កំពង់ស្ពឺ: សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បញ្ជូន​ប្រធាន និង​មន្ត្រី​សហព័ន្ធ​សហជីព​ពលកម្ម​កម្ពុជា​ចំនួន​ ៤ ​នាក់ ​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ដែល​ជាប់​ពាក់ព័ន្ធ​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម​ខុសច្បាប់​នៅមុខ​ក្រុមហ៊ុន​ផលិត​កាបូប​មួយ​ឈ្មោះ ផាកហេនប៊ែក នៅ​ភូមិ​ត្រពាំងខ្យង ឃុំ​ត្រពាំងគង ស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ​កាលពី​ថៃ្ង​ទី​ ៨ ដល់​ថ្ងៃទី​ ១៦ ខែ​មករា​។

លោក សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ថ្លែង​ពីថ្ងៃ​ទី​ ១៩ ខែមករា ​ថា សមត្ថកិច្ច​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​ ៤ ​នាក់​នេះ​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​ ១៧ ខែមករា​។ ដោយ​ពួកគេ​បាន​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម​ខុសច្បាប់​អស់​រយៈពេល​ ៨ ​ថៃ្ង​មកហើយ​។

លោក​បន្តថា អ្នក​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​រួមមាន ទី​១- ​ឈ្មោះ ឌិន សំអាត ភេទ​ប្រុស អាយុ​ ៤១ ​ឆ្នាំ​​ តួនាទី​ប្រធាន​សហព័ន្ធ​សហជីព​ពលកម្ម​កម្ពុជា និង​ជា​ទីប្រឹក្សា​អម​ក្រសួង​ការងារ ទី​២- ​ឈ្មោះ រឿន សារិន ភេទ​ប្រុស អាយុ​ ៣៦ ​ឆ្នាំ តួនាទី​មន្ត្រី​សហព័ន្ធ ទី​៣- ​ឈ្មោះ យូ សុផាត ភេទ​ប្រុស អាយុ​ ៣៦ ​ឆ្នាំ តួនាទី​មន្ត្រី​សហព័ន្ធ និង​ទី​៤- ​ឈ្មោះ ឃុត ចាន់ឆៃយ៉ា ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ តួនាទី​មន្ត្រី​សហព័ន្ធ​។

លោក​បញ្ជាក់ថា​៖ «​សមត្ថកិច្ច​យើង​បាន​បញ្ជូន​ទៅ​តុលាការ​ខេត្តហើយ​»​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ការដឹកនាំ​កម្មករ​ទាមទារ​រក​ផលប្រយោជន៍​ជូន​កម្មករ​គឺ​ត្រូវបាន​គាំពារ​ដោយ​ច្បាប់ និង​ជា​សិទ្ធិ​ការទាមទារ ប៉ុន្ដែ​បុគ្គល​ទាំង ៤ ​នាក់​ បាន​បញ្ជា​ឲ្យ​បក្ខ​ពួកគេ​ធ្វើការ​គំរាមកំហែង​កម្មករ​ដទៃ​មិន​ឲ្យ​ចូល​ធ្វើការ ហើយ​បើ​មាន​ករណី​អ្នក​លួច​ចូលទៅ​ចូលធ្វើការ គឺ​ពួកគេ​វាយ​កម្មករ​ទាំងនោះ​។

លោក​បាន​បន្តថា លើស​ពីនេះ​ពួកគេ​បាន​ប្រើ​ពាក្យសម្ដី​ប្រមាថ​មើលងាយ​ដល់​ក្រុមហ៊ុន​អាជ្ញាធរ​ជា​សាធារណៈ​តាម​ប្រព័ន្ធ​ឧគ្ឃោសនស័ព្ទ​ដាក់​ធុងបាស់ ស្រែក​រារាំង ញុះញង់ មិន​ឲ្យ​កម្មករ​ចូលធ្វើការ​។ ជាក់ស្ដែង​ថៃ្ង​ទី​ ១៦ ពួកគេ​បាន​បញ្ជា​ឲ្យ​បក្ខពួក​រាំងខ្ទប់​មិន​ឲ្យ​រថយន្ដ​ដឹក​បាយ​ជូន​កម្មករ​ហូប​ពេល​ថៃ្ង​ត្រង់ ដោយ​ដណ្ដើម​យក​បាយ​ពី​ក្នុង​រថយន្ដ​មក​ជាន់​ចោល​នៅមុខ​ខ្លោងទ្វារ​ចូល​ក្រុមហ៊ុន​។

