ភ្នំពេញៈ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​ពិភពលោក​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ធ្វើ​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ថា​នេះ​ជា​ «​សន្និសីទ​ជា​ប្រវត្តិសាស្ត្រ​» ​បើ​ទោះបី​ជា​សន្និសីទ​នេះ​ពុំ​មាន​ការគាំទ្រ​ពី​លោក​ កឹម សុខា និង​អតីត​ក្រុម​អ្នក​គាំទ្រ​ដែល​មាន​ទំនោរ​ទៅ​រក​លោក សុខា ក៏ដោយ​។ ​

លោក សម រង្ស៊ី ដែល​ជា​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​នេះ​កាលពី​ម្សិលមិញ ដោយ​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ថា​ជា​ «​សន្និសីទ​ប្រវត្តិសាស្ត្រ​» ដែល​មាន​បំណង​តែ​មួយ​គត់​គឺ​ «​សង្គ្រោះជាតិ​» ​ឲ្យ​បាន ខណៈ​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​បាន​ប្រាប់​អ្នក​គាំទ្រ​កុំ​ឲ្យ​ចាប់អារម្មណ៍ នឹង​ការជំទាស់​មិន​គាំទ្រ​ពី​សំណាក់​លោក កឹម សុខា អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ស្នាក់នៅ​ក្នុង​ផ្ទះ​ក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​លើ​សំណុំ​រឿង​ «​ក្បត់ជាតិ​»​។

លោក សុខា តាមរយៈ​មេធាវី​របស់​លោក​បាន​រិះគន់​កាលពី​ពេល​ថ្មីៗ​នេះ​ថា សន្និសីទ​នេះ​ធ្វើ​ឡើង​ដោយ​ «​គ្មាន​យន្តការ​គណបក្ស​ត្រឹមត្រូវ​»​។

សន្និសីទ​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ថា​មាន​ការ​ចូលរួម​ដោយ​តំណាង​អតីត​គណបក្ស​នៅ​ទូទាំង​ពិភពលោក​រាប់រយ​នាក់​ក្នុង​នោះ​រួមមាន​តំណាង​ប្រចាំ​សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ អឺរ៉ុប ជប៉ុន កូរ៉េ​ខាងត្បូង ម៉ាឡេស៊ី និង​ថៃ ជាដើម​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ១ ដល់​ថ្ងៃទី​ ២ ខែ​ធ្នូ ឆ្នាំ​ ២០១៨ នាទី​ក្រុង Atlanta ខណៈ​ថ្នាក់ដឹកនាំ​អតីត​បក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​ដែល​គាំទ្រ​លោក កឹម សុខា បាន​ធ្វើ​ពហិការ និង​រិះគន់​សន្និសីទ​នេះ​។

ថ្លែង​ក្នុង​ពិធី​នោះ​ពី​ម្សិលមិញ​លោក សម រង្ស៊ី ជា​អតីត​ស្ថាបនិក​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​អះអាង​ថា​លោក​គ្រាន់តែ​ជា​ «​ភ្ញៀវ​» ​នោះ​បាន​ចាត់​ទុក​សន្និសីទ​ដែល​ធ្វើ​ឡើង​រយៈពេល​ ២ ​ថ្ងៃ​នេះ​ថា​ជា​ «​សន្និសីទ​ជា​ប្រវត្តិសាស្ត្រ​ដើម្បី​សង្គ្រោះ​ប្រទេស​ជាតិ​ឡើង​វិញ​»​។

