សីហនុៈ សមត្ថកិច្ច​ខេត្ដ​ព្រះសីហនុ​កាលពី​ម្សិលមិញ​កំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ២ ​នាក់​ទៀត បន្ទាប់ពី​ពួកគេ​ ៧ ​នាក់​ ត្រូវបាន​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ៧ ខែ​ កញ្ញា នៅ​កាសីណូ​ «​មេចេស៊ី​» ​នៅ​ក្រុម​ ៣ ​សង្កាត់​លេខ​ ៣ ​ក្រុង​ព្រះសីហនុ​ពាក់ព័ន្ធ​នឹង​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​។

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា នគរបាល​ខេត្ត​នេះ​បាន​ចុះបង្ក្រាប​ករណី​ជនជាតិ​ចិន​ ចាប់​បង្ខាំង​ជន​ជាតិចិន​ដូចគ្នា​នៅ​កាស៊ីណូ​ «​មេចេស៊ី​» ដោយ​ពី​ដំបូង​ចាប់​បាន​ ៧ ​នាក់ និង​បាន​សង្គ្រោះ​មនុស្ស​ ៤ ​នាក់​ផងដែរ​។

លោក​ថ្លែង​ថា​៖ «​ពេលនេះ​យើង​កំពុង​សាកសួរ​ជនសង្ស័យ​​ជនជាតិ​ចិន​ទាំង​ ៧ ​នាក់​នោះ​។

យើង​កំពុង​តាម​ចាប់​ជនសង្ស័យ​ជា​បក្ខពួក​បន្តទៀត​ដែល​កំពុង​រត់គេចខ្លួន​។ ​យើង​មិនទាន់​បញ្ចប់​ការងារ​នេះ​ទេ​។ ​ប៉ុន្ដែ​ជនរងគ្រោះ​​ទាំង​ ៤ ​នាក់ ​ដែល​ត្រូវ​បង្ខាំង​មិនមាន​អ្នកណា​រងគ្រោះ​ទេ​»​។

លោកស្នងការ​បាន​ឲ្យ​ដឹងថា ក្រោយ​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​កាំភ្លើងខ្លី​បាន​ ១ ​ដើម និង​គ្រាប់​មួយ​ចំនួន​ព្រម​ទាំង​កាំបិត​តូច ២ ​ដើម​ផងដែរ​។

បើ​តាម​លោកស្នងការ ការឃាត់ខ្លួន​នេះ​គឺ​ដំបូង​ឡើយ​នៅ​រំលង​អធ្រាត្រ​យប់​ថ្ងៃទី​ ៧ ​ឈាន​ចូល​ថ្ងៃទី​ ៨ ខែ​ កញ្ញា​ មាន​​ពលរដ្ឋ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ពី​ករណី​ជនជាតិ​ចិន​មួយ​ក្រុម​បាន​ឈ្លោះ​គ្នា​។ ​បន្ទាប់មក​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​បាន​ចុះ​ទៅ​ទីតាំង​កាស៊ីណូ កើតហេតុ​នោះ​ហើយ​បាន​អន្តរាគមន៍​រំដោះ​ជនរងគ្រោះ​ដែល​ត្រូវ​បាន​គេ​បង្ខាំង​ទុក​នោះ​។

លោកស្រី ​ជៀប សុធារី ​មន្ដ្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ដ​ព្រះសីហនុ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ស្ថានភាព​ជនជាតិ​ចិន​ក្នុង​ខេត្ដ​នេះ កំពុង​បន្ត​ការរស់នៅ​ និង​ប្រកបរបរ​​ជាធម្មតា​។ ប៉ុន្ដែ​លោកស្រី​ចង់​ឲ្យ​អាជ្ញាធរ​ខេត្ដ​បន្ដ​ពង្រឹង​សន្តិសុខ​​បន្ថែម​ទៀត​ដើម្បី​ស្ដារ​មុខមាត់​ក្រុងព្រះសីហនុ​ក៏ដូចជា​ទាក់ទាញ​ទេសចរ​ឲ្យ​បាន​ច្រើន​ឡើងវិញ​។

លោកស្រី​បាន​ថ្លែង​ថា​៖ «​យើង​ចង់​ឲ្យ​អាជ្ញាធរ​បន្ថែម​កម្លាំង​នៅ​តាម​ចំណុច​សំខាន់ៗ​ជា​អចិន្រៃ្តយ៍​នៅ​ពេលយប់​ដើម្បី​រក្សា​សន្ដិសុខ​សុវត្ថិភាព​ដល់​ពលរដ្ឋ និង​ភ្ញៀវទេសចរ​កុំ​ឲ្យ​ពួកគាត់​បារម្ភ និង​នាំគ្នា​និយាយ​ពី​បញ្ហា​អសន្ដិសុខ​ណាមួយ​ចំពោះ​ខេត្ត​ព្រះសីហនុ​ទៀត​»៕