លោក​បញ្ជាក់ថា​៖ «​រឿង​គាត់​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ពី​រោងចក្រ គឺ​យើង​មិន​បាន​ថា​គាត់​ធ្វើ​ខុសច្បាប់​ទេ អាហ្នឹង​​ជា​សិទ្ធិ​មាន​នៅក្នុង​ច្បាប់ ប៉ុន្ដែ​ហេតុផល​ដែល​យើង​ចាប់ខ្លួន​គាត់ គឺ​ពួកគាត់​ធ្វើ​ប្រឆាំង​ជាមួយ​មនុស្សជាតិ​គឺ​គាត់​ទៅ​ទាញ​បាយ​កញ្ចប់​កម្មករ​បោះ​ចោល​។ ករណី​ហ្នឹង​ទាក់ទង​ការបង្អត់​អាហារ​កម្មករ ហើយ​សម័យ​នេះហើយ យើង​ទៅ​បង្អត់​បាយ​មនុស្ស​ម៉េច​កើត​? អ៊ីចឹង​នាម​យើង​អាជ្ញាធរ ត្រូវតែ​ចាត់​វិធានការ​ហើយ​។ រីឯ​តុលាការ​សម្រេច​យ៉ាងណា​នោះ ខ្ញុំ​អត់​ទាន់​បាន​ដឹង​ដំណឹង​អ្វី​បន្ថែមទៀត​ទេ​»​។

លោក ស៊ន វិរៈ អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​កាលពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការសម្រេច ឬ​នីតិវិធី​របស់​តុលាការ​។

លោក ខៃ សម្ភស្ស ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនបាន​កាន់​សំណុំ​រឿងនេះ​ទេ ដូច្នេះ​លោក​មិនអាច​និយាយ​បាន​ទេ​។

ចំណែក​លោក ម៉ែន វណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ដោយ​បាន​បង្វែរ​សំណួរ​ទៅ​អ្នកនាំពាក្យ​តុលាការ​វិញ​។

លោក ចឹក បូរិន ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ​បាន​ថ្លែងថា លោក​បាន​ទទួល​ដំណឹង​នេះហើយ ប៉ុន្ដែ​លោក​មិនមាន​មតិយោបល់​អ្វី​ជុំវិញ​ករណីនេះ​ទេ ព្រោះ​សំណុំរឿង​បាន​ទៅ​ដល់ដៃ​តុលាការ​ហើយ​។ ដូច្នេះ​តុលាការ​ជា​អ្នកសម្រេច​ថា ត្រូវ​ឃុំខ្លួន​ ឬ​ត្រូវ​ដោះលែង​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនអាច​ជួយ​អ្វី​បានទេ ព្រោះ​សំណុំរឿង​ទៅ​ដល់ដៃ​តុលាការ​ហើយ ខ្ញុំ​គ្រាន់តែ​អាច​ឃ្លាំមើល ឬ​តាមដាន​ស្ថាន​ការវិវឌ្ឍ​ទៅមុខ​ទៀត​ប៉ុណ្ណោះ​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែងថា ប្រសិន​បុគ្គល​នោះ​ត្រូវ​ឃាត់​នៅ​ខេត្ត​ណា​នោះ គួរតែ​សួរ​ទៅ​ខេត្ត​នោះ​ផ្ទាល់​វិញ ដើម្បី​ដឹង​ពី​អង្គហេតុ​ច្បាស់លាស់​។ ជាទូទៅ​ក្រសួង​ការងារ​នឹង​ឃ្លាំមើល​ហើយ​ប្រសិន​ជាមាន​សំណូមពរ​ពី​សាមីខ្លួន​នោះ ក្រសួង​នឹង​ផ្តល់​សេវា​ផ្នែក​ច្បាប់​ជូន​។

លោក​បន្តថា ការធ្វើ​កូដកម្ម និង​បាតុកម្ម​គ្រប់យ៉ាង​ដែល​ស្រប​តាម​ច្បាប់ និង​នីតិវិធី​ត្រូវតែ​ការពារ​ដោយ​ច្បាប់​។ បើ​មានទោស​បែបណា​នោះ​មាន​តែ​ចៅក្រម​ទើប​អាច​ដឹង និង​មាន​សិទ្ធិ​សម្រេច​។

លោក​បញ្ជាក់ថា​៖ «​ដោយឡែក​ករណី​នេះ​ទាល់តែ​សួរ​ទៅ​ព្រះរាជអាជ្ញា និង​មន្ត្រី​ដែល​អនុវត្ត​ផ្ទាល់ តើ​ការឃាត់​ខ្លួន​អ្នក​ទាំង ៤ ​នាក់​ដោយសារ​មូលហេតុ​អ្វី​។ ខ្ញុំ​គិតថា មាន​តែ​អ្នក​ដែល​ចុះ​អនុវត្ត​រឿងនេះ​ទេ​ទើប​មាន​ព័ត៌មាន​ច្បាស់​។ ចំពោះមុខ​យើង​កំពុង​សួរនាំ និង​តាមដាន​រឿង​នេះដែរ​»​។

លោក សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃទី ១៩ ខែ​មករា​នេះ​ថា​លោក​មិនទាន់​ដឹង​ហេតុការណ៍​ច្បាស់លាស់​ទេ ប៉ុន្ដែ​លោក​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច និង​តុលាការ​ពិនិត្យ​មើល​សំណុំ​រឿងនេះ បើ​សិន​ជា​មិនសូវ​ធ្ងន់ធ្ងរ មិន​គួរ​ឃុំខ្លួន​ពួកគាត់​ទាំង ៤ ​នាក់​នេះ​ទេ​។