លោក​ថ្លែង​ថា​៖ «[​យើង​] ​មក​ជួបជុំ​គ្នា​ជា​ប្រវត្តិសាស្ត្រ​នៅ​ទីក្រុង​អាត្លង់តា​ដែល​នេះ​ជា​សន្និសីទ​ជា​ប្រវត្តិសាស្ត្រ​ហើយ​ខ្ញុំ​មិន​អាច​និយាយ​មុន​ទេ តែ​ខ្ញុំ​ជឿ​ថា លទ្ធផល​នៃ​សន្និសីទ​ក៏​ជា​លទ្ធផល​ប្រវត្តិសាស្ត្រ​ដែរ​»​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​ថ្លែង​នេះ​ក្នុង​នាម​ជា​ភ្ញៀវ​ទេ​ខ្ញុំ​អត់​មាន​ចូលរួម​យោបល់​អី​ទេ​ក្នុង​ឋានៈ​ជា​ភ្ញៀវ ខ្ញុំ​សម្តែង​ការកោតសរសើរ ការរំឭក​ក្នុង​ចិត្ត​អរគុណ​អ្នក​ចូលរួម​ទាំងអស់ អ៊ីចឹង​ក្នុង​ឋានៈ​ជា​ភ្ញៀវ ខ្ញុំ​សូម​ជូនពរ​ឲ្យ​សន្និសីទ​នេះ​ជោគជ័យ​ក្នុង​បំណង​តែ​ ១ ​គត់ គឺ​សង្គ្រោះ​ជាតិ​ឲ្យ​បាន​»​។

កាលពី​ម្សិលមិញ​នេះ​ដែរ​លោក សុខា ​បាន​ជួប​ជាមួយ​សហមេធាវី​របស់​លោក ហើយ​សហមេធាវី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ ១ ​ថា​ «​ចំពោះ​មុខ​សហមេធាវី​ការពារ​ក្តី​ឯកឧត្តម កឹម សុខា នៅ​តែ​រក្សា​ជំហរ​ដដែល​គឺ​គាត់​មិន​ទទួល​ដឹងឮ និង​មិន​គាំទ្រ​នូវ​ការរៀបចំ និង​ការសម្រេច​ណា​មួយ​នៃ​សន្និសីទ​ថ្ងៃទី​ ១-២ ​ខែធ្នូ ឆ្នាំ​ ២០១៨ នៅ​ទីក្រុង​អាត្លង់តា​របស់​ក្រុម​អ្នក​គាំទ្រ​ឯកឧត្តម សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​នោះ​ទេ​។ ការបញ្ចេញ​ទស្សនៈ​របស់​ឯកឧត្តម​ កឹម សុខា ខាង​លើ​នេះ​មិន​ស្ថិត​នៅ​ក្រោម​ការបង្ខិតបង្ខំ​របស់​បុគ្គល​ណា​មួយ​ឡើយ​»​។

ទោះបី​យ៉ាង​ណា​លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​សុន្ទរកថា​ក្នុង​សន្និសីទ​បាន​ប្រាប់​ឲ្យ​អ្នកគាំទ្រ​របស់​លោក​កុំ​ចាប់អារម្មណ៍​ពី​ព័ត៌មាន​ដែល​ថា​លោក សុខា ​មិន​គាំទ្រ​ការធ្វើ​សន្និសីទ​នេះ​។

«​ពេលណា​បង​ប្អូន​រៀបចំ​សកម្មភាព​ដាក់​ចេញ​យុទ្ធសាស្ត្រ​ដើម្បី​ទៅ​សង្គ្រោះ​ជាតិ​កម្ពុជា​ទៅ​ដោះលែង​លោក​ប្រធាន​ កឹម សុខា ​ឲ្យ​មាន​សេរីភាព​វិញ ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ រៀបចំ​ការបោះឆ្នោត​ឡើង​វិញ យក​ក្រុមប្រឹក្សាឃុំ​ឡើង​វិញ​ពេល​នោះ​យើង​នឹង​ឃើញ​ពី​អ្វី​ដែល​ជា​ការពិត​»​។

លោក​បន្ត​ថា​៖ «​និយាយ​គ្នា​ទៅ​ថា តើ​យើង​នឹង​ធ្វើ​អ្វី​ជាមួយ​គ្នា​បន្ត​ទៀត​ដើម្បី​ផ្លាស់ប្ដូរ​កម្ពុជា​ឲ្យ​បាន​។ យើង​អត់​ព្រម​ចាំ​ឆ្នាំ​ ២០២៣ ទេ លោក ហ៊ុន សែន ​បាន​និយាយ​ថា​ដល់​ឆ្នាំ​ ២០២៣ ​ទើប​បោះឆ្នោត​»​។

