ព្រះវិហារៈ ក្រុមយុវជន​ជា​សកម្មជន​ស្រឡាញ់​បរិស្ថាន​ប្រមាណ​ ១០ ​នាក់​ បាន​បង្កើត​យុទ្ធនាការ «​ជិះ​កង់​ដើម្បី​ព្រៃ​ព្រះរកា​» ចាប់ពី​ថ្ងៃទី​ ២៩ វិចិ្ឆកា-២ ​ធ្នូ ដោយ​ជិះ​កង់​ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ដ​ព្រះវិហារ​មាន​ចម្ងាយ​ផ្លូវ​ជាង​ ៣០០ ​គីឡូម៉ែត្រ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ និង​ស្នើឱ្យ​រដ្ឋាភិបាល​ជួយ​ការពារ​បន្ថែម​ដោយ​ពួកគេ​អះអាង​ថា ព្រៃឈើ​នៅ​តំបន់​នោះ​នៅ​តែ​ប្រឈម​នឹង​ការកាប់បំផ្លាញ​ពី​ជនខិលខូច​។

យុវជន​ សាន់ ម៉ាឡា តំណាង​ក្រុមយុវជន​ស្រឡាញ់​បរិស្ថាន​ទាំង​ ១០ ​នាក់​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្រុម​ពួកគេ​សុទ្ធតែ​ជា​អ្នក​ស្រឡាញ់​ព្រៃឈើ​និង​ធនធាន​ធម្មជាតិ​។ នាពេល​កន្លងមក​ពួកគេ​ធ្លាប់​បាន​ចុះទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ព្រៃ​ព្រះរកា​ជាមួយ​ប្រជាសហគមន៍​ហើយ​សង្កេតឃើញ​ថា តំបន់​នោះ​កំពុងតែ​រង​ការកាប់​បំផ្លាញ​ពី​សំណាក់​ជនខិលខូច​។ ដូច្នេះ​ទើប​ពួកគេ​បាន​មូលមតិ​គ្នា​ធ្វើ​យុទ្ធនាការ​ជិះ​កង់​នេះ​ឡើង​។

សាន់ ម៉ាឡា ថ្លែងថា​៖ «​យុទ្ធនាការ​ជិះ​កង់​របស់​ពួកយើង​នេះ មាន​គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ព្រៃ​ព្រះរកា ព្រោះ​កន្លងមក​ព្រៃ​ព្រះរកា​ប្រជាពលរដ្ឋ​ទូទៅ​មិនទាន់​ស្គាល់​បាន​ទូលំទូលាយ​នៅឡើយ​ទេ​។ យុទ្ធនាការ​នេះ​ក៏​ជា​ការស្វែងរក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​យើង​ក្នុងការ​ថែរក្សា​ព្រៃ​ព្រះរកា​»​។

យុវជន​ ម៉ាឡា បន្ដថា​៖ «​យើង​ក៏​ចង់​ស្នើឱ្យ​រាជរដ្ឋាភិបាល ពិសេស​ក្រសួងបរិស្ថាន​មាន​ចំណាត់ការ​ជាក់លាក់​ជាង​មុន​។ ព្រោះ​យើង​ឃើញថា​ទោះបី​ជា​តំបន់​ព្រៃ​ព្រះរកា​ត្រូវ​បាន​ដាក់​ចូល​ជា​ដែនជម្រក​សត្វព្រៃ​នៅ​ឆ្នាំ​ ២០១៦ ក្ដី មាន​វត្ដមាន​ក្រុម​ឧទ្យាននុរក្ស​ចុះទៅ​ការពារ​ក្ដី ប៉ុន្ដែ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​នេះ​គឺ​មិន​មាន​ការ​ថមថយ​ទេ​។ ដូច្នេះ​យើង​ចង់ឱ្យ​ក្រសួង​ធ្វើការ​ច្បាស់លាស់​ជាង​មុន ដោយ​ធ្វើ​ម៉េច​ធានា​ឱ្យ​តំបន់​នេះ​មាន​សុវត្ថិភាព និង​លែង​មាន​ការកាប់បំផ្លាញ​បន្តទៀត​»​។

