ភ្នំពេញ: កម្លាំងប្រដាប់អាវុធរបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើកាលពីចុងសប្ដាហ៍នេះបន្តបង្ក្រាបបានបទល្មើសព្រៃឈើ ៨ ករណីបន្ថែមទៀត ក្នុងនោះរឹបអូសបានឈើប្រណីតជាង ១៥ ម៉ែត្រគុប និងរថយន្តសរុបចំនួន ១៥ គ្រឿង និងដោះលែងមនុស្ស ៦ នាក់ ឲ្យមានសេរីភាពឡើងវិញក្រោយពីបង់ប្រាក់ពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបំផ្លាញព្រៃឈើដោយខុសច្បាប់។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងថា បទល្មើសព្រៃឈើទាំងអស់នេះត្រូវបានសមត្ថកិច្ចចុះបង្ក្រាបនៅខេត្តព្រះវិហារ ៣ ករណី រតនគិរី ២ ករណី មណ្ឌលគិរី ២ ករណី និងខេត្តក្រចេះ ១ ករណី។
លោក ហ៊ី ថ្លែងថា ប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់យកឈើល្មើសច្បាប់ចំនួនចំនួន ៤៣ ដុំ ស្មើនឹង ១៥,៦៣២ ម៉ែត្រគុប ដោយរក្សាទុកនៅរដ្ឋបាលព្រៃឈើតាមតំបន់រៀងៗខ្លួន ព្រមទាំងបានដុតបំផ្លាញចោលរថយន្តប៉ាកុង និងរថយន្តកែច្នៃចំនួន ១១ គ្រឿង និងម៉ូតូកែច្នៃចំនួន ១ គ្រឿង ខណៈរថយន្តដែលអាចប្រើបានចំនួន ៤ គ្រឿងផ្សេងទៀតត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើរក្សាទុក។
លោក ចាន់ សុខា មេបញ្ជាការកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានថ្លែងថា កាលពីថ្ងៃទី ១៨ ខែកក្កដានេះថា កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំក្រវាញបានចុះបង្ក្រាបបទល្មើសកាប់ប្រមូល ដឹកជញ្ជូនសន្និធិផល អនុផលព្រៃឈើ (គ្មានច្បាប់អនុញ្ញាត) នៅឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ដោយឃាត់រថយន្តកែច្នៃ ១ គ្រឿង គោយន្តកន្រៃ្តចំនួន ៦ គ្រឿង ដឹកបង្គោលរបង ដឹកអុស និងឃាត់ខ្លួនជនសង្ស័យចំនួន ៦ នាក់។ ជនសង្ស័យ និងវត្ថុតាងប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃលាច។
លោក សុខា ថ្លែងថា៖ «ជនសង្ស័យទាំង ៦ នាក់ ជាពលរដ្ឋដែលតែងតែដើរកាប់ព្រៃធ្វើជាអុស ឬបង្គោលរបង ប៉ុន្ដែពួកគាត់ធ្វើជាលក្ខណៈទ្រង់ទ្រាយធំ ហើយយើងក៏បានចាប់ខ្លួនគាត់ យកទៅសាកសួរជុំវិញរឿងកាប់ព្រៃឈើ ហើយក៏ប្រគល់ពួកគាត់ទៅឲ្យរដ្ឋបាលព្រៃឈើ គាត់ចាត់ចែងតាមច្បាប់ ហើយគេដោះលែង ឬពិន័យបែបណា គឺខ្ញុំអត់ដឹងទេ»។
លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានថ្លែងថា សមត្ថកិច្ចបានដោះលែងពួកគាត់វិញ នៅថ្ងៃទី ១៩ ខែកក្កដានេះរួចហើយ ដោយពិន័យជាអន្តរកាលព្រមទាំងតម្រូវឲ្យពួកគាត់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពកាប់ព្រៃឈើបន្តទៀត ប៉ុន្ដែលោកមិនអាចបញ្ជាក់ពីទំហំទឹកប្រាក់ដែលដាក់ពិន័យនេះទេ។
លោក វិសិដ្ឋ ថ្លែងថា បន្ទាប់ពីពិន័យជាអន្តរការនេះ សមត្ថកិច្ចជំនាញបានប្រគល់គោយន្តកន្រៃ្តទាំង ៦ គ្រឿង ឲ្យពួកគាត់វិញ ប៉ុន្ដែរថយន្តកែច្នៃមួយគ្រឿង ត្រូវបានដុតចោលនៅនឹងកន្លែងលើសពីនេះ សមត្ថកិច្ចចម្រុះបាននិងកំពុងបន្តប្រតិបត្តិការបង្ក្រាបតាមគោលដៅនានាទៀត ដើម្បីបង្ក្រាបសកម្មភាពកាប់ឈើគ្រប់រូបភាពទាំងអស់។
លោក គុជ វេង សកម្មជនការពារព្រៃប្រចាំខេត្តពោធិ៍សាត់បានថ្លែងថា ការបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេសនេះ គឺសមត្ថកិច្ចបន្តធ្វើជាប្រចាំ ដើម្បីកុំឲ្យបទល្មើសព្រៃឈើវាងើបឡើងវិញ។
ទោះយ៉ាងណាក៏ដោយ លោក វេង ថ្លែងថា៖ «សមត្ថកិច្ចមិនគួរដុតបំផ្លាញរថយន្តល្អៗទាំងនោះចោលទេ ព្រោះរថយន្តដែលបម្រើឲ្យបទល្មើសនេះ សុទ្ធតែអាចប្រើប្រាស់បាន ដោយគ្រាន់តែរឹបអូសយកមកធ្វើជាសម្បត្តិរដ្ឋ ហើយប្រគល់វាឲ្យទៅមន្ទីរបរិស្ថាន អង្គភាពនគរបាល និងអង្គភាពជំនាញនានាទៀត។ កន្លងមក ខ្ញុំធ្លាប់បានតស៊ូមតិ តវ៉ានានាច្រើនមកហើយ ប៉ុន្ដែគ្មានប្រសិទ្ធភាពអ្វីទេ ហើយគេថែមទាំងប្ដឹងខ្ញុំដាក់គុកទៀតផង។ ឥឡូវបានគេចុះបង្ក្រាប ខ្ញុំគាំទ្រ ហើយគួរតែធ្វើរហូតទៅ ហើយតាមចាប់ជនល្មើសមកដាក់គុកផង»។
លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី ១៩ ខែកក្កដានេះ បានប្រកាសជាសាធារណៈដាក់ជីវិតរបស់ខ្លួនជាមួយនឹងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងប្រទេសនាដំណាក់កាលចុងក្រោយនេះឲ្យបានជោគជ័យ និងបានដាក់បទបញ្ជាដកមន្ដ្រីអាវុធហត្ថទាំងឡាយណាដែលជាប់ពាក់ព័ន្ធបទល្មើសជាមួយក្រុមឈ្មួញ ជួញដូរព្រៃឈើ៕