កំពង់ចាមៈ កម្លាំង​នគរបាល​ស្រុក​ព្រៃ​ឈរ សហការ​ជា​មួយ​​អង្គភាព​ការ​ពារ​កុមារ (Child Protection Unite) ដែល​ជា​ក្រុម​ជំនាញ​ក្រៅ​រដ្ឋាភិបាល កំពុង​ធ្វើ​ការស្រាវជ្រាវ​លើ​ករ​ណី​​ឃាតកម្ម​ «ដ៏ព្រៃ​ផ្សៃ» សម្លាប់​ដោយកាត់​ក្បាល​ ​ស្ត្រី​ចំណាស់​ត្រូវ​ជា​យាយ និង​ចៅ​ស្រី​អាយុ​ទើប ៦ ឆ្នាំ នៅក្នុង​ភូមិ-ឃុំ​ថ្មពូន កាលពី​ថ្ងៃពុធ។

លោក កែវ សេង​ហ៊ន អធិការ​ស្រុកព្រៃឈរ​ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​កាល​ពីម្សិល​មិញ​ថា អ្នក​ស្រី ពូ អូន ​អាយុ ៦៥ ​ឆ្នាំ និង​ចៅ​ស្រី​​គាត់​ឈ្មោះ ខេង សាវឿ​ន អាយុ​ ៦ ​ឆ្នាំ ជាប្រជា​ពលរដ្ឋនៅ​ភូមិ-ឃុំ កើតហេតុ​ខាង​លើ ត្រូវ​បាន​គេប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ព្រៃ​ មាន​ចម្ងាយ​ប្រមា​ណ ​៣៥០ ម៉ែត្រ ​នៅភាគ​ខាង​ត្បូង​ផ្ទះ​របស់​គាត់ ​កាល​ពីរសៀល​ថ្ងៃទី​ ៣ ខែ​ មេសា ឆ្នាំ ២០១៩​។ ​«សព​របស់​ជន​រង​គ្រោះទាំ​ង​ ២​ ត្រូវ​បាន​គេកាត់​ក្បាល។ វាជា​ករណី​ឃាតកម្ម​ដ៏រន្ធត់ ​និង​ឃោរឃៅ​ព្រៃ​ផ្សៃ​បំផុត​ ដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្ដួល​រំលំ»។

លោក​បន្ត​ថា នៅ​ពេល​នេះ​កម្លាំង​នគរបាល​ជំនាញម​កពី​ថ្នាក់​ខេត្ត កំពុង​ជួយ​អន្តរា​គមន៍ ស្រាវ​ជ្រាវ​ និង​ស៊ើប​អង្កេត​លើ​ករណី​នេះដើម្បី​កំណត់​មុខសញ្ញាជន​សង្ស័យ​ជាឃា​តករ។

លោក​ថា៖​ «​ថ្វី​បើ​នៅ​ពេល​នេះ [រសៀល​ថ្ងៃ​ព្រហ​ស្បតិ៍] កម្លាំង​សមត្ថ​កិច្ច​ជំនាញ ​នៅ​ពុំទាន់​រក​ឃើញ​ក្បាល​​ជន​រងគ្រោះ​ទាំង​ ២ ​និងមិន​ទាន់​កំណត់​មុខ​សញ្ញាជន​សង្ស័យ​ជាឃា​តករ​បាន ប៉ុន្តែ​ តាម​ការសន្និ​ដ្ឋាន​របស់​សមត្ថកិច្ច​ជំនាញ​ករណី​ឃាត​​ក​​ម្ម​ដ៏ព្រៃផ្សៃ​នេះ ជន​ជាឃាត​ករ និង​ជន​រងគ្រោះ គឺអាច​ជា​អ្នក​ស្គាល់​គ្នាជិត​ស្និទ្ធ និង​អាច​ជា​អ្នក​រស់​នៅ​ភូមិ​ជាមួយ​គ្នា»។

