ភ្នំពេញៈ អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បានបញ្ជាក់​ពី​ម្សិលមិញ​ថា មន្ទីរប្រឆាំង​គ្រឿងញៀន​បាននិង​កំពុង​ធ្វើការ​ស្រាវជ្រាវ​ទៅលើ​ករណី​ជន​ស៊ីវិល ដែល​ធ្វើ​សកម្មភាព​ចាប់​គ្រឿងញៀន និង​ជំរិត​ទារប្រាក់​នៅតាម​ដងផ្លូវ ជា​ថ្នូរ​នឹង​ការដោះលែង​ដោយ​លោក​ថា បាន​បញ្ជា​ឲ្យ​ធ្វើការ​ត្រួត​ពិនិត្យ​ឡើងវិញ​នូវ​សកម្មភាព​បង្ក្រាប​គ្រឿងញៀន​នៅ​ភ្នំពេញ​។

ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ លោក​ នេត សាវឿន អះអាង​ថា​ លោក​បាន​បញ្ជា​ឲ្យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​ស្រាវជ្រាវ​ទៅលើ​ករណី​ជន​ស៊ីវិល​ដែល​ធ្វើ​សកម្មភាព​ចាប់​គ្រឿងញៀន និង​បង្ខាំង​ជំរិត​ទារប្រាក់​ជា​ថ្នូរ​នឹង​ការដោះលែង​។ សមត្ថកិច្ច​នឹង​ត្រូវតែ​ត្រួតពិនិត្យ​ឡើងវិញ​នូវ​សកម្មភាព​បង្ក្រាប​គ្រឿងញៀន​នៅ​ភ្នំពេញ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ឲ្យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន គឺ​ចាប់ផ្តើម​ពិនិត្យ​ឡើងវិញ​រឿង​ហ្នឹង​។ ឥឡូវ​ហ្នឹង​យើង​កំពុងតែ​ស៊ើបអង្កេត​សិន​។ នៅពេល​ដែល​យើង​ធ្វើ​ហើយ យើង​នឹង​ធ្វើការ​វិនិច្ឆយ ដោយសារ​តែ​យើង​ទើប​តែ​ចាប់ផ្តើម​ធ្វើ យើង​មិន​អាច​វិនិច្ឆយ​បានទេ​»​។ លោក​ឱ្យដឹង​ទៀត​ថា​អគ្គស្នងការដ្ឋាន​នគរបាល​នឹង​ចាត់វិធានការ​តាម​វិន័យ និង​ច្បាប់​ចំពោះ​បុគ្គល ឬ​មន្ត្រី​ណា ដែល​បាន​ស្ទាក់ចាប់​មនុស្ស​យក​ទៅ​វាយខ្នោះ និង​បង្ខាំង​ជំរិត​ទារប្រាក់​ជា​ថ្នូរ​នឹង​ការដោះលែង​ក្រោម​ហេតុផល​ថា ជនរងគ្រោះ​ទាំងនោះ​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន ឬ​ក៏​ជួញដូរ​គ្រឿងញៀន​។

លោក​ថា​៖ «​ឲ្យ​តែ​រកឃើញ​ថា​មាន​បទល្មើស យើង​នឹង​យក​ច្បាប់ និង​វិន័យ​មក​ដាក់ទោស​ហើយ​»​។

ជាមួយ​គ្នា​នេះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ៤ ខែ​វិច្ឆិកា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន​បកស្រាយ​បំភ្លឺ​ពាក់ព័ន្ធ​ករណី​ជនស៊ីវិល​មួយក្រុម​តែងតែ​ធ្វើ​សកម្មភាព​ចាប់​គ្រឿងញៀន​នៅ​ម្តុំ​បឹងកក់​នោះ គឺ​មិនមែន​ជា​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះទេ​។

