ភ្នំពេញៈ ​បុរស​អាយុ​ ៤៥​ ឆ្នាំ​ម្នាក់​ ជា​ជន​សង្ស័យ​ក្នុង​អំ​ពើ​ចាប់​ក្មេង​ស្រី​ម្នាក់​រំ​លោភ​ នៅ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជ​ធានី​ភ្នំ​ពេញ​ ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​គ្រោង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ។​

​លោក​​ ថេង ​កុ​សល​ នាយ​​នគរ​បាល​រដ្ឋ​បាល​​សង្កាត់​ចោម​ចៅ ​៣​ បាន​ឲ្យ​ដឹង​​ថា ​ជន​សង្ស័យ​ឈ្មោះ ​ស៊ក ​សេង ​អា​យុ​ ៤​៥ ឆ្នាំ ​រី​​ឯ​ក្មេង​​ស្រី​​រង​​គ្រោះ​​អា​យុ​ ៨​ ឆ្នាំ​ រស់​នៅ​ក្នុង​ខណ្ឌ​ពោធិ​សែនជ័យ​​។ ​ជន​សង្ស័យ​ត្រូវ​​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ភ្លា​ម​ៗ​បន្ទាប់​ពី​ទ​ទួល​បាន​ពាក្យ​បណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រងគ្រោះ។

​លោក​ កុសល​ ​បានថ្លែង​ថា​៖ ​​«​តាម​ចម្លើយ​របស់​ជន​សង្ស័យ​​ប្រាប់​ថា ​គាត់​មិន​បាន​រំ​លោភ​ក្មេង​ស្រី​រង​គ្រោះ​ទេ​ ​តែ​គាត់​យក​ម្រាម​ដៃ​លូក​ប្រ​ដាប់​ភេទ​ក្មេង​រង​គ្រោះ​​។ ​យ៉ាង​ណា​ចាំ​មើល​លិ​ខិត​កោ​សល្យ​វិ​ច័យ​ពី​គ្រូពេទ្យ​បន្ត​ទៀត»។

​លោក​ កុសល​ បាន​ឲ្យ​ដឹង​​ថា​មុន​​​កើត​ហេតុ​ម្តាយ​​ក្មេង​រងគ្រោះ​មិន​បាន​នៅ​​ផ្ទះ​ទេ ​ហើយ​បាន​ផ្ញើ​​ក្មេង​ស្រី​​រង​គ្រោះ​ជា​មួយ​នឹង​ជន​សង្ស័​យ​ព្រោះ​យល់​ថា​ជា​អ្នក​រាប់អាន​គ្នា។

លោក​ កុសល ​បាន​ឲ្យ​ដឹង​ថា៖ «​លុះ​ម្តាយ​ត្រ​ឡប់​មក​វិ​ញ​បាន​ចាប់​កូន​ងូត​ទឹក​ឲ្យ​ ក៏​ស្រាប់​តែ​ឃើញ​ហូរ​ឈាម​តាម​ប្រ​ដាប់​ភេទ​។​ ពេល​នោះ​ម្តាយ​ក្មេង​រ​ង​គ្រោះ​ក៏​​សួរ​កូន​តែ​ក្មេង​រង​គ្រោះ​មិន​​ប្រាប់​ម្តាយ​ទេ​បើ​ទោះ​ស្រ្តី​​ជា​ម្តាយ​​និ​យាយ​អង្វរ​យ៉ាង​ណា​ក៏​ដោយ​ក៏​ក្មេង​រងគ្រោះ​មិន​និយាយ​ប្រាប់​ដែរ។​ ដោយ​សារ​កូន​មិន​និ​យាយ​ប្រាប់​ក៏​ឲ្យ​ម្តាយ​មីង​របស់​ក្មេង​រង​គ្រោះ​អង្វ​រ​លួង​លោម​ទើប​ក្មេង​រង​គ្រោះ​ព្រម​និ​យាយ​ប្រាប់​ថា​កាល​ពី​ថ្ងៃ​ទី​ ១​៧​ ខែ ​​​ឧស​ភា ​ឆ្នាំ​ ២​០​១​៩​ ជន​​សង្ស័យ​បាន​ចាប់​នាង​ហើយ​លេង​ប្រដាប់​ភេទ​របស់​នាង​នៅ​ក្នុង​ផ្ទះ»។​

​លោក​​ ជា​ សុ​វណ្ណ​​ អ​ធិ​ការ​រង​នគរ​បាល​​ខណ្ឌ​​ពោ​ធិ​សែន​ជ័យ​បាន​ឲ្យ​ដឹង​កាល​​ពី​​ម្សិល​មិញ​ថា​ជន​​សង្ស័យ​ត្រូវ​បញ្ជូន​ទៅ​​តុ​លា​ការ​នៅ​​ថ្ងៃ​ចន្ទ​នេះ៕