មណ្ឌលគិរី: មនុស្ស​​ចំនួន ៦ នាក់​បន្ថែម​ទៀត ត្រូវបាន​សមត្ថកិច្ច​តាម​ចាប់ខ្លួននិង​​ត្រូវ​តុលាការ​បញ្ជា​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ជុំវិញ​ករណី​បទល្មើស​ព្រៃឈើ​ពាក់ព័ន្ធ​ជាមួយ​ឧកញ៉ា ​ស៊ឹង សំអុល​ ដែល​​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​រួច​ហើយ​ ខណៈ​​ដែល​​ជនជាតិ​វៀតណាម ២ នាក់ និង​ខ្មែរ ៣ នាក់​​ ក្នុង​បទ​ល្មើស​ព្រៃឈើ​មួយ​ផ្សេង​ទៀត​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ កាល​ពី​ល្ងាច​ម្សិលមិញ។

ចំណាត់​ការ​នេះត្រូវ​បាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​សាទរ​ ប៉ុន្តែ​​​បាន​អំពាវ​នាវ​ឲ្យ​មាន​ចំណាត់ការ​បន្ថែម​ទៀត​ទៅ​លើ​មន្ត្រី​ខិលខូច​មួយ​ចំនួន​ដែល​ក៏​បាន​ឃុបឃិត​ និង​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ខេត្ត​ភាគ​ឦសាន​នេះ។

លោក អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិដើម្បី​ទប់​ស្កា​ត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ចាប់​ពី​ពេល​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំនិង​ការ​ដាក់​ចេញ​វិធានការ​តឹងរុឺង​មក​កម្លាំង​កងរាជ​អាវុធហត្ថ និង​​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​បាន​ធ្វើការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី​បាន​ចាប់​ខ្លួន​ជន​សង្ស័យ ៤ នាក់ ​បញ្ជូន​ទៅ​​តុលាការ​រួចរាល់​ហើយ។

លោក​បន្តថា អំឡុង​ពេល​នេះ ជន​សង្ស័យ ៤ នាក់​បន្ថែម​ទៀត​ ដែល​បានគេច​ខ្លួន​នោះ ត្រូវបាន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​​តាម​រក​​ចាប់​ខ្លួន​​ទៅ​តាម​​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី។ លោក​បញ្ជាក់​ថា៖ «កម្លាំង​ជំនាញ​អាវុធ​​ហត្ថ​ថ្នាក់​ជាតិ និង​ខេត្ត​មណ្ឌល​គិរី​យើងកំពុង​តាម​ចាប់​ខ្លួន​ជន​​សង្ស័យ ៤ នាក់​បន្ថែម​ទៀត ដែ​ល​មាន​ការពាក់​ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅ​ខេត្ត​មណ្ឌលគិរី ប៉ុន្ដែ​ខ្ញុំ​មិនអាច​បញ្ចេញ​អត្ត​សញ្ញា​ណ​​ជន​ទាំង​នោះ​បាន​ទេ ប៉ុន្ដែ​បើ​តុលាការ​គេ​បញ្ចេញ​បានក៏​បញ្ចេញ​ទៅ»។

លោក ម៉ម វ៉ាន់ដា ព្រះរាជ​អាជ្ញារង​សាលាដំបូង​ខេត្ត​មណ្ឌ​ល​គិរី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​បានចេញ​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​លេខ ០១ និង ០២/​១៩ អក ចុះ​ថ្ងៃទី ១១ ខែ កក្ក​ដា ឆ្នាំ ២០១៩ ដើម្បី​ឆ្លើយបំភ្លឺ​ពាក់​​ព័ន្ធនឹង​ការ​កាប់​បំផ្លា​ញ​​ព្រៃ​ឈើ​ទ្រង់​ទ្រាយ​ធំ​ នាពេល​កន្លង​មក និង​បច្ចុប្បន្ន។