ប៉ុន្តែ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក្នុង​នាម​ជា​សមត្ថកិច្ច​ទទួលខុស​ត្រូវ​ក្នុង​ដែនដី​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​ស្រាវជ្រាវ បង្ការ ទប់ស្កាត់​មិន​ឲ្យ​ក្រុម​ជន​ស្លៀក​ស៊ីវិល​ទាំងនោះ​បង្ក​បញ្ហា​ទាំងនេះ​ទៀតឡើយ​។ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តែងតែ​គោរព​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ថ្នាក់ដឹកនាំ មិន​ដែល​ទៅធ្វើ​សកម្មភាព​អ្វីមួយ​ដែល​ខុស​ពី​ការណែនាំ ឬក៏​ភារកិច្ច​នោះទេ​។

ទំព័រ​ហ្វេសប៊ុក​ដដែល​បញ្ជាក់​ថា​៖ «​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើការ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ចាត់វិធានការ​មិន​ឲ្យ​ករណីនេះ​កើតឡើង​ទៀតឡើយ​»​។

ការប្រកាស​ដាក់​វិធានការ​នេះ​កើត​មានឡើង​បន្ទាប់ពី​បុរស​ម្នាក់​ដែល​ប្រើប្រាស់​គណនី Facebook ឈ្មោះ Visal Peth ​កាលពី​ថ្ងៃទី​ ៣ ខែ​តុលា ​បាន​បង្ហោះ​ជា​វីដេអូ​មួយ​សរសេរ​ថា​ មាន​មិត្ត​រួម​ការងារ​ម្នាក់​ត្រូវ​គេ​ធ្វើស៊ី​នៅ​បឹងកក់​អស់ $2 500 បន្ទាប់ពី​មិត្ត​របស់​ខ្លួន​បាន​ជិះ​ម៉ូតូ​តាមផ្លូវ​នោះ។ នៅ​ចំណុច​ផ្លូវ​បឹងកក់​ត្រូវបាន​មនុស្ស​មួយក្រុម​ដែល​មាន​ឯកសណ្ឋាន​ស៊ីវិល កាន់​អាយកូម និង​មាន​ស្លាក​លេខ​ម៉ូតូ​នគរបាល​បាន​ជិះ​មក​ស្ទាក់​ចាប់​វាយខ្នោះ​បញ្ជូន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​។

លោក​ថា​៖ «​គេ​ចោទគាត់​ថា​ ជា​អ្នក​ទៅ​ទិញ​ (​គ្រឿងញៀន​)​។ គាត់​មិន​ហ៊ាន​ប្រកែក​ទេ ដោយសារ​គាត់​ខ្លាច​គេ ហើយ​ធ្វើ​តាម​គេ​ទាំងអស់ ហើយ​គេ​ធ្វើ​ស៊ី​គាត់​អស់​ ២ ៥០០ ​ដុល្លារ​»​។

លោក​បន្ថែមថា​៖ «​មិនមែន​តិច​នាក់​ទេ ដែល​ត្រូវបាន​គេ​ធ្វើ​ស៊ី ពីព្រោះ​ពេល​ខ្ញុំ​ជិះ​ម៉ូតូ​ទៅ​ផ្ទះ ខ្ញុំ​ឧស្សាហ៍​ឃើញ​គេ​ចាប់ ហើយ​វាយយក​តែម្តង​នៅ​កណ្តាលផ្លូវ​ហើយ​បើ​គាត់​ប្រកែក​គេ​វាយ​ថែម​តែម្តង​។ នៅពេល​ដែល​ពួកគេ​ទៅតាម ពួកគេ​ត្រូវ​ឲ្យ​លុយ​ដើម្បី​ដោះលែង​»​។

ម្ចាស់​គណនី Facebook ខាងលើ​ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស​គឺ​លោក​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេត្តាជួយ​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ផង​។

