តាកែវ: សមត្ថកិច្ច​ខេត្តតាកែវ​កំពុង​ស្រាវជ្រាវ​រក​អត្ដសញ្ញាណជន​ដែល​លួច​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់ បន្ទាប់ពី​អាជ្ញាធរ​ចុះបង្ក្រាប​ករណីនេះ​កាលពី​ថ្ងៃទី​ ១៦ ខែ​​កុម្ភៈ ដោយ​រកឃើញ​ដាំ​ចំនួន​ ១៣ ​ទីតាំង និង​អាង​ស្តុក​ទឹក​​ចំនួន​ ៧ ​លើ​ផ្ទៃដី​ប្រមាណ​ ១ ០១៣ ម៉ែត្រការ៉េ​ នៅតាម​ចង្កេះភ្នំ​គុហាចិន និង​ភ្នំ​ដាដំរីលេង ក្នុង​ឃុំ​​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់​។

មន្ត្រី​នគរបាល​ស្រុក​គិរីវង់​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ កាលពី​ថ្ងៃ​ចន្ទ​ថា​​ករណី​លួច​ដាំ​កញ្ឆា​នេះ សមត្ថកិច្ច​ជំនាញ​បាន និង​កំពុង​តាមដាន​​រកមុខ​សញ្ញា​ដែល​លួច​ដាំ​ដោយ​បានដាក់​ការសង្ស័យ​លើ​ពលរដ្ឋ​មួយចំនួន​ក្នុង​មូលដ្ឋាន​។

លោក​បាន​ឲ្យ​ដឹងថា​កាលពី​ខែ​មុន​សមត្ថកិច្ច​ធ្លាប់បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ខណៈ​កំពុង​ដាំ​ដំណាំ​កញ្ឆ​តាម​ចង្កេះ​ភ្នំ​ហើយ​បាន​បញ្ជូន​ខ្លួន​ទៅ​តុលាការ​។ លោក​ថា ដំណាំ​កញ្ឆា ប្រើពេល​ដាំ​ត្រឹមតែ​ ២ ​ឬ​ ៣ ​ខែ​ប៉ុណ្ណោះ ហើយ​ដោយសារ​លក់​បាន​ថ្លៃ​ផង​នោះ​ទើប​មាន​ជនខិលខូច​ឆក់​ឱកាស​លួច​ដាំ​ទាំង​ដឹងថា ជា​ដំណាំ​ខុសច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ដំណាំ​កញ្ឆា​មាន​តម្លៃ​ថ្លៃ អ៊ីចឹង​ពលរដ្ឋ​យើង​មួយ​ចំនួន​បង្ខំចិត្ត​លួច​ដាំ បើទោះបី​ដឹងថា​ច្បាប់​បាន​ហាម​ក៏ដោយ​។ យើង​នៅតែ​បន្ត​ចុះបង្ក្រាប​ដោយ​ដក និង​ដុត​បំផ្លាញចោល រីឯ​មនុស្ស​គឺ​យើង​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ហើយ​ជាក់ស្ដែង​កាលពី​ខែ​មុន​យើង​បាន​បញ្ជូន​សំណុំរឿង​អ្នក​ដាំ​កញ្ឆា​ម្នាក់​ទៅ​តុលាការ​ដែរ​»​។

លោក អិន វុធ នាយប៉ុស្ដិ៍​នគរបាល​ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់​បាន​ថ្លែង​ពីថ្ងៃ​ចន្ទ​ថា សមត្ថកិច្ច​លោក​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ក្នុង​ការបង្ក្រាប ប៉ុន្ដែ​លោក​មិន​មាន​របាយការណ៍​ទាក់ទង​នឹង​​ការងារ​នេះ​ទេ​។ ​លោក​ថា កន្លងមក​សមត្ថកិច្ច​លោក​តែងតែ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ដើម្បី​ស្វែងរក​ជនសង្ស័យ​ដែល​ដាំ​ដំណាំ​កញ្ឆា​នេះ​។