លោក​បញ្ជាក់៖ ​«​ខ្ញុំ​​បាន​បញ្ជា​ឲ្យ​ពួកគាត់​ចូល​ខ្លួ​ន​​មក​បំភ្លឺ​នៅ​បញ្ជាការ​ដ្ឋាន​កង​​រាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ទៅ​តាម​ថ្ងៃ​ដែល​បាន​កំណត់ប៉ុន្ដែ​បើ​​ពួកគាត់​មិន​ព្រម​អនុវត្ត​ដីកា​នេះ​ទេ គឺ​យើង​នឹង​មាន​ស​ម​ត្ថ​កិច្ច​ជំនាញចុះទៅ​នាំខ្លួន​ផ្ទាល់​តែម្ដ​ង ហើយ​រឿង​សួរនាំ គឺ​ខ្ញុំ​បានដាក់​ក្នុង​ដីកា​ហ្នឹង​ហើយ»។

តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​ ២ ​ដាច់ដោយឡែក​ពីគ្នា​របស់​លោ​ក ម៉ម វ៉ាន់ដា តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​ចុះ​ថ្ងៃទី ១១ កក្កដា ដែល​ភ្នំ​​ពេ​ញ​ប៉ុស្ដិ៍​ទទួលបាន​កាលពី​ម្សិ​ល​មិញ​សរសេរ​​ថា៖ «បញ្ជា​ឲ្យ​ឈ្មោះ ណេង ម៉ៅ ភេទ​​ប្រុស អាយុ ៥០ ឆ្នាំ មុខរបរ​ជា​អ្នកចាត់ចែង​ប្រមូល​ឈើ​ឲ្យ​ក្រុមហ៊ុន ម៉ា​ស្ទ័​រ​​ខេ​សាន់ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្បា​ល​​​ស្នួល ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះឲ្យ​ចូល​បង្ហា​ញ​ខ្លួន​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ឲ្យ​បាន​មុន​ថ្ងៃទី ៩ ខែ សីហា​ ឆ្នាំ ២០១៩ នៅ​រៀងរាល់​ម៉ោង​ធ្វើការដើម្បី​សាកសួរ​អំពី​ករ​ណី ប្រមូល​ដឹក​ជញ្ជូន និង​សន្និធិ​ផល​និង​អនុផល​ព្រៃឈើ​ដោ​យ​គ្មាន​លិខិត​អនុញ្ញាត»។

ដីកា​មួយ​ទៀត​របស់​លោក វ៉ាន់ដា ក៏បាន​បញ្ជា​ឲ្យ​ឈ្មោះ សាំង សុខុន ភេទ​ប្រុស អាយុ ​២៧ ឆ្នាំ មុខ​របរ​ជា​អ្នក​ចាត់​ចែង​របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់​មាន​​ទីលំនៅ​បច្ចុប្បន្ន ភូមិ​កោះ​សំរោង ឃុំ​កោះសំរោង ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម ឲ្យ​ចូល​បង្ហាញ​ខ្លួន​នៅ​បញ្ជា​ការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី​ឲ្យ​បាន​មុន​ថ្ងៃទី ​៩ ​ខែ​ សី​ហា​​ ឆ្នាំ ២០១៩ ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​​ដូច​លោក​​ ណេង ម៉ៅ ផងដែរ។

ករណី​​បទ​ល្មើស​ព្រៃ​ឈើ​ដាច់​ដោយ​ឡែក​មួយ​ទៀត​ លោក វ៉ាន់ដា ​បាន​ឲ្យដឹង​ថា បន្ទា​ប់ពី​សមត្ថកិច្ច​ចម្រុះ​បាន​ចាប់ខ្លួន​ជន​ជាតិ​វៀតណាម ២ នាក់ និង​ខ្មែរ ៣ នាក់ នៅ​ថ្ងៃទី ១២ ខែ កក្កដា ខណៈ​ពួកគេ​បានធ្វើ​សកម្មភាព​ចូលមក​កាប់​ឈើ​ខុសច្បាប់នៅ​ភូមិ​អូរអាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​នោះ តុលាការ​ខេត្ត​ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ពួកគេ​ទាំង ៥ នាក់​នេះ​ហើយ។

