ភ្នំពេញៈ សមត្ថកិច្ច​ត្រៀម​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​នៅ​ទូទាំង​ប្រទេស ជាពិសេស​នៅ​ជុំវិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​បើកសវនាការ​លើ​លោក កឹម សុខា ដែល​ជាប់ចោទ​ពីបទ «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» នៅ​ថ្ងៃ​ពុធ ទី​ ១៥ មករា ខានស្អែក​នេះ​។

សំណុំ​រឿង «​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​» ដែល​លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់​នឹងត្រូវ​បើក​ជំនុំជម្រះ​នៅ​ថ្ងៃទី​ ១៥ មករា ខាង​មុខ​នេះ​ធ្វើ​ឡើង​ប្រមាណ​ជាង​ ២ ​ឆ្នាំ​ បន្ទាប់ពី​លោក​ត្រូវបាន​ចាប់ខ្លួន ចោទប្រកាន់ និង​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក្រោម​ការត្រួតពិនិត្យ​ដោយ​តុលាការ​។ ខណៈ​ដែល​ថ្ងៃ​សវនាការ​ជិត​មកដល់​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​នឹង​រឹតបន្តឹង​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ទូទាំង​ប្រទេស ជាពិសេស​នៅ​ជុំវិញ​បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ថ្លែងប្រាប់​កាលពី​ម្សិលមិញ​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​បាន​រៀប​ផែនការ​ការពារ​ស្រេចបាច់​អស់​ហើយ​។ វិធានការ​របស់​យើង​មិនមែន​ធ្វើ​តែ​កន្លែង​សវនាការ​ទេ គឺ​យើង​ស្វះស្វែង​ទាំង​សណ្ដាប់ធ្នាប់​ក្នុង​ទីក្រុង​ភ្នំពេញ​ទាំងមូល រួមទាំង​ការធានា​សុវត្ថិភាព និង​ទប់ទល់​នឹង​ការបំផុស ញុះញង់​នានា​អាចជា​សមាជិក​របស់​ក្រុម​អ្នកណា​ផ្សេងទៀត​នោះ​នៅ​ទូទាំង​ប្រទេស​»​។

លោក​បន្តថា​៖ «​យើង​នឹង​ចាត់​វិធានការ​អប់រំ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​អំពី​អង្គហេតុ អង្គច្បាប់​នៃ​ដំណើរការកាត់ក្ដី​នេះ ហើយ​ដោយឡែក​កម្លាំង​សមត្ថកិច្ច​បាន​ត្រៀម​លក្ខណសម្បត្តិ​អស់ហើយ ទាំង​ការបញ្ចៀស​ចរាចរណ៍ ទាំង​សណ្ដាប់ធ្នាប់​ទូទៅ ប្រសិន​ជា​មាន​ហេតុការណ៍​កើតឡើង​គឺ​យើង​បាន​គិតគូរ​អស់ហើយ​»​។

លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ស្រដៀង​គ្នា​នេះដែរ​ថា​៖ «​យើង​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ទីនោះ និង​នៅ​ជុំវិញ​ដើម្បី​សម្រួល​ចរាចរណ៍ ប្រជាពលរដ្ឋ​ចេញចូល​ធ្វើដំណើរ​។ យើង​ធ្វើ​ម៉េច​រៀបចំ​ឲ្យ​វា​ល្អ​ដើម្បី​ឲ្យ​ដំណើរការ​នៃ​ការកាត់ក្ដី​»​។

លោក​បាន​បញ្ជាក់ថា សមត្ថកិច្ច​នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​លោក កឹម សុខា ទៅ​ឈរ​នៅក្បែរ​បរិវេណ​តុលាការ​ទេ ព្រោះ​អាច​ធ្វើឲ្យ​មាន​ការរំខាន​ដល់​ដំណើរការ​របស់​តុលាការ​។

លោក​ថ្លែងថា​៖ «[​តើ​យើង​] ឲ្យ​ទៅ​រញ៉េរញ៉ៃ​ហើយ​បង្ក​អសន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​នោះ​យ៉ាងម៉េច​កើត​? រឿង​បិទផ្លូវ​អី យើង​ចាំមើល​ជាក់ស្ដែង ប៉ុន្តែ​ផែនការ​ការពារ​យើង​មាន​អស់ហើយ​»​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​អំពី​ការកំណត់​ចំនួន​អ្នកចូលរួម​ស្ដាប់​សវនាការ​របស់លោក កឹម សុខា​។ សាលាដំបូង​បាន​បញ្ជាក់ថា ដោយសារ​សាលសវនាការ​អាច​ទទួល​សាធារណជន​ចូលរួម​បាន​ត្រឹមតែ​ប្រមាណ​​ ៣០ ​នាក់​សាលាដំបូង​តម្រូវ​ឲ្យ​មានការ​ចុះឈ្មោះ​សម្រាប់​អ្នក​ដែល​ចង់​ចូល​ស្ដាប់​សវនាការ​នេះ​។

