កំពង់ស្ពឺៈ ​ក្រុម​ជនសង្ស័យ​ ១១ ​នាក់​ ​ដែល​ប្រើ​ដំបង និង​ដាវ​ឆ្លង​ពី​ខេត្តកំពង់ឆ្នាំង​មក​ប្លន់​នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ត្រូវបាន​​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​កាលពី​រសៀល​ម្សិលមិញ​បន្ទាប់ពី​ឃាត់ខ្លួន​បានជា​បន្ដបន្ទាប់​ពាក់ព័ន្ធ​ករណី​ប្លន់​ពលរដ្ឋ​កាលពី​ថ្ងៃទី​ ២៣ ​មករា នៅ​ភូមិ​ក្បាល​អូរ ឃុំ​ព្រះស្រែ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។

លោក សម សាក់ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់ថា ក្រុម​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ប្លន់​អ្នកដំណើរ​ហើយ​ត្រូវ​សមត្ថកិច្ច​របស់​លោក​ចាប់ខ្លួន​បាន​នោះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​នៅ​រសៀល​ថ្ងៃទី​ ២៧ ​មករា​។ ​លោក​ថា ថ្វី​ដ្បិត​ក្រុម​ជនសង្ស័យ​រស់នៅ​ខេត្ត​កំពង់ឆ្នាំង​ក៏ពិតមែន​តែ​ពួកគេ​បាន​មក​ធ្វើ​សកម្មភាព​នៅ​ខេត្ត​កំពង់ស្ពឺ ដូច្នេះ​លោក​ត្រូវ​បញ្ជូន​ពួកគេ​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​។

លោក​ប្រាប់ថា​៖ «​សមត្ថកិច្ច​ខ្ញុំ​បាន​បញ្ចប់​នីតិវិធី​សាកសួរ​ហើយ ហើយ​ការិយាល័យ​ខ្ញុំ​បញ្ជូន​ពួកគេ​ទៅ​តុលាការ​នៅ​រសៀល​នេះហើយ​ (​ថ្ងៃទី​ ២៧ ​មករា​)​។ ​ក្រុម​ជនសង្ស័យ​នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ប្រសិន​តុលាការ​រកឃើញ​នូវ​ទង្វើ​ប្រព្រឹត្ត​របស់​ពួកគេ​»​។

លោក​បន្តថា នៅ​ថៃ្ង​ទី​ ២៣ ​មករា សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​ចាប់បាន​ចំនួន​ ៥ ​នាក់​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ (២៤ ​មករា​) ​ចាប់​បាន​ ៦ ​នាក់​ទៀត ដោយ​ពួកគេ​មាន​អាយុ​ចន្លោះ​ពី​ ១៧ ​ទៅ​ ២៨ ​ឆ្នាំ​។ ​រីឯ​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ដាវ​ ១ ​ដើម ទូរស័ព្ទដៃ​ ៣ ​គ្រឿង ម្សៅ​ក្រាម​សង្ស័យ​គ្រឿងញៀន​ ៣ ​កញ្ចប់ និង​ម៉ូតូ​ ១០ ​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ជនរងគ្រោះ​ចំនួន ៣ ​គ្រឿង​ផង​។

ដោយឡែក លោក ឃឹម សាមុន អធិការនគរបាល​ស្រុក​ឧដុង្គ​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា ការផ្តើម​ឲ្យ​មាន​ការចាប់​ខ្លួន​ក្រុម​ចោរប្លន់​ទាំងនេះ ដោយសារ​កាលពី​ថ្ងៃ​ទី​ ២៣ ​មករា ជនរងគ្រោះ​ឈ្មោះ ឡូញ លី ភេទ​ប្រុស អាយុ​ ៥០ ​ឆ្នាំ​ ជា​អ្នក​ធ្វើស្រែ​បាន​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ តាម​ផ្លូវលំ​ក្នុង​ភូមិ​ក្បាលអូរ​ស្ថិត​ក្នុង​ឃុំ-ស្រុក​ខាងលើ​។ ​ពេល​នោះ​មាន​មនុស្ស​ ៤ ​នាក់​ជិះ​ម៉ូតូ​ ២ ​គ្រឿង​ ទៅ​ក្បែរ​​ម៉ូតូ​ជនរងគ្រោះ ហើយ​បាន​យក​មួកសុវត្ថិភាព​វាយ​គំរាម​ជនរងគ្រោះ​ហើយ​ដណ្តើម​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​។

លោក​បន្តថា ក្រោយពី​កើតហេតុ​បាន​ប៉ុន្មាន​នាទី​ជនរងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​របស់​លោក ហើយ​លោក​បាន​រាយការណ៍​ទៅ​លោក​ឧត្តមសេនីយ៍ទោ សំ សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​។ ​បន្ទាប់មក​លោកស្នងការ​បាន​បញ្ជា​កម្លាំង​ចុះ​ស្រាវជ្រាវ​ចាប់បាន​ជនសង្ស័យ​​ចំនួន​ ៥ ​នាក់​។ ​លុះ​ថ្ងៃ​បន្ទាប់​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​បាន​បន្ត​ស្រាវជ្រាវ​​ចាប់​បក្ខ​ពួកគេ​បាន​ ៦ ​នាក់​ទៀត​។

លោក​បញ្ជាក់ថា ក្រុម​ជនសង្ស័យ​រស់នៅ​ខេត្ត​កំពង់ឆ្នាំង​ទាំងអស់ ហើយ​ពួកគេ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ធ្លាប់បាន​ប្រព្រឹត្តល្មើស​នៅ​ ៤ ​ស្រុក ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ​គឺ​ស្រុក​សាមគ្គី​មានជ័យ​,​ស្រុក​កំពង់ត្រឡាច ស្រុក​ពញាឮ និង​ស្រុក​ឧដុង្គ ហើយ​ពួកនេះ​បាន​ដើរ​ប្លន់​បែបនេះ​ជា​យូរ​មកហើយ​។

លោក​បាន​បញ្ជាក់ថា​៖ «​ពួកវា​ធ្វើ​សកម្មភាព​ ១ ​ជុំ​ជាប់​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ-កំពង់ឆ្នាំង​ និង​ស្រុក​ពញាឮ ខេត្តកណ្តាល​តែ​ខាងគេ​ខ្ញុំ​មិនដឹង​ទេ សម្រាប់​ខាង​ខ្ញុំ​បើ​ប្លន់​ចាប់​ហើយ អត់​មាន​ទុក​ទេ​។ ​ពួកគេ​ទាំងនេះ​វា​ប្លន់​ផង ឆក់​ផង​»៕