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ឲ្យ​ដឹងថា មាន​ពាក្យបណ្តឹង​មួយ​ដែល​គោរព​ជូន​លោក​ឧត្តមសេនីយ៍ឯក ស ថេត ដោយ​បាន​រៀបរាប់​ពី​ដំណើររឿង​ស្រដៀង​គ្នា​នេះ​។ ពាក្យបណ្តឹង​នោះ​រៀបរាប់​ថា​កាលពី​ថ្ងៃអាទិត្យ​ទី​ ២០ ខែ​ តុលា ឆ្នាំ​ ២០១៩ វេលា​ម៉ោង​ ១១ ​ព្រឹក ​ពួកគេ​បាន​ជិះ​ម៉ូតូ​ចេញ​ពី​ការដ្ឋាន​ត្រឡប់​មកផ្ទះ​វិញ មកដល់​ត្រង់ចំណុច​ខាងក្រោយ​វត្តនាគវ័ន ស្រាប់តែ​មាន​មនុស្ស​ប្រុស​មួយក្រុម​មាន​ ៦ ​ទៅ​ ៧ ​នាក់ ស្លៀកពាក់​ស៊ីវិល​មិន​បាន​បញ្ជាក់ថា​ ជា​ប៉ូលិស​ខាង​ណា​នោះ​ទេ បាន​មក​ស្ទាក់ចាប់​ពួកគេ​។

ពាក្យបណ្តឹង​បញ្ជាក់ថា​៖​ «​មាន​ម៉ូតូ​ ៣ ​គ្រឿង​ទៀត ​មក​ស្ទាក់​ពី​ក្រោយ​ហើយ​ក៏បាន​វ៉ៃខ្នោះ​ពួកគេ​ទាំង​ ២ ​នាក់​។ ក្រុម​បុរស​ខាងលើ​ស្ទុះ​មក​វាយ​លើ​ពួកគេ​តែម្ដង ដោយ​វាយ​ចំនួន​ ៣ ​ដៃ និង​ឡើង​ជង្គង់​ត្រង់​ពោះ​ ២ ​ដង ហើយ​ក៏​ធ្វើការ​ឆែកឆេរ​ពួកគេ​ហើយ​ក៏​ចោទ​ពួកគេ​ថា​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន ទាំង​ដែល​ពួកគេ​មិន​បាន​ប្រើប្រាស់​ទាល់តែ​សោះ​»​។

ពាក្យបណ្តឹង​បន្តថា បន្ទាប់ពី​ចោទ​ដូចនេះ​ហើយ​ស្រាប់​តែ​មាន​បុរស​ម្នាក់ទៀត​ជិះ​ម៉ូតូ​ឌីមហុងដា ហុច​គ្រឿងញៀន​ ១ ​កញ្ចប់​តូច​ ឱ្យ​ពួកគេ​ទាំង​ ២ ​នាក់​។ បុរស​នោះ​ប្រាប់​ឱ្យ​កាន់ ហើយ​ថត​ដោយ​គំរាម​ថា បើ​មិន​ព្រម​កាន់​គ្រឿងញៀន​ឲ្យ​ថត​ទេ​នោះ​នឹង​វាយ​ពួកគេឲ្យ​ងាប់​។ ពួកគេ​ទាំង​ ២ ​នាក់​ បាន​ប្រកែក​មិន​ព្រម​តាម ក៏​ត្រូវ​ជន​ទាំងនោះ​វាយ​ពួកគេ​ទាំង​ ២ ​នាក់​យ៉ាង​ដំណំ​ រហូត​ដល់​ទ្រាំ​មិនបាន​នឹង​ភាពឈឺចាប់ ក៏​ព្រម​កាន់​គ្រឿងញៀន​ឲ្យ​ថត​តាម​ការ​គំរាម​។ ពួកគេ​យល់ព្រម​ឲ្យ​លុយ​ ៨០០ ​ដុល្លារ​ ជា​ថ្នូរ​នឹង​ការដោះលែង​។

