រតនគិរីៈ សមត្ថកិច្ច​និយាយ​ថា​ ក្រុមហ៊ុន​ នុភាព​ សុភី ​អីុន​វេស​មេន ​ខូអិល​ធីឌី​ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ពលករ​ជន​ជាតិ​វៀត​ណាម​ ១២ នាក់​ ដែលត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ និង​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ដីព្រៃ​ដោយ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​កម្ពុជា ហើយ​ដែលត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី​ បញ្ជា​ឲ្យ​ឃុំ​ខ្លួន​នោះ។

លោក ស៊ូ ខុន ​នាយរង​ការិយាល័យ​ឧទ្យាន​ជាតិ​វីរជ័យ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​គ្រឿង​ចក្រ​ទាំង​ ៦ គ្រឿង ​និង​ពលករ​ជន​ជាតិ​វៀតណាម​ទាំង​ ១២ នាក់​នោះ ​បានចូល​មក​ឈូស​ឆាយ​ដី​ក្នុង​តំបន់​ដី​សម្បទាន​របស់​ក្រុម​​ហ៊ុន​នុភាព​សុភី ​អីុន​វេសមេន ​ខូអិល​ធីឌី ​ដែលមាន​ទីតាំង​ស្ថិត​ក្នុង​ស្រុក​តាវែង ខេត្ត​រតនគិរី។

លោក​បានបញ្ជាក់​ថា​៖ «យើង​មិន​ដឹង​ថា ​តើ​ពួកគេ​ចូលមក​ទឹកដី​កម្ពុជា​យើង​តាមរយៈ​ក្រុមហ៊ុន ​នុភាព​ សុភី ឬ​មួយ​យ៉ាងណា​នោះ​ទេ ​ប៉ុន្តែ​សកម្ម​ភាព​ឈូសឆាយ​ដីព្រៃ​របស់​ពួកគេ​នៅ​មិនទាន់​រំលោភ​ចូល​ក្នុង​តំបន់​គ្រប់​គ្រង​របស់​ឧទ្យាន​ជាតិ​វីរជ័យ​យើង​នៅ​ឡើយ​ទេ»។

ទោះជា​បែបណា​ក្ដី ​សំណុំ​រឿង​នេះ ​កំពុង​ស្ថិតក្រោម​យុត្តាធិការ​របស់​តុលាការ​ ក្នុង​ការ ស្រាវ ជ្រាវ​ស្វែង​រក​ការពិតថា តើ​ពួកគេ​ ឆ្លងដែន​ដោយ​នាំយក​គ្រឿងចក្រ​ទាំង ​៦ គ្រឿង​នោះ​ចូល មក​កម្ពុជា​ដោយ​របៀប​ណា ​ហើយ​ក្រុមហ៊ុន ​នុភាព​ សុភី ​មាន​ជាប់​ពាក់​ព័ន្ធ​អ្វី​ទៅ​នឹង​សកម្មភាព​ល្មើស​ច្បាប់​របស់​ពួក​គេ។ នេះ​បើ​តាម​ការអះអាង​របស់​លោក​ កែវ ពិសុទ្ធ ​អ្នក នាំ ពាក្យ​សាលា​ដំបូង​ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ចន្ទ។

លោក​បញ្ជាក់​ថា​៖ «នៅពេល​នេះ ​ជនសង្ស័យ​ជនជាតិ​វៀត​ណាម​ ១២ នាក់​ រួមទាំង​បក្ខពួក ២ នាក់​ផ្សេងទៀត​ ដែលកំពុង​រត់​គេចខ្លួន ​ត្រូវបាន​ចោទ​ប្រកាន់​ពី​បទឆ្លង​ដែន​ដោយ​គ្មាន​លិខិត​អនុញ្ញាត ​និង​បទ​ឈូសឆាយ​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ខុស​ច្បាប់»។

គួរ​រំឭកថា ​កាល​ពីថ្ងៃទី​ ១៦ ខែ ​មេសា ​ឆ្នាំ ២០១៩ ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី ​បាន ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ ​និង​បង្ក្រាប​​បទល្មើស​ក្នុង​តំបន់​ឧទ្យាន​​ជាតិ​វីរជ័យ ​ហើយបាន​ប្រទះ​ឃើញ​ពលករ​ជនជាតិ​វៀតណាម​ ១២ ​នាក់ ​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​ នៅ​ក្នុង​តំបន់​អូរ​តាយ៉ាក​ ឃុំ​តាវែង​លើ ​ស្រុក​តាវែង ​ខេត្ត​រតនគិរី​ ដោយ​គ្មាន​លិខិត​អនុញ្ញាត។