ជុំវិញ​ករណី​នេះ អ្នក​ស្រី ដើង ថន អាយុ​ ៣៥ ឆ្នាំ ដែល​ជាកូនស្រី និងជាមីង​របស់​​ក្មេង​ស្រី​រងគ្រោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ថា នៅ​ព្រឹក​ថ្ងៃទី​ ៣ ខែ មេ​សា ឆ្នាំ ២០១៩ អ្នក​ស្រី​​បាន​ទិញ​នំ​ចំណីយក​ទៅ​ជូន​ម្ដាយ​ និង​ក្មួយ​ស្រី​​ ប៉ុន្តែ ពេល​ទៅ​ដល់​ឃើញ​ផ្ទះ​ម្ដាយ​ចាក់​សោ។ អ្នក​ស្រី​​បាន​សួរ​អ្នកជិត​ខាង ​ប៉ុ​ន្តែ​គ្មាន​នរណា​​ម្នាក់​ដឹង​ថា ម្ដាយ​និង​ក្មួយ​ស្រី​ទៅ​ទីណា​នោះ​ទេ។

អ្នក​ស្រីនិយាយ​ថា​៖ «ខ្ញុំ​បាន​ដើរ​រកម្ដាយ​និង​ក្មួយ​ស្រី​ខ្ញុំជុំវិញ​ផ្ទះ​ និង​ក្នុង​ចម្ការ​ស្វាយ​ចន្ទីរ​បស់​គាត់ ប៉ុន្តែ​មិន​ឃើញ​គាត់​​នោះ​ទេ»។

ដោយ​រក​សព្វ​ទីកន្លែង​មិន​ឃើញ​អ្នក​ស្រី​ក៏បាន​ទូរស័ព្ទ​ទៅ​​បង​ប្អូន និងសាច់​ញាតិ​​មួយ​ចំនួន​ដែល​នៅ​ភូមិ​ផ្សេង​ទៀត​ ប៉ុន្តែ​គ្មាន​នរណាដឹង​ពីដំណឹង​របស់​ម្ដាយ ​និង​ក្មួយ​ស្រីនោះ​ទេ។ បន្ទាប់​មក​ ទើប​អ្នក​ស្រី​សម្រេចចិត្ត​ប្ដឹង​នគរ​បាល​មូល​ដ្ឋាន​ឲ្យជួយ​អន្តរា​គមន៍​តាម​រកម្ដាយ​និង​ក្មួយ​ស្រី។

លុះដល់​ម៉ោង​ជាង​ ១​២ ថ្ងៃត្រង់​ ថ្ងៃទី ៣ ខែ មេសា បងស្រីជី​ដូនមួយ​រប​ស់​​អ្នក​ស្រី​​ ឈ្មោះ​ មួង ស្រី អាយុ​ ៤៥ ឆ្នាំ រួមទាំងកម្លាំង​​នគរបាល​ប៉ុស្តិ៍​ឃុំថ្ម​ពូន ​បាន​ប្រទះឃើញ​សពម្ដាយ​ និង​ក្មួយស្រី​នៅក្បែរ​ព្រៃ​ឫស្សី​ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ២៥០ ម៉ែត្រ​ពី​ចម្ការ​ស្វាយ​ចន្ទី​របស់​ម្ដាយ​អ្នកស្រី។

ជាមួយ​សំឡេង​យំខ្សឹក​ខ្សួល អ្នក​ស្រី មួង ស្រី ​និយាយ​ថា៖ «​ខ្ញុំមាន​ក្ដីតក់​ស្លុត​ខ្លាំង​ណាស់​ ហើយ​ស្ទើរ​តែ​គាំង​បេះ​ដូង​ស្លា​ប់​នៅ​នឹង​កន្លែងពេល​ដែល​ឃើ​ញ​ម្ដាយ​មីង និង​​ក្មួយ​ស្រី​របស់​ខ្ញុំ ស្លាប់​ដោយ​ត្រូវ​បានគេ​កាត់ក្បាល​នៅ​ក្នុង​ព្រៃ​នោះ»។

អ្នក​ស្រី​​បន្តថា​ បន្ទាប់​ពី​ឃើញ​សព​ដាច់​ក្បាល​អ្នក​ស្រី​​ និង​អាជ្ញាធរ​រួម​ទាំង​សាច់​ញាតិ​ បាន​នាំគ្នាដើ​រ​​ស្វែង​រក​ក្បាល​​​ជន​រង​គ្រោះ​ទាំង​ ២ នៅ​ក្នុង​ព្រៃ​នោះ ប៉ុន្តែ​មិនប្រទះ​ឃើញ​ទាល់​តែ​សោះ។

