ភ្នំពេញ: បុរស​ជា​អ្នក​នាំចូល​អាល់កុល​ម្នាក់​ឈ្មោះ លឹម ហ៊ុយ ត្រូវបាន​មន្ត្រីនាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​មហាផ្ទៃ​តម្រូវ​ឲ្យ​ធ្វើ​កិច្ចសន្យា និង​ព្រមាន​បញ្ឈប់​ការនាំចូល​ទឹក​អាល់កុល​បន្តទៀត បន្ទាប់ពី​សមត្ថកិច្ច​បាន​រកឃើញ​បុរស​រូបនេះ​នាំចូល​ទឹក​អាល់កុល​ក្លែងក្លាយ និង​នាំចូល​ខុសច្បាប់ ខណៈ​អាល់កុល​សរុប​ជាង ៤ ​ពាន់​លីត្រ​ត្រូវ​បាន​រឹបអូស​។

លោក ឡុង ស្រេង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា នៅ​ថ្ងៃទី​ ២១ ខែមីនា ថ្មីៗ​នេះ​មន្ត្រី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹងកេងកង​បាន​សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ឆែកឆេរ​ទីតាំង​ស្តុក និង​ចែកចាយ​មេតាណុល​ ១ ​កន្លែង​ដែល​ស្ថិត​នៅក្នុង​សង្កាត់​ទួលស្វាយព្រៃ​ទី​ ១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ​។ ដោយ​ម្ចាស់ផ្ទះ​ជា​អ្នក​នាំចូល​អាល់កុល​នេះ​ត្រូវ​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការនាំចូល​អាល់កុល​ក្លែងក្លាយ​ទៀត​។

លោក​បន្តថា ការចុះ​បង្ក្រាប​នេះ​ដោយ​មាន​ការសម្របសម្រួល និង​ដឹកនាំ​ផ្ទាល់​ពី​លោក សាយ ណូរា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ទូច ផល្លា មន្ត្រី​ភ្នាក់ងារ​ត្រួតពិនិត្យ​ឱសថ​នៃ​ក្រសួងសុខាភិបាល​។ ជា​លទ្ធផល សមត្ថកិច្ច​បាន​រកឃើញ មេតាណុល (​មិនអាច​លាងដៃ​បានទេ​) និង​ធ្វើការ​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​អង្គភាព​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​។

លោក​បន្ថែម​ថា ​ក្នុង​នោះ​សម្ភារ​ដកហូត​រួមមាន មេតាណុល​ច្រកចូល ៧៥ ​កាន​, ធុង​ពណ៌​ខៀវ​ចំនួន ១៩ ​ធុង​ក្នុង​ ១ ​ធុង​ទម្ងន់​ ១៦៣ ​គីឡូក្រាម​ (​សរុប​ជាង ៤ ​ពាន់​គីឡូក្រាម​) និង​ឧបករណ៍​សម្រាប់​បូម​ចំនួន ១ ផងដែរ​។ ម្ចាស់​វត្ថុតាង​ទាំងនេះ​ឈ្មោះ លឹម ហ៊ុយ ភេទ​ប្រុស អាយុ​ ៦១ ​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​ ២៤C សង្កាត់​ទួលស្វាយព្រៃ​ ១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ​។

លោក ឡុង ស្រេង បញ្ជាក់ថា​៖ «​ឥឡូវនេះ​យើង​បាន​តម្រូវ​ឲ្យ​ម្ចាស់​អ្នក​នាំចូល​មេតាណុល​ហ្នឹង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​នាំចូល​ផលិតផល​ក្លែងក្លាយ​បន្តទៀត ហើយ​បាន​រឹបអូស​វត្ថុតាង​ទាំងអស់​ប្រគល់​ជូនទៅ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​រក្សាទុក​។ យើង​បន្ត​ធ្វើការ​ឆែកឆេរ និង​បង្ក្រាប​អ្នក​នាំចូល​ផលិតផល​ក្លែងក្លាយ​បែបនេះ​បន្តទៀត​នៅ​សប្ដាហ៍​ក្រោយនេះ យើង​នឹង​ចុះទៅ​បង្ក្រាប​ចំនួន ៣ ​កន្លែង​ទៀត ប៉ុន្ដែ​ខ្ញុំ​មិនទាន់​បង្ហាញ​អត្តសញ្ញាណ​ទេ​»​។

