ភ្នំពេញៈ ក្រុម​សង្គម​ស៊ីវិល​ជាង ៧០ ស្ថាប័ន ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​កាល​ពី​ចុង​សប្តាហ៍ ​ដោយ​សម្ដែង​ក្តីបារម្ភ​ខ្លាំង​ចំពោះ​ការ​យាយី​តាមរយៈ​តុលាការ​ទៅ​លើ​អតីត​សមាជិកអតីត​​គណបក្ស​សង្គ្រោះ​ជាតិ ​(CNRP) និង​សំណូម​ពរ​ឲ្យ​បញ្ឈប់​សកម្មភាព​បែប​នេះ ​ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​អះអាងថា​ ចំនួន​សំឡេង​ស្រែក​នៃ​សង្គម​ស៊ីវិល​ខាងលើ ​គឺ​តិចណាស់ ​បើ​ធៀបនឹង​ចំនួន​មិន​គាំទ្រ​អតីត​បក្ស​ប្រឆាំង។​

អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សមាគម​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ ​ចំនួន​ ៧៣ បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​រួម​គ្នា​មួយ​កាល​ពី​ថ្ងៃទី ១​ ខែ មិថុនា​ ដោយ​ថ្លែង​ថា មាន​ការ​យា​យី​ទៅ​លើ​អតីត​សមាជិកនៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ផ្លូវ​តុលា​ការ​ ដូច​ជា​ការ​ចាប់​ខ្លួន ការ​កោះ​ហៅ និង​ការ​ឃុំ​ខ្លួន​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។

ដោយ​ស្រង់​របាយការណ៍​ពី​សារព័ត៌មាន​ អង្គការ​សមាគម​ទាំង​នេះ​លើក​ឡើង​ថា​ អតីត​សមាជិកអតីតបក្សប្រឆាំង​​ចំនួន​ ១៤០​ នាក់​ នៅ​ខេត្ត​បាត់​ដំបង​ កំពង់​ធំ ​កណ្ដាល ​កំពង់​ស្ពឺ ​និងខេត្ត​ត្បូង​ឃ្មុំ ​ត្រូវ​បាន​ជាប់​ក្នុង​ចំណាត់​ការផ្លូវ​ច្បាប់​របស់​តុលាការ។

ក្រុម​សង្គម​ស៊ីវិល ​លើកឡើងថា ​អ្នក​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន ​កោះហៅ​មក​សាក​សួរ ឬ​ត្រូវ​បាន​សាក​សួរ​ដោយ​នគរបាល​មូលដ្ឋាន។ អ្នក​ដែល​ត្រូវ​បាន​សាក​សួរ មិន​ស្ថិត​ក្នុង​បុគ្គល​ ១១៨ ដែល​តុលាការ​កំពូល​ហាម​ឃាត់​មិន​ឲ្យធ្វើ​នយោបាយ​ទេ​ប៉ុន្តែ​ពួក​គេ​មួយ​ចំនួន​ត្រូវបាន​ចោទ​ប្រកាន់​ថា​បាន​បំពាន​សាល​ដីកា​តុលាការ​កំពូល។

សេចក្តី​ថ្លែង​ការណ៍​ បាន​លើក​ឧទាហរណ៍​ករណី​ចាប់​ឃុំ​ខ្លួន​អតីតសកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ ​(CNRP)​ ឈ្មោះ​ គង់​ ម៉ាស់ ​ករណី​ប្រមាថ ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍ និង​ការ​ចេញ​ដីកា​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ ៨ ​រូប​ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​បទ​ «រួម​​គំនិត​ក្បត់» និង​បទ «ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ»​ និង​ករណី​ស្លាប់​ឈ្មោះ​ ទិត រ៉ន ​កូន​ប្រុស​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំគណបក្ស​សង្គ្រោះ​​ជាតិ​នៅ​ខេត្ត​កំពង់ចាម។

