតប្រជែងជាមួយទំនិញមកពីប្រទេសដទៃទៀតដែលមានលក់ដូចគ្នាលើទីផ្សារអន្តរជាតិ។
លោកថ្លែងថា៖ «ដើម្បីលើកកម្ពស់ផលិតភាពនៃឧស្សាហកម្មកម្ពុជា យើងត្រូវតែបំបាត់អំពើពុករលួយគ្រប់ជាន់ថ្នាក់ដែលធ្វើឲ្យតម្លៃទំនិញយើងថ្លៃលើសគេ ហើយត្រូវតែកែលម្អប្រព័ន្ធសុខាភិបាល ប្រព័ន្ធអប់រំ និងប្រព័ន្ធសង្គមកិច្ច ព្រមទាំងសេវាសាធារណៈទាំងអស់ដែលសព្វថ្ងៃមានភាពរយីករយាក ហើយមិនអាចបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបានឡើយ»។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានថ្លែងកាលពីម្សិលមិញថា រដ្ឋាភិបាលបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ឆ្លើយតបនឹងផលប៉ះពាល់នៃការដក EBA ដែលជាការបង់ពន្ធសម្រាប់ទំនិញនាំចូលទីផ្សារអឺរ៉ុប ហើយការដកនេះមិនមែនមានន័យថា កម្ពុជាបាត់បង់ទីផ្សារអឺរ៉ុបទេ។
លោកថ្លែងថា៖ «រដ្ឋាភិបាលបានរៀបចំកំណែទម្រង់មុតស្រួចតាំងពីការចំណាយដែលមិនចាំបាច់ កាត់បន្ថយការត្រួតត្រាតាមព្រំដែនតាមច្រកចូលអន្តរជាតិ ការកាត់បន្ថយពន្ធ នោះហើយជាការចូលរួមបន្ថែមនៃការទទួលខុសត្រូវនៃការដំឡើងពន្ធរបស់សហភាពអឺរ៉ុប។ ដូច្នេះយើងមើលទៅ មិនមែនជាមូលដ្ឋានគ្រឹះណាមួយដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើងទេ»។
ចំពោះការសម្រេចចិត្តដកប្រព័ន្ធអនុគ្រោះពន្ធនេះលោកថ្លែងថា កម្ពុជាមានការសោកស្ដាយ ហើយជារឿងអយុត្តិធម៌ ដែលសហភាពអឺរ៉ុបយករឿងសិទ្ធិមនុស្ស និងទិដ្ឋភាពនយោបាយមកជំនួស។
លោកបន្តថា សហភាពអឺរ៉ុបកំពុងធ្វើពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតដែលមានកំណត់ត្រាសិទ្ធិមនុស្សមិនល្អ។
លោកថ្លែងថា៖ «ជំហររបស់រាជរដ្ឋាភិបាលគឺនៅដដែល។ យើងមិនមែនគ្រាន់តែយកការអនុគ្រោះពន្ធដើម្បីធ្វើឲ្យយើងមានបដិវត្តិន៍ ឬរឿងផ្សេងទៀតប៉ះពាល់ដល់ឯករាជ្យក៏ដូចជាអធិបតេយ្យភាពរបស់កម្ពុជាគឺយើងអត់ធ្វើទេ។ សារដ៏រឹងមាំដែលសម្ដេចអគ្គមហាសេនាបតីតេជោបានលើកឡើង គឺថាមិនមានការផ្លាស់ប្ដូរជំហរណាដើម្បីបំពេញចិត្តបរទេសមួយណាឡើយ។ ប៉ុន្តែទោះយ៉ាងណាកិច្ចសហប្រតិបត្តិការក្នុងនាមជាដៃគូ យើងនៅតែបន្តទៅមុខទៀត។ សហប្រតិបត្តិការជាដៃគូមិនមែនជាកិច្ចសហប្រតិបត្តិការរវាងចៅហ្វាយ និងកូនចៅទេបាទ»៕