លោក ស៊ឹម ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌ​បឹងកេងកង​បាន​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ពិតជា​បាន​ចុះបង្ក្រាប​អាល់កុល​ក្លែងក្លាយ​នេះ​មែន ដោយ​មាន​មួយចំនួន​ធំ​ត្រូវ​បាន​ម្ចាស់​ឃ្លាំង​លួច​នាំចូល​ខុសច្បាប់ បម្រុង​នឹង​ចែកចាយ​។ ក្រោយ​ការចុះ​ត្រួតពិនិត្យ​ម្ចាស់​ទីតាំង​ខាងលើ និង​អាល់កុល​ក្លែងក្លាយ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​បានដឹង​ពី​ចំនួន​ជាក់លាក់​ទេ ព្រោះ​កម្លាំង​ខ្ញុំ​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ ប៉ុន្ដែ​របាយការណ៍​នានា​ខាង​មន្ត្រី​ជំនាញ​ជា​អ្នកចាត់ចែង​។ យើង​គ្រាន់តែ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ប៉ុណ្ណោះ សូម​សួរ​ទៅ​មន្ត្រី​ជំនាញ​ទើប​គាត់​ដឹង​ពី​ព័ត៌មាន​ច្បាស់លាស់​»​។

ទោះយ៉ាងណា​លោក ឡុង ស្រេង បានបញ្ជាក់​ជុំវិញ​ការកត់សម្គាល់​អេតាណុល និង​មេតាណុល​ «​បើ​វា​ជា​មេតាណុល​នៅពេល​យើង​ជ្រលក់​សំឡី​ហើយ ដុត​វា​ទៅ​គឺ​ភ្លើង​របស់​វា​យើង​មើល​មិនឃើញ​ទេ គឺ​ភ្លើង​វា​ខៀវ និង​ពណ៌​ស​តែម្ដង ប៉ុន្ដែ​ចំពោះ​អេតាណុល (​អាល់កុល​សម្រាប់​លាងដៃ​) យើង​ជ្រលក់​សំឡី​ដុត​ដូចគ្នា​គឺ​យើង​ឃើញ​ភ្លើង​វា​មាន​ពណ៌​លឿង​តែម្ដង​។ វិធី​មួយទៀត​គឺ​យើង​លាងដៃ​ជាមួយ​មេតាណុល​តែ​ ២ ​វិនាទី​វា​នឹង​ស្ងួត​ហើយ ប៉ុន្ដែ​បើ​អេតាណុល​វិញ យើង​លាងដៃ ១០ ​វិនាទី​ក្រោយ​បាន​វា​ស្ងួត ហើយ​មាន​ជាតិ​រអិល​ទៀត​ផង​»​។

គួររំឭកថា​កាលពី​ថ្ងៃទី​ ១៨ ខែមីនា​ នេះ​ មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​បន្ត​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ឱសថស្ថាន​នានា​នៅ​ក្បែរ​ផ្សារ​អូឡាំពិក​ដោយ​ក្នុង​ប្រតិបត្តិការ​នោះ​បាន​រឹបអូស​អាល់កុល​ក្លែងក្លាយ​ជា​ច្រើន​លីត្រ​ពី​ឱសថស្ថាន ១ ​កន្លែង ខណៈ​កំពុង​ដាក់លក់​។ ដោយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូមកុំ​ទិញ​ផលិតផល​អាល់កុល​ណា​ដែល​គ្មាន​ស្លាក​សញ្ញា និង​មិនមាន​ការបញ្ជាក់​ពី​ប្រភព​ច្បាស់លាស់ ដើម្បី​ប្រើប្រាស់​​សម្រាប់​ការលាង​សម្អាត​កម្ចាត់​មេរោគ ឬ​បង្ការ​ជំងឺ​កូវីដ​១៩៕

វីដេអូ៖