ក្រុមយុវជន​ដែល​ជា​សកម្មជន​ស្រឡាញ់​បរិស្ថាន​នេះ​បាន​កត់សម្គាល់​ឃើញថា ក្នុងពេល​ថ្មីៗ​នេះ​ប្រជាសហគមន៍​នៅ​តំបន់​ព្រៃ​ព្រះរកា​បានឃើញ​សត្វព្រៃ​មួយ​ចំនួន​បាន​រត់​ចេញ​ពី​ក្នុងព្រៃ​មក​រស់នៅ​ក្នុងភូមិ​។ ក្នុងនោះ​សត្វព្រៃ​មួយ​ចំនួន​ក៏ត្រូវ​បាន​គេ​បាញ់សម្លាប់​ និង​ខ្លះទៀត​បាន​ជាប់អន្ទាក់​ព្រានព្រៃ​ជាដើម​។ ករណី​នេះ​ក្រុមយុវជន​អះអាង​ថា កើតឡើង​ដោយ​ជនខិលខូច​កាប់បំផ្លាញ​ព្រៃឈើ ប្រើ​គ្រឿងចក្រ​ដែល​មាន​សំឡេង​ឮ​ខ្លាំង​នាំឱ្យ​សត្វព្រៃ​លែង​ហ៊ាន​រស់នៅ​ក្នុងព្រៃ​បន្ដទៀត​។

យុវជន​រូបនេះ​បញ្ជាក់ថា​៖ «​បន្ទាប់ពី​បញ្ចប់​យុទ្ធនាការ​ជិះ​កង់​នេះ ពួកយើង​នឹង​ធ្វើ​ជា​ញត្ដិ​ដែលជា​លិខិត​សំណូមពរ ដើម្បី​យក​មក​ដាក់​នៅ​ក្រសួងបរិស្ថាន​ដែរ ដើម្បី​បង្ហាញ​ពីអ្វី​ដែល​ពួកយើង​បាន​រកឃើញ​ថត​បាន​នៅ​អំឡុង​ពេលដែល​យើង​ចុះទៅ​កន្លងមក​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ និង​សំណូមពរ​ឱ្យ​ក្រសួង​អន្តរាគមន៍​និង​ដោះស្រាយ​។ ព្រោះ​យើង​សង្កេតឃើញថា​ក្រសួង​នៅមាន​ភាពខ្វះ​ចន្លោះ​ច្រើន​ទាក់ទង​នឹង​យន្តការ​តាមដាន ត្រួតពិនិត្យ​លើ​ការ​អនុវត្ដ​ច្បាប់​របស់​មន្ដ្រី​ថ្នាក់ក្រោម​»​។

លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ចាត់​ទុក​ការធ្វើ​យុទ្ធនាការ​បែបនេះ គឺជា​សិទ្ធិ​របស់​ក្រុមយុវជន ប៉ុន្តែ​ថា​យុវជន​ត្រូវគោរព​តាមច្បាប់​ដែលមាន​ជាធរមាន​ជាពិសេស​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ​។

លោក​ថ្លែងថា​៖ «​ក្រសួងបរិស្ថាន ស្វាគមន៍​រាល់​សកម្មភាព​ទាំងឡាយ​ដែល​មាន​ភាពស្មោះត្រង់ និង​ស្របច្បាប់​ចូលរួម​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដែល​កម្ពុជា​មាន​ក្នុង​ការគ្រប់គ្រង​ និង​អភិរក្ស​តំបន់​ការពារ ធម្មជាតិ ដែល​ស្ថិតក្រោម​យុត្តាធិការ​របស់ខ្លួន ដោយ​ក្រសួង​បាន​រៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ ក្នុងនោះ​រួមមាន​ការរៀបចំ​មន្ត្រី​ឧទ្យានុរក្ស ដើម្បី​ចុះ​ល្បាត​នៅ​តាម​តំបន់​ការពារធម្មជាតិ​»​។

លោក​បញ្ជាក់ដែរថា​នៅ​ដែនជម្រក​សត្វព្រៃ​ព្រះ​រកា​មាន​មន្ត្រី​ឧទ្យានុរក្ស​ចំនួន​ ១៧ ​នាក់ កំពុង​ឈរជើង​ការពារ និង​ល្បាត​ទាំងយប់​ទាំង​ថ្ងៃ​។ ក្រសួងបរិស្ថាន ក៏បាន​រៀបចំ​ផែនការ​ចុះបញ្ជី​ដី​តំបន់​ការពារ​ធម្មជាតិ ដើម្បី​ការពារ​កុំឱ្យ​មានការ​កាប់​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ខុសច្បាប់​។ ពង្រឹង​សមត្ថភាព​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​ការល្បាត និង​បំពាក់អាវុធ​ដើម្បី​ប្រើប្រាស់​ពេល​ចុះល្បាត ដោយ​មាន​ការឯកភាព​​ពី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការពារ​ជាតិ​។

លោក​ថ្លែងថា​៖ «​ក្រសួង​ក៏បាន​រៀបចំ​ និង​កំពុង​អនុវត្ត​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​បង្កើត​មុខរបរ​ថ្មី​របស់​ពលរដ្ឋ មូលដ្ឋាន​កុំឱ្យ​ពឹង​លើ​មុខរបរ កាប់​ឈើ​និង​បរបាញ់​សត្វ​បន្តទៀត​ក្នុង​គោលដៅ​បង្កើន​ជីវភាព​ក្រុមគ្រួសារ​ពួកគាត់​។ ក្រសួង ក៏​បាន​ទទួលស្គាល់​សហគមន៍​តំបន់​ការពារ​ធម្មជាតិ និង​តួនាទី​របស់​ពួកគាត់​ក្នុង​ការងារ​អភិរក្ស និង​ការពារ​ធនធាន​ធម្មជាតិ​»​។

លោក​អះអាងថា​៖ «​ក្រៅពីនេះ​ក្រសួង​បានដាក់ចុះ​វិធានការ​ច្បាប់​មួយចំនួន​ដើម្បី​បង្ក្រាប​ការរុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ និង​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​កើតមាន​ជាមួយ​នឹង​យន្តការ​ដែលមាន​ស្រាប់​។ កិច្ចការ​ទាំងអស់​នេះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងបរិស្ថាន​បាន​បំពេញ​ការងារ​ជាប្រចាំ​។ ជាមួយ​វិធានការ​ទាំងនេះ​បាន​ធ្វើឱ្យ​តំបន់​ការពារ​ធម្មជាតិ​របស់​យើង​ត្រូវបាន​ការពារ និង​អភិរក្ស​ប្រកប​ដោយ​ប្រសិទ្ធភាព​»​។

លោក​ នេត្រ ភក្ត្រា បាន​បន្ថែម​ថា​ជាការពិត​បទល្មើស​ខ្នាត​ធំ​លែង​មាន​ទៀត​ហើយ​នៅ​សល់​តែ​បទល្មើស​ខ្នាតតូច​នៅ​មាន​ដែល​ចាំបាច់​ត្រូវតែ​បន្តការងារ​គ្រប់គ្រង និង​អភិរក្ស​បន្ថែមទៀត​។ ជាពិសេស​ត្រូវការ​ចូលរួម​ដោយ​ស្មោះត្រង់ និង​គ្មាន​របៀបវារៈ​នយោបាយ​នៅ​ពីក្រោយ និង​មិន​បម្រើ​ឱ្យ​គោលដៅ​របស់​បរទេស​ណាមួយ​នោះឡើយ គឺ​បម្រើ​ផលប្រយោជន៍​ខ្មែរ​៕