ភ្នំពេញៈ សមត្ថកិច្ច​នគរបាល​ពន្លត់​អគ្គិភ័យ និង​នគរបាល​មូលដ្ឋាន​កំពុង​បន្ដ​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ជុំវិញ​ករណី​អគ្គិភ័យ ឆេះ​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​ ៣ ​គ្រឿង​ នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ (​ពេទ្យ​​លោកសង្ឃ​) ​ក្នុង​សង្កាត់​ទឹកល្អក់​​ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ដែល​បណ្ដាល​ឲ្យ​អ្នក​បើកបរ​ម្នាក់​រងរបួស​កាលពី​ល្ងាច​ថ្ងៃទី​ ១៥ ​តុលា ខណៈ​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កើតហេតុ​។

លោក ព្រំ យ៉ន ប្រធាន​ការិយាល័យ​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​កាលពី​ម្សិលមិញ​ថា ករណី​អគ្គិភ័យ​ឆេះ​រថយន្ត​នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដែល​បណ្តាល​ឲ្យ​​រងគ្រោះ​មនុស្ស​នោះ រហូត​មក​ទល់​ពេលនេះ​កម្លាំង​ជំនាញ​បាន​ចុះទៅ​ស្រាវជ្រាវ​នៅ​ទីតាំង​កើតហេតុ​នោះ​ហើយ​។ ​ការចុះ​ស្រាវជ្រាវ​នេះ ដើម្បី​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​ពិត​ដែល​បណ្ដាល​​ឲ្យ​មាន​ការឆេះ​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រុម​ការងារ​របស់ខ្ញុំ​កំពុង​ទៅ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​នៅ​ទីនោះ​។

យើង​កំពុង​ពិនិត្យ​ជាមួយ​ម្ចាស់​មូលដ្ឋាន​ដើម្បី​វាយតម្លៃ​ពី​ការឆេះ​ឲ្យ​បាន​ជាក់លាក់​»​។

លោក ព្រំ យ៉ន បាន​លើក​ឡើង​ថា៖ «​ពីមុនមក​យើង​មិន​ដែល​ជួបប្រទះ​ករណី​បែប​នេះ​ទេ មាន​តែ​ឆេះ​រថយន្ត​ប្រជាពលរដ្ឋ​តែ​នេះ​ជា​លើក​ទី​​ ១ ​ហើយ​​ដែល​ឆេះ​រថយន្ត​ពេទ្យ​»​។

ទោះជា​យ៉ាងណាក្ដី​លោក ឯល សាវុធ នាយរង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទឹកល្អក់​ ២ បាន​ប្រាប់​កាលពី​ម្សិលមិញ​ដែរ​ថា​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​រថយន្ត​នោះ មាន​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ឈុន ទិត អាយុ​ ៣៨ ​ឆ្នាំ​ ជា​ប្រធាន​ក្រុម​បើកបរ​រថយន្ត​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ​។

បើ​តាម​លោក សាវុធ ជនរងគ្រោះ​របួស​ស្ទើរ​ពេញ​ខ្លួន​ក្នុង​នោះ​មាន​រលាក​ប្រអប់ជើង​ខាងឆ្វេង រលាក​ដៃ​ទាំងសងខាង​រួម​នឹង​ជើង​មួយ​ចំហៀង​ខាងស្តាំ​រលាក​ខ្លាំង​។

លោក សាវុធ បាន​បញ្ជាក់​ថា៖ «​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​នៅក្នុង​មន្ទីរពេទ្យ​កើតហេតុ​នោះ​ជួយសង្គ្រោះ​បន្ទាន់ ព្រោះ​គាត់​ជា​បុគ្គលិក​មន្ទីរពេទ្យ​នោះ​ស្រាប់​»​។

លោក​បាន​រំឭក​ប្រាប់ថា ហេតុការណ៍​ឆេះ​រថយន្ត​សង្គ្រោះបន្ទាន់​នេះ បើ​តាម​សម្តី​ជនរងគ្រោះ​បាន​ប្រាប់ថា រថយន្ត​នោះ​ជា​រថយន្ត​សង្គ្រោះបន្ទាន់ ហើយ​នៅក្នុង​រថយន្ត​មាន​បំពាក់​បំពង់ខ្យល់​អុកស៊ីហ្ស៊ែន​ដែល​ជា​​ឧបករណ៍​សម្រាប់​ជួយសង្គ្រោះ​អ្នកជំងឺ​ដែល​ជា​កម្មសិទ្ធិ​របស់​មន្ទីរពេទ្យ​ព្រះកុសុមៈ​។

លោក​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​យក​ម៉ាឡេត​មកមួល​ក្បាល​បំពង់ខ្យល់​អុកស៊ីហ្ស៊ែន​ដើម្បី​ដោះដូរ ហើយ​ក៏​មាន​បែក​ផ្កាភ្លើង​ឡើង​។ ដោយសារ​នៅក្បែរ​បំពង់ខ្យល់​អុកស៊ីហ្ស៊ែន​នោះ​មាន​ធុង​ដាក់​អាល់កុល​ផង​ក៏​បណ្តាល​ឲ្យ​ឆាបឆេះ​ជា​អណ្តាតភ្លើង​តែម្ដង​។

លោក​បាន​ប្រាប់ថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​ ៥ ​ល្ងាច ថ្ងៃទី​ ១៥ ខែ​ តុលា ឆ្នាំ​ ២០១៩​។

ប៉ុន្តែ​ពេលនោះ​សមត្ថកិច្ច​បាន​ជួយ​ទាន់ពេល​ដោយបាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ២ ​គ្រឿង និង​បំពង់​ពន្លត់អគ្គិភ័យ​ចំនួន​ ៧ ​បំពង់​ក្នុង​ការជួយ​អន្តរាគមន៍​នោះ​។

យ៉ាងណាក្ដី​លោក សាវុធ បាន​បញ្ជាក់ថា​ក្នុង​គ្រោះ​អគ្គិភ័យ​នោះ​បណ្ដាល​ឲ្យ​រថយន្ត​​សង្គ្រោះបន្ទាន់​ ១ ​គ្រឿង​ត្រូវ​ភ្លើង​​ឆេះ​ខូចខាត​ទាំងស្រុង និង​រថយន្ត​ ១ ​គ្រឿង​ទៀត​ ឆេះ​ម៉ាស៊ីន​ និង​តួ​រថយន្ត ១ ​កំណាត់​ផ្នែក​ក្បាល ខណៈ​រថយន្ត​ ១ ​គ្រឿង​ទៀត​ខូចខាត​មធ្យម​៕