លោក ​វ៉ន ពៅ ​ប្រធាន​សមាគម​ប្រ​ជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅ​កាត់​ថា IDEA ដែល​បានចូលរួម​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​បាន​ថ្លែង​ថា ​សេចក្តី​ថ្លែង​ការណ៍​នេះ​មិន​ត្រឹម​តែ​អំពាវ​នាវ​ឲ្យ​បញ្ចប់​ការ​យាយី​លើ​អតីត​សមា​ជិក​អតីតបក្ស​ប្រឆាំង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​សុំ​ឲ្យ​បញ្ឈប់​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​ជួប​ជុំ និង​បញ្ចេញ​មតិ​របស់​សង្គម​ស៊ីវិល​ផងដែរ។

លោកបានថ្លែង​​ថា ​សង្គម​ស៊ីវិល​ ឬ​សមាគម​ខ្លះ​មិន​ធ្វើ​ការ​លើ​រឿង​សិទ្ធិ​មនុស្ស​ទេ ​ប៉ុន្តែ​ពួកគេ​ក៏​ចូលរួម​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ​ដែរ ​ដោយសារ​វាជា​បញ្ហា​ជាតិ។

លោក​ថ្លែង​ថា៖​ «សង្គម​ស៊ីវិល​យើ​ងចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​នោះ​ដោយសារ​យើង​មាន​ទិដ្ឋភាព​ ២ គឺ​ទិដ្ឋភាព​ទី​១ គឺ​ការ​សម្លុត​​គំរាម​កំហែង ​បំភិត​បំភ័យ​ តាម​ប្រព័ន្ធ​តុលាការ​ទៅ​លើ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ​ហើយ​ទី ២ គឹ​ការ​រឹត​ត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ឬ​ការ​ធ្វើ​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល ​និង​សហជីព​ទាំងអស់។

លោក​បន្តថា​៖ «នេះ​ជា​ការ​ព្រួយ​បារម្ភ​ ព្រោះ​បើ​រូប​ភាព​នៅតែ​បែប​នេះ វា​ធ្វើ​ឲ្យ​អ្នក​ដែល​ចង់​និយាយ​បញ្ចេញ​មតិ​គាត់​ភ័យ​ខ្លាច​បញ្ចេញ​មតិ​រឿង​រ៉ាវ​សង្គម ​ទី២​ ធ្វើ​ឲ្យ​បរិយា​កាស​នយោបាយ​មិន​មាន​ភាព​ប្រសើរ​ឡើង។ អ៊ីចឹង​ហើយ​យើង​ចង់ឲ្យ​ស្ថានភាព​នយោបាយ​ប្រសើរ​ធ្វើ​យ៉ាង​ណា​ឲ្យ​សហគមន៍​អឺរ៉ុប​បន្ត​ EBA សម្រាប់​ខ្មែរ។ អ៊ីចឹងហើយ​យើង​ជំរុញ​ និង​សំណូម​ពរ​ដល់​រដ្ឋាភិបាល​សូម​ឲ្យ​ជួយ​ចាត់វិធានការ​ កុំ​ឲ្យ​ធ្វើ​ទុក្ខ​បុក​ម្នេញ​សមាជិក​បក្ស​ប្រឆាំង ក៏​ដូច​ជា​ការ​រឹត​ត្បិត​សេរីភាព​សង្គម​ស៊ីវិល»។

លោក ​វ៉ន ពៅ ​បន្ថែមថា​ ខណៈ​ដែល​សហភាព​អឺរ៉ុប​កំពុង​ធ្វើ​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា ​លោក​សង្ឃឹម​ថា​រដ្ឋា​ភិ​បាល​កម្ពុជា​ នឹង​ពិចារណា​លើ​សេចក្តី​ថ្លែងការណ៍​នេះ។ លោក​ថា ​សេចក្តី​ថ្លែង​ការណ៍​និយាយ​អំពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អតីត​សមាជិក​បក្ស​ប្រឆាំង​ ក៏​ប៉ុន្តែ​វា​ជា​បញ្ហា​ជាតិ​ ហើយ​សង្គម​ស៊ីវិល​ទាំង​នេះ​មិន​លម្អៀង​ទៅ​បក្ស​ណា​ទេ។

