ព្រះសីហនុៈ ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា ត្រី​ដូហ្វីន ឬ​ត្រី​ផ្សោត​ទឹកប្រៃ​ទម្ងន់​ប្រមាណ​ ២០០ ​គីឡូ​ដែល​គេ​ប្រទះឃើញ​ងាប់​នៅ​ចុង​ឆ្នេរ​អូរ​ឈើទាល​កាលពី​យប់​ថ្ងៃ​ចន្ទ​អាច​ងាប់​បណ្ដាលមកពី​ជាប់​មង​អ្នកនេសាទ​។ ទន្ទឹម​គ្នា​នេះ​ដែរ​មន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​ប្រជានេសាទ​ជួយ​អភិរក្ស​ត្រី​ប្រភេទ​នេះ​។

តាម​គេហទំព័រ​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ព្រះសីហនុ​បាន​ចុះ​ពិនិត្យ​ត្រីផ្សោត ១ ​ក្បាល​ដែល​មាន​ទម្ងន់​ប្រហែល​ជាង​ ២០០ ​គ.ក្រ ប្រវែង ២ ​ម៉ែត្រ​ជា​ប្រភេទ​ត្រី​ផ្សោត​ឃ្លៀច​ (Indo-Pacific humpoback dolphin) នៅ​ថ្ងៃទី​ ១៧ ខែកញ្ញា​។ ប្រភព​ដដែល​បន្ត​ថា ត្រី​ប្រភេទ​នេះ​មាន​រស់នៅ​ក្នុង​តំបន់​កោះព្រីង កោះតាង ប្រជុំ​កោះរ៉ុង និង​ប្រជុំ​កោះសេះ ជា​ប្រភេទ​សត្វ​កម្រ​ដែល​ត្រូវការពារ​ដោយ​អនុក្រឹត្យ​បាន​ងាប់​ទើរ​លើ​ឆ្នេរ​អូរ​ឈើ​ទោល ខេត្ត​​ព្រះសីហនុ ហើយ​យោងតាម​ការសន្និដ្ឋាន​បឋម​ត្រី​ផ្សោត​ឃ្លៀច ងាប់​ដោយសារ​ជាប់​មង​របស់​ប្រជានេសាទ​។

លោក ឯក ភា នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ពីថ្ងៃ​ម្សិលមិញ​ថា បន្ទាប់ពី​មាន​ការរាយការណ៍​ថា មាន​ការប្រទះឃើញ​ត្រី​ផ្សោត​នេះ អាជ្ញាធរ​ជំនាញ​ក៏​បាន​ចុះ​ទៅ​ដល់​ទីតាំង ដើម្បី​ធ្វើការ​ពិនិត្យ​។ ក្រោយ​ពិនិត្យ​ចប់ ជំនាញ​ក៏​បាន​សម្រេច​កប់ខ្មោច​ត្រី​ផ្សោត​នេះ​នៅក្បែរ​ឆ្នេរ​នោះ ដើម្បី​ចៀសវាង​មាន​ក្លិន​ស្អុយ ព្រោះ​វា​បាន​ងាប់​ច្រើន​ថ្ងៃ និង​មាន​សភាព​ហើម​ទៅហើយ​។

លោក ភា ថ្លែង​ថា​៖ «​សុំ​អ្នកនេសាទ បើ​សិន​ជា​ឃើញ​ផ្សោត​ជាប់​មង ជាប់​អី យើង​ត្រូវ​លែង​វា ឲ្យ​មាន​សុវត្ថិភាព​វិញ​ព្រោះ​ពួកវា​ជា​ប្រភេទ​សត្វ​កម្រ​»​។ កាលពី​យប់​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ និង​អាជីវករ​លក់ដូ​ចំណី​អាហារ​នៅ​ចុង​ឆ្នេរ​អូរ​ឈើទាល ឬ​តាម​ឆ្នេរ​អតីត​ក្រុមហ៊ុន​អារីស្តុន បាន​ប្រទះ​ឃើញ​ត្រី​ផ្សោត​ឃ្លៀច​ទឹកប្រៃ ឬ​ត្រី​ដូហ្វីន ធំ​មួយ​ក្បាល​បាន​ងាប់ ហើយ​រសាត់​មក​ទើ​នៅ​ចុង​ឆ្នេរ​អូរឈើទាល ខណៈ​អាជ្ញាធរ​អះអាង​ថា​នេះ​ជា​ករណី​លើក​ទី​ ១ ដែល​ប្រទះឃើញ​ត្រី​ប្រភេទ​នេះ​ងាប់​នៅ​ពាក់កណ្តាល​ឆ្នាំ​នេះ​។

លោក វ៉េត សុនីម មន្ត្រី​សម្របសម្រួល​មូលដ្ឋាន​នៃ​អង្គការ IUCN បាន​អះអាងថា គេ​អាច​ដឹង​ពី​មូលហេតុ​នៃ​ការ​ងាប់​របស់​សត្វ​នេះ​បាន​តាម​ការវះកាត់​ខ្មោច​ត្រី​ផ្ទាល់ រួច​យក​ទៅ​ពិសោធ ព្រោះ​ត្រី​ប្រភេទ​នេះ​អាច​ងាប់​ដោយ​កត្តា​ច្រើន​យ៉ាង​ដូចជា ការពុល​ចំណី​ជា​ប្រភេទ​ប្លាស្ទិក ជំងឺ​នៅក្នុង​ខ្លួន និង​ការជួប​ជាមួយ​គូសត្រូវ​របស់​វា​ជាដើម​។ អ្នកនេសាទ​ក៏​ជា​កត្តា​មួយ​ដែល​ផ្តល់​គ្រោះថ្នាក់​ដល់​ត្រី​ទាំងនេះ​ផងដែរ​។

លោក​បន្តថា​៖ «​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី ត្រីផ្សោត មាន​សារៈសំខាន់​ក្នុង​ការជួយ​គ្នា​ទៅវិញ​ទៅមក ហើយ​វា​ក៏​អាច​ជួយ​ឲ្យ​យើង​ដឹង​ពី​គុណភាព​ទឹក និង​បរិស្ថាន​ដែល​បញ្ជាក់ថា កន្លែង​ដែល​វា​រស់នៅ​មាន​សភាព​ស្អាត និង​គ្មាន​ការបំពុល​»​។ លោក វ៉េត សុនីម បាន​ឲ្យ​ដឹងថា មាន​ផ្សោត​សមុទ្រ​ប្រមាណ ១០ ប្រភេទ​ដែល​កំពុង​រស់នៅក្នុង​សមុទ្រ​កម្ពុជា​ដូចជា ប្រភេទ​ផ្សោត​ឃ្លៀច និង​ផ្សោត​ក្បាល ត្រឡោក​ជាដើម​៕