កំពង់ស្ពឺៈ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺកំពុងស្វែងចាប់ខ្លួនជនដៃដល់ករណីប្លន់ចាក់សម្លាប់អ្នកបើករថយន្តតាក់ស៊ីម្នាក់ទម្លាក់ពីលើរថយន្តកាលពីប្រមាណម៉ោងជាង ៨ យប់ថ្ងៃទី ៣ មេសា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ត្រង់ចំណុចផ្សារកំពង់ស្ពឺ។
លោក សម សាក់ ស្នងការរងនគរបាលខេត្តកំពង់ស្ពឺប្រាប់ពីម្សិលមិញថា ជនរងគ្រោះឈ្មោះ មឿន ចេក ហៅ ណាល់ អាយុ ៥០ ឆ្នាំ ជាអ្នកបើករថយន្តតាក់ស៊ីរត់ពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ។ ករណីនេះសមត្ថកិច្ចរបស់លោកកំពុងស៊ើបអង្កេតដើម្បីស្វែងចាប់ខ្លួនជនសង្ស័យ។ ព្រោះអំពើឃាតកម្មនេះជាករណីប្លន់សម្លាប់យកទ្រព្យសម្បត្តិពីជនរងគ្រោះ។
លោកថ្លែងថា៖ «អំពើឃាតកម្មនេះសមត្ថកិច្ចមិនទាន់ដឹងច្បាស់ថា ជនល្មើសមានគ្នាប៉ុន្មាននាក់ពិតប្រាកដ និងជាជនជាតិអ្វីនោះទេ ប៉ុន្តែសមត្ថកិច្ចរបស់ខ្ញុំកំពុងស្វែងរកអ្នកពាក់ព័ន្ធហើយ»។
លោករៀបរាប់ថាកាលពីវេលាម៉ោងជាង ៨ យប់ថ្ងៃទី ៣ មេសា អ្នកដំណើរបានប្រទះឃើញជនរងគ្រោះខាងលើដេកស្លាប់ដែលខ្លួនរបស់គាត់មានប្រឡាក់ឈាមជោកអាវ និងខោ។ ពេលនោះប្រជាពលរដ្ឋបានចោមរោមមើល ប៉ុន្តែគ្មាននរណាម្នាក់ស្គាល់ពីអត្តសញ្ញាណរបស់ជនរងគ្រោះឡើយ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចរបស់លោកដើម្បីចុះត្រួតពិនិត្យសាកសព។
សមត្ថកិច្ចបានពិនិត្យមើលលើខ្លួនរបស់សាកសពឃើញមានស្នាមចាក់នឹងកាំបិតចំនួន ៦ កន្លែង គឺនៅត្រង់កខាងឆ្វេង ត្រង់កខាងស្តាំចំនួន ២ កន្លែង ទងត្រចៀកខាងស្តាំ ១ កន្លែង ពោះ ១ កន្លែង នាងដៃឆ្វេង និងនាងដៃស្តាំចំនួន ២ កន្លែងទៀត។ ករណីនេះសមត្ថកិច្ចនៅមិនទាន់ដឹងច្បាស់ថា អាចបណ្តាលមកពីរឿងគំនុំឬយ៉ាងណានៅឡើយទេ ព្រោះសមត្ថកិច្ចកំពុងដុតដៃដុតជើងក្នុងការស្រាវជ្រាវរឿងនេះយ៉ាងយកចិត្តទុកដាក់។
លោកបញ្ជាក់ថា ក្រោយពីសម្លាប់ជនរងគ្រោះហើយជនសង្ស័យបានយករថយន្តរបស់ជនរងគ្រោះជិះទៅផ្លូវលេខ ៥១ (ផ្លូវចេញពីថ្នល់ទទឹងទៅស្រុកឧដុង្គ) ហើយបានបើកបុកខឿនថ្មមួយកន្លែងដែលជាកន្លែងបំពាក់ទូ ATM។ ពេលនោះធ្វើឲ្យរថយន្តបែកកាងមុខ និងបែកកង់មុខមួយចំហៀងទៅមុខលែងរួច ហើយប្រហែលជាជនសង្ស័យអាចចុះរត់គេចខ្លួននៅត្រង់ចំណុចបែកកង់នោះ។ ទីតាំងដែលជនសង្ស័យចតរថយន្តចោលនោះស្ថិតនៅឃុំសេដ្ឋី ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
លោក សម សាក់ ប្រាប់ថា៖ «បើតាមប្រពន្ធរបស់គាត់ប្រាប់ខ្ញុំថា ប្តីគាត់ជាអតីតយោធា ប៉ុន្តែឈប់ធ្វើជាយោធា ៣ ឆ្នាំហើយ ហើយមករត់តាក់ស៊ី»។
លោកបន្តថា ដើម្បីស្វែងរកមូលហេតុនៃឃាតកម្មនេះសមត្ថកិច្ចរបស់លោកបានសុំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីឆែកមើលកាមេរ៉ាសុវត្ថិភាពរកមុខសញ្ញាដែលជួលរថយន្តជិះដំបូង។ បន្តមកទៀត សមត្ថកិច្ចទៅសុំសហការជាមួយនគរបាលខេត្តកំពង់ឆ្នាំង កន្លែងដែលជនសង្ស័យយករថយន្តរបស់ជនរងគ្រោះទៅចតចោល។
ដោយឡែកលោក អ៊ឹង សុភាព អធិការស្តីទីក្រុងច្បារមនប្រាប់ពីម្សិលមិញដែរថា ជនរងគ្រោះមានស្រុកកំណើតនៅខេត្តកំពង់ធំ តែបើតាមអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនបច្ចុប្បន្នរស់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