លោក​បន្តថា ទីតាំង​ភូមិសាស្ត្រ​​នៅលើ​ភ្នំ​គុហាចិន និង​ភ្នំ​ដាដំរីលេង​នេះ​ជា​កន្លែង​មាន​អំណោយផល​ល្អ​ក្នុង​ការលួច​ដាំ​កញ្ឆា ព្រោះ​មាន​ព្រៃស្រោង​ក្រាស់ៗ ហើយ​មិនសូវ​មាន​ថ្ម​ធំៗ​ដែល​ជា​ឧបសគ្គ​ក្នុង​ការកាប់​គាស់​ដី​ដាំ​កញ្ឆា​ទេ​។ ម្យ៉ាងវិញ​ទៀត​បើ​ចង់​ឡើង​ភ្នំ​នេះ​ត្រូវ​ប្រើពេល​យូរ និង​ពិបាក​ឡើង​ទៀតផង ប៉ុន្ដែ​ចំពោះ​ជនខិលខូច​បាន​ស្គាល់ផ្លូវ​ ឬ​ភូមិសាស្ត្រ​ច្បាស់​ទើប​អាច​ឆ្លៀតឱកាស​លួច​ដាំ​ដំណាំ​នេះ​បាន​។

លោក​បញ្ជាក់ថា​៖ «​បញ្ហា​បទល្មើស​លួច​ដាំ​កញ្ឆា​នេះ យើង​តែងតែ​បង្ក្រាប​ជា​ហូរហែ​គឺ​សមត្ថកិច្ច​ដក​ចោល និង​ដុតចោល ហើយ​ខែ​មុន​នោះ​ចាប់​បាន​អ្នក​ដាំ​ម្នាក់ ប៉ុន្ដែ​អ្នក​ផ្សេងទៀត​នៅតែ​មិន​ព្រម​រាងចាល​សោះ ព្រោះ​មាន​អ្នកភូមិ​មួយ​ចំនួន​គាត់​ទំនេរ​ពី​ការ​ធ្វើស្រែ​រដូវប្រាំង​។ អ៊ីចឹង​ទើប​មក​លួច​ដាំកញ្ឆា​មួយទៀត​គឺ​លក់​ទៅបាន​ថ្លៃ​ជាង​ស្រូវប្រាំង​ផងដែរ​»​។

តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​កាលពី​ថ្ងៃទី​ ១៧ ខែកុម្ភៈ​បាន​បង្ហាញថា ការបង្ក្រាប​ករណី​លួច​ដាំ​ដំណាំ​កញ្ឆា​ខុសច្បាប់​ក្នុង​ខេត្ត ជាពិសេស​ស្រុក​គិរីវង់​គឺ​មាន​ការយក​ចិត្ត​ទុកដាក់​ពី​សំណាក់​លោក សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​។ កាលពី​ថ្ងៃទី​ ១៦ ខែ​កុម្ភៈ លោកស្នងការ​បាន​បញ្ជា​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់​ដឹកនាំ​ដោយ​លោក យុគសារ៉ាត់ អធិការនគរបាល​ស្រុក​ឲ្យ​ចេញ​ប្រតិបត្តិការ​ស្រាវជ្រាវ​រក​ទីតាំង​លួច​ដាំ​កញ្ឆា​ខុសច្បាប់ និង​ដុត​បំផ្លាញចោល​។

របាយការណ៍​បន្តថា ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​រកឃើញ​កន្លែង​ដាំ​ដំណាំ​កញ្ឆា​ចំនួន​ ១៣ ​ទីតាំង អាង​ស្តុប​ទឹក​ចំនួន​ ៧ ​អាង​ដែល​ជនល្មើស​លួច​ដាំ​នៅតាម​ចង្កេះភ្នំ និង​តាម​កន្លៀត​ថ្ម​នៅលើ​ផ្ទៃដី​ប្រមាណ​ ១០១៣ ​ម៉ែត្រការ៉េ (​មិន​បញ្ជាក់​ពី​ចំនួន​ដើម​កញ្ឆា​)​។

ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ដក និង​ដុត​បំផ្លាញចោល​នៅ​នឹង​​កន្លែង ហើយ​កំពុង​កសាង​សំណុំ​រឿង និង​ស្រាវជ្រាវ​ស្វែងរក​អត្តសញ្ញាជនល្មើស ដើម្បី​កសាង​សំណុំរឿង​យកមក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