ស្រដៀង​គ្នា​នេះ ​លោក​ ស ម៉ូរី ​អនុ​ប្រធាន​សម្ព័ន្ធ​យុវជន​កម្ពុជា ​ហៅ​កាត់​ថា​ CYN ដែល​ចូលរួម​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថ្លែង​ថា ​សម្ពាធ​ដែល​ឈាន​ទៅ​ដល់​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដោយ​សហភាព​អឺរ៉ុប​ និង​ដោយ​សហរដ្ឋ​អាមេរិក ​GSP នោះ​មិនមាន​ការ​ថយ​ចុះ​ទេ ​ដោយ​សារ​ការ​រឹតត្បិត​សេរីភាព​ពី​សំណាក់​រដ្ឋាភិបាល។ លោក​ថា ​ក្នុង​នាម​​ជា​យុវជន​ម្នាក់ ​លោក​មិន​ចង់​ឃើញ​ EBA និង GSP ត្រូវ​បាន​ដក​ទេព្រោះ​រាជរដ្ឋាភិបាល ​កម្មករ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ខាត​បង់​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ក្នុង​ ១ ឆ្នាំ។

លោក​និយាយ​ថា​៖ «បើ​សិន​តុលាការ​នៅ​តែ​បន្ត​កោះ​ហៅ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ​គ្រប់​គ្រាន់​ ហើយ​បន្ត​ការរឹតត្បិត​សេរីភាព ​នៃ​ការ​ជួប​ជុំ​ដោយ​សន្តិ​វិធី​ ខ្ញុំ​មើល​ឃើញ​ថា ​ទំនាក់​ទំនង​ជាមួយ​សហ​ភាព​​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក ​មិន​ល្អ ​ហើយ​វិធានការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​អាច​នឹង​ឈាន​ដល់»។

លោក​ថា​៖ «​ខ្ញុំ​មើល​ឃើញ​ថា ​ដើម្បី​បន្ធូរ​ស្ថានការណ៍​បាន​ មានតែ​រដ្ឋាភិបាល​មាន​ការ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​ និង​បើ​ក​ឲ្យ​មាន​ការ​ចូលរួម​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ ​និង​បើក​ទូលាយ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល»។

លោក​ ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ប៉ុន្តែ​លោក សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​ បាន​សរសេរ​នៅ​លើ​បណ្ដាញ​តេលេក្រាម​ ពី​ម្សិល​មិញ​ថា ​អង្គការ​សង្គម​ស៊ីវិល​ទាំង​ ៧៣​ ដែល​អំពាវ​នាវ​ឲ្យ​ជួយ​អតីត​បក្ស​ប្រឆាំង គឺ​ក្នុង​កម្រិត​តិច​ជាង​ ០,១​ ភាគ​រយ​ប៉ុណ្ណោះក្នុង​ចំណោម​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

លោក​ថ្លែង​ថា​៖ «តើ​សំឡេង​ភាគ​តិច​យ៉ាង​នេះ​មាន​ប្រសិទ្ធភាព​ស្អី​ទៅ​? សំឡេង​ជាង ៩៩% គេ​មិន​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ដែល​ល្មើស​ច្បាប់​ទេ​។ ដូច្នេះ​កុំ​បាច់​អួត​ថា​មាន​អង្គ​ការ​ច្រើន​គាំទ្រ​ខ្លួន​នោះ​។ ការប្រកាស​គាំទ្រ​អតីត​បក្ស​ប្រឆាំង​គឺ​ខុស​ពី​គោល​ការណ៍​លក្ខន្តិក:​របស់​ខ្លួន​ដែល​ដាក់​ថា​អង្គការ​សង្គមស៊ីវិល​គ្មាន​និន្នាការ​នយោបាយ​។​ដូច្នេះ​ល្មម​ដឹង​ខ្លួន​ហើយ»៕