ភ្នំពេញ​: ​សត្វ​ខ្លា​ ១ ​ក្បាល​ដែល​អ្នក​ភូមិ​ និង​សមត្ថ​កិច្ច​សង្ស័យ​ថា​ ជា​ប្រភេទ​ខ្លា​ដំបង​បាន​ចូល​ទៅ​ក្នុង​ភូមិ​ នៅ​ក្នុង​ឃុំ​ល្ពៅ ​ស្រុក​សំឡូត​ ខេត្ដ​បាត់ដំបង​កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​ ១៨​ ខែ​ធ្នូ​ ហើយ​វាយ​ប្រហារ​ទៅ​​​លើ​គោញី​អ្នក​ភូមិ​ ១ ​ក្បា​ល​​ងាប់​ភ្លាម​ៗ​​នៅ​នឹង​កន្លែង​។​

លោក​ ជា​ សុផល ​អនុប្រធាន​ប៉ុស្តិ៍​នគរបាល​ ឃុំ​ល្ពៅ​ បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ​គោ​ ១ ក្បាល​​ត្រូវ​សត្វ​ខ្លា​ខាំ​សម្លាប់​នោះ​ជា​គោ​ញី​ទើប​កើត​កូន​ ហើយ​មាន​ម្ចាស់​របស់​វា​ឈ្មោះ​ សុន ​ភាព​ អាយុ ​៣២ ​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​ឃុំ ​កើត​ហេតុ​នេះ​។​

លោក​ សុផល​ ថ្លែង​ថា ​មេ​គោ​នោះ​ត្រូវ​សត្វ​ខ្លា​កាច់ ​ក​ ហើយ​ខាំ​នៅ​ត្រង់​ ក​ និង​បូក​របស់​វា ហើយ​បើ​តាម​ស្លាក​ស្នាម​ក្រចក​និង​របៀប​ខាំ​សម្លាប់​របស់​វា​ គឺ​ត្រូវ​អ្នក​ភូមិ​ដែល​ធ្លាប់​ដើរ​ព្រៃ​បាន​និយាយ​ថា​ ជា​សត្វ​ខ្លា​ដំបង​ដែល​សត្វ​ខ្លា​ប្រភេទ​នេះ​មាន​មាឌ​​ធំ​គួរ​សម​ដែរ។​ ការ​វាយ​ប្រហារ​ដោយ​សត្វ​ខ្លា​នេះ​ អ្នក​ភូមិ​បាន​សន្និដ្ឋាន​បាន​​កើត​ឡើង​នៅ​ចន្លោះ​ពី​ម៉ោង​ ៣ ​ទៅ​ម៉ោង​ ៤ ​ទៀប​ភ្លឺ​ថ្ងៃ​ទី​​ ១៨ ​ធ្នូ ​ហើយ​ក្រុម​អ្នក​ភូមិ​បាន​ឃើញ​ស្នាម​ដាន​ជើង​របស់​វា​ដើរ​ឆ្លង​កាត់​អូរ​ឈ្មោះ​អូរ​ស្ទឹង​តូច​ស្ថិត​​នៅ​ក្នុង​ភូមិ​ស្ទឹង​តូច​នោះ។​

លោក​ ​សុ​ផល​​ បាន​ថ្លែង​ថា​ក្រោយ​វា​ខាំ​គោ​ងាប់​ហើយ​សត្វ​ខ្លា​នោះ​ប្រហែល​ជា​ពាំ​គោ​ទៅ​មិន​រួច​ទើប​វា​ទុក​គោ​ចោល។​​នៅ​យប់​នេះ ​(​ថ្ងៃ​ទី​ ១៨ ​ធ្នូ)​ ខាង​នគរ​បាល​ប៉ុស្តិ៍​រួម​នឹង​កម្លាំង​ប្រជា​ការពារ​ភូមិ ​នឹង​ដាក់​គោល​ដៅ​យាម​ឃ្លាំ​មើល​ក្រែង​សត្វ​ខ្លា​នោះ​ចូល​មក​យក​សាក​សព​គោ​វិញ ប៉ុន្តែ​សត្វ​គោ​ម្ចាស់​វា​យក​ទៅ​ធ្វើ​សាច់​ហើយ។​

លោក ​សុផល​ បាន​ថ្លែង​ថា​៖​ «​កម្លាំង​យើង​ចាំ​យាម​មើល​នៅ​តំបន់​ដែល​សត្វ​ខ្លា​ធ្លាប់​ឆ្លង​កាត់​តែ​បើ​ឃើញ​វា​ខ្ញុំ​មិន​ដឹង​ថា​បាញ់​សម្លាប់​ ឬ​យ៉ាង​ណា​ទេ​ ត្រូវ​រង់​ចាំ​ទទួល​បញ្ជា​ពី​មេ​បន្ត​ទៀត​សិន​»​។​