លោក​ ម៉ម វ៉ាន់ដា បន្តថា ពួកគេ​ទាំង ៥ នាក់​នេះ ត្រូវ​បា​ន​តុលាការ​សម្រេច​ឃុំ​ខ្លួន​កាល​ពី​ល្ងាច​ម្សិល​មិញ ក្រោម​ការ​ចោ​ទ​​ប្រកាន់​ពីបទ​ «ប្រមូល​ផល​អនុផល​ព្រៃឈើ»។

លោក អ៊ាង ម៉េង​លី មន្ត្រី​សម្របសម្រួល​ផ្នែក​សិទ្ធិ​មនុ​ស្ស​ នៃ​សមាគម​ការពារ​សិទ្ធិ​មនុ​ស្ស ប្រចាំខេត្ត​មណ្ឌ​លគិរី បាន​ថ្លែងថា លោក​គាំទ្រ​ចំពោះ​ចំណាត់ការ​សមត្ថកិច្ច និង​តុលា​ការ ដែល​បាន​ចាត់វិធា​ន​​ការ​លើ​ជនល្មើស​បំផ្លាញ​ព្រៃ​ឈើ​ទាំង​តូច និង​ធំ​ទាំងនេះ។ បន្ទាប់ពី​មាន​វិធានការ​នេះ បទ​​ល្មើស​ព្រៃឈើ ​នៅ​ខេត្ត​មណ្ឌល​​​​​​គិរី ​មាន​លក្ខណៈ​ស្ងប់​ស្ងាត់​​បន្ដិ​ច​​ហើយ។ លោក​បន្តថា ក្រោយពី​ទទួលបាន​ជោគជ័យ​លើ​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​ពាក់ព័ន្ធ​ មិនត្រូវ​បន្ធូ​រដៃ​ទេ ត្រូវ​បន្ត​ដាក់​ចេញ​​នូវ​វិធានការ​ឲ្យ​តឹងរុឺង​បន្ថែម​ទៀត។

លោក​ថា​៖ «សម​ត្ថកិច្ច​ចាប់ខ្លួន​មនុស្ស​មួយចំនួន​នេះ គឺ​​មិនទាន់​គ្រប់គ្រាន់​នៅឡើយ ព្រោះ​បទល្មើស​នេះ វា​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ អ៊ីចឹង​គួរ​ចាត់វិធានការ​មន្ត្រី​ពុក​រលួយ​បន្ថែមទៀត មិន​ថា​ មន្ត្រី​តូច ឬ​ធំ​ទេ យើង​ត្រូវតែ​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា»។

គួររំឭកថា សាលាដំបូង​ខេត្ត​មណ្ឌលគិរី កាល​ពី​ថ្ងៃ​ទី ១២ ខែ​ កក្កដា បានសម្រេច​ឲ្យ​ឃុំ​ខ្លួន​លោក ​ឧកញ៉ា ស៊ឹង សំអុ​ល ម្ចា​ស់​​ក្រុមហ៊ុន ម៉ា​ស្ទ័​រ ខេ​សាន់ មេការ​ក្រុមហ៊ុន ២ នាក់ និង​អ្នក​បើកបរ​រថយន្ត​ម្នាក់ ព្រមទាំង​ដកហូត​រថយន្ដ​ដែល​បម្រើ​ឲ្យ​មធ្យោ​បាយ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ចំនួន ៤៥ គ្រឿង​ ហើយ​គណ:កម្មការ​ជា​តិ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទ​​ល្មើស​ធន​ធា​ន​ធម្មជាតិ បាន​ប្រគល់​រថយន្ត​ទាំងនេះ​ឲ្យ​ទៅ​រដ្ឋបាលខេត្ត​ជា​អ្នកគ្រប់គ្រង បន្ទាប់​ពី​​រថយន្ត​​ជិត ១០ គ្រឿង​ ត្រូវ​ដុត​បំផ្លាញ​ចោល​នៅក្នុង​ព្រៃ​ផ្សេងៗ​គ្នា។ ក្រោយមក នៅ​ថ្ងៃទី ១៣ ខែ ​កក្កដា​ កម្លាំង​កង​​រាជ​អាវុធហត្ថ​ខេត្ត​បាន​កោះ​​ហៅ​មន្ត្រី​ពាក់ព័ន្ធ​ព្រៃឈើ​ចំនួន ៥ នាក់ ទៅ​សាកសួរ​បន្ថែម​ទៀ​ត ប៉ុន្ដែ​ត្រូវ​បាន​ដោះ​លែង​មក​វិញ។