សេចក្ដី​ជូនដំណឹង​របស់​តុលាការ​សរសេរ​ថា​៖ «​ដើម្បី​ឲ្យ​ដំណើរការ​សវនាការ​ប្រព្រឹត្ត​ទៅ​បាន​រលូន ធានា​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​ល្អប្រសើរ សាធារណជន​ដែល​មានបំណង​ចូលរួម​ស្ដាប់​សវនាការ​នេះ​អញ្ជើញ​មក​ទាក់ទង​ជាមួយ​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចុះឈ្មោះ និង​ទទួល​យក​ប័ណ្ណ​ចូលរួម​ចាប់ពី​ថ្ងៃទី​ ១០ ដល់ទី​ ១៤ ខែមករា​ត្រឹម​វេលា​ម៉ោង​ ១១ និង​ ៣០ ​នាទី​ព្រឹក​»​។

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​អំណាងរាស្ត្រ​ខេត្តតាកែវ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច និង​អាជ្ញាធរ​គួរតែ​អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​លោក កឹម សុខា ទៅ​ក្បែរ​បរិវេណ​តុលាការ​ដើម្បី​តាមដាន​សវនាការ​របស់​លោក កឹម សុខា ក្នុង​នាម​ប្រទេស​ដែលមាន​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព​។

លោក​បន្តថា​៖ «​ខ្ញុំ​យល់ថា ប្រសិន​ជា​បង្ហាញ​ភាពភ័យខ្លាច ឬ​ខ្លាច​កម្លាំង​អតីត​គណបក្សប្រឆាំង​ងើប​តវ៉ា អាហ្នឹង​ខ្ញុំ​យល់ថា ជា​ការគាបសង្កត់​ទៅវិញ​ទេ​។ ទោះជា​មាន​ការងើប​តវ៉ា​ណាមួយ​ក៏ដោយ​អហិង្សា វា​អត់​មាន​អី​ខុស​ទេ ព្រោះ​ជា​ប្រទេស​មួយ​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​គួរតែអនុញ្ញាត​»​។

លោក ចាន់ ចេន មេធាវី ១ ​រូប ​ក្នុងចំណោម​ ៤ ​រូប ​ដែល​ការពារ​ក្ដី​លោក កឹម សុខា យល់ថា សាធារណជនទាំង​ជាតិ និង​អន្តរជាតិ គួរតែ​តាមដាន​សំណុំ​រឿងនេះ ព្រោះ​វា​មិនមែន​ជា​សំណុំរឿង​សាមញ្ញ​ទេ​។

លោក​ថា ដើម្បី​ផ្ដល់ព័ត៌មាន​ឲ្យ​ទូលំទូលាយ​ទៅ​ដល់​សាធារណជន គួរតែ​សាលាដំបូង​រក​វិធី​យ៉ាងណា ដើម្បី​នាំ​ព័ត៌មាន​ ឬ​ដំណើរការ​ក្ដី​ក្នុង​សវនាការ​នេះ​ឲ្យ​សាធារណជន​បាន​ជ្រាប​តាមតែ​វិធី​ដែល​តុលាការ​អាចធ្វើ​បាន​។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​អំពី​ចំនួន​សាក្សី​សរុប​ដែល​ត្រូវ​ចូល​បំភ្លឺ​បានទេ​។

សាក្សី​ម្នាក់​គឺ​លោក ម៉ា ចិត្រា និយាយថា លោក​នឹង​ទៅ​ចូលរួម​ក្នុង​នាម​សាក្សី​នៅ​ថ្ងៃ​សវនាការ​តាម​ការកោះហៅ​របស់​តុលាការ​។

សាក្សី​ម្នាក់ទៀត​គឺ​អ្នកស្រី ស ស៊ន ដែល​ជា​សកម្មជន​ដីធ្លី​បុរី​កីឡា​បាន​ឲ្យ​ដឹងថា អ្នកស្រី​ធ្លាប់​ត្រូវ​បាន​តុលាការ​សាកសួរ​ម្ដង​រួចហើយ​កាលពី​ ២ ​ឆ្នាំ​មុន ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក កឹម សុខា ដែល​ពេលនោះ​តុលាការ​សួរ​អ្នកស្រី​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​ «​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​»​។ អ្នកស្រី​នឹង​ទៅ​ចូលរួម​នៅក្នុង​សវនាការ​នោះ​៕

វីដេអូ៖