ភ្នំពេញៈ សកម្មជន​អតីត​គណបក្សសង្គ្រោះ​ជាតិ​ចំនួន​ ៦ ​នាក់ ​ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ពី​បទ​ «​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមជាតិ​»​។ នេះ​បើ​យោងតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​ចៅក្រម​ស៊ើបសួរ និង​មន្ត្រីនគរបាល​ជាន់ខ្ពស់​។

បើ​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​មួយ​ក្នុង​ចំណោម​ដីកា​ ៦ ​ចុះហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ​លោក កួយ សៅ កាលពី​ថ្ងៃទី​ ១៤ ខែ​ កញ្ញា​ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួល​បាន​ពី​ម្សិលមិញ​បញ្ជាក់​ថា​សម្រេច​ឃុំខ្លួន​ឈ្មោះ យូ ចាន់ធានី ភេទ​ស្រី អាយុ ២៥ ឆ្នាំ ​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមជាតិ​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត​កាលពី​អំឡុង​ឆ្នាំ ២០១៩ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ត្រូវ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា ៤៥៣ មាត្រា ៨៩៨ ​និង​មាត្រា​ ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

ដីកា​បញ្ជាក់ថា​៖ «​បង្គាប់​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កងកម្លាំង សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ដែល​មាន​ឈ្មោះ យូ ចាន់ធានី ទៅ​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន​ (​ម​២) ​ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់​។ ប្រធាន​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន​ (​ម​២) ​ទទួល និង​ឃុំខ្លួន​ជននេះ​រហូត​ដល់​មាន​បទបញ្ជា​ថ្មី​សម្រេច​ផ្សេង​ពីនេះ​។ ឲ្យ​គ្រប់​ភ្នាក់ងារ​នៃ​កងកម្លាំង​សាធារណៈ​ទាំងអស់ សហការ​អនុវត្ត​ឲ្យ​បាន​ល្អ​នៅពេល​ដីកា​នេះ​ត្រូវ​បានបង្ហាញ​ក្នុង​ករណី​ចាំបាច់​»​។

លោក​ នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ថ្លែង​ថា​ពន្ធនាគារ​បាន​ទទួល​សមាជិក ៦ រូប​របស់​អតីតគណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន​ពួកគេ​ពី​បទ​រួមគំនិត​ក្បត់ និង​ញុះញង់​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គមជាតិ​។ ​លោក​បញ្ជាក់​ថា​៖ «​បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​សម្រេច​ឲ្យ​ឃុំខ្លួន​ហើយ ដូច្នេះ​ខាង​ពន្ធនាគារ​យើង​បាន​ទទួល​ហើយ​។ យើង​អនុវត្ត​តាម​ភ្លាម​»​។

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី​ ១៤ ​ខែ​កញ្ញា​បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយបាន​ចាត់ទុក​ការឃាត់ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៦ ​នាក់​ រួមមាន ១-លោក យ៉ាត ភារម្យ ២-លោក ទុំ ប៊ុនថន ៣-កញ្ញា យូ ចាន់ធានី ៤-លោក លី ម៉េងឃាង ៥-លោក លី លីន និង ៦-លោក ឈុន ថៃយុទ្ធ ក្នុង​រយៈពេល ២ ថ្ងៃ​ កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ថា «​ជា​ទង្វើ​រំលោភបំពាន​យ៉ាង​កម្រោល​លើ​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សកម្មភាព​ព្រៃផ្សៃ​ដូច​របប​ខ្មែរក្រហម​ដែល​បាន​ប្រើ​វិធី​ចាប់ចង​...​មនុស្ស​ដែល​គ្មាន​កំហុស ដើម្បី​បង្ក្រាប និង​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​ស្លូតត្រង់ មិន​ឲ្យ​ហ៊ាន​ងើប​ឡើង​តស៊ូ​ទាមទារ​យុត្តិធម៌ និង​សិទ្ធិសេរីភាព​របស់​ខ្លួន​»​។

ប៉ុន្តែ​លោក ​ខៀវ សុភ័គ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​កាលពី​ម្សិលមិញ​បាន​ការពារ​ការចាប់ខ្លួន​សកម្មជន​អតីតគណបក្ស​សង្គ្រោះ​ជាតិ​នេះ​ដោយ​ថ្លែងថា អ្នក​ទាំងនោះ​មាន​បំណង​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​តាម​ផែនការ​របស់លោក សម រង្ស៊ី​។ លោក​បន្តថា សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ពួកគេ​គឺ​ដើម្បី​ទប់ស្កាត់​ជន​ទាំងនោះ​ពី​ការប៉ុនប៉ង​បង្ក​​អសន្តិសុខ​ចំពោះ​ប្រទេសជាតិ និង​ផ្តួលរំលំ​រាជរាដ្ឋាភិបាល​។

លោក​ថា​៖ «​អ្នកឯង​មានបំណង​បង្កចលាចល​ពេលដែល សម រង្ស៊ី វិលត្រឡប់​វិញ​។ សម រង្ស៊ី បាន​ប្រកាស​ខ្លួន​នឹង​មក​ចូល​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ហើយ​អ្នកឯង​បែរ​ទៅជា​គាំទ្រ​អ្នក​ផ្តួលរំលំ ដូច្នេះ​អ្នក​ទាំងនេះ គឺ​ប្រឆាំង​នឹង​សន្តិភាព ហើយ​ចង់​អុកឡុក​មិន​ឲ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព​ដូច្នេះ​សមត្ថកិច្ច​ធ្វើការ​ចាប់​ពួកគេ​»​។

លោក សុភ័គ បញ្ជាក់​ថា ​ក្រសួង​មហាផ្ទៃ​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ មិន​អាច​ឱ្យ​ជន​ណា​ ឬ​ក្រុម​ណា​មក​បំផ្លាញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​នាពេល​បច្ចុប្បន្ន​នេះ​បាន​ឡើយ​៕