លោក ​សុផល​ និយាយ​តាម​សម្តី​អ្នក​ភូមិ​ថា ​កាល​ពី​ ៤​-៥ ​ឆ្នាំ​មុន​មាន​សត្វ​ខ្លា​ញី​ឈ្មោល​ ២ ​ក្បាល ​ប៉ុន្តែ​ក្រោយ​មក​អ្នក​ភូមិ​ប្រទះ​ឃើញ​តែ​ខ្លា​ឈ្មោល ១ ​ក្បាល​​ទេ​ ដោយ​សង្កេត​ឃើញ​ថា​ បាត់​ខ្លា​ញី​ ហើយ​ក្រុម​អ្នក​ភូមិ​សន្និដ្ឋាន​ថា​ ខ្លា​ដែល​ខាំ​ មេ​គោ​នេះ​អាច​ជា​ខ្លា​ឈ្មោល​ ១ ​ក្បាល​នោះ។​

ដោយ​ឡែក​ភូមិ​សាស្ត្រ​នៅ​ភូមិ​ស្ទឹង​តូច​នោះ​នៅ​ខាង​ក្រោយ​ភូមិ​ប្រហែល​កន្លះ​គីឡូ​ម៉ែត្រ​គឺ​អ្នក​ភូមិ​ដាំ​ពោត​ និង​ដំឡូង​មី​ ហើយ​នៅ​ខាង​ក្រោយ​ចម្ការ​ដំឡូង​និង​ចម្ការ​ពោត​ប្រហែល​ចម្ងាយ​ជាង​ ១ ​គីឡូ​ម៉ែត្រ​ទៀត​ជា​តំបន់​ភ្នំ​ដែល​មាន​ព្រៃ​ដុះ​ក្រាស់ ​ហើយ​សត្វ​ខ្លា​អាច​រស់​នៅ​ក្នុង​​តំបន់​នោះ។​

លោក ​សុផល​ ថ្លែង​ថា៖​ «​កន្លង​មក​នៅ​ក្នុង​ភូមិ​ស្ទឹង​តូច​មិន​ដែល​មាន​ករណី​នេះ​កើត​ឡើង​​ទេ​ដែល​នេះ​ជា​ករណី​លើក​ទី ១ ​ហើយ​បន្ទាប់​ពី​កើត​មាន​ហេតុ​ការណ៍​វាយ​ប្រហារ​ដោយ​សត្វ​ខ្លា​របៀប​នេះ ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ភូមិ​ស្ទឹង​តូច​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​សត្វ​ខ្លា​នោះ​ចូល​មក​ខាំ​កូន​ចៅ​របស់​ពួក​គាត់​»​។

ជុំ​វិញ​បញ្ហា​នេះ​លោក​ ពិត ​ភារៈ​ នាយក​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​បាត់​ដំបង​បាន​ប្រាប់​ពី​រសៀល​ម្សិល​មិញ​ថា ​ករណី​នេះ​លោក​បាន​ឃើញ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហើយ​ ហើយ​ក៏​បាន​ឲ្យ​មន្ត្រី​ជំនាញ​របស់​លោក​​ចុះ​ទៅ​ស្រុក​សំឡូត​ទី​ដែល​កើត​ហេតុ​នោះ​ដើម្បី​តាម​ដាន​មើល​ថា​តើ​​សត្វ​គោ​នោះ​ពិត​ជា​ងាប់​ដោយ​សត្វ​​ខ្លា​ចូល​មក​ខាំ​មែន​ ​ឬ​យ៉ាង​ណា?​

លោក​បាន​បញ្ជាក់​ប្រាប់​ថា​៖​ «​ក្នុង​ករណី​បើ​មាន​ការ​បាញ់​សម្លាប់​សត្វ​ខ្លា​មែន​នោះ​គឺ​វា​ខុស​ច្បាប់​ហើយ​ ព្រោះ​ពួក​សត្វ​ខ្លា​ជា​ប្រភេទ​សត្វ​កម្រ ​ប៉ុន្តែ​បើ​សមត្ថ​កិច្ច​មាន​បំណង​ចាប់​វា​ ឬ​ យ៉ាង​ណា​នោះ​អាច​ជូន​ដំណឹង​ប្រាប់​ខាង​ជំនាញ​ខ្ញុំ​ ព្រោះ​យើង​មាន​ថ្នាំ​សណ្តំ​សម្រាប់​បាញ់​វា​ឲ្យ​សន្លប់​។​ ម្យ៉ាង​យើង​ក៏​មាន​សួន​សត្វ​នៅ​ភ្នំ​តា​ម៉ៅ​សម្រាប់​អភិ​រក្ស​សត្វ​កម្រ​ដែរ​»​៕​