នៅក្នុង​ការឃាត់​ខ្លួននោះ ​ស​មត្ថ​កិច្ច​បានរក​ឃើញ​ឯកសារ​មួយចំនួន​ពាក់​ព័ន្ធ​នឹង​បុរស​ម្នាក់​ឈ្មោះ ​សេក វីរៈ​ អាយុ​ ៤៣ ឆ្នាំ ​ជា​តំណាង​ក្រុម​ហ៊ុន​ នុភាព​ សុភី​ អុីន​វេស​មេន ​ខូអិល​ធីឌី ​បានជួល​គ្រឿង​ចក្រ​ទាំង ៦ គ្រឿង​នោះ​ពីក្រុមហ៊ុន​វៀត​ណាម​មួយ​ឈ្មោះ ​MANH LE GIA ​ដែលមាន​តំណាង​ឈ្មោះ​ Nguyen Luang​ Lac សម្រាប់​យក​មក​ឈូសឆាយ​ដី​ដាំ​ដំណាំ​នៅ​ក្នុង​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ខ្លួន។

ក្រៅពី​ឯកសារ​ជួល​គ្រឿង​ចក្រ​ពី​ក្រុម​ហ៊ុន​វៀតណាម​នោះ ​នៅមាន​ឯកសារ​មួយ​ផ្សេង​ទៀត​ ដែល​ឈ្មោះ​ សេក វីរៈ បានជួល​ដី​ក្រុមហ៊ុន​ នុភាព ​សុភី ​ដែលមាន​ទីតាំង​នៅ​ស្រុក​អណ្ដូង​មាស ​ខេត្តរតន​គិរី​ទៅ​ឲ្យ​ជន​ជាតិ​វៀត​ណាម​ម្នាក់​ឈ្មោះ ​Vo Nguyen Sa អាយុ​ ៣៦ ឆ្នាំ ​ក្នុង​តម្លៃ​ ៧០​ ដុល្លារ​ក្នុង​ ១ ហិកតា ​ក្នុង​រយៈពេល ១ ឆ្នាំ។

ក្រុម​ហ៊ុន​ នុភាព ​សុភី​ អុីន​វេសមេន​ ខូអិល​ធីឌី ​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន ​៩ ០០០ ហិកតា​ នៅ​ក្នុង​​ស្រុក​តាវែង ​និងស្រុក​អណ្ដូង​មាស ​ខេត្ត​រតនគិរី ​សម្រាប់​វិនិយោគ​ដំណាំ​កសិឧស្សាហ​កម្ម​ ដែល​រួម​មាន​ដំណាំ​កៅស៊ូ ​និង​ ស្វាយ​ចន្ទី ​ក្នុង​រយៈពេល ៧០ ​ឆ្នាំ ​នេះ​បើយោង​អនុក្រឹត្យ ​ចុះថ្ងៃទី​ ១៥ ​ខែ កុម្ភៈ ​ឆ្នាំ ២០១១។ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៥ រដ្ឋាភិបាល​បាន​កាត់​បន្ថយ​រយៈពេល​នៃ​ការ​វិនិយោគ​មក​នៅ​ត្រឹម ៥០ ឆ្នាំ​វិញ។

ជុំវិញ​ករណី ​យក​ដី​សម្បទាន​របស់​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​សិទិ្ធ​វិនិយោគ​ពី​រដ្ឋ​ទៅ​ជួល​បន្ត​ឲ្យជន​បរទេស​ផ្សេង​ទៀត ​ដោយ​គ្មាន​ការជូន​ដំណឹង​ជាមុន​ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​រដ្ឋ​ ដោយ​បុគ្គល​ឈ្មោះ​ សេក វីរៈ​ ខាង​លើ​នេះ ​ត្រូវបាន​លោក​ សយ សូណា ​ប្រធាន​មន្ទីរ​កសិកម្ម ​រុក្ខា​ប្រមាញ់​និង​នេសាទ​ ខេត្ត​រតនគិរី​ ចាត់​ទុក​ថា ​«ជាអំពើ​រំលោភ​បំពាន​​លើ​កិច្ច​សន្យា​រវាង​រដ្ឋ​ និង​ឯកជន»។

ក្រុម​ហ៊ុន នុភាព ​សុភី ​អុីន​វេស​មេន ​ខូអិល​ធីឌី ​មិនអាច​ទាក់ទង​សុំការ​បកស្រាយ​បាន​ទេ ​កាល​ពី​ម្សិលមិញ៕