ប៉ុន្តែ​ក្រុម​អតីត​ថ្នាក់ដឹកនាំ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ទំនោរ​ទៅ​រក​លោក សុខា ​បាន​ធ្វើ​ពហិការ​ចូលរួម​ «​សន្និសីទ​ពិភពលោក​» ​នេះ​ដោយ​អះអាង​ថា ខ្លួន​គឺជា​អតីត​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​អាមេរិក​តាមរយៈ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃ​សុក្រ​បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​ជំហរ​លោក​ សុខា ដែល​បញ្ជាក់​តាមរយៈ​មេធាវី​កាលពី​ពេល​ថ្មីៗ​នេះ​ថា «​មិន​ទទួល​ស្គាល់​ក្រុម​ចលនា​សង្គ្រោះ​ជាតិ​ ឬ​ការរៀបចំ​សន្និសីទ​នៅ​ទីក្រុង​អាត្លង់តា​នា​ថ្ងៃទី​ ០១-០២ ធ្នូ​នេះ​ឡើយ​»​។

សេចក្ដី​ថ្លែងការណ៍​មាន​ខ្លឹមសារ​ថា​៖ «​ការរៀបចំ​សន្និសីទ​បាន​បញ្ជាក់​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ថា អ្នកគាំទ្រ និង​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ដែល​ជា​អតីត​មកពី​គណបក្ស​ សម រង្ស៊ី បាន​ចាកចេញ និង​បោះបង់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ចំហ ដើម្បី​ទៅ​ចូលរួម​ក្នុង​ចលនា​សង្គ្រោះ​ជាតិ​របស់​លោក សម រង្ស៊ី​»​។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា​៖ «​ក្រុម​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​សហរដ្ឋអាមេរិក​សូម​អំពាវនាវ​ដល់​អ្នក​គាំទ្រ សមាជិក​សមាជិកា និង​ថ្នាក់ដឹកនាំ​ទាំងអស់​តាម​បណ្តា​រដ្ឋ​នានា​ចូលរួម​ដឹងឮ និង​តាមដាន​សកម្មភាព​បំបែក​បំបាក់​ខ្មែរ​នៅ​ក្រៅ​ស្រុក និង​គណបក្ស​សង្គ្រោះជាតិ​បន្ត​ទៅ​ទៀត​ទាំងអស់​គ្នា​»​។

ជាមួយ​គ្នា​នេះ​ក្រុម​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​អូស្ត្រាលី​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ពី​ថ្ងៃ​សៅរ៍​ដោយ​សម្តែង​ «​ការខកចិត្ត​យ៉ាង​ខ្លាំង​» ​ស្រដៀង​គ្នា​ផង​ដែរ​ចំពោះ​ការរៀបចំ​សន្និសីទ​នេះ​។

អ្នកវិភាគ​ថ្មីៗ​នេះ​យល់​ថា ការមិន​ចូលរួម​របស់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ សុខា ​ចំពោះ​សន្និសីទ​នេះ​នឹង​ធ្វើឲ្យ​អតីត​គណបក្ស​ប្រឆាំង​នេះ​មាន​ភាព​ «​បែកបាក់​» បើ​ទោះបី​វា​ជា​យុទ្ធសាស្ត្រ​ដែល​អាច​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​បាន​ខ្លះ​ក៏ដោយ ហើយ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ក៏​ចាត់ទុក ការ​ប៉ុនប៉ុង​ធ្វើ​សន្និសីទ​ដើម្បី​ឲ្យ​គណបក្ស​របស់​ពួកគេ​រស់​ឡើងវិញ​នេះ​ថា គឺជា​រឿង​ដែល​ «​មិន​អាច​ទៅ​រួច​»៕