លោក មាស សុវណ្ណ ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា​បាន​ថ្លែងថា ពិតជា​មាន​ករណី​ដែល​ជន​ស៊ីវិល​ធ្វើ​សកម្មភាព​ចាប់​គ្រឿងញៀន បង្ខាំង​ជំរិត​ទារប្រាក់​ជា​ថ្នូរ​នឹង​ការដោះលែង​មែន​។ លោក​ថា​ នេះ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការខិតខំ​ប្រឹងប្រែង​របស់​សមត្ថកិច្ច​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ស្វែងរក​ការពិត ថា​តើ​ពួកគេ​គឺជា​សមត្ថកិច្ច​ ឬ​ក៏​ជន​ស៊ីវិល​ធម្មតា​។

លោក​បាន​បញ្ជាក់​ថា​៖ «​វា​គឺជា​ចោរ​ចាប់ជំរិត​យកលុយ​។ សមត្ថកិច្ច​ចុះបង្ក្រាប គេ​មាន​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​តុលាការ ហើយ​មាន​ដីកា​ត្រឹមត្រូវ​។

វា​ធ្លាប់​កើត​មាន​ករណី​បែប​ហ្នឹង តែ​យើង​មិន​ដឹង​ពួកគេ គឺជា​សមត្ថកិច្ច​ ឬ​ក៏​មិនមែន​សមត្ថកិច្ច​ទេ ដូច្នេះ​ហើយ​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ស្វែងរក​ថា តើ​ពិត​ជា​មាន​សមត្ថកិច្ច​បន្លំ​ខ្លួន​មែន​ដែរ​ឬទេ​»​។

លោក​ឧត្តមសេនីយ៍ឯក ស ថេត បាន​ទទួលស្គាល់​ថា ពិតជា​មាន​ករណី​ដែល​ជា​ជន​ស៊ីវិល​ចុះ​ចាប់​គ្រឿងញៀន​ដោយ​ស្ទាក់​ចាប់​មនុស្ស និង​ជំរិត​ទារប្រាក់​ជា​ថ្នូរ​នឹង​ការដោះលែង​មែន​។ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​បង្គ្រាប​នាពេល​កន្លង​ទៅ​។ លោក​អះអាង​ថា ពេល​ខ្លះ​ទៀត​ក៏មាន​មន្ត្រី​ខ្លះ​ចុះ​បង្ក្រាប​គ្រឿងញៀន​បាន​ធ្វើ​ហួស​ដែន​សមត្ថកិច្ច​។

លោក​បាន​បញ្ជាក់ថា​៖ «​ជួនកាល​អ្នក​ដែល​ចុះ​មក​ហ្នឹង វា​ធ្វើ​លើស​ ឬ​ហួស​ចំពោះ​ការងារ​អង្គភាព​។ ដូច្នេះ​ហើយ​បានជា​យើង​ធ្វើ​ការណែនាំ​គាត់​មិន​ឲ្យ​អនុវត្ត​បែប​នេះ​តទៅ​ទៀត​ទេ​។ អ្នកខ្លះ​ (​ជនរងគ្រោះ​) ​បាន​ទាក់ទង​មក​ក្នុង​ហ្វេសប៊ុក​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កន្លង​ទៅ ហើយ​ក៏​យើង​បាន​ចាត់ការ​ ១ ​លើក​ ២ (​លើក​) ​រួចហើយ​ដែរ​»​។

បើ​យោងតាម​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹងថា សរុប​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​ក្នុង​យុទ្ធនា​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ក្នុង​រយៈពេល​ ៩ ​ខែ ​ឆ្នាំ​ ២០១៩ សមត្ថកិច្ច​បាន​បង្ក្រាប ២៣ ៤៦៣ ករណី​។ ឃាត់ខ្លួន ៤៩ ៤៩៤ ​នាក់ ស្រី ៣ ៩៦៧ ​នាក់ រឹបអូស​គ្រឿងញៀន ១ ១២១ គីឡូក្រាម​។ បទល្មើស​ជួញដូរ​រក្សាទុក ដឹកជញ្ជូន បង្ក្រាប​បាន​ ១៤ ៦៥៦ ករណី​។ ឃាត់ខ្លួន​បាន ២៦ ៩១៥ នាក់ ស្រី ២ ៧១៧ នាក់​៕

វីដេអូ៖