ព្រះវិហារៈ សត្វ​ប្រើស​ឈ្មោល ១ ​ក្បាល​ ទម្ងន់​ប្រមាណ ២០០ គីឡូក្រាម ត្រូវ​បាន​ព្រានព្រៃ​បាញ់សម្លាប់​ដោយ​ប្រើ​គ្រាប់​កាំភ្លើង​កែច្នៃ​កាលពី​ថ្ងៃទី​ ១៦ តុលា ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រះរកា​នៅ​ភូមិ​បុស្សធំ ឃុំ​ប្រមេរុ​ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ហើយ​ឥឡូវនេះ​ក្រសួង​បរិស្ថាន​បាន​ស្នើឱ្យ​សមត្ថកិច្ច​តាម​ចាប់​ជនល្មើស​ទាំងនោះ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​សត្វ​ប្រើស​នេះ​។ លោក​ថ្លែង​ពី​ម្សិលមិញ​ថា ពិតជា​គួរ​ឲ្យ​សោកស្តាយ​ដែល​សត្វ​ប្រើស​ឈ្មោល​ ១ ​ក្បាល ​ទម្ងន់​ប្រមាណ ២០០ ​គីឡូក្រាម ​បាន​រត់​មក​ងាប់​នៅ​ដែនជម្រក​សត្វព្រៃ​ព្រះរកា ក្នុង​ភូមិ​បុស្សធំ ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ក្រោយពី​ព្រានព្រៃ​ដេញ​តាម​បាញ់​សម្លាប់​ដោយ​ប្រើ​គ្រាប់កាំភ្លើង​កែច្នៃ​។

លោក​បញ្ជាក់ថា​៖ «​ការ​ងាប់​សត្វ​ប្រើស​ឈ្មោល​ ១ ​ក្បាល​នេះ​ បាន​ធ្វើឲ្យ​យើង​បាត់បង់​សត្វប្រើស​ចំនួន​សរុប​​ ៣ ​ក្បាល​ ដែល​ ១ ​ក្បាលៗ ​ទម្ងន់​ប្រមាណ​ ២០០ ​គីឡូក្រាម​ បាន​ងាប់​បាត់បង់​ជីវិត​ក្នុង​រយៈពេល​ ២ ​ខែ​មកនេះ​នៅក្នុង​ខេត្ត​ព្រះវិហារ​ដោយ​ក្នុងនោះ​ ១ ​ក្បាល​ងាប់ ​ដោយ​រថយន្តបុក និង ២ ​ក្បាល​ងាប់​ ដោយ​ការបាញ់សម្លាប់​របស់​ព្រានព្រៃ​»​។

អ្នកនាំពាក្យ​រូបនេះ​បាន​ជំរុញ​ឲ្យ​កម្លាំង​សមត្ថកិច្ច​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ជនល្មើស អ្នក​ប្រើ​អាវុធ​កែច្នៃ​ខុសច្បាប់​។ ព្រោះ​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​នៅតែ​បន្ត​លួចលាក់​កាន់កាប់​អាវុធ​កែច្នៃ​ខុសច្បាប់​។ ពួកគេ​បាន​លួច​ចូល​ព្រៃ​បរបាញ់​សត្វ និង​ដាក់​អន្ទាក់​ចាប់​សត្វ​ដែល​ជា​ទង្វើ​ខុសច្បាប់ និង​ត្រូវតែ​ប្រឈម​មុខ​នឹង​ច្បាប់ ប្រសិន​បើ​កម្លាំង​សមត្ថកិច្ច​ចាប់​បង្ក្រាប​បាន​។

លោក​ឱ្យដឹងថា​៖ «​សពសត្វ​ប្រើស​នេះ​នឹង​ត្រូវ​ដឹក​ទៅកាន់​ខេត្ត​សៀមរាប​ដើម្បី​ធ្វើ​ជា​រូបសំណាក​ទុក​បម្រើ​ផលប្រយោជន៍​សម្រាប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ អំពី​ជីវចម្រុះ និង​សម្រាប់​ការដាក់​តាំងពិព័រណ៍​សម្រាប់​សាធារណជន​ទស្សនា​ពេល​មាន​ពិព័រណ៍​នានា​ជាច្រើន​ទៀត​»​។

លោក ឃុល អ៊ី នាយប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ បាន​ថ្លែង​ថា​សត្វ​ប្រើស​ឈ្មោល​ ១ ​ក្បាល​នេះ ​ត្រូវ​បាន​ព្រានព្រៃ​ដេញតាម​បាញ់សម្លាប់​ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រះរកា ប៉ុន្ដែ​វា​មិន​បាន​ងាប់​ភ្លាមៗ​ទេ ដោយ​សត្វ​ប្រើស​រងគ្រោះ​នេះ​បាន​រត់​ចូលមក​ក្នុងភូមិ​ប្រជាពលរដ្ឋ​។ លុះ​មកដល់​ក្រោយ​ផ្ទះ​ពលរដ្ឋ​ក៏​បាន​ដួល​ងើប​លែងរួច ព្រម​ទាំង​មាន​ប្រជាពលរដ្ឋ​ទៅ​ចោមរោម​មើល ហើយ​អាជ្ញាធរ​បាន​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​បរិស្ថាន​ដែរ​។

លោក​បន្តថា​ក្នុង​រយៈពេល​ជិត​ ១ ​ម៉ោង​ក្រោយមក​ទើប​សត្វប្រើស​ឈ្មោល​ ១ ​ក្បាល​នេះ ​បាន​ដាច់​ខ្យល់​ងាប់។ មន្ត្រី​ជំនាញ​បរិស្ថាន​បាន​ធ្វើ​កោសល្យវិច័យ និង​រកឃើញ​គ្រាប់កាំភ្លើង​កែច្នៃ​ជាច្រើន​គ្រាប់​នៅលើ​ដងខ្លួន និង​ត្រូវ​ជើង​ ១ ​គ្រាប់ ។

លោក​បញ្ជាក់ថា​៖ «​ឥឡូវនេះ​មន្ត្រី​ជំនាញ​ខាង​បរិស្ថាន​បាន​ដឹកយក​សត្វ​ប្រើស​ហ្នឹង​ទៅ​រក្សាទុក​នៅ​ខេត្ត​សៀមរាប​បាត់​ហើយ ដើម្បី​ដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ​នៅ​ទីនោះ​។ រីឯ​សមត្ថកិច្ច​យើង​កំពុង​តាមដាន​ស្រាវជ្រាវ​រក​ជនខិលខូច​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នេះ​។ កន្លងមក​យើង​ក៏មាន​ការលំបាក​ដែរ ព្រោះ​ព្រៃ​ព្រះរកា​វា​ធំ ហើយ​អ្នកភូមិ​ខ្លះ​គាត់​ធ្វើ​អាវុធ​កែច្នៃ​ហ្នឹង​គឺ​គាត់​លាក់ទុក​មិន​ឲ្យ​យើង​ដឹង​ទេ អ៊ីចឹង​វា​ពិបាក​ក្នុង​ការស្វែងរក​» ៕