ភ្នំពេញៈ សមត្ថកិច្ចបន្តស្រាវជ្រាវលើករណីសង្ស័យជាអំពើឃាតកម្មមួយលើពេទ្យធ្មេញម្នាក់ ដើម្បីវែកមុខរកអត្តសញ្ញាណជនល្មើស ដែលសាច់ញាតិជនរងគ្រោះថា ជាអំពើឃាតកម្មព្រៃផ្សៃ ដែលបានកើតឡើង កាលពីថ្ងៃទី ២០ ខែ ឧសភា នៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ។
លោក នួន សម្បត្តិ នាយនគរបាលប៉ុស្តិ៍សង្កាត់ពញាពន់ប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីម្សិលមិញថាជនរងគ្រោះក្នុងឃាតកម្មនេះឈ្មោះ ធុន រ៉ាវិន អាយុ ១៩ ឆ្នាំ ហើយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកអត្តសញ្ញាណជនសង្ស័យពាក់ព័ន្ធនឹងការស្លាប់នេះ។
លោកប្រាប់ថា៖ «នៅលើដងខ្លួនជនរងគ្រោះមានស្នាមមុតហើយរឿងនេះសមត្ថកិច្ចមិនទាន់ហ៊ានសន្និដ្ឋានថា ជាអំពើឃាតកម្មឬយ៉ាងណានៅឡើយទេហើយសមត្ថកិច្ចកំពុងតែធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ។ ចំពោះវត្ថុតាងគឺគ្មានឃើញបន្សល់ទុកអ្វីនៅកន្លែងកើតហេតុដែរ តែនៅលើដងខ្លួនជនរងគ្រោះមានស្នាមមុត»។
ដោយឡែកលោក មឿន សុវុត្ថា ត្រូវជាឪពុកមារបស់ជនរងគ្រោះបានរៀបរាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ ខណៈកំពុងចូលរួមបុណ្យសព ពីម្សិលមិញពីខេត្តកំពង់ចាមមកថាគាត់មានអាជីពជាពេទ្យធ្មេញហើយគាត់បានជួលផ្ទះគេបើកកន្លែងធ្វើធ្មេញ ២ នាក់ ក្មួយប្រុស (ជនរងគ្រោះ) របស់គាត់នៅកន្លែងកើតហេតុខាងលើប៉ុន្តែក្មួយគាត់ស្នាក់នៅម្នាក់ឯងទេ។
លោកបន្តថា ក្មួយប្រុសរបស់គាត់បានមករៀនអាជីពធ្វើធ្មេញជាមួយគាត់រយៈពេលជាង ១ ឆ្នាំមកហើយ បន្ទាប់ពីមិនបានប្រឡងជាប់ថ្នាក់ទី ១២។ ក្នុងរយៈពេលស្នាក់នៅរៀនធ្វើធ្មេញគឺក្មួយរបស់គាត់ជាមនុស្សស្លូតបូតហើយក៏មិនដែលមានគំនុំជាមួយនរណាដែរ។
លោករៀបរាប់ថានៅព្រឹកថ្ងៃទី ២០ ឧសភា ដែលជាថ្ងៃកើតហេតុនោះម៉ូយធ្វើធ្មេញម្នាក់បានទូរស័ព្ទសួរគាត់ព្រោះមិនឃើញបើកទ្វារតូបធ្វើធ្មេញដូចសព្វមួយដង។ ពេលនោះគាត់បានជិះម៉ូតូមកបើកទ្វារតូបហើយគាត់បានដើរចូលទៅខាងក្នុងមិនឃើញមានអ្វីប្លែកខុសពីប្រក្រតីទេប៉ុន្តែពេលគាត់សម្លឹងទៅជើងគ្រែដែលក្មួយគាត់សម្រាកស្រាប់តែឃើញក្មួយគាត់ត្រូវគេសម្លាប់បាត់ទៅហើយ។
បុរសរូបនោះបន្តថាបើសង្ស័យថា ជាករណីអំពើប្លន់វិញដូចជាគ្មានទ្រព្យសម្បត្តិអ្វីត្រូវយកទេព្រោះនៅកន្លែងនោះមានតែឧបករណ៍ធ្វើធ្មេញនិងមានតែម៉ូតូ ១ គ្រឿងប៉ុណ្ណោះហើយកន្លែងនោះនៅក្បែរសង្កាត់ពញាពន់ទៀតផង។
លោក សុវុត្ថា និយាយថា៖ «ប៉ុន្តែការសម្លាប់នោះខ្ញុំគិតថាមានលក្ខណៈសាហាវណាស់បើយើងពិនិត្យមើលស្លាកស្នាមរបួសហាក់ដូចជាក្មួយខ្ញុំត្រូវជនល្មើសមានគំនុំគុំកួនខ្លាំងអ៊ីចឹង»។
លោកបន្ថែមថា តាមការពិនិត្យទៅលើខ្លួនសាកសពមានស្នាមចាក់ដោយវត្ថុមុតស្រួចជាច្រើនកន្លែងរបួសមុតធ្លាយពីមុខលើដោះខាងស្តាំដល់ខាងក្រោយខ្នង ១ កន្លែង និងស្នាមខ្សែរឹតនៅត្រង់កហើយម្រាមដៃខាងស្តាំចំនួន ៣ ត្រូវរបួសជិតដាច់ទៀតផង។
លោកបន្តទៀតថាជនរងគ្រោះជាកូនទី៣ ក្នុងចំណោមបងប្អូនប្រុសស្រី ៤ នាក់រស់នៅក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