លោក​បញ្ជាក់​៖ «​ជួនកាល​កម្មករ​ជា​អ្នកធ្វើ​ខុស​នីតិវិធី ហេតុនេះ​ចង់ ឬ​មិន​ចង់ សហជីព​គាត់​ត្រូវការពារ​កម្មករ​យើង ហើយ​អាច​ធ្វើឲ្យ​គាត់​មាន​ជា​កំហុស​ដែរ​។ ខ្ញុំ​គិតថា​កំហុស​តិច ឬ​ច្រើន​ជា​ការអំពាវនាវ​របស់​ខ្ញុំ សូម​ឲ្យ​អាជ្ញាធរ​ក៏​ដូចជា​ប៉ូលិស តុលាការ គួរតែ​ធ្វើការ​ព្រមាន​ណែនាំ​ពួកគាត់ គួរតែ​កុំ​ឲ្យ​មានការ​ឃុំខ្លួន​ពួកគាត់​»​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​បាន​ថ្លែងថា លោក​បានដឹង​ពី​ការឃាត់​ខ្លួន​ក្រុម​សហជីព​ចំនួន ៤ ​នាក់ ប៉ុន្ដែ​លោក​មិនបាន​តាមដាន​សំណុំ​រឿងនេះ​ឲ្យ​បាន​លម្អិត​ទេ​។

ដោយ​លោក​អះអាង​ថា ក្រុម​សហជីព​ទាំង ៤ ​នាក់​នេះ​ធ្លាប់​បាន​វាយ​លោក និង​សហការី​កាលពី​ឆ្នាំ​ ២០១៦​ កន្លង​ទៅក្នុង​អំឡុងពេល​កម្មករ​កំពុង​តវ៉ា​ដូចគ្នា​នេះ​ដែរ​។ អ្នក​ទាំង​ ៤ ​នាក់ ធ្លាប់​ជា​អ្នកដើរ​វាយ​កម្មករ​ដែល​តវ៉ា​ទាមទារ​នៅខាងមុខ​រោងចក្រ ប៉ុន្ដែ​មួយរយៈ​ក្រោយមក​ពួកគាត់​បាន​ក្លាយ​ជា​មន្ត្រី​សហជីព​វិញ​។

លោក​បញ្ជាក់ថា​៖ «​ក្រុម​គាត់​ហ្នឹង​ដើរ​បង្ករឿង​តាម​រោងចក្រ​ណា​ដែលមាន​កម្មករ​តវ៉ា គឺ​គាត់​ទៅ​កកូរកកាយ​រករឿង​កម្មករ​»​។

លោក យឹម សេរីវឌ្ឍនៈ មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​នៃ​មជ្ឈមណ្ឌល​សាមគ្គីភាព​ការងារ​អន្ដរជាតិ​ (SC) ​បាន​ថ្លែងថា លោក​មិនទាន់​បានដឹង​ករណីនេះ​បាន​ស៊ីជម្រៅ​ទេ ប៉ុន្ដែ​ប្រសិន​រឿងហេតុ​ពិត​ដូច​ការលើក​ឡើង​របស់​អាជ្ញាធរ​មែន គឺ​ពួកគាត់​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ដែល​អាជ្ញាធរ​មាន​សិទ្ធិ​ទប់ស្កាត់​។

បើ​ផ្អែក​តាម​ទិដ្ឋភាព​ច្បាប់ បើ​បុគ្គល​ណា​បាន​បង្ក​ឲ្យ​ខូចខាត​សម្ភារ ឬ​បំផ្លាញ​អ្វីមួយ​របស់​អ្នកដទៃ​គឺ​គេ​អាច​ចាត់​ចូល​ជា​អំពើ​ខុសច្បាប់​។ ចំពោះ​ករណីនេះ​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​គួរតែ​មាន​ការស៊ើប​អង្កេត​បន្ថែមទៀត ជាពិសេស​ត្រូវតែ​ដឹង​ច្បាស់​ពី​អង្គហេតុ​ជាមុនសិន​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​មាន​ការស៊ើបអង្កេត​សាជាថ្មី​ពី​អង្គហេតុ​នេះ ដើម្បី​ដឹង​ពី​មូលហេតុ​នៅ​ពីក្រោយ​ករណី​នេះ ហេតុអ្វី​ពួកគាត់​ទៅ​បំផ្លាញ​បាយ​របស់​កម្មករ​ដែល​នៅក្នុង​រថយន្ត​នោះ​? តើ​មាន​អ្នកណា​បញ្ជា​ពួកគាត់​ដែរ​ឬ​អត់​? តើ​អាច​មាន​អ្វី​ផ្សេងទៀត​ឬ​អត់ ក្រៅពី​ការបំផ្លាញ​បាយ​កម្មករ​នេះ​? អ៊ីចឹង​យើង​ត្រូវ​ស៊ើប​ឲ្យ​បាន​ច្បាស់លាស់​ជាង​នេះ​»​។

កម្មករ​ដែល​តវ៉ា​នៅខាងមុខ​រោងចក្រ​ផលិត​កាបូប​ឈ្មោះ ផាកហេនប៊ែក​នោះ មិន​ទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​ទេ​៕