លោក គ្រើង តុលា សកម្មជន​ការពារ​ព្រៃ​ឈើ ខេត្ត​មណ្ឌល​គិរីបាន​ថ្លែង​ថា បន្ទាប់​ពី​មាន​ការ​ចាប់​មេខ្លោង​បំផ្លាញ​ព្រៃ​ឈើ​នេះ លោ​ក​កត់​សម្គាល់​ឃើញ​ថា សកម្ម​ភាព​កាប់​ព្រៃ​ឈើ​មាន​លក្ខណៈ​ស្ងប់​ស្ងាត់ ប៉ុន្ដែ​លោក​មិន​រំពឹង​ថា វាស្ងប់​ស្ងាត់​រហូត​នោះ​ទេព្រោះ​ប្រសិន​បើ​តុលា​​ការ​​ដោះ​លែង​ពួក​គេមក​វិញ សកម្មភាព​បំផ្លាញ​ព្រៃឈើ​ អាច​នឹង​កក្រើក​ឡើង​វិញ។

លោក​បាន​បន្ត​ថា ករណី​បទ​ល្មើស​ព្រៃ​ឈើ​កន្លង​ម​កនេះ ជា​ករណី​ធំៗ​ប្រចាំ​ខេត្ត​មណ្ឌល​គិរី ក៏ដូច​ជា ប្រចាំប្រទេស ក​ម្ពុជា ហើ​យ​សមត្ថកិច្ច​ចាត់​វិធាន​ការ​ត្រឹម​តែ​ឈ្មួញ​អ្នក​អនុវត្ត​បទ​ល្មើស​ផ្ទាល់ដែល​គឺ​ជា​រឿង​អយុ​​ត្តិ​​​ធម៌​បំផុត​។ សមត្ថ​កិច្ច​ក៏​គួរ​តែ​មាន​វិធាន​ការ​ចំពោះ​មន្រ្តី​ពាក់​​ព័ន្ធ ក៏​ត្រូវ​តែ​មា​​ន​វិធាន​ការ​ដូច​គ្នា​ដែរ ព្រោះ​ពួក​គាត់​បើក​ដៃ​ឲ្យ​មាន​បទ​ល្មើស​ ព្រម​ទាំង​ឃុប​ឃិត​គ្នាប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធធ្វើឲ្យ​វិនា​សព្រៃ​ឈើ​ស្ទើរ​រលាយ។

លោក តុលា​ បញ្ជាក់​ថា​៖ «​ខ្ញុំ​យល់​ថា ការ​អនុវត្ត​ច្បាប់​ហ្នឹង គឺមិន​ទាន់​ត្រឹម​ត្រូវ​ទេ គណៈ​កម្មការ​ជាតិ​ហ្នឹង គួរ​ស៊ើប​អង្កេត​ឡើង​វិញ គឺ​នៅ​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ទៀត​ និង​មន្រ្តី​ពុក​រលួយ​ផ្សេង​ៗ​​ទៀតបើមិន​អ៊ីចឹង​ទេនៅតែ​មា​ន​គេ​រិះ​គន់​ថា ការ​អនុវត្ត​ច្បាប់​​ស្ដង់ដារ ២»៕