កំពង់ស្ពឺៈ ​បន្ទាប់​ពី​ការស្រាវជ្រាវ​ ពី​ម្សិល​មិញ​សមត្ថកិច្ច​អះ​អាង​ថា ​ករណី​អគ្គិភ័យ​ឆេះ​សិប្ប​កម្ម​កែ​ច្នៃ​ស្ល​ប្រេង​ម៉ា​ស៊ីន​ខ្មៅ​ចម្រាញ់ធ្វើ​ប្រេង​ម៉ា​ស៊ូត​ ១ ​នៅ​ភូមិ​ដំ​ណាក់​ត្រាច​ ឃុំ​ដំ​បូករូង​ ស្រុក​ភ្នំ​ស្រួច​ខេត្ត​កំពង់ស្ពឺ​ កាល​ពី​ថ្ងៃ​ទី​ ២១​ ខែ ឧសភា​ គឺ​ហេតុការណ៍នេះ​បណ្តាល​មក​ពី​ទុស្សេ​ខ្សែភ្លើង ​ហើយ​សមត្ថកិច្ច​អះអាង​ថា​ ទីតាំង​ស្ល​ប្រេង​នោះ​ជា​សិប្បកម្ម​គ្មាន​ច្បាប់។​

លោក ​សម ​សា​មួន​ ស្នង​ការ​នគរ​បាល​ខេត្ត​កំ​ពង់​ស្ពឺ​ប្រាប់​ ភ្នំពេញ​ប៉ុស្តិ៍ ​ពី​ម្សិលមិញ​ថា​ពាក់​ព័ន្ធ​អគ្គិភ័យ​ឆេះ​សិប្បកម្ម​កែ​ច្នៃ​ប្រេង​ម៉ា​ស៊ីន​ខ្មៅ​កាល​ពី​ថ្ងៃ​ទី​ ២១​ ឧសភា​ នោះ​ បើផ្អែក​តាម​ការ​ស្រាវ​ជ្រាវ​របស់​សមត្ថកិច្ច​ និង​តាម​ការ​សាក​សួរ​ទៅ​ម្ចាស់​សិប្បកម្ម​ឈ្មោះ​ ថន ​សេងលី​ បង្ហាញ​ថា​ករណី​គ្រោះ​អគ្គិភ័យ​នោះ​បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង។​

លោក​ សាមួន បានថ្លែង​ថា​៖​ «ទី​តាំង​សិប្បកម្ម​ស្ល​ប្រេង​ម៉ា​ស៊ូត​នោះ​កាល​ពី​ពេល​កន្លង​ទៅ ​សមត្ថ​កិច្ច​បាន​ចុះ​បិទ​អា​ជីវ​កម្ម​រួច​មក​ហើយ​ ដោយ​សារ​ដំ​ណើរការ​គ្មាន​ការ​អនុញ្ញាត​ប៉ុន្ដែ​ទំនង​លួច​បើក​ដំ​ណើរការ​ដោយ​ស្ងាត់ៗ»។

ដោយ​ឡែក​លោក​ សាយ ​ប៊ុនថន ​អ​ធិ​ការ​នគរ​បាល​ស្រុក​ភ្នំ​ស្រួច ​បាននិយាយ​ថា​ក្រោយ​កើត​ហេតុ​មាន​គណៈ​កម្មការ​មួយ​ក្រុម​ចុះ​ដល់​កន្លែង​កើត​ហេតុ​ ដើម្បី​ពិនិត្យ​មើល​ផ្លូវ​ច្បាប់​ពី​ការ​បើក​សិប្បកម្ម​នោះ ​ក្នុង​នោះ​ក៏​មាន​ខាង​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ផង​ដែរ​ ហើយ​ពិនិត្យ​ឃើញ​ថា​ សិប្បកម្ម​នោះ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ទេ​។

លោក​ ប៊ុនថន បានបញ្ជាក់ថា​៖ «ថ្វីដ្បិត​សិប្បកម្ម​នោះ​គ្មាន​ច្បាប់​អនុញ្ញាត​ក្តី ​តែ​សមត្ថកិច្ច​នៅ​តែ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​សង្គ្រោះ​ពីការ​ឆេះ​នោះ។ ដោយ​សារ​ថា​ ក្នុង​នាម​កម្លាំង​សមត្ថកិច្ច​ត្រូវ​តែ​ជួយ​ប្រជាពលរដ្ឋ»។

លោក​ប្រាប់​ថា​ តាម​ការ​ស្រាវ​ជ្រាវ​ពី​មន្រ្តី​នគរបាល​ជំ​នាញ​ និង​តាម​ការ​សាក​សួរ​ពីម្ចាស់​សិប្បកម្ម​នោះបង្ហាញ​ថា ​អគ្គិភ័យ​​នេះ​បង្ក​ដោយ​ទុស្សេ​ប្រអប់​ភ្លើង​ ហើយ​បណ្តាល​ឲ្យ​បែក​ផ្កា​ភ្លើង​ខ្ទាត​ប៉ះធុង​ប្រេង​ម៉ា​ស៊ូត​នៅ​ក្បែរ​នោះ​បង្ក​ឲ្យ​មាន​ជា​អណ្តាត​ភ្លើង​ឆាប​ឆេះ​តែម្ដង។

លោក​ប​ន្តថា​ អគ្គិភ័យ​នោះ​​កើត​ឡើង​នៅ​ម៉ោ​ង​ ១​៥ ​និង​ ៤​៥ ​នាទី​ថៃ្ង​ទី​ ២​១​ ខែ​ ឧសភា​ ឆ្នាំ​ ២០​១​៩​ ក្នុង​នោះ​សមត្ថកិច្ច​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំ​នួន​ ៤ ​គ្រឿង​។ ​រថយន្ត​ ២ ​គ្រឿង​ មក​ពី​ស្នងការ​ដ្ឋាននគរ​បាល​ខេត្ត​កំពង់​ស្ពឺ ​និង​រថយន្ត​ ២​ គ្រឿង​ទៀត​ មក​ពី​សា​លា​នគរបាល​កម្ពុជា-​វៀត​ណាម​ នៅ​ក្នុង​ស្រុក​ភ្នំ​ស្រួច​នោះ។

ភ្នំពេញ​ប៉ុស្តិ៍ ​នៅ​មិនទាន់​អាចរក​ប្រភព​ទាក់ទង​ម្ចាស់​ទីតាំង​ប្រេង​ដែលរង​ការខូចខាត​ដោយ​អគ្គិភ័យហើយ ដែល​សមត្ថកិច្ច​ថា ​មិនមាន​ច្បាប់​អនុញ្ញាត​​នៅ​ឡើយ​ទេ​ កាល​ពី​ម្សិលមិញ។

​លោក​ សាយ ប៊ុនថន ឲ្យដឹងថា​ចំពោះ​ទ្រព្យ​សម្បត្តិ​ ដែល​ខូចខាត​មាន​រថយន្ត​ដឹក​ប្រេង​ ១ ​គ្រឿង​ ម៉ា​ស៊ីន​ចម្រាញ់​ប្រេង​ ៧ ​គ្រឿង ស៊ី​ទែន​ផ្ទុក​ប្រេង​ចំនួន ៦ ពុយជ័រ ២៤ ពុយ​ប្រេង​ម៉ា​ស៊ូត​ចម្រាញ់​រួច​ចំ​នួន ៦៧ ០០០ លីត្រ​ និង​សម្ភារ​ផ្សេងៗ​មួយ​ចំនួន​ទៀត៕