ជាមួយ​គ្នា​នេះ ម្ដាយ​កុមារី​រងគ្រោះ​ ខេង សាវឿន គឺអ្នកស្រី​ ដើង ចាន់​ថា អាយុ ​២៤ ​ឆ្នាំ ដែល​ទើប​ត្រឡប់​ពី បម្រើ​ការងា​រ​​ជា​កម្មករ​សំណង់​នៅ​ខេត្ត​កំព​ត​ ជាមួយ​ប្ដី​របស់នាង​ ​ថ្លែង​​ថា មុន​ទទួល​បាន​ដំណឹង​ជាអកុ​​ស​ល​នេះ​ ម្ដាយ​ និង​កូន​ស្រីរ​បស់​​នាង​បាន​ទូរស័ព្ទ​ទៅ​សួរ​សុខ​ទុក្ខ​នាង​និង​ប្ដីដែល​កំពុង​បម្រើ​ការងារ​នៅ​ខេត្ត​កំពត។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា ម្តាយ​រប​ស់​អ្នក​ស្រី​បាន​សួរ​អ្នក​ស្រី​ថា តើ​មក​លេង​​ផ្ទះ​​ទេ ក្នុង​​​​​ពេល​ចូល​ឆ្​នាំខាង​មុខ​នេះ​? «ម៉ែ​និង​កូន​ស្រីរបស់​កូននឹក​កូន​ខ្លាំង​ណាស់!»។

និយាយ​ដល់​ត្រឹម​នេះអ្នក​ស្រី​ចា​ន់ថា​ បាន​ទ្រហោ​​​យំ ហើយ​និយាយ​ទាំង​អួល​ដើម​​ក​ទៀត​ថា៖ «ខ្ញុំ​បាន​ប្រាប់​ម្ដាយ​ខ្ញុំ​ថា ​នៅថ្ងៃទី ១០ ​ខែ ​មេសា ​ខ្ញុំ​ និង​ប្ដី​ខ្ញុំ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ដើម្បី​ចូល​រួម​បុណ្យ​ចូល​ឆ្នាំ​។ ចំណែក​​កូន​ស្រី​ខ្ញុំ បាន​ប្រាប់​ឲ្យ​ខ្ញុំទិញ​កង់​ឲ្យ​នាងហើយ​ខ្ញុំ​បាន​សន្យា​ថានឹង​​ទិញ​វា​ឲ្យ​នាង​ពេល​ខ្ញុំ​ត្រឡប់​ទៅ​លេង​ផ្ទះ​ក្នុង​ពេល​ចូល​ឆ្នាំ»។

អ្នក​ស្រី​បន្ត​ថា ប៉ុន្តែ​នៅពេល​ទទួល​បាន​ដំណឹង​ពីការ​ស្លាប់​របស់​ម្ដាយ និង​កូន​ស្រី អ្នក​ស្រីមាន​អារម្មណ៍​តក់​ស្លុត​យ៉ាង​​ខ្លាំង។ ​អ្នក​ស្រី​​ និង​ប្ដី​បាន​សុំ​អនុញ្ញាត​ច្បាប់​មុន​កាល​កំណត់​របស់​ក្រុម​ហ៊ុន ដើម្បី​មក​ចូលរួម​បុណ្យ​សព​ម្ដាយ​ និង​កូន​ស្រី​ជាទី​ស្រឡាញ់។

ជាមួយ​គ្នា​នេះ អ្នកស្រី​​បាន​អំពាវ​នាវ​ សុំឲ្យ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ ជួយ​ស្វែង​រកឃា​តក​រ​ ដែល​សម្លាប់​ម្ដាយ ​និង​កូនស្រី​របស់​​អ្នក​ស្រី​ដើម្បី​យកមកផ្ដ​ន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់។

​លោក លឹម ឡុង នាយ​​ប៉ុស្តិ៍​ឃុំថ្ម​ពូន បាន​ប្រាប់ភ្នំ​ពេញ​ប៉ុស្តិ៍​ថា អ្នក​ស្រី ពូ អូន ពុំធ្លាប់​មាន​ជម្លោះ​ទាស់​ទែង​​ពាក្យ​សម្ដីអ្វី​ជាមួយ​អ្នក​ជិត​ខាង​នៅក្នុង​ភូមិ​នោះ​ទេ។ កា​រស្លាប់​របស់​គាត់​ សមត្ថកិច្ច​ជំនាញ​មិន​ទាន់​ធ្វើ​ការ​សន្និដ្ឋាន​ថា​ វាកើត​ឡើង ​ដោយ​ករណី​អ្វីឲ្យ​ពិត​ប្រាកដ​នោះ​ទេ៕