កំពង់ធំៈ ​ប្រ​ជា​ពល​រដ្ឋ​មួយ​ចំនួន​​ក្នុង​ចំណោម​ពល​រដ្ឋ​ ​​៣៥ ​នាក់​ ដែល​ធ្លាប់​ជា​សកម្ម​ជន​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​កំ​ពង់​ធំ​​ កាល​ពី​ម្សិល​មិញ ​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​អំ​ពី​សុវតិ្ថ​ភាព​ផ្ទាល់​ខ្លួន​​របស់​ពួក​គេ ​ក្រោយ​ពី​សមត្ថ​កិច្ច​​បាន​ហៅ​ទៅ​សាក​សួរ​ពាក់​ព័ន្ធ​សកម្ម​ភាព​ថត​វីដេ​អូ​គាំ​ទ្រ​ លោក សម​ ​រង្ស៊ី នា​ពេល​កន្លង​មក​ ​រួម​ទាំង​សកម្ម​ភាព​តាម​ឃ្លាំ​មើ​ល​ពី​អាជ្ញាធរ​មូ​ដ្ឋាន​កាល​ពី​ពេល​ថ្មីៗ​នេះ។​ ​

លោក ​ថៃ ​ធី​ម​ អតីត​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់​ធំ​ នៃ​អតីត​បក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​ ពល​រដ្ឋ​ដែល​ធ្លាប់​ជា​សកម្ម​ជន​នៃ​អតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ​គ្រាន់​តែ​ជួប​ជុំ​គ្នា​ក្នុង​ពិធី​ស្រស់ស្រូប​អាហារ​ដោយ​ការ​នឹក​រឭក​គ្នា​ទៅ​វិញ​ទៅ​មក​តែ​ប៉ុណ្ណោះ​ស្រាប់​តែ​មាន​សមត្ថកិច្ច​តាម​ឃ្លាំ​មើល​ការ​ជួប​ជុំ​របស់​ពួកគេ។

​លោក​ ​ធីម​ ​ថ្លែង​ថា​៖​ ​«​កាល​ពី​ថ្ងៃ​ទី​ ២២​ ហ្នឹង​ យើង​បាន​ជួប​ជុំ​ នៅ​ ៤ កន្លែង​ផ្សេងៗ​គ្នា ​ក្នុង​ស្រុក​បារាយ​ណ៍ ​ដើម្បី​ហូប​នំ​បញ្ចុក​ តែ​ក្នុង​នោះ ​២ កន្លែង​ មាន​ការ​រំខាន​ពី​អាជ្ញា​ធរ​ ព្រោះ​តែ​មាន​អាជ្ញា​ធរ​ប្រមាណ​ ២០ ​នាក់ បាន​ចុះ​មក​ រហូត​ម្ចាស់​ផ្ទះ ​គាត់​ខ្លាច​ក៏​មិន​បាន​រៀប​ចំ​ ហើយ​ពួក​គាត់ ក៏​បាន​មក​ហូប​នំ​បញ្ចុក​នៅ​ផ្ទះ​ខ្ញុំ​វិញ។​ ​ក្រោយ​ហូប​ហើយ ​សមាជិ​ក​ម្នាក់នៅ​ក្នុ​ង​ឃុំ​ស្វាយ​ភ្លើង​ហ្នឹង​ គាត់​អត់​ហ៊ាន​ទៅ​ផ្ទះ​គាត់​វិញ​ទេ​ ព្រោះ​តែ​មាន​ការ​សួរ​នាំ​ និង​មាន​អាជ្ញា​ធរ​ជា​ច្រើន​ចាំ​នៅ​ផ្ទះ​គាត់​ ហើយ​គាត់​បាន​បន្ត​គេច​ខ្លួន​រហូត​មក​ដល់​ពេល​នេះ ​មិន​ដឹង​ទៅ​ដល់​ណា​ទេ​ ថ្ងៃនេះ»។​

លោ​ក ​ថោង​ វិបុល​សុខុម​ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់​ធំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ​អាជ្ញា​ធរ​បាន​តាម​ឃ្លាំ​មើល និង​សួរ​នាំ​ផង​ដែរ​ ​ក្រោយ​ពី​បាន​រៀបចំ​ហូប​នំបញ្ចុក​រួម​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​លោក​ កាល​ពី​ថ្ងៃ​អាទិត្យ។​

លោក​ វិបុលសុខុម​ ​ថ្លែង​ថា​៖​ ​«​ប្រសិន​បើហូប​នំ​បញ្ចុក​មិន​បាន ​ការ​ជួប​ជុំ​មិន​បាន ​សេរី​ភាព​របស់​ពួក​ខ្ញុំ​ កាន់​តែ​បាត់​មែន​ទែន​ ព្រោះ​ថា​ ដើរ​លែង​រួច​ហើយ​ ចង់​ជួប​ជុំ​គ្នា​មិន​បាន​។ ​ដូច​បង​ប្អូន​យើង​មួយ​ចំនួន​ គេ​ហៅ​គាត់​ទៅ​ដែរ ហើយ​ចង់​ធ្វើ​ដែរ​ ក៏​មិន​ហ៊ាន»។​

​លោក​ ហាក់​ ម៉ុង​ហួត ​អភិ​បាល​ស្រុក​បារាយ​ណ៍ ​ខេត្ត​កំពង់​ធំ​ បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ដោយ​អះអាង​ថា​ គ្មាន​​អាជ្ញា​ធរ​ណា​ ចុះ​ទៅ​រារាំង​ពល​រដ្ឋ​ មិន​ឲ្យ​​ហូប​នំបញ្ចុក​នោះ​ទេ។​

​លោក​ ​ម៉ុង​ហួត​ ថ្លែង​ថា​៖ «​តែ​ក្នុង​នាម​អាជ្ញា​ធរ​ត្រូវ​តែ​មាន​កា​រឃ្លាំ​មើល ក្រែង​លោ​មាន​ការ​ជួ​ប​ជុំ​ណា​ដែល​អាច​ប៉ះ​ពាល់​ដល់​សុខ​សុវត្ថិភាព​ហើយ​ការ​ជួបជុំ​របស់​ពួក​គាត់​ ក៏​ស្រប​ពេល​ដែល​មាន​ការ​ឃោស​នា​បោះឆ្នោត​របស់​គណ​បក្ស​នយោ​បាយ​ទៀត​ ទើប​អាជ្ញា​ធរ​គាត់​ មាន​ការ​រឹត​បន្តឹង»។​

លោក​បញ្ជាក់​ថា​៖​ ​«​ពួក​គាត់​ចេះ​តែ​លើក​ឡើង​អ៊ី​ចឹ​ង​ ព្រោះ​សមត្ថ​កិច្ច​មិន​ដែល​ទំនេរ​ទៅ​ឃ្លាំមើល​ដូច​គាត់​ថា​ទេ​ ព្រោះ​អ្វី​ជា​សិទ្ធិ​សេរី​ភាព​របស់​បុគ្គល​អាច​ទទួល​បាន។​ អ្វី​ដែល​គាត់​ធ្វើ​មិន​ខុស​ច្បាប់​ មាន​អី​ព្រួយ​បារ​ម្ភ​ ពេល​ខ្លះ ​​ការ​ឃ្លាំ​មើល​​ គ្រាន់​តែ​បង្ការ ​ព្រោះ​វា​នៅ​ក្នុង​ដំ​ណាក់​កាលនៃ​​យុទ្ធនា​​ការ​ឃោស​នា​បោះ​ឆ្នោត​ គ្រាន់​តែ​គេ​សួរ​នាំ​អាច​ថា​ ឆ្ងល់​ ឃើញ​ពួក​គាត់​ជួបជុំ»។​

​លោក​ សុក ​រដ្ឋា ​អ្នក​សម្រប​សម្រួល​សមា​គម​ការពារ​សិទ្ធិ​​មនុស្ស​អាដ​ហុក​ ប្រចាំ​ខេត្ត​កំពង់​ធំ​ បាន​ថ្លែង​ថា​ ច្បាប់​កម្ពុជា​ បាន​គាំពារ​ ចំពោះ​សិទ្ធិ​សេរី​ភាព​របស់​ប្រជាពល​រដ្ឋ​ ជា​ពិសេស​ការពារ​ចំពោះ​សិទ្ធិ​បុគ្គល​របស់​ពលរដ្ឋ ហើយ​បើ​មាន​ទង្វើ​បែប​នោះ​​កើត​ឡើង​ ជា​ការ​រំលោភ​សិទ្ធិ​រប​ស់​ពួកគាត់ និង​ច្បាប់។​ ​

​លោក​ រដ្ឋា​ ថ្លែង​ថា​៖​ «​បើ​យើង​ក្រ​ឡេ​កមើល​មក​សកម្ម​ភាព​របស់​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ​ ដែល​គាត់​ជួប​ជុំគ្នា​ដើម្បី​ហូប​នំ​បញ្ចុក​អី គឺ​មិន​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ណា​មួយ​នោះ​ទេ​ ហើយ​ក៏​មិន​ស្ថិត​ក្រោម​បទ​ល្មើស​ជាក់​ស្តែង​នោះ​ទេ។​ អ៊ី​ចឹង​ អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ មិន​គួរ​ណា​ទៅ​ឃ្លាំ​​មើល​ពួក​គាត់​ត​ទៅ​ទៀត​ទេ ​ហើយ​ក៏​មិន​គួរ​គប្បី​ធ្វើការ​កោះហៅ​​ពួក​គាត់ ដើម្បី​ចូល​ស្រាយ​បំភ្លឺ ​ពាក់​ព័ន្ធ​បញ្ហា​ហ្នឹង​ទៀត​ដែរ ​ព្រោះ​វា​ប៉ះពាល់​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស»។​

​ចាប់​តាំង​ពី​ខែ​មេសា​មក តុលា​ការ​ខេត្ត​បាត់​ដំបង ​និង​អាជ្ញា​ធរ​ខេត្ត​កំពង់​​ធំ​ បាន​កោះ​ហៅ​អតីត​សកម្ម​ជន​ និង​សមា​ជិក​អតីត​គណ​បក្ស​សង្គ្រោះ ជាតិ​ជា​បន្ត​បន្ទាប់​ប្រមាណ ​៧០ ​នាក់​ ដើម្បី​សួរនាំ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​​បំពាន​សាល​ដី​កា​តុលាការ និង​ការ​ប្រកាស​ចំហ​គាំ​ទ្រ​​ប្រធាន​ស្តី​ទី​​អតី​ត​គណ​បក្ស​សង្គ្រោះ​ជាតិ ​លោក ​សម ​រង្ស៊ី​ ខណៈ​នៅ​ថ្ងៃ​សុក្រ​នេះ ​អតីត​សកម្ម​ជន​អតី​ត​គណបក្ស​សង្គ្រោះ​ជាតិ​ ខេត្ត​បាត់​ដំបងចំនួន​ ៩ ​នាក់​ផ្សេង​ទៀត​ ត្រូវ​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ខេត្ត​​នេះ​តាម​ការ